តុលាការ​​បញ្ជូន​ដីកា​ថ្មី​មួយ​ទៀត​ឲ្យ​លោក សម រង្ស៊ី ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា

ដោយ ម៉ម មុនីរតន៍
2016-08-31
Share
សម រង្ស៊ី ៨៥៥ ២០១៦ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក្នុង​កម្មវិធី​ទូរទស្សន៍​អាស៊ីសេរី នា​រដ្ឋ​ធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​យប់​ថ្ងៃ​ទី​៥ កុម្ភៈ ឆ្នាំ​២០១៦។
Photo: RFA

តំណាង​អយ្យការ​នៃ​តុលាការ​ក្រុង​ភ្នំពេញ បាន​ចេញ​ដីកា​ថ្មី​មួយ​ទៀត​បង្គាប់​ឲ្យ​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ពី​បទ​សម​គំនិត​ក្នុង​អំពើ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ខាង​មុខ។ ពាក់ព័ន្ធ​រឿង​នេះ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក សម រង្ស៊ី យល់​ឃើញ​ថា បទ​ចោទ​ប្រឆាំង​លោក សម រង្ស៊ី មាន​ភាព​មិន​ច្បាស់​លាស់​ទៅ​លើ​និយម​ន័យ​នៃ​ការ​ចោទ​ប្រកាន់​នេះ។

ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន គឺ​មាន​បណ្ដឹង​ហ៊ុមព័ទ្ធ​យ៉ាង​ស្អេកស្កះ ដែល​ធ្វើ​ឲ្យ​លោក​ស្ទើរ​រើ​ខ្លួន​មិន​រួច ហើយ​បន្ថែម​ពី​លើ​បន្ទុក​ដ៏​ធ្ងន់​នេះ លោក សម រង្ស៊ី ត្រូវ​ប្រឈម​ទៅ​នឹង​បណ្ដឹង​មួយ​ថ្មី​ទៀត គឺ​ពី​បទ​សម​គំនិត​ក្នុង​អំពើ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

ជុំវិញ​ភាព​ចម្រូងចម្រាស​នេះ គណបក្ស​សង្គ្រោះ​ជាតិ ប្រតិកម្ម​ថា ចំណាត់​ការ​ផ្ទួនៗ​ប្រឆាំង​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​ជា​ការ​ផ្ដល់​សិទ្ធិ​មិន​ស្មើ​គ្នា​រួច​ទៅ​ហើយ សម្រាប់​ការ​បោះ​ឆ្នោត​ក្នុង​ពេល​ខាង​មុខ។ មិន​តែ​ប៉ុណ្ណោះ បញ្ហា​នេះ ប្រាកដ​ជា​មិន​អាច​ធានា​បាន​នូវ​ការ​បោះឆ្នោត​មួយ​ដែល​អាច​ជឿ​ទុកចិត្ត​បាន​ឡើយ។

លោក អេង ឆៃអ៊ាង មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ហៅ​ចំណាត់​ការ​របស់​តុលាការ​នៅ​ពេល​នេះ​ថា គឺ​ជា​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ដើម្បី​ដាក់​សម្ពាធ​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក អេង ឆៃអ៊ាង យល់​ឃើញ​ថា ប្រសិន​បើ​គណបក្ស​គ្រប់គ្រង​រដ្ឋាភិបាល​នៅ​តែ​បន្ត​ប្រើប្រាស់​តុលាការ​ជា​ឧបករណ៍​ដូច​នេះ វា​នឹង​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ខាង​មុខ​នេះ មិន​អាច​ធានា​ពី​ភាព​សុក្រឹត ត្រឹមត្រូវ និង​យុត្តិធម៌​បាន​ទេ៖ «យើង​ដឹង​ហើយ​ថា ដំណាក់កាល​ចុង​ក្រោយ​នេះ​គឺ​យើង​កត់សម្គាល់​ឃើញ​ថា គណបក្ស​កាន់​អំណាច​ប្រើប្រាស់​យន្តការ​តុលាការ​ដើម្បី​គាបសង្កត់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​រូប»

អាស៊ីសេរី​ពុំ​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​រឿង​នេះ​ពី​លោក លី សុផានណា មន្ត្រី​នាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ទេ នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា។ ជុំវិញ​រឿង​នេះ នគរបាល​យុត្តិធម៌​បាន​បញ្ជូន​ដីកា​កោះ​ហៅ​លោក សម រង្ស៊ី ទៅ​ទីស្នាក់ការ​គណបក្ស​ប្រឆាំង​ចំនួន ២​លើក​រួច​ហើយ កាល​ពី​ថ្ងៃ​ទី​២៧ និង​ថ្ងៃ​ទី​៣០ ខែ​សីហា។ ដីកា​កោះ​បន្ថែម​ដែល​ចេញ​ដោយ​ព្រះរាជអាជ្ញា​រង លោក សៀង សុខ នេះ គឺ​បង្គាប់​ឲ្យ​លោក សម រង្ស៊ី ត្រូវ​ចូល​ខ្លួន​តាម​ដីកា ពេល​ព្រឹក​នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ខាង​មុខ។

ដីកា​កោះ​នេះ ក៏​បាន​សរសេរ​ពិស្ដារ​បន្ថែម​ទៀត ដោយ​បង្ហាញ​ពី​សមភាព​ចៅក្រម​ជំនុំជម្រះ និង​តំណាង​អយ្យការ​នៅ​ក្នុង​ថ្ងៃ​សវនាការ​ដែរ។ លោក សម រង្ស៊ី ដែល​ត្រូវ​បាន​ព្រះ​រាជអាជ្ញា​រង​កោះ​ហៅ​ជា​ថ្មី​ទៀត​នេះ ពាក់ព័ន្ធ​នឹង​បទ​ចោទ​ក្លែង​ឯកសារ​សាធារណៈ​រឿង​ព្រំដែន​ដោយ​ចោទ​ថា រដ្ឋាភិបាល​រំលាយ​បាន​រំលាយ​ខ្សែ​បន្ទាត់​ផែនទី ប្រទេស​កម្ពុជា ជាមួយ​នឹង​វៀតណាម ឲ្យ​ទៅ​ជា​ព្រំដែន​ជាប់​គ្នា ដែល​បាន​ប្រព្រឹត្តិ​កាល​ពី​ថ្ងៃ​ទី​១២ និង​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៥។

បើ​ទោះ​ជា​បែប​ណា លោក សំ សុគង់ មេធាវី​ការពារ​ក្តី​ឲ្យ​លោក សម រង្ស៊ី យល់​ឃើញ​ថា ថ្វី​បើ​រហូត​មក​ដល់​ម៉ោង​នេះ ក្នុង​នាម​លោក​ជា​មេធាវី​ពុំ​ទាន់​ទទួល​បាន​ដីកា​កោះ​នេះ​ក៏ដោយ​ចុះ លោក​ចាត់​ទុក​ថា បទ​ចោទ​នេះ នៅ​តែ​មាន​វិមតិ​សង្ស័យ និង​ជា​ករណី​ដែល​មិន​ច្បាស់លាស់​ទាល់​តែ​សោះ​ថា អាច​ទៅ​ជា​បទ​ចោទ​ទៅ​កើត៖ «អ្វី​ដែល​ជា​ការ​កំណត់​ឲ្យ​បាន​ច្បាស់​លាស់​អំពី​និយមន័យ​នៃ​ពាក្យ​ថា​បទល្មើស​ជាក់ស្ដែង​នៅ​ក្នុង​សម័យ​ដែល​មាន​វិទ្យាសាស្ត្រ​ជឿនលឿន ជាពិសេស​នៅ​លើ​ប្រព័ន្ធ​អនឡាញ (Online) ដូច​ជា​អ៊ីនធឺណិត​ជាដើម»

គិត​មក​ដល់​ពេល​នេះ ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស​មាន​បណ្ដឹង​ធំៗ មិន​តិច​ជាង ៣​សំណុំរឿង​ឡើយ ក្នុង​នោះ​បណ្ដឹង​​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​របស់​ប្រធាន​រដ្ឋសភា លោក ហេង សំរិន និង​បណ្ដឹង​របស់​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង។ ស្ថិត​ក្រោម​បម្រាម​នៃ​បទល្មើស​ទាំង​នេះ​ហើយ​ដែល​ជា​ការ​បិទ​ច្រក​របស់​លោក សម រង្ស៊ី ឲ្យ​វិល​ចូល​ស្រុក​វិញ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល