ម្ចាស់​ក្លឹប​កម្សាន្ត​រ៉ក់​បន្ត​ស្ថិត​នៅ​ក្រៅ​ពន្ធនាគារ​ជាង​មួយ​ខែ​ហើយ ទោះ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន

ដោយ មួង ណារ៉េត
2019-05-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក គិត ធាង ម្ចាស់​អាជីវកម្ម​ក្លឹប​កម្សាន្ត រ៉ក់
លោក គិត ធាង ម្ចាស់​អាជីវកម្ម​ក្លឹប​កម្សាន្ត រ៉ក់
រូបពី​ហ្វេសប៊ុក៖ Royal Finanancial Corp

ជុំវិញ​ករណី​អនុវត្ត​ច្បាប់ មិន​ស្មើភាព​គ្នា ចំពោះ​អ្នក​ជាប់ឃុំ​ដែល​មាន​និន្នាការ​គាំទ្រ​បក្ស​ប្រឆាំង និង​ដែល​ស្និទ្ធ​នឹង​បក្ស​កាន់អំណាច​ គឺ​លោក គិត ធាង ម្ចាស់​ក្លឹប​កម្សាន្ត​រ៉ក់ (Rock) ដែល​ជាប់​ចោទ ពាក់ព័ន្ធ​នឹង​ករណី​លក់​គ្រឿងញៀន នៅតែ​អាច​ស្ថិត​ក្រៅ​ពន្ធនាគារ​នៅឡើយ ជាង​មួយ​ខែ​ទៅ​ហើយ។

ប៉ុន្តែ អ្នកនាំពាក្យ​ពន្ធនាគារអះអាង​ថា លោក គិត ធាង នៅ​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក៏​ព្រោះតែ​បញ្ហា​ស្ទះផ្លូវ​ដង្ហើម និង​មាន​បញ្ហា​ផ្លូវចិត្ត​។ ទោះជា​យ៉ាង​នេះ​ក្តី មន្ត្រី​សង្គម​ស៊ីវិល​សង្កេតឃើញ​ថា ការ​អនុញ្ញាត​អ្នក​ជាប់ឃុំ អាច​សម្រាក​ព្យាបាល​​នៅ​ក្រៅ​បាន​ដូច្នេះ គឺ​អនុវត្ត​ចំពោះតែ​អ្នក​ជាប់ឃុំ​ណា ដែល​មាន​លុយ​ និង​អំណាច​ប៉ុណ្ណោះ ដែល​បង្ហាញ​ថា ជា​ការ​អនុវត្ត​ច្បាប់ មិន​​ស្មើភាព​គ្នា​ចំពោះ​អ្នក​ជាប់ឃុំ។

សង្គម​ស៊ីវិល​បារម្ភ​ថា ប្រសិនបើ​គ្មាន​ការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ និង​ការអនុវត្ត​សិទ្ធិ​ឱ្យ​បាន​ស្មើគ្នា​ចំពោះ​អ្នក​ជាប់ឃុំ​ទេ​នោះ វា​នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​សង្គម ជាពិសេស ជនជាប់ចោទ ដែល​ជា​អ្នកមាន​លុយ មានអំណាច ដែល​យក​មន្ទីរពេទ្យ ធ្វើជា​កន្លែង​ឃុំខ្លួន​របស់​ពួក​ជំនួស​ពន្ធនាគារ​ទៅវិញ។

ការ​ព្រួយ​បារម្ភ​ថា​នេះ ដោយសារតែ​ជន​ត្រូវ​ចោទ​ក្នុង​សំណុំរឿង​គ្រឿងញៀន ដែល​មាន​ងារ​ជា​ឧកញ៉ា គឺ​ម្ចាស់​ក្លឹប​កម្សាន្ត​រ៉ក់ លោក គិត ធាង នៅតែ​ទទួល​បាន​ការ​ព្យាបាល នៅ​ក្រៅ​មន្ទីរឃុំឃាំង ជាច្រើន​ថ្ងៃ​មក​ហើយ។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​លោក នុត សាវ​នា ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី​៩ ខែ​ឧសភា​ថា ពេល​នេះ លោក​ឧកញ៉ា គិត ធាង នៅតែ​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត ឬ​ហៅថា​ពេទ្យ​រុស្ស៊ី ប៉ុន្តែ លោក​អះអាង​ថា​ កំពុង​ស្ថិត​ក្នុង​ការ​យាមកាម​ពី​សមត្ថកិច្ច​នៃ​ពន្ធនាគារ​។ លោក​បន្ត​ថា តាម​ការ​អះអាង​របស់​គ្រួសារ និង​គ្រូពេទ្យ​ថា ​លោក គិត ធាង មាន​​អាការៈ​​ជំងឺ​​ស្ទះ​ផ្លូវ​​ដង្ហើម និង​បញ្ហា​ផ្លូវចិត្ត​ផង​៖ «ការ​យាមកាម​គាត់ (លោក គិត ធាង​) ២៤​ម៉ោង​លើ​ ២៤ម៉ោង​​នៅ​ក្រៅ​អង្គភាព​​តម្រូវ​​​ឱ្យ​​មាន​ការ​​ប្រុងប្រយ័ត្ន​ខ្ពស់​ហើយ​ទទួលខុសត្រូវ​ក៏​ខ្ពស់​ដែរ អ៊ីចឹង​ទេ​នេះ​យោបល់​ខ្ញុំ ខ្ញុំ​គិត​ថា បើ​ពេទ្យ​ថា យោបល់​ជំនាញ​ថា មិន​ទាន់​​អាច​​ចេញ​​បាន​យើង​មានតែ​ទ្រាំ​នៅ​ណឹង​ទៀត​ទៅ»

ជុំវិញ​ការ​រិះគន់ និង​សង្ស័យ​ចំពោះ​អនុញ្ញាត​ឱ្យ​លោក គិត ធាង អាច​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នេះ លោក នុត សាវនា បញ្ជាក់​ថា ករណី​នេះ​មិនមែន​ខាង​ពន្ធនាគារ​ជា​អ្នក​សម្រេច​នោះ​ទេ​។ លោក​បន្ត​ថា​ការ​ម្រេច គឺ​ផ្អែក​តាម​ការណែនាំ​របស់​គ្រូពេទ្យ និង​ការ​អនុញ្ញាត​ពី​សំណាក់​ព្រះរាជអាជ្ញា។

ទាក់ទង​ការ​លើក​ឡើង​នេះ អាស៊ីសេរី​បាន​សុំ​ការ​បំភ្លឺ​ពី​ព្រះរាជអាជ្ញា និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ក្រុងភ្នំពេញ លោក លី សុផាណា ប៉ុន្តែ​លោក​បាន​បង្វែរ​សំនួរ​នេះ​ឱ្យ​ទៅ​ខាង​មន្ទីរពេទ្យ ឬ​ពន្ធនាគារ​ជា​អ្នក​បំភ្លឺ​វិញ។

អាស៊ីសេរី​ក៏បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​នាយក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត លោក ងី ម៉េង នៅ​ថ្ងៃទី​១០ ខែ​ឧសភា ប៉ុន្តែ​លោក​មិន​លើក​ទូរ​សព្ទ។

ដោយឡែក​អ្នកនាំពាក្យ​សមាគម​ អាដហុក (Adhoc) លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា អ្នក​ជាប់ឃុំ​ដែល​មាន​លុយ​មានអំណាច​តែង​ទទួល​បាន​ការ​ព្យាបាល​នៅ​ក្រៅ​ពន្ធនាគារ ប៉ុន្តែ​លោក​ថា ចំពោះ​អ្នក​ជាប់ឃុំ​ដែល​ជា មន្ត្រី​សង្គម​ស៊ីវិល មន្ត្រី​គណបក្ស អ្នកកាសែត មិនដែល​ឃើញ​បាន​ចេញ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រៅ​ពន្ធនាគារ​នោះ​ទេ ទោះ​ពួកគេ​មាន​ជំងឺ​ធ្ងន់ធ្ងរ​បែប​ណា​ក្តី​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ស្នើ​ទៅ​ស្ថាប័ន​អនុវត្ត​ច្បាប់ អនុវត្ត​ច្បាប់​ឱ្យ​ស្មើភាព​គ្នា​ចំពោះ​អ្នក​ជាប់ឃុំ​គ្រប់ៗ​រូប៖ «វិធី​បែបនេះ​ជា​វិធី​មួយ​ដែល​ងាយស្រួល​ធ្វើ​ឱ្យ​ពួកគាត់​អាច​រួច​ទទួលទោស​ពី​ពន្ធនាគារ គាត់​ឃើញ​ឱកាស​នេះ​គាត់​គិត​ថា បទល្មើស​ទាំងអស់​គាត់​អត់​មាន​ត្រូវ​ព្រួយបារម្ភ​ឬ​ភ័យខ្លាច​អី​ទេ ដោយសារតែ​ពេល​នៅ​ពន្ធនាគារ​គាត់​នៅតែ​អាច​ចេញ​ព្យាបាល​ដោយមាន​បរិយាកាស​ស្រួល​ធូរ​លុង»

ឧកញ៉ា គិត ធាង ត្រូវ​បាន​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី តាំងពី​ថ្ងៃ​ទី​១ ខែ​មេសា គឺ​បន្ទាប់ពី​សមត្ថកិច្ច​រាជ​ធានី​ភ្នំពេញ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១១ មីនា និង​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឱ្យ​ឃុំខ្លួន​នៅ​ថ្ងៃ​ទី​១២ មីនា នៅ​ពន្ធនាគារ​ស្នងការ​រាជធានី​ភ្នំពេញ ឬ​ហៅថា ពន្ធនាគារ ប៉េហ្ស៊ី (PJ)​។ ចៅក្រម​ស៊ើបសួរ​ចោទប្រកាន់​លោក​ពី​បទ​ចាត់ចែង សម្រួល​​ឱ្យ​​មាន​​ការ​ប្រើប្រាស់​​សារ​ជាតិ​​ញៀន​​ខុស​ច្បាប់ និង​បទ​សមគំនិត តាម​មាត្រា​៤២ និង​៤៤ នៃ​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន និង​មាត្រា​២៩ នៃ​ក្រមព្រហ្មទណ្ឌ ក្នុង​សំណុំរឿង​គ្រឿង ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​គ្រឿងញៀន ជិត ៥០​គីឡូក្រាម​ក្នុង​ក្លឹប​កម្សាន្ត​មជ្ឈមណ្ឌល​រ៉ុក កណ្ដាល​ក្រុងភ្នំពេញ​។​

កន្លងមក អ្នកមាន​លុយ​មានអំណាច​មួយ​ចំនួន តែងតែ​អាច​មាន​លេស​សម្រាក​នៅ​មន្ទីរពេទ្យ និង​មាន​​បន្ទប់​​ពិសេស​​ដាច់​ដោយ​​ឡែក​​របស់​​ខ្លួន ជាជាង​នៅ​ជាប់​ឃុំ ដែល​ចង្អៀត​ណែន ទោះបីជា​អ្នក​ទាំងនោះ ជាប់ចោទ​ពី​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ ដូចជា​បទ​ឃាតកម្ម​​ក្ដី។ ឧទាហរណ៍ ដូច​ករណី​លោក ថោង សារ៉ាត់។ ប៉ុន្តែ ជន​ក្រីក្រ និង​សកម្មជន​បក្ស​ប្រឆាំង ទោះ​ឈឺ​ធ្ងន់ និង​ដាក់​សំណើ​​សុំ​​ទៅ​​ព្យាបាល​ខាងក្រៅ​ច្រើនដង​ប៉ុនណា ក៏​ខាង​ពន្ធនាគារ ច្រើនតែ​បដិសេធ​គ្រប់​ពេល ឧទាហរណ៍​ក្នុង​ករណី​លោក យា ថុង សកម្មជន​បក្ស​ប្រឆាំង ដែល​សុំ​ទៅ​ព្យាបាល​ជំងឺ​ខាងក្រៅ​មិនបាន និង​ស្លាប់​ក្រោយ​ចេញពី​ពន្ធនាគារ​ជាង​កន្លះ​ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល