តុលាការក្រុងភ្នំពេញកោះហៅកញ្ញា ស្រីមុំ ចូលបំភ្លឺនៅថ្ងៃទី៨មេសា

ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅ កញ្ញា ខុម ចាន់ដារាទី ហៅ ស្រីមុំ ដើម្បីសាកសួរនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦។ ព្រះរាជអាជ្ញារង សៀង សុខ បានថ្លែងនៅក្នុងដីកាចេញថ្ងៃទី២២ មីនា ថា កញ្ញា ស្រីមុំ ត្រូវចូលបំភ្លឺនៅតុលាការ បន្ទាប់ពីរបាយការណ៍របស់សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនបង្ហាញថា មានករណីផ្ដល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ។
បងស្រី និងមេធាវីរបស់ កញ្ញា ខុម ចាន់ដារាទី ហៅ ស្រីមុំ បញ្ជាក់ថា ពួកគេបានទទួលព័ត៌មានស្ដីពីដីកាកោះរបស់តុលាការនេះហើយ ក៏ប៉ុន្ដែមិនទាន់អាចបញ្ជាក់បានទេថា តើកញ្ញានឹងសម្រេចចូលបំភ្លឺតាមការកោះហៅរបស់តុលាការ ឬយ៉ាងណា?
កញ្ញា ខុម ចាន់ដារាទី ហៅ ស្រីមុំ ត្រូវបានគេសង្ស័យថា ជាស្រីកំណាន់របស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។
នាពេលបច្ចុប្បន្ន អង្គភាពប្រឆាំងអំពើពុករលួយ និងរដ្ឋសភា កំពុងតែចាត់ការករណីរឿងអាស្រូវស្នេហាមេដឹកនាំគណបក្សប្រឆាំង ទៅតាមបណ្ដឹងរបស់យុវជនមួយក្រុមដែលអះអាងថា ខ្លួនជានិស្សិត ខណៈសាធារណជនរិះគន់ពីចំណាត់ការនេះ៕