"តុលាការ​កំពូល​មិន​ទាន់​សម្រេច​សើរើ​បណ្ដឹង​ប្រឆាំង​សាលដីកា​រំលាយ​បក្ស​ប្រឆាំង"

ដោយ ហេង សកល
2017-12-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប៉ូលិស​ដើរ​ល្បាត​ក្នុង​អំឡុង​ពេល​ដែល​តុលាការ​កំពូល​បើក​សវនាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧។
ប៉ូលិស​ដើរ​ល្បាត​ក្នុង​អំឡុង​ពេល​ដែល​តុលាការ​កំពូល​បើក​សវនាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧។
AFP

អ្នក​នាំ​ពាក្យ​មហា​អយ្យការ​អម​តុលាការ​កំពូល ឲ្យ​អាស៊ីសេរី ដឹង​ថា តុលាការ​កំពូល​មិន​ទាន់​សម្រេច​ថា សើរើ ឬ​អត់​នោះ​ទេ ចំពោះ​បណ្ដឹង​ប្រឆាំង​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​បាន​ដាក់​​ពាក្យ​ប្ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ធ្នូ។

អ្នកនាំពាក្យ និង​ជា​អគ្គព្រះរាជអាជ្ញា​រង​អម​តុលាការ​កំពូល លោក អ៊ុក គឹមសិទ្ធិ ​ឲ្យ​ដឹង​ថា ផ្នែក​រដ្ឋបាល​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​មេធាវី​របស់​លោក អ៊ូ ច័ន្ទរ័ត្ន រួច​រាល់​ហើយ។ ចំណែក​នីតិវិធី​បន្ត​ថា​ត្រូវ​ពិនិត្យ​ឡើង​វិញ ឬ​មិន​ពិនិត្យ​នោះ លោក អ៊ុក គឹមសិទ្ធិ អះអាង​ថា អាស្រ័យ​លើ​ការ​ពិចារណា​របស់​តុលាការ​កំពូល៖ «»។

តំណាងរាស្ត្រ​រដ្ឋ​សភា​ជាប់​ឆ្នោត​ដោយ​មាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​នៅ​មណ្ឌល​ខែត្រ​តាកែវ របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទរ័ត្ន កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​កំពូល​ដើម្បី​ប្រឆាំង​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ស្នើ​តុលាការ​កំពូល​ទប់​ស្កាត់​កុំ​ឱ្យ​ស្ថាប័ន​រដ្ឋ​យក​អាសនៈ​របស់​បក្ស​ប្រឆាំង​ដែល​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​ទៅ​បែង​ចែក​គ្នា​តាម​អំពើ​ចិត្ត។ ម្យ៉ាង​ទៀត លោក អ៊ូ ច័ន្ទរ័ត្ន បាន​ស្នើ​សុំ​រក្សា​សិទ្ធិ​ធ្វើ​នយោបាយ​​សម្រាប់​ក្បាល​ម៉ាស៊ីន​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​ទាំង ១១៨​នាក់ ដែល​តុលាការ​កំពូល​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ ៥​ឆ្នាំ និង​សុំ​អោយ​តុលាការ​កំពូល​ជំនុំជម្រះ​សា​ជា​ថ្មី​ឡើង​វិញ​ជុំវិញ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

មន្ត្រី​ជាន់​ខ្ពស់ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ហៅ​ការ​ប្រឹងប្រែង​របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ថា​គឺ​ជា​ការ​ឥត​ប្រយោជន៍ ព្រោះ​សាលដីកា​របស់​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ជា​សេចក្ដី​សម្រេច​បិទ​ផ្លូវ​តវ៉ា។ ចំណែក​អ្នក​វិភាគ​វិញ​មើល​ឃើញ​ថា បណ្ដឹង​នេះ​មិន​មាន​ផល​ល្អ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ បើ​ទោះ​ជា​តុលាការ​កំពូល យល់​ព្រម​បើក​សវនាការ​ឡើង​វិញ ឬ​មិន​ព្រម​ក៏ដោយ។​

លោក អ៊ូ ច័ន្ទរ័ត្ន យល់​ថា ពាក្យ​បណ្ដឹង​របស់​លោក​ជា​ការ​សម្ដែង​មតិ​ផ្ទាល់​ខ្លួន​ថា លោក​មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​ដ៏​ខុស​ឆ្គង​របស់​តុលាការ​កំពូល​ក្នុង​ការ​រំលាយ​បក្ស​ប្រឆាំង។ តំណាងរាស្ត្រ​រូប​នេះ​ថា លោក​ជា​អ្នក​ប្ដឹង​តុលាការ​ជា​អ្នក​សម្រេច ឯ​ពលរដ្ឋ​ម្ចាស់​ប្រទេស​ជា​អ្នក​វិនិច្ឆ័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល