"លោក ហ៊ុន សែន សុខ​ចិត្ត​បំពាន​ច្បាប់​ក្នុង​ករណី​លោក កឹម សុខា ​ដើម្បី​ឈ្នះ"

ដោយ ទីន ហ្សាការីយ៉ា
2017-12-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ចូល​រួម​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៧។ RFA
អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ចូល​រួម​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៧។ RFA
Photo: RFA

អ្នក​វិភាគ និង​អ្នក​ច្បាប់​លើក​ឡើង​ថា តុលាការ​បដិសេធ​ការ​ស្នើ​សុំ​របស់​ក្រុម​មេធាវី​លោក កឹម សុខា ម្ដង​ហើយ​ម្ដង​ទៀត​ក្នុង​ការ​ផ្លាស់ប្ដូរ​មន្ទីរ​ឃុំឃាំង លោក កឹម សុខា នេះ មិន​មែន​ជា​ការ​អនុវត្ត​តាម​ផ្លូវ​ច្បាប់​ឡើយ ហេតុផល​ចម្បង​នោះ​គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លាច​ចលនា​បះបោរ​ប្រឆាំង​នឹង​កា​ឃុំ​ខ្លួន បើសិនជា​បញ្ជូន​លោក កឹម សុខា យក​ទៅ​​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ក្នុង​ទីក្រុង​ភ្នំពេញ​នោះ។

​អ្នក​វិភាគ​មើល​ឃើញ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​តុលាការ​សុខ​ចិត្ត​បំពាន​រដ្ឋធម្មនុញ្ញ និង​សន្ធិសញ្ញា​ពាក់ព័ន្ធ​នានា​ទៀត ដើម្បី​យក​ឈ្នះ គឺ​ចាប់​ឃុំ​ខ្លួន​លោក កឹម សុខា ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ជាប់​ព្រំដែន​វៀតណាម។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ថា មូលហេតុ​ចម្បង​ដែល​តុលាការ​សម្រេច​បដិសេធ​សំណើ​របស់​ក្រុម​មេធាវី លោក កឹម សុខា នេះ មិន​មែន​ជា​ការ​អនុវត្ត​ច្បាប់​ឡើយ​គឺ​តុលាការ​អនុវត្ត​តាម​បញ្ជា​របស់​លោក ហ៊ុន សែន ទៅ​វិញ​ទេ ទោះ​បី​ជា​ប្រព័ន្ធ​តុលាការ​រង​នូវ​ការ​រិះគន់​ពី​សាធារណមតិ​ជាតិ និង​អន្តរជាតិ​ថា ជា​តុលាការ​តេឡេ​ក្ដី។ លោក​បន្ថែម​ថា មូលហេតុ​ចម្បង​ដែល​លោក ហ៊ុន សែន មិន​ព្រម​បញ្ជូន​លោក កឹម សុខា យក​មក​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ក្នុង​រាជធានី​ភ្នំពេញ តាម​ក្រុម​មេធាវី​ស្នើ​សុំ​នេះ ដោយសារ​តែ​លោក ហ៊ុន សែន ភ័យ​ខ្លាច​ចលនា​បះបោរ​តវ៉ា​ប្រឆាំង​ការ​ឃុំ​ខ្លួន​លោក កឹម សុខា ទោះ​បី​ជា លោក ហ៊ុន សែន មាន​កង​កម្លាំង​ប្រដាប់​អាវុធ​ពេញ​ដៃ​ក្ដី។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​ហៅ​ចំណាត់​ការ​របស់​លោក ហ៊ុន សែន បែប​នេះ​ថា ជា​វិធាន​ការ​បំពាន​រដ្ឋធម្មនុញ្ញ​ដើម្បី​ឈ្នះ៖ «»។

​ក្រុម​មេធាវី​របស់​លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ប្រកាស​ពហិការ​មិន​ចូលរួម​ជាមួយ​ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ទៅ​ធ្វើ​សវនាការ​សាកសួរ​លោក កឹម សុខា នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ខែត្រ​ត្បូងឃ្មុំ។ ការ​ប្រកាស​មិន​ចូលរួម​ជាមួយ​ចៅក្រម​ស៊ើបសួរ​នេះ​ធ្វើ​ឡើង​នៅ​ចំ​ថ្ងៃ​ដែល​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី រិទ្ធី បាន​កំណត់​យក​ថ្ងៃ​ទី​២១ និង​ថ្ងៃ​ទី​២២ ខែ​ធ្នូ ដើម្បី​បើក​សវនាការ​សាកសួរ​លោក កឹម សុខា បន្ត​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង។

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដឹក​នាំ​ដោយ​លោក គី រិទ្ធី បាន​ទៅ​បើក​សវនាការ​សាកសួរ​លោក កឹម សុខា ចំនួន​ពីរ​ដង​មក​ហើយ​ពី​បទ​ក្បត់​ជាតិ។  លោក​មេធាវី សំ សុគង់ ឲ្យ​ដឹង​ថា ខាង​ចៅក្រម​ស៊ើបសួរ​បាន​ទៅ​បន្ត​សាកសួរ​លោក កឹម សុខា កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ធ្នូ ទៀត នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ទោះបីជា​គ្មាន​មេធាវី​ចូល​រួម​ក្ដី។ ប៉ុន្តែ​លោក សំ សុគង់ បញ្ជាក់​ថា លោក​មិន​ដឹង​ថា តើ​លោក កឹម សុខា សហការ​ក្នុង​ការ​ឆ្លើយ​នេះ ឬ​យ៉ាង​ណា​ទេ។ លោក​អះអាង​ថា លោក កឹម សុខា បាន​សម្រេច​មិន​ឆ្លើយ​នឹង​សំណួរ​របស់​ចៅក្រម​តាំង​ពី​​ថ្ងៃ​ទី​១៤ ខែ​ធ្នូ មក​ម្ល៉េះ។ ក្រុម​មេធាវី​លោក កឹម សុខា អះអាង​ថា ការ​ស៊ើប​អង្កេត​របស់​ចៅក្រម​មក​ទល់​ពេល​នេះ មិន​មាន​ភស្តុតាង​អ្វី​ផ្សេង​ក្រៅ​ពី​វីដេអូ​ឃ្លិប​ពីរ​បី​នាទី​ដែល​ដាក់​បន្ទុក​កូនក្ដី​របស់​លោក​នោះ​ទេ។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា ក្នុង​ចំណោម​មេធាវី​ដទៃ​ទៀត លោក សំ សុគង់ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៦។
មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា ក្នុង​ចំណោម​មេធាវី​ដទៃ​ទៀត លោក សំ សុគង់ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo: RFA

​មូលហេតុ​សំខាន់​ដែល​ក្រុម​មេធាវី​លោក កឹម សុខា ប្រកាស​មិន​ចូលរួម​ជាមួយ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ដើម្បី​បន្ត​សួរ​លោក កឹម សុខា ក្នុង​ពន្ធនាគារ​នេះ គឺ​ធ្វើ​តាម​ឆន្ទៈ​ផ្ទាល់​ខ្លួន​របស់​កូនក្ដី​ដែល​ប្រាប់​ឲ្យ​ក្រុម​មេធាវី​ឲ្យ​ធ្វើ​ពហិការ និង​ម្យ៉ាង​ទៀត ក្រុម​មេធាវី និង​ចៅក្រម​ខ្លួន​ឯង​ក៏​ពិបាក​ធ្វើ​ដំណើរ​ទៅ​ជួប​លោក កឹម សុខា នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង នៅ​ជាប់​ព្រំដែន​វៀតណាម ដែរ។ លោក​មេធាវី ហែម សុជាតិ អះអាង​ថា ក្រុម​មេធាវី​បាន​ស្នើ​សុំ​មក​តុលាការ​ជា​ច្រើន​ដង ដើម្បី​ឲ្យ​ផ្លាស់ប្ដូរ​ការ​ឃុំ​ខ្លួន​លោក កឹម សុខា ពី​ពន្ធនាគារ​ត្រពាំងផ្លុង មក​ពន្ធនាគារ​ក្នុង​រាជធានី​ភ្នំពេញ​វិញ តែ​ត្រូវ​បាន​តុលាការ​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត។

 

លោក​មេធាវី សំ សុគង់ ប្រាប់​ដែរ​ថា តាម​ច្បាប់ ការ​សាកសួរ​ជនសង្ស័យ​ធ្វើ​បាន​ក្រៅ​បន្ទប់​សវនាការ ក្នុង​បរិវេណ​សាលា​ជម្រះក្ដី​បាន លុះត្រាតែ​ជនសង្ស័យ​មាន​សុខភាព​មិន​ល្អ ឬ​គ្មាន​លទ្ធភាព​ធ្វើ​ដំណើរ​ទៅ​បន្ទប់​សវនាការ។ ប៉ុន្តែ​លោក​មេធាវី​អះអាង​ថា លោក កឹម សុខា មាន​សុខភាព​ល្អ និង​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​បន្ទប់​សវនាការ​ក្នុង​សាលា​ជម្រះ​ក្ដី​នៅ​ក្រុង​ភ្នំពេញ។ មេធាវី​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​កូន​ក្ដី​ត្រូវ​បាន​បើក​ការសាកសួរ​ក្នុង​ពន្ធនាគារ ធ្វើ​ឲ្យ​សិទ្ធិ​មេធាវី​របស់​កូនក្ដី​ត្រូវ​បាន​កាត់​បន្ថយ​ជាង​នៅ​ក្នុង​សវនាការ ដោយសារ​អនុរក្ស​ពន្ធនាគារ​បាន​ឆែក​គ្រប់​សកម្មភាព រួម​មាន​ឯកសារ​របស់​មេធាវី និង​មាន​បំពាក់​កាមេរ៉ា ដែល​ជា​ផល​លំបាក​របស់​មេធាវី​សួរ​នាំ​កូន​ក្ដី​ធ្វើ​ឲ្យ​ការសម្ងាត់​រវាង​មេធាវី និង​កូនក្ដី​បាន​បាត់បង់។

​លោក​មេធាវី សំ សុគង់ ថ្លែង​ថា កូនក្ដី​លោក​ស្នើ​សុំ​ឲ្យ​ចៅក្រម​បើក​សវនាការ​ស៊ើបសួរ​នៅ​ក្នុង​បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រោះ​ពន្ធនាគារ​ជា​កន្លែង​បង្ខាំង​មនុស្ស ហើយ​ការ​បើក​សវនាការ​ស៊ើបសួរ​នៅ​ក្នុង​ពន្ធនាគារ មិន​ត្រឹមត្រូវ​តាម​ច្បាប់​ក្រមព្រហ្មទណ្ឌ​នោះ​ទេ។ លើស​ពី​នេះ​ទៀត ការ​ចោទ​ប្រកាន់​កូនក្ដី​របស់​លោក​ពី​បទ​ឧក្រិដ្ឋ​នេះ ចៅក្រម​ស៊ើបសួរ​មិន​អាច​បន្ត​ការ​សាកសួរ​លោក កឹម សុខា ដោយ​គ្មាន​ការ​ចូល​រួម​ពី​មេធាវី​បាន​ទេ នេះ​បើ​យោង​តាម​ច្បាប់៖ «»។

​អាស៊ីសេរី មិន​អាច​ទាក់ទង​ចៅក្រម​ស៊ើបសួរ លោក គី ឫទ្ធី និង​លោក លី សុផាណា អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ទេ កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ដើម្បី​សួរ​អំពី​បញ្ហា​នេះ។

​លោក កឹម សុខា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឡោមព័ទ្ធ​ផ្ទះ និង​ចាប់​ខ្លួន​ទាំង​ពាក់​កណ្ដាល​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ស្ថិត​ក្នុង​ខណ្ឌ​ទួលគោក ក្រុង​ភ្នំពេញ។ ក្រោយ​ចាប់​ខ្លួន តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ដោយ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ។ ការ​ឃុំ​ខ្លួន​នេះ ក្រៅ​ពី​ក្រុម​គ្រួសារ និង​មេធាវី ចៅក្រម​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​អាច​ចូល​សួរ​សុខទុក្ខ​លោក កឹម សុខា បាន​នោះ​ទេ។

​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល បាន​កាត់​សេចក្ដី​ឲ្យ​មេធាវី​របស់​លោក កឹម សុខា ចាញ់​ក្ដី​ជា​បន្តបន្ទាប់ ចំពោះ​ការ​ប្ដឹង​ប្រឆាំង​ការ​ឃុំ​ខ្លួន​លោក កឹម សុខា ដែល​ក្រុម​មេធាវី​អះអាង​ថា ការ​ឃុំ​ខ្លួន​នេះ​ជា​រឿង​ខុស​ច្បាប់។ នៅ​ក្នុង​សវនាការ​តុលាការ​ទាំង​ពីរ​ថ្នាក់​នេះ ដែល​ធ្វើ​ឡើង​ជា​ច្រើន​លើក គឺ​គ្មាន​វត្តមាន​លោក កឹម សុខា ឡើយ។ ពេល​ខ្លះ​ក្រុម​មេធាវី​ក៏​ពហិការ​មិន​ចូល​រួម​ក្នុង​សវន​ការ​នេះ​ដែរ។ រី​ឯ​នៅ​ក្រៅ​តុលាការ​វិញ ហ៊ុមព័ទ្ធ​ដោយ​បន្លា​លួស និង​កងកម្លាំង​ប្រដាប់​អាវុធ​នៅ​ក្រៅ​របង​តុលាការ ហាក់​បី​ដូច​ជា​ត្រៀម​ប្រយុទ្ធ​នៅ​សមរភូមិ​ដូច្នោះ​ដែរ។

​ករណី​នេះ​ទាំង​អស់​នេះ ត្រូវ​បាន​អ្នក​វិភាគ និង​អ្នក​ច្បាប់​លើក​ឡើង​ថា ការ​មិន​ផ្លាស់ប្ដូរ​មន្ទីរ​ឃុំឃាំង​លោក កឹម សុខា មក​កាន់​ទីក្រុង​ភ្នំពេញ​វិញ និង​ការ​មិន​យក​លោក កឹម សុខា មក​ចូល​រួម​តតាំង​នៅ​ក្នុង​សវនាការ​នេះ ជា​រឿង​អយុត្តិធម៌​សម្រាប់​លោក កឹម សុខា ដោយសារ​តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន ភ័យ​ខ្លាច​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បះបោរ​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ក៏​ជំរុញ​ឲ្យ​តុលាការ​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា នៅ​តំបន់​ដាច់ស្រយាល​ទាំង​បំពាន​ច្បាប់​ជាតិ និង​អន្តរជាតិ។

​មាត្រា​៣៨ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា ច្បាប់​រ៉ាប់រង​មិន​ឲ្យ​មាន​ការ​រំលោភ​បំពាន​លើ​រូបរាង​កាយ​បុគ្គល​ណា​មួយ​ឡើយ។ ការ​ចោទ​ប្រកាន់ ការ​ចាប់​ខ្លួន ការ​ឃាត់​ខ្លួន ឬ​ការ​ឃុំ​ខ្លួន​ជន​ណា​មួយ នឹង​អាច​ធ្វើ​ទៅ​កើត​លុះត្រាតែ​អនុវត្ត​ត្រឹមត្រូវ​តាម​បញ្ញត្តិ​ច្បាប់។ ជន​ជាប់​ចោទ​ណា​ក៏ដោយ ត្រូវ​ចាត់​ទុក​ជា​មនុស្ស​ឥត​ទោស ដរាបណា​តុលាការ​មិន​ទាន់​កាត់​ទោស​ជា​ស្ថាពរ។ ជន​គ្រប់​រូប​មាន​សិទ្ធិ​ការពារ​ខ្លួន​តាម​ផ្លូវ​តុលាការ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ហេតុអ្វី បានជាកូនខ្មែរ ខ្លះសុខចិត្តក្បត់មនសិការខ្លួនអែង ទៅបំរើ មនុស្សអាក្រក់ ?

Dec 22, 2017 03:15 AM

អ្នក​អាន​អនាមិក

Because he/she is poor(poor easily to be bought), and protects his/her interests. In the other hand, Khmer society nowadays is materialism society ( keep morale aside - for some).
In short, whoever gets some bones from Hun Sen, they protect Hun Sen.

Dec 22, 2017 10:55 AM

G. WH BUSH

ពី Ha Noi

So simple, because of MONEY & POWER

Dec 22, 2017 11:55 AM

គេហទំព័រ​ទាំងមូល