លោក សុន ឆ័យ ថា លោក​នឹង​ធានា​លោក ស៊ាង ចែត ឲ្យ​នៅ​ក្រៅ​ឃុំ​ក្នុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ

ដោយ ម៉ម មុនីរតន៍
2016.09.21
ស៊ាង ចែត ៨៥៥ ២០១៦ មេ​ឃុំ​ស្រក ខេត្ត​កំពង់ចាម មក​ពី​គណបក្ស សម រង្ស៊ី លោក ស៊ាង ចែត (ពាក់​វ៉ែនតា) ចូល​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​អះអាង​ថា មេឃុំ​លោក ស៊ាង ចែត អាច​នឹង​ធានា​ឲ្យ​បាន​នៅ​ក្រៅ​ឃុំ​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ។

លោក សុន ឆ័យ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២១ ខែកញ្ញា ថា ក្នុង​នាម​លោក​ផ្ទាល់ ទោះ​ត្រូវ​ចំណាយ​លុយ​បែប​ណា លោក​នឹង​ព្យាយាម​គ្រប់​មធ្យោបាយ​ដើម្បី​ធានា​ឲ្យ​មេឃុំ​លោក ស៊ាង ចែត បាន​នៅ​ក្រៅ​ឃុំ ឲ្យ​បាន​ជួបជុំ​គ្រួសារ​នៅ​ក្នុង​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ។ លោក​បន្ត​ថា នៅ​ថ្ងៃ​ទី​២២ កញ្ញា លោក​នឹង​ពិគ្រោះ​យោបល់​ជា​មួយ​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ស៊ាង ចែត ដើម្បី​ពិនិត្យ​តាម​នីតិវិធី ថា​តើ​ការ​ធានា​នេះ​អាច​ធ្វើ​បាន​តាម​មធ្យោបាយ​ណា៖ «ថ្ងៃ​ស្អែក​ខ្ញុំ​នឹង​ទាក់ទង​ជួប​ជា​មេធាវី​គាត់​ចង់​ដឹង​ថា តើ​ការ​ធានា​នៅ​ក្រៅ​ឃុំ​ហ្នឹង​មាន​គោលការណ៍​អ្វី​ខ្លះ ហើយ​បើ​ខ្លួន​ខ្ញុំ​អាច​ធានា​បាន​ដូច​ការ​ជា​កក់​ប្រាក់​អី ឬ​ក៏​ការ​ធានា​ក្នុង​នាម​បុគ្គល​យ៉ាងម៉េច ខ្ញុំ​នឹង​ស្ម័គ្រចិត្ត​ដើម្បី​ធានា​គាត់។ ដូច​បាន​ដឹង​រួច​ហើយ​រឿង​មេឃុំ​លោក ស៊ាង ចែត នេះ ដូច​មិន​មាន​មូលដ្ឋាន​ច្បាប់​អី​ដែល​ត្រូវ​ទុក​គាត់​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ដល់​សព្វថ្ងៃ​ទេ។ យើង​យល់​ថា ករណី​ពាក់ព័ន្ធ​នឹង​ឯកឧត្ដម កឹម សុខា តុលាការ​ក៏​បាន​បិទ​បញ្ចប់​ការ​ស៊ើបអង្កេត​អស់​ហើយ​ដែរ»

លោក ស៊ាង ចែត មេឃុំ​ស្រក មក​ពី​គណបក្ស ​សម រង្ស៊ី នៃ​ស្រុក​កំពង់​សៀម ខេត្ត​កំពង់ចាម ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា។ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ រក​ឃើញ​ថា ​លោក ស៊ាង ចែត មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ ក្រោយ​ពី​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ អះអាង​ថា មេឃុំ​ស្រក​រូប​នេះ បាន​យក​លុយ​ចំនួន ៥០០​ដុល្លារ ដើម្បី​ឲ្យ​ខ្លួន​ជួយ​បិទបាំង​ការពិត​ដែល​គេ​ចោទ​ថា មាន​រឿង​អាស្រូវ​ស្នេហា​លួច​លាក់​ជា​មួយ​លោក កឹម សុខា។

បន្ទាប់​ពី​ការ​ចាប់​ខ្លួន ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ ​ចេញ​ដីកា​ឃុំខ្លួន​កាល​ពី​ថ្ងៃ​ទី២៧ ខែ​មេសា និង​សម្រេច​ចោទ​ប្រកាន់​លោក ស៊ាង ចែត ពី​បទ​សូកប៉ាន់​សាក្សី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។