តុលាការ​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី​លោក អះម៉ាត់ យ៉ះយ៉ា ទាក់ទង​រឿង​បរិហារ​កេរ្តិ៍

ដោយ ទីន ហ្សាការីយ៉ា
2016-07-31
Share
អះម៉ាត់ យះយ៉ា ៨៥៥ ២០១៦ រដ្ឋលេខាធិការ​ក្រ​សួង​សង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា និយាយ​ជាមួយ​អ្នក​កាសែត​ក្រោយ​ពេល​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦។
RFA/Leng Maly

រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា និង​ជា​ប្រធាន​សមាគម​អភិវឌ្ឍន៍​ខ្មែរ​ឥស្លាម​កម្ពុជា ឲ្យ​ដឹង​ថា លោក​នឹង​ចូល​ខ្លួន​ទៅ​ក្នុង​សវនាការ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដោយ​គ្មាន​មេធាវី នៅ​ថ្ងៃ​ទី​២ សីហា តាម​ការ​កោះ​ហៅ​របស់​តុលាការ ដើម្បី​ជំនុំ​ជម្រះ​សំណុំ​រឿង​របស់​លោក ទាក់ទង​នឹង​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​តាម​បណ្ដឹង​របស់​លោក​ឧកញ៉ា អូស្មាន ហាស្សាន់ ជា​រដ្ឋលេខាធិការ​ក្រសួង​ការងារ។

លោក អះម៉ាត់ យ៉ះយ៉ា ឲ្យ​ដឹង​ថា មូលហេតុ​ដែល​លោក​គ្មាន​មេធាវី​ការពារ​ក្ដី​នេះ ដោយសារ​លោក​គ្មាន​លុយ​ជួល​មេធាវី។ លោក​បញ្ជាក់​ថា លោក​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ចូលរួម​ស្ដាប់​ការ​ជំនុំ​ជម្រះ​របស់​តុលាការ​ដោយ​គ្មាន​មេធាវី​នេះ​ទេ។

ដីកា​កោះ​ហៅ​បញ្ជូន​ទៅ​ជំនុំ​ជម្រះ​ផ្ទាល់​របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​ចុះ​ហត្ថលេខា​ដោយ​ព្រះរាជអាជ្ញា​រង ស៊ឺ វណ្ណនី កាល​ពី​ថ្ងៃ​ទី​២១ កក្កដា មាន​ខ្លឹមសារ​ថា លោក អះម៉ាត់ យ៉ះយ៉ា បាន​ផ្ដល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​ថ្មីៗ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៦ ស្ដីពី​ការ​ពុះ​ដី​ធ្វើ​ផ្លូវ​កាត់​វិហារ​បឹងកក់​ថា អ្នក​ដែល​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​ចង់​ធ្វើ​ផ្លូវ​នេះ គឺ​លោក អូស្មាន ហាស្សាន់ ដែល​ជា​អ្នក​គូរ​ប្លង់​ឲ្យ​ទៅ​សាលា​ក្រុង ដើម្បី​ចង់​បាន​ផល​ប្រយោជន៍​ណា​មួយ។ ការ​ផ្ដល់​បទសម្ភាសន៍​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​លោក អូស្មាន ហាស្សាន់។

ទាក់ទង​នឹង​ការ​ពុះ​ផ្លូវ​កាត់​វិហារ​បឹងកក់​នេះ គឺ​មាន​ភាព​ចម្រូងចម្រាស​រវាង​លោក អូស្មាន ហាស្សាន់ និង​ក្រុម​ប្រជាពលរដ្ឋ​ដែល​ចំណុះ​វិហារ។

កន្លង​មក សាសនិក​ឥស្លាម​ចំណុះ​វិហារ​ស្ទើរ​តែ​ទាំងអស់ មិន​គាំទ្រ​ចំពោះ​ការ​ពុះ​ផ្លូវ​វិហារ​បឹងកក់​នេះ​ទេ ក្នុង​នោះ​ក៏​មាន​លោក អះម៉ាត់ យ៉ះយ៉ា ដែរ​ដែល​ជំទាស់។ កាល​ពី​ខែ​មេសា នៅ​រៀង​រាល់​ថ្ងៃ​សុក្រ ដែល​ជា​ថ្ងៃ​សាសនិក​ឥស្លាម​ទៅ​ថ្វាយ​បង្គំ​ក្នុង​វិហារ​នោះ ពួក​គេ​តែងតែ​តវ៉ា​នៅ​ក្រោយ​ពេល​ថ្វាយ​បង្គំ ចំពោះ​គម្រោង​ចង់​ធ្វើ​ផ្លូវ​កាត់​ក្នុង​បរិវេណ​វិហារ​បឹងកក់ ប៉ុន្តែ​មក​ទល់​ពេល​នេះ គម្រោង​ធ្វើ​ផ្លូវ​នៅ​ស្ងប់ស្ងាត់​នៅ​ឡើយ។

ក្រុម​អ្នក​ជំទាស់​គម្រោង​ធ្វើ​ផ្លូវ​កាត់​វិហារ​បឹងកក់​មួយ​ចំនួន អះអាង​ថា ពួក​គេ​នឹង​ទៅ​ចូលរួម​ក្នុង​សវនាការ​នៅ​ថ្ងៃ​ទី​២ សីហា ដើម្បី​ឃ្លាំ​មើល​សវនាការ និង​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​លោក អះម៉ាត់ យ៉ះយ៉ា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល