តុលាការ​ខេត្ត​រតនគិរី​លើក​ពេល​កាត់​ក្តី​សំណុំរឿង​អតីត​អ្នក​កាសែត​ ខេមបូឌា ដេលី ២​នាក់

ដោយ ជី វិតា
2019.12.25
ឌឹ ខេមបូឌា ដេលី ២០១៧ ៦២២ បុគ្គលិក​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) រៀបចំ​អីវ៉ាន់​ចាកចេញ​ពី​ការិយាល័យ​នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៧។
RFA/Cheu Sideth

សាលាដំបូង​ខេត្ត​រតនគិរី លើក​ពេល​សវនាការ​សំណុំរឿង​អតីត​អ្នកកាសែត ខេមបូឌា ដេលី (The Cambodia Daily) ២​រូប គឺ​លោក អូន ភាព និង​លោក ភីតធ័រ ហ្សមប៊័រ (Peter Zsombor) ទៅ​ថ្ងៃ​ក្រោយ​វិញ ដោយ​មិន​កំណត់ពេល។

មេធាវី​ការពារ​ក្តី​ឱ្យ​អតីត​អ្នកកាសែត​ខេមបូឌា ដេលី ទាំង​ពីររូប គឺ​លោក សេក សុភ័ណ្ឌ ប្រាប់​អាស៊ីសេរី​ថា លោក​បាន​ទៅ​ដល់​បន្ទប់​សវនាការ​នៃ​តុលាការ​ខេត្ត​រតនគិរី នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ធ្នូ នេះ ដើម្បី​ជួយ​ការពារ​កូន​ក្តី​របស់​លោក ក៏ប៉ុន្តែ​ស្រាប់តែ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ប្រកាស​ថា សវនាការ​ត្រូវ​លើក​ពេល​វិញ ដោយសារ​អវត្តមាន​ចៅក្រម​មួយ​រូប​ដែល​ជាប់​បេសកកម្ម​នៅ​ប្រទេស​ឥណ្ឌា។ លោក​បញ្ជាក់​ថា លោក​ភ្ញាក់ផ្អើល និង​ខកចិត្ត​ចំពោះ​ទង្វើ​បែបនេះ ព្រោះ​តុលាការ​គួរតែ​ជូនដំណឹង​ជាមុន​ថា សវនាការ​ត្រូវ​លើក​ពេល មិន​គួរ​ដល់​ថ្ងៃ​ហើយ ទើប​ប្រាប់​ដូច្នេះ​ទេ។

សាលាដំបូង​ខេត្ត​រតនគិរី​បាន​ចោទប្រកាន់​លោក អូន ភាព និង​លោក ភីតធ័រ ហ្សមប៊័រ ពីបទ “​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​” កាលពី​ខែ​សីហា ឆ្នាំ​២០១៧ កន្លងទៅ ក្រោយពេល​ពួកគេ​ចុះ​សម្ភាស​ពលរដ្ឋ​ក្នុង​ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី អំពី​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​។ ការ​ចោទប្រកាន់​នេះ ធ្វើ​ឡើង​មួយ​សប្ដាហ៍​មុន​ពេល​កាសែត​ភាសា​អង់គ្លេស ខេមបូឌា ដេលី (The Cambodia Daily) បញ្ឈប់​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​កម្ពុជា ដោយសារ​បញ្ហា​ពន្ធ​ដ៏​ចម្រូងចម្រាស។ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្តបន្ទាប់ អំពាវនាវ​ដល់​តុលាការ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​បែប​ប្រឌិត​ប្រឆាំង​នឹង​អ្នកកាសែត​ទាំង​ពីរ​រូប និង​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ទៀត ព្រមទាំង​បញ្ឈប់​ទង្វើ​យាយី​ទាំងឡាយ​ប្រឆាំង​នឹង​អ្នក​សារព័ត៌មាន និង​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។