សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី​សម្រេច​មិន​ចាត់ការ​បណ្ដឹង​រឿង​ឈូស​ឆាយ​ព្រៃ​សហគមន៍

ដោយ រដ្ឋា វិសាល
2017-04-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សហគមន៍​នាំ​មន្ត្រី​អាដហុក (ADHOC) ចុះ​ពិនិត្យ​កន្លែង​កាប់​ឆ្ការ​ព្រៃ​ហ៊ុមព័ទ្ធ​យក​ដី​ក្នុង​ព្រៃ​សហគមន៍​ស្រែអំពូម ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៧។ Photo ADHOC
សហគមន៍​នាំ​មន្ត្រី​អាដហុក (ADHOC) ចុះ​ពិនិត្យ​កន្លែង​កាប់​ឆ្ការ​ព្រៃ​ហ៊ុមព័ទ្ធ​យក​ដី​ក្នុង​ព្រៃ​សហគមន៍​ស្រែអំពូម ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៧។ Photo ADHOC
Photo ADHOC

មន្ត្រី​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ចេញ​ដីកា​តម្កល់​រឿង​មិន​ចាត់ការ​លើ​បណ្ដឹង​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ភូមិ​ពូរ៉ាដែត ឃុំ​ស្រែអំពូម ស្រុក​ពេជ្រាដា ដែល​បាន​ប្ដឹង​មន្ត្រី​បម្រើ​ការ​នៅ​រដ្ឋសភា និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍ ថា​ឃុបឃិត​គ្នា​ឈូស​ឆាយ​តំបន់​ព្រៃ​ឈើ​ដែល​ក្រសួង​កសិកម្ម ចុះ​បញ្ជី​ជា​ព្រៃ​ការពារ​សហគមន៍​យក​ដី​ជា​កម្មសិទ្ធិ។

តំណាង​ជនជាតិ​ដើម​ភាគតិច​ព្នង ភូមិ​ពូរ៉ាដែត ឃុំ​ស្រែអំពូម គ្រោង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អគ្គរាជអាជ្ញា​សាលា​ឧទ្ធរណ៍ ប្រឆាំង​ទាស់​ដីកា​សម្រេច​របស់​មន្ត្រី​អយ្យការ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ដើម្បី​ឲ្យ​សាលា​ក្តី​នេះ​ចាត់ការ​ជា​ថ្មី​ទៅ​លើ​រឿង​បណ្ដឹង​របស់​ពលរដ្ឋ។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា តំណាង​សហគមន៍​បាន​ជួប​ពិភាក្សា​គ្នា បន្ទាប់​ពី​ពួក​គាត់​ទទួល​បាន​លិខិត​ជូន​ដំណឹង​របស់​ព្រះរាជអាជ្ញា​សាលា​ដំបូង​ខេត្ត ទាក់ទិន​ពាក្យ​ប្ដឹង​របស់​តំណាង​សហគមន៍ ៤​នាក់ ដែល​បាន​ប្ដឹង​ឈ្មោះ ឡេង គឹមឈាង ជា​មន្ត្រី​បម្រើ​ការ​នៅ​រដ្ឋសភា និង​ឈ្មោះ រ៉ា បូរិទ្ធ ជា​នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ស្រែអំពូម ពី​បទ​កាប់​រាន​ឈូស​ឆាយ​ព្រៃ និង​ហ៊ុមព័ទ្ធ​កាន់​កាប់​ដី​ព្រៃ។

លិខិត​ជូន​ដំណឹង​នេះ​ឲ្យ​ដឹង​ថា ព្រះរាជអាជ្ញា​លោក ឡុង ហុងម៉េង សម្រេច​តម្កល់​រឿង​ឥត​ចាត់ការ​តាម​ដីកា​ចុះ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៧។

តំណាង​សហគមន៍​ភូមិ​ពូរ៉ាដែត មួយ​រូប គឺ​លោក សុខ ថេត មន្ទិល​សង្ស័យ​ការ​សម្រេច​របស់​មន្ត្រី​អយ្យការ ថា​មិន​មាន​យុត្តិធម៌ និង​លម្អៀង​ទៅ​មន្ត្រី​មាន​អំណាច។ លោក​ថា តំណាង​សហគមន៍​គ្រោង​ប្រមូល​មតិ​គ្នា​ដាក់​បណ្ដឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍ សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ប័ណ្ណ​កម្មសិទ្ធិ​ចុង​ចោទ​ដែល​ចេញ​លើ​ដី​ព្រៃ​ការពារ​សហគមន៍៖ «មាន​ពាក្យ​គំរាម​ច្រើន​ដែរ គេ​ថា​ចង់​ធ្វើ​ដល់​ណា ដី​ហ្នឹង​ក៏​គេ​យក​ដែរ។ គេ​មាន​ខ្នង​បក្សពួក។ ខ្ញុំ​ចង់​ប្ដឹង​បន្ត ព្រោះ​ប្ដឹង​ដល់​តុលាការ​ហើយ​មិន​ចាត់ចែង»

ព្រៃ​ការពារ​សហគមន៍​ភូមិ​ពូរ៉ាដែត មាន​ទំហំ ១.៣២៣​ហិកតារ ចុះ​បញ្ជី​ទទួល​ស្គាល់​ដោយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ ជាពិសេស​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​កសិកម្ម តាំង​ពី​ឆ្នាំ​២០០៩។ រហូត​មក​ទល់​ខែ​កក្កដា ឆ្នាំ​២០១៦ សហគមន៍​បាន​រក​ឃើញ​ឈ្មោះ ឡេង គឹមឈាង យក​គ្រឿងចក្រ​មក​ឈូស​ព្រៃ​សហគមន៍​ជាង ២០​ហិកតារ​ដោយ​សំអាង​ថា ដី​នោះ​ខ្លួន​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​មាន​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់។

អ្នក​នាំ​ពាក្យ និង​ជា​ព្រះរាជអាជ្ញា​រង​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី លោក ម៉ម វណ្ណដា បញ្ជាក់​នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា ថា ដីកា​សម្រេច​របស់​មន្ត្រី​អយ្យការ គឺ​សំអាង​ទៅ​លើ​លិខិត​សម្គាល់​កម្មសិទ្ធិ​ផ្លូវការ​របស់​ភាគី​ចុង​ចោទ ដែល​ចេញ​ដោយ​ក្រសួង​ជំនាញ។ លើស​ពី​នោះ​ទៀត សមាជិក​សហគមន៍​ភាគច្រើន និង​មន្ត្រី​មូលដ្ឋាន បាន​ព្រមព្រៀង​គ្នា​ទទួល​យក​ដី និង​សំណង​រដ្ឋប្បវេណី​ពី​ចុង​ចោទ ដែល​បាន​ឈូស​ឆាយ​ព្រៃ​លើស​ទំហំ​ដី​នៅ​ក្នុង​លិខិត​សម្គាល់​ដី​កម្មសិទ្ធិ​ចុង​ចោទ​រួច​ហើយ៖ «គាត់​អាច​មាន​សិទ្ធិ​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​ទៀត។ នេះ​ជា​សេចក្តី​សម្រេច​របស់​តំណាង​អយ្យការ​ព្រះរាជអាជ្ញា​សាលា​ដំបូង។ លិខិត​ណា​ដែល​ចេញ​ដោយ​អាជ្ញាធរ យើង​សន្មត​ថា​ត្រឹមត្រូវ លើកលែង​មាន​លិខិត ឬ​ការ​សម្រេច​បដិសេធ​ប័ណ្ណ​ហ្នឹង​ចោល»

ទាក់ទិន​ករណី​នេះ អ្នក​សម្របសម្រួល​អង្គការ​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់​សម្គាល់​ថា ដី​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​មិន​មែន​ជា​ប្រភេទ​ដី​ដាំ​ដុះ ឬ​កាន់​កាប់​ជាក់ស្តែង​ទេ គឺ​ជា​តំបន់​ព្រៃ​ឈើ ហេតុ​នេះ​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ទៅ​លើ​ដី​ព្រៃ​ឈើ​ដែល​សហគមន៍​ការពារ គឺ​ជា​រឿង​ខុស​ច្បាប់។ លោក​ថា មន្ត្រី​អយ្យការ​គួរ​ចាត់ការ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ប័ណ្ណ​កម្មសិទ្ធិ និង​ការ​ឈូស​ឆាយ​ព្រៃ​ឈើ​ដែល​សហគមន៍​បាន​ប្ដឹង​តវ៉ា​នោះ៖ «អ៊ីចឹង​យើង​ស្នើ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ស៊ើប​អង្កេត​ប័ណ្ណ​សម្គាល់​សិទ្ធិ​ហ្នឹង តើ​ចេញ​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ»

ការ​អង្កេត​របស់​មន្ត្រី​សមាគម​អាដហុក​ខេត្ត​មណ្ឌលគិរី រក​ឃើញ​ថា ប័ណ្ណ​កម្មសិទ្ធិ​ទាំង​បី​ប្លង់​ដែល​ចុង​ចោទ​យក​ជា​សំអាង ដើម្បី​ឈូស​ឆាយ​ដី​ធ្វើ​ឡើង​នៅ​អំឡុង​ឆ្នាំ​២០១២ ក្នុង​គោល​នយោបាយ​ស្បែក​ខ្លា​កាត់​ឆ្វៀល​ដី​ប្រជាពលរដ្ឋ​កាន់​កាប់​ជាក់ស្តែង។ ម្ចាស់​កម្មសិទ្ធិ​ឈ្មោះ យន់ លី មាស សារិន និង​ឈ្មោះ ហ៊ោ ហូត។ ដី​ទាំង​បី​ប្លង់​មាន​ទំហំ​ជាង ១១​ហិកតារ​ជា​ប្រភេទ​ដី​ព្រៃ​ឈើ ឋិត​ក្នុង​បរិវេណ​ព្រៃ​ការពារ​សហគមន៍។ លើស​ពី​នោះ​ទៀត អ្នក​ទិញ​ដី​បាន​ឈូស​ឆាយ​ព្រៃ​ពង្រីក​យក​ដី​រហូត​ដល់​ជាង ២០​ហិកតារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល