តុលាការ​នឹង​ប្រកាស​សាលក្រម​រឿង​ក្ដី​លោក សួន សេរីរដ្ឋា នៅ​ថ្ងៃ​ទី​២៥​សីហា

0:00 / 0:00

នៅ​រសៀល​ថ្ងៃ​ទី​២៤ សីហា តុលាការ​ក្រុង​ភ្នំពេញ​បាន​លើក​យក​រឿង​ក្តី​លោក សួន សេរីរដ្ឋា មក​ជំនុំ​ជម្រះ។ ចៅក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក រស់ ពិសិដ្ឋ ប្រកាស​មុន​បិទ​សវនាការ​ថា សំណុំ​រឿង​នេះ​នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៥ សីហា។

នៅ​ក្នុង​បន្ទប់​ជំនុំ​ជម្រះ​មាន​ការ​ខ្វែង​គំនិត​គ្នា​ជុំវិញ​បទ​ចោទ​ប្រឆាំង​ប្រធាន​គណបក្ស​អំណាច​ខ្មែរ រវាង​តំណាង​អយ្យការ​របស់​តុលាការ​ក្រុង​ភ្នំពេញ ២​នាក់ ជាមួយ​នឹង​មេធាវី​ការពារ​ក្ដី​ឲ្យ​ជន​ជាប់​ចោទ គឺ​លោក សុក សំអឿន។

នៅ​មុន​សេចក្ដី​សម្រេច​របស់​ចៅក្រម​ជំនុំ​ជម្រះ លោក រស់ ពិសិដ្ឋ ប្រកាស​បិទ​សវនាការ​នៅ​ក្នុង​សេចក្ដី​សន្និដ្ឋាន​ចុង​ក្រោយ សង្កេត​ឃើញ​ថា មាន​ការ​ឡើង​ការពារ​លើ​បទ​ចោទ​របស់​ខ្លួន ជាពិសេស​ខាង​តំណាង​អយ្យការ។ លោក សៀង សុខ តំណាង​អយ្យការ​ម្នាក់​ក្នុង​ចំណោម​អយ្យការ​ទាំង​ពីរ​នាក់ នៅ​ក្នុង​បន្ទប់​សវនាការ​ដែល​ទទួល​បន្ទុក​រឿង​ក្តី​នេះ បាន​ស្នើសុំ​ឲ្យ​តុលាការ​រក្សា​បទ​ចោទ​ប្រឆាំង​លោក សួន សេរីរដ្ឋា និង​ផ្ដន្ទាទោស​តាម​បទល្មើស​ដែល​បាន​ប្រព្រឹត្ត។

ភ្លាមៗ​ដល់​វេន​មេធាវី​ការពារ​ក្ដី​ឲ្យ​ជន​ជាប់​ចោទ​វិញ​ម្ដង។ ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក សុក សំអឿន បាន​ថ្លែង​ការពារ​ដោយ​លើក​ពី​សំអាង​ហេតុ​ថា បទ​ចោទ​របស់​តំណាង​អយ្យការ​នៃ​តុលាការ​ក្រុង​ភ្នំពេញ​ប្រឆាំង​លោក សួន សេរីរដ្ឋា នេះ គឺ​ពុំ​មាន​ធាតុ​ផ្សំ​ដែល​អាច​នាំ​ឲ្យ​កើត​បទល្មើស​បាន​ទេ។ មិន​តែ​ប៉ុណ្ណោះ ប្រសិន​បើ​ទស្សនៈ​ដែល​បាន​លើក​ឡើង​នោះ វា​មិន​កើត​ទៅ​ជា​បទល្មើស​ទេ មាន​ន័យ​ថា​ជន​ជាប់​ចោទ​គួរ​ត្រូវ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ហើយ។ ម្យ៉ាង​វិញ​ទៀត លោក​រិះគន់​ថា ដោយសារ​ការ​អនុវត្ត​ច្បាប់​កន្លង​ទៅ ជាពិសេស​តំណាង​អយ្យការ​ចេះ​តែ​ចោទ​ប្រកាន់​ច្បោលៗ​ហ្នឹង​ហើយ ដែល​នាំ​ឲ្យ​កើត​រឿង​អយុត្តិធម៌​សង្គម​កាន់​តែ​ច្រើន។

ជំទាស់​ទៅ​នឹង​សំអាង​ហេតុ​នេះ តំណាង​អយ្យការ​នៃ​តុលាការ​ក្រុង​ភ្នំពេញ​ម្នាក់​ទៀត គឺ​លោក សេង ហៀង អះអាង​ថា ផ្អែក​មាត្រា​៤៧១ នៃ​ក្រម​ព្រហ្មទណ្ឌ បើ​ទោះ​ជា​បទល្មើស​នោះ​មិន​បង្ក​ឲ្យ​ជា​មាន​បញ្ហា ក៏​មាន​ន័យ​គ្រប់គ្រាន់​ក្នុង​ការ​ចោទ​ប្រកាន់​បាន​ដែរ។

លោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៣ សីហា ត្រង់​ចំណុច​ជិត​ស្ពាន​ព្រែក​ព្នៅ ជាយក្រុង​ភ្នំពេញ។ ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​តាម​ដីកា​បង្គាប់​ពី​ព្រះរាជអាជ្ញា​រង លោក សៀង សុខ។ អ្នក​នយោបាយ​ដែល​តែង​រិះគន់​ដោយ​មិន​សំចៃ​មាត់​រូប​នេះ ត្រូវ​រង​ការ​ចោទ​ប្រកាន់ ៣​បទល្មើស គឺ​បទ​ធ្វើ​ឲ្យ​ខូច​ទឹក​ចិត្ត​កងទ័ព បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​ញុះញង់​កុំ​ឲ្យ​យោធិន​ស្ដាប់​បង្គាប់​នៃ​ក្រម​ព្រហ្មទណ្ឌ។

ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង ២​ថ្ងៃ​បន្ទាប់​ពី​លោក​សរសេរ​រិះគន់​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (facebook) របស់​លោក​ដែល​រង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រមាថ​ដល់​កងទ័ព។ អង្គ​ហេតុ​នេះ​ហើយ​ដែល​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ប្រឆាំង​លោក សួន សេរីរដ្ឋា នៅ​ពេល​កម្ពុជា កំពុង​មាន​ជម្លោះ​យោធា​ជាមួយ​ឡាវ ត្រង់​តំបន់​អូរ​តាង៉ាវ និង​អូរ​អាឡៃ ស្ថិត​ក្នុង​សៀមប៉ាង ក្នុង​ទឹកដី​កម្ពុជា។

ទាក់ទិន​សវនាការ​លើ​អង្គ​សេចក្តី​កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ សីហា លោក សួន សេរីរដ្ឋា អះអាង​ថា លោក​បាន​បាត់​ខ្សែ​ក្រវាត់​មួយ​ក្នុង​ពេល​ដែល​តុលាការ​បង្ហាញ​ពី​ភស្តុតាង​ដែល​ឆែកឆេរ​បាន។

ចំណែក​ប្រធាន​ស្ដីទី​គណបក្ស​អំណាច​ខ្មែរ លោក សួង សុភ័ណ្ឌ បាន​ប្រាប់​អ្នក​កាសែត​ក្រោយ​បញ្ចប់​សវនាការ​ថា ករណី​នេះ​ជា​រឿង​នយោបាយ​ច្រើន​ជាង​បទល្មើស​ព្រហ្មទណ្ឌ។ លោក​បន្ត​ថា « ខ្ញុំ​យល់​ថា​វា​មាន​លក្ខណៈ​នយោបាយ ទី​១ ថ្ងៃ​នេះ​តុលាការ​បាន​បើក​សវនាការ​បាន​សម្រេច​ហើយ ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​ការ​ប្រកាស​មិន​មែន​ប្រកាស​នៅ​ថ្ងៃ​នេះ​ទេ គឺ​ប្រកាស​នៅ​ថ្ងៃ​ស្អែក​ថ្ងៃ​ទី​២៥ ពេល​រសៀល។ រឿង​នេះ​ហាក់​បី​ដូចជា​មាន​ចេតនា​ចាំ​សួរ​អ្នក​ណា​ម្នាក់ ថា​តើ​ករណី​គួរ​តែ​លើកលែង ឬ​ក៏​គួរ​តែ​ចោទ​ប្រកាន់ »

នៅ​ក្នុង​បន្ទប់​ជំនុំ​ជម្រះ ទាំង​ចៅក្រម លោក រស់ ពិសិដ្ឋ និង​តំណាង​អយ្យការ ២​រូប​ផ្សេង​ទៀត គឺ​លោក សៀង សុខ និង​លោក សេង ហៀង បាន​សួរ​សំណួរ​សាចុះសាឡើង​អំពី​អត្ថន័យ​នៃ​ពាក្យ​មួយ​ចំនួន ដូចជា​អ្វី​ទៅ​ជា​មេទ័ព​ចោរ និង​ឱន​ក្បាល​ដាក់​បរទេស​ជាដើម។ បើ​ទោះ​ជា​បែប​ណា រឿង​ក្ដី​លោក សួន សេរីរដ្ឋា នេះ ត្រូវ​បាន​ចៅក្រម​ជំនុំ​ជម្រះ លោក រស់ ពិសិដ្ឋ ឲ្យ​ដឹង​ថា នឹង​ត្រូវ​ប្រកាស​សាលក្រម​នៅ​រសៀល​ថ្ងៃ​ទី​២៥ សីហា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។