រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ស្នើ​ចៅក្រម​និង​ព្រះរាជអាជ្ញា​ធ្វើ​ការ​ដោយ​មនសិការ​ខ្ពស់

ដោយ វ៉ាន វណ្ណដេត
2017-07-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នា​វិមាន​រដ្ឋសភា កាល​ពី​​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៦។
រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នា​វិមាន​រដ្ឋសភា កាល​ពី​​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Brach Chev

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បាន​ស្នើ​ឲ្យ​ចៅក្រម ព្រះរាជអាជ្ញា និង​មន្ត្រី​លេខាធិការដ្ឋាន​សាលា​ដំបូង អនុវត្ត​ការងារ​ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ និង​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ប្រកប​ដោយ​មនសិការ​ខ្ពស់ គោរព​នូវ​ក្រម​សីលធម៌ ដោយ​ធ្វើ​យ៉ាង​ណា​បង្កើន​នូវ​ជំនឿ​ទុក​ចិត្ត និង​ការ​គោរព​ពី​សាធារណជន​មក​លើ​វិស័យ​តុលាការ។

ការ​ស្នើ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា ធ្វើ​ឡើង​តាម​រយៈ​សុន្ទរកថា​បើក​អង្គ​សិក្ខាសាលា​ស្ដីពី​ការ​គ្រប់គ្រង និង​ការ​ដឹកនាំ​សាលា​ដំបូង និង​អយ្យការ​អម​សាលា​ដំបូង​នៅ​សណ្ឋាគារ​សាន់វ៉េ (Sunway) ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា។

សិក្ខាសាលា​ដែល​ចូលរួម​ដោយ​មន្ត្រី​តុលាការ និង​តំណាង​អយ្យការ​អម​សាលា​ដំបូង​ទូទាំង​ប្រទេស​នេះ ដើម្បី​ឲ្យ​មាន​កិច្ច​ពិភាក្សា​ស្វែងរក​ចំណុច​ល្អ និង​បញ្ហា​ប្រឈម ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​កិច្ច​ដំណើរការ​ការងារ​របស់​សាលា​ដំបូង និង​អយ្យការ​អម​សាលា​ដំបូង កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​ថែម​ទៀត​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ និង​កាន់​តែ​មាន​ប្រសិទ្ធភាព។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​ប្រាប់​សារព័ត៌មាន​ថា ការ​សហការ​ល្អ​រវាង​ស្ថាប័ន​ទាំង​បី គឺ​សាលា​ដំបូង (ផ្នែក​ចៅក្រម) អយ្យការ​អម​សាលា​ដំបូង (ផ្នែក​ព្រះរាជអាជ្ញា) និង​លេខាធិការដ្ឋាន​រដ្ឋបាល​សាលា​ដំបូង ដើម្បី​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ក្នុង​ការ​ផ្ដល់​សេវា​យុត្តិធម៌​ដល់​ពលរដ្ឋ៖ «ដើម្បី​ជា​បទពិសោធន៍​ល្អ​ក្នុង​ការ​រៀនសូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ឲ្យ​អង្គភាព​បី​ហ្នឹង គឺ​សហការ​គ្នា​ដោយ​រលូន​ក្នុង​ការ​បម្រើ​សេវា​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ»

ការ​ស្វែងរក​ចំណុច​ល្អ និង​បញ្ហា​ប្រឈម​នៃ​ស្ថាប័ន​តុលាការ និង​អយ្យការ​អម​សាលា​ដំបូង ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា ចាត់​ទុក​ថា ជា​ការ​រួម​ចំណែក​ក្នុង​ការ​អនុវត្ត​កម្មវិធី​កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ ដែល​ស្ថិត​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ន័យ​រួម​ចំណែក​ក្នុង​ការ​កែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​តុលាការ។ លោក​ស្នើ​ឲ្យ​សាលា​ដំបូង និង​អយ្យការ​អម​សាលា​ដំបូង ព្រម​ទាំង​លេខាធិការដ្ឋាន​រដ្ឋបាល​សាលា​ដំបូង ចាំបាច់​ត្រូវ​តែ​អនុវត្ត​ការងារ​ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ជូន​ពលរដ្ឋ​ប្រកប​ដោយ​មនសិការ​ខ្ពស់ និង​ក្រម​សីលធម៌ ដោយ​ធ្វើ​យ៉ាង​ណា​បង្កើន​នូវ​ជំនឿ​ទុក​ចិត្ត និង​ការ​គោរព​ពី​ប្រជាពលរដ្ឋ​លើ​វិស័យ​តុលាការ។

របាយការណ៍​ស្ដីពី​ការ​វាស់វែង​អំពី​អំពើ​ពុក​រលួយ​ជា​សកល​ឆ្នាំ​២០១៦ របស់​អង្គការ​តម្លាភាព​អន្តរជាតិ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​កម្ពុជា នេះ មាន​អ្នក​ចូលរួម​ផ្តល់​បទសម្ភាសន៍​ចំនួន​ជាង ១​ពាន់​នាក់ (.០០៣​នាក់) បាន​បង្ហាញ​ទស្សនៈ និង​បទពិសោធន៍​របស់​ពួក​គេ​ទាក់ទង​នឹង​អំពើ​ពុក​រលួយ។ លទ្ធផល​នៃ​របាយការណ៍​នេះ​បង្ហាញ​ថា ស្ថាប័ន​សាធារណៈ​ដែល​បង្កើត​ឡើង​ក្នុង​គោល​បំណង​ការពារ​ប្រជាពលរដ្ឋ​ដើម្បី​ផ្តល់​យុត្តិធម៌ និង​លើក​កម្ពស់​សិទ្ធិ​មនុស្ស ត្រូវ​បាន​ប្រជាពលរដ្ឋ​មើល​ឃើញ​ថា ជា​ស្ថាប័ន​ដែល​រំលោភ​អំណាច និង​មុខងារ​ទៅ​វិញ។ ស្ថាប័ន​ទាំងនោះ​ក៏​មាន​ស្ថាប័ន​តុលាការ​ដែរ។

នាយក​ផ្នែក​ច្បាប់​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក ឌុច ពិសិដ្ឋ មើល​ឃើញ​ថា កន្លង​ទៅ ការ​កាត់​ក្ដី​មិន​មែន​សុទ្ធតែ​អយុត្តិធម៌​នោះ​ទេ ប៉ុន្តែ​សំណុំ​រឿង​ទាក់ទង​នឹង​នយោបាយ ឬ​អ្នក​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល ហាក់​ត្រូវ​បាន​រង​ភាព​អយុត្តិធម៌​ពី​តុលាការ។ លោក​លើក​ករណី​សកម្មជន​ជម្លោះ​ដីធ្លី​បឹងកក់ និង​អ្នក​វិភាគ លោក គឹម សុខ ជាដើម៖ «បញ្ហា​ដែល​ប្រឈម ភាគច្រើន​គឺ​ប្រសិន​បើ​រឿង​ហ្នឹង​ពាក់ព័ន្ធ​ជាមួយ​នឹង ដូច​ថា​បញ្ហា​អ្នក​នយោបាយ ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ហ្នឹង គឺ​ប្រហែល​ក្នុង​ការ​សម្រេច​ក្ដី ព្រោះ​ថា​តុលាការ​ប្រហែល​ជា​ជួប​នូវ​បញ្ហា​លំបាក​បន្តិច ដោយសារ​តែ​អាច​រង​នូវ​ឥទ្ធិពល​មួយ​ចំនួន​ពី​អ្នក​នយោបាយ ហើយ​អាច​មក​ពី​ទំនុក​ចិត្ត​មន្ត្រី​តុលាការ​មួយ​ចំនួន​អាច​ជាប់​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​នយោបាយ​ណា​មួយ ដែល​ធ្វើ​ឲ្យ​គាត់​ពិបាក​ក្នុង​ការ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ឈរ​លើ​គោលការណ៍​ឯករាជ្យ អាច​នឹង​ប៉ះពាល់​ទៅ​ដល់​ផល​ប្រយោជន៍​របស់​គាត់ ឬ​ក៏​ក្រុម​របស់​គាត់​ជាដើម ដែល​យើង​មាន​ការ​ព្រួយ​បារម្ភ»

សង្គម​ស៊ីវិល​មិន​ទាន់​អាច​វិនិច្ឆ័យ​បាន​ថា ការ​ជួប​គ្នា​រវាង​ស្ថាប័ន​ទាំង​បី​នៃ​សាលា​ដំបូង អាច​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ទំនុក​ចិត្ត​លើ​វិស័យ​តុលាការ​វិញ ឬ​អត់​នោះ​ទេ ដោយ​រង់ចាំ​មើល​សកម្មភាព​ក្រោយ​ជួប​គ្នា​សិន។ តែ​យ៉ាង​ណា លោក ឌុច ពិសិដ្ឋ មើល​ឃើញ​ថា ការ​ប្រជុំ​គ្នា​នេះ ក៏​ជា​សញ្ញា​ល្អ​សម្រាប់​វិស័យ​តុលាការ​ដែរ។

បើ​ទោះ​ជា​រដ្ឋធម្មនុញ្ញ​ចែង​ថា ស្ថាប័ន​តុលាការ​ជា​អំណាច​ឯករាជ្យ ប៉ុន្តែ​សង្គម​ស៊ីវិល​យល់​ថា ច្បាប់​បី​ដែល​ទាក់ទង​នឹង​វិស័យ​តុលាការ អនុម័ត​កាល​ពី​ឆ្នាំ​២០១៤ បាន​រាំង​ខ្ទប់​អំណាច​ឯករាជ្យ​របស់​តុលាការ ដោយ​ឲ្យ​ស្ថិត​ក្រោម​អំណាច​នីតិប្រតិបត្តិ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

no justice if the case is political motivated

Jul 31, 2017 10:19 PM

អ្នក​អាន​អនាមិក


តើប្រទេសដែលដឹកនាំដោយ ប៉ូល ពត ទីពីរ ហ៊ុន សែន មានយុត្តិធម៌ទេបើចាប់កូនខ្មែរស្លូតត្រង់ដាក់គុករាល់ថ្ងៃ? តើតុលាការអាយ៉ងនេះមានដែលរកយុត្តិធម៌ជូនប្រជារាស្ត្ររងគ្រោះដោយការប្លន់យកដីធ្លីពីសំណាក់ពួកចោរព្រៃផ្សៃរបស់ ហ៊ុន សែន ទេ? ហ៊ុន សែន ប្រើពាក្យសុទ្ធតែ អាគុក តើក្រមសីលធម៌នៅទីណាដែរ? រាស្ត្រខ្មែរបញ្ចេញមតិព្រោះគេមានការឈឺចាប់ខ្លាំងណាស់ គេមានការឈឺចាប់ព្រោះរបបតិរច្ឆានមួយនេះធ្វើទុក្ខដល់រាស្ត្រគ្មានពេលស្រាកស្រាន្ត បើចង់ឲ្យរាស្រ្តខ្មែរសរសើរឈប់ធ្វើទុក្ខបុកម្មេញរាស្ត្រទៀតទៅ ហើយគេក៍ឈប់រិះគន់ដែរ ស្គាល់ច្បាប់ធម្មជាតិខ្លះដែរឬទេ? សូមឲ្យមានសុជីវធម៌បន្តិចផងបានទេ? ម្នាក់ៗជិតចូលរន្ធដៅវិញហើយសូមធ្វើល្អដល់ប្រទេសជាតិខ្លះផង។

Jul 31, 2017 08:39 PM

GW Bush

ពី Hanoi

Well, well, well. Conscience? I think wild human conscience for sure.

Jul 31, 2017 11:08 AM

គេហទំព័រ​ទាំងមូល