លោក លឺ ឡាយស្រេង ចាក​ចេញ​ពី​កម្ពុជា​ក្រោយ​រង​ពាក្យ​បណ្ដឹង​ទៅ​តុលាការ

ដោយ អាស៊ីសេរី
2017.10.23
លឺ ឡាយស្រេង ៨៥៥ ២០១៧ អ្នក​នយោបាយ​ជើង​ចាស់ ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ថ្លែង​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA
Photo: RFA

អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស ហ៊្វុនស៊ិនប៉ិច ដែល​តែង​រិះគន់​នៅ​លើ​បណ្ដាញ​សង្គម អំពី​វិបត្តិ​នយោបាយ​នៅ​កម្ពុជា មួយ​រយៈពេល​ចុងក្រោយ​នេះ ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ហើយ។ការ​ចាកចេញ​ដោយ​ស្ងាត់​ៗ របស់​លោក លឺ ឡាយស្រេង នេះ​ស្រប​ពេល​លោក ហ៊ុន សែន និង​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ រៀបចំ​គម្រោង​ប្ដឹង​ទៅ​តុលាការ ដោយ​ចោទ​ថា អតីត​មន្ត្រី​ជាន់​ខ្ពស់​ធ្លាប់​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​អភិវឌ្ឍន៍​ជនបទ​រូប​នេះ ប្រមាថ​អង្គ​ព្រះ​មហាក្សត្រ និង​បរិហារកេរ្តិ៍​បក្ស​កាន់​អំណាច និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ។

លោក លឺ ឡាយស្រេង ត្រូវ​បាន​ពលរដ្ឋ​ដាក់​ងារ​ឲ្យ​ថា ជា​អតីត​អ្នក​នយោបាយ ដែល​មិន​សំចៃ​មាត់ ក្នុង​ការ​បញ្ចេញ​មតិ​រិះគន់​ភាព​អសកម្ម​នៅ​ក្នុង​សង្គម ជា​ពិសេស​នៅ​ចំ​ពេល​បំណង​របស់​លោក ហ៊ុន សែន ត្រូវ​ការ​កម្ទេច​សំឡេង​ប្រឆាំង​ចេញ​ពី​ឆាក​នយោបាយ ពេល​នេះ​ត្រូវ​មេធាវី​តំណាង​លោក ហ៊ុន សែន និង​មេធាវី​តំណាង​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ រួម​គ្នា​ប្ដឹង​ទៅ​តុលាការ ស្រប​ពេល​កម្ពុជា​កំពុង​មាន​វិបត្តិនយោបាយ ដែល​ដើរ​ដល់​ផ្លូវ​ទាល់​ច្រក។

កាសែត​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​ថា លោក លឺ ឡាយស្រេង បាន​ភៀសខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​ហើយ តាំង​ពី​ព្រឹក​ព្រលឹម ថ្ងៃ​ទី២៣ តុលា ចូល​ទៅ​ប្រទេស​ថៃ។ ការ​បង្ខំ​ចិត្ត​ចាក​ចេញ​នេះ ស្រប​ពេល​លោក ហ៊ុន សែន ស្នើ​ឲ្យ​មេធាវី​របស់​ខ្លួន​ពិនិត្យ និង​រៀបចំ​កសាង​សំណុំរឿង​​ប្ដឹង​ប្រឆាំង​រូប​លោក លឺ ឡាយស្រេង ទៅ​តុលាការ។ នេះ​ជា​គម្រោង​បណ្ដឹង​មួយ​ថ្មី​ទៀត បន្ទាប់​ពី​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ក៏​សម្រេច​ចិត្ត​ប្ដឹង​អ្នក​នយោបាយ​ចាស់​វស្សា​រូប​នេះ​ដែរ ក្នុង​សំណុំរឿង​ដូច​គ្នា។

អាស៊ី​សេរី ពុំ​អាច​សុំ​ប្រតិកម្ម​ជុំវិញ​រឿង​នេះ​បាន​ទេ ពី​លោក លឺ ឡាយស្រេង នៅ​ថ្ងៃ​ទី២៣ តុលា។ បើ​ទោះ​ជា​បែប​ណា អ្នក​នយោបាយ​ជើងចាស់​លោក លឺ ឡាយស្រេង ធ្លាប់​ស្វែង​រក​ព្រះរាជទាន​ការ​លើកលែងទោស​ ពី​ព្រះ​មហាក្សត្រ និង​លោក ហ៊ុន សែន ពាក់ព័ន្ធ​និង​សារ​បែក​ធ្លាយ​របស់​លោក​ដែល​សន្ទនា តាម​ទូរស័ព្ទ​ជាមួយ​អ្នកស្រី គី លំអង ជា​អតីត​សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែរ។

សារ​សន្ទនា​ឯកជន ដែល​បែក​ធ្លាយ​តាមរយៈ​គណនី​​ហ្វេសប៊ុក (Facebook) ឈ្មោះ "សីហាកាល​ពី​ថ្ងៃ​ទី​២១ តុលា ដែល​គេ​ជឿ​ថា ជា​គណនី​ស្និត​និង​រដ្ឋាភិបាល​នោះ មាន​ប្រវែង​ជាង ៤នាទី។ សារ​ដែល​លិច​ធ្លាយ​នោះ លោក លឺ ឡាយស្រេង អះអាង​ថា បើ​ព្រះ​មហាក្សត្រ​ទ្រង់​មិន​អាច​ដោះស្រាយ​វិបត្តិ​នយោបាយ​បាន​ទេ ទ្រង់​គួរ​ដាក់រាជ្យ និង​សម្ដេច​ក្រុមព្រះ​វិញ ជា​អ្នក​នយោបាយ ចាំ​ឆក​យក​តែ​ឱកាស ដោយ​ឡែក​លោក ហ៊ុន សែន វិញ​បាន​ផ្ដល់​លុយ​ឲ្យ​បក្ស​ហ៊្វុនស៊ិនប៉ិច ក្នុង​ការ​កម្ទេច​បក្ស​ប្រឆាំង​ជាដើម។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ​មេធាវី​របស់​លោក​ពិនិត្យ និង​រៀបចំ​បណ្ដឹង​ប្ដឹង​លោក លឺ ឡាយស្រេង កាល​ពី​ថ្ងៃ​ទី២២ តុលា ទៅ​តុលាការ។ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ អះអាង​ថា អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​រូប​នេះ ប្រមាថ​អង្គ​ព្រះ​មហាក្សត្រ និង​ចោទ​ថា​លោក ហ៊ុន សែន បាន​ផ្ដល់​លុយ​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

មក​ដល់​ពេល​នេះ តំណាង​មេធាវី​ទាំង​ពីរ​គណបក្ស គឺ​បក្ស​កាន់​អំណាច និង​បក្ស​ហ៊្វុនស៊ិនប៉ិច កំពុង​ប្រមូល​ភស្តុតាង និង​កសាង​សំណុំរឿង មុន​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ។

យ៉ាង​នេះ​ក្ដី​លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ យល់​ឃើញ​ថា នេះ​ជា​របៀប​ធ្វើ​នយោបាយ​ចង់​ឈ្នះ​ចាញ់ នៅ​កម្ពុជា ហើយ​នយោបាយ​បែប​នេះ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​កាន់​តែ​រងគ្រោះ​ឡើង ជា​ពិសេស​នោះ នឹង​ធ្វើ​ឲ្យ​ជាតិ​កាន់​តែ​អាប់ឱន​កិត្តិយស​នៅ​លើ​ឆាក​អន្តរជាតិ និង​ក្នុង​តំបន់។

ផ្ដើម​ចេញ​ពី​ការ​រិះគន់ រឿង​ច្បាប់​ចំនួន ៤ ដែល​ពាក់ព័ន្ធ​ការ​បោះឆ្នោត ដែល​រដ្ឋសភា និង​ព្រឹទ្ធសភា អនុវត្ត​ប្រយោជន៍​រំលាយ​បក្ស​នយោបាយ ហើយ​អាសនៈ​ដែល​បាន​ពី​ការ​រំលាយ​បក្ស​នោះ នឹង​ត្រូវ​ចែក​ឲ្យ​បក្ស​ដទៃ​ទៀត ហេតុផល​នេះ​ហើយ ដែល​លោក លឺ ឡាយស្រេង ត្រូវ​ជាប់​ចោទ​តាម​ផ្លូវ​តុលាការ។ ពេល​នេះ ច្បាប់​ទាំង​បួន កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ក្រោយ​ពី​ព្រឹទ្ធសភា​អនុម័ត​រួច​ហើយ​ដោយ​រលូន កាល​ពី​ថ្ងៃ​ទី២០ ខែ​តុលា។

អ្នក​ឃ្លាំមើល​នយោបាយ យល់​ឃើញ​ថា មើល​ទៅ​ប្រហែល​ពុំ​មាន​អ្វី​ជា​ឧបសគ្គ​ត្រូវ​ចោទ​ឡើយ ព្រោះ​សមាជិក​នៅ​ក្នុង​ស្ថាប័ន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ សុទ្ធ​តែ​ជា​សមាជិក​បក្ស​កាន់​អំណាច។

លោក សឺន ស៊ូប៊ែរ្តិ៍ អតីត​ឧត្ដមក្រុមប្រឹក្សា​អង្គ​ព្រះ​មហាក្សត្រ ធ្លាប់​លើក​ឡើង​ថា នេះ​ជា​ការ​ធ្វើ​ច្បាប់​ដើម្បី​យក​ឈ្នះ​ចាញ់។ ច្បាប់​ទាំង​បួន ទាក់ទង​នឹង​ការ​បោះឆ្នោត ដែល​ស្នើ​ឡើង​ដោយ​សំឡេង​ភាគ​ច្រើន ពី​បក្ស​កាន់​អំណាច​នេះ គឺ​ជា​ច្បាប់​តាក់តែង​ឡើង ដើម្បី​ការពារ​ប្រយោជន៍​បក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ។

ទាក់ទិន​បញ្ហា​នេះ អ្នក​វិភាគ​នយោបាយ​ជើង​ចាស​លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ឃើញ​ថា ប្រសិន​បើ​រូប​លោក​ជា​សមាជិក​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ទៅ​វិញ លោក​នឹង​មិន​ធ្វើ​ជា​សមាជិក​សម្រាប់​ជួយ​បំពេញ ចំពោះ​ច្បាប់​ដែល​មិន​ចំណេញ​ដល់​ជាតិ​ដូច​នេះ​ទេ។ លោក​បន្ត​ថា សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ត្រូវ​ប្រើ​ការ​ចេះ​ដឹង​នេះ ដើម្បី​ជួយ​ប្រយោជន៍​រួម ល្អ​ជាង​ហេតុ​ផល​នយោបាយ និង​ហេតុផល​ដទៃ​ទៀត ដែល​នាំ​ឲ្យ​ជាតិ​ត្រូវ​អន់ថយ។

បើ​ទោះ​ជា​បែប​ណា ការ​សម្រេច​ចិត្ត ដែល​លោក ហ៊ុន សែន មាន​មោទនភាព​ថា ការ​ឈ្នះ​របស់​លោក​នៅ​ពេល​នេះ ទៅ​លើ​សំឡេង​ប្រឆាំង ដូច​ទៅ​នឹង​ព្រឹត្តិការណ៍​ឈ្នះ​របប​ខ្មែរ​ក្រហម​នោះ ត្រូវ​រង​ការ​រិះគន់​ថា ជា​នយោបាយ​កំពុង​ជីក​កប​ខ្លួន​ឯង​ទៅ​វិញ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។