តុលាការ​ខេត្ត​តាកែវ​លើក​ពេល​សាកសួរ​បុរស​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​ទៅ​ថ្ងៃ​២៧​មីនា

ដោយ ខែ សុណង
2014.03.26
តុលាការ​សាលា​ដំបូង​ខេត្ត​តាកែវ
RFA/Tin Zakariya

តុលាការ​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៤ បាន​លើក​ពេល​សាកសួរ​បុរស​ខ្មែរ​កម្ពុជា​ក្រោម នៅ​ស្រុក​បូរីជលសារ ដែល​ពាក់ព័ន្ធ​ពី​បទ​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក​ខុស​ច្បាប់ ទៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៤ វិញ។

ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​ក្នុង​ចំណោម ៣​នាក់ គឺ​លោក វី ម៉ាយ រស់​នៅ​ភូមិ​សង្គមមានជ័យ ឃុំ​កំពង់ក្រសាំង ដែល​ត្រូវ​ចូល​ខ្លួន​តាម​ដីកា​កោះ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២៦ មីនា ថា ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​តាកែវ លោក វ៉ាន់ សែនវិសុទ្ធ បាន​លើក​ពេល​ឲ្យ​លោក​មក​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៧ មីនា វិញ ដោយសារ​ចៅក្រម​រូប​នេះ​ជាប់​រវល់។

លោក វី ម៉ាយ៖ «ពួក​ខ្ញុំ​សុទ្ធតែ​អ្នក​អត់​លុយ។ ឥឡូវ​មក​សុំ​គេ​បំភ្លឺ​ឲ្យ​ហើយ គេ​ថា​ចៅក្រម​ស៊ើប​អង្កេត​អត់​នៅ គាត់​អ្នក​ណាត់​តើ ហើយ​យើង​មិន​មក​ទៅ ខ្លាច​វា​ខុស​ដីកា​របស់​តុលាការ។ ពេល​មក​ទៅ គាត់​ធ្វើ​អ៊ីចឹង​នែ។ ខ្ញុំ​សុំ​គាត់​ពន្យារ​ពេល​ដល់​ថ្ងៃ​៣ គាត់​មិន​ព្រម​ទៀត​ណាស់ ដល់​ពេល​គាត់​ពន្យារ​ពេល​យើង​បាន ដល់​យើង​សុំ​ពន្យារ​គាត់​អត់​បាន។ ថ្ងៃ​៣​ហ្នឹង​វា​ត្រូវ​មក​បំភ្លឺ​ម្នាក់​ទៀត ថា​ចាំ​មក​ទាំង​ពីរ​នាក់​ទៅ។ ឥឡូវ​ថា​មាន​តែ​ទៅ​ផ្ទះ​វិញ ទៅ​ផ្ទះ​វិញ​ពិបាក​ទៀត​ណាស់ គ្មាន​លុយ​គ្មាន​កាក់​អី​សុទ្ធតែ​អ្នក​ក្រ​ទទេ ឆ្ងាយ​ទៅ​មក​ជាង​ម្ភៃ​ម៉ឺន​ឯណោះ ជិះ​ម៉ូតូ​ផង​ជិះ​ទូក​ផង ជិះ​ទូក​ហើយ​បាន​ដល់​ម៉ូតូ សុំ​គាត់​បំភ្លឺ​ពេល​ថ្ងៃ​ល្ងាច គាត់​ថា​ចៅក្រម​អត់​នៅ»

ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ៣​នាក់ ក្នុង​ចំណោម​ពលរដ្ឋ ៦៨​គ្រួសារ ត្រូវ​បាន​មន្ត្រី​ជលផល​ខេត្ត​តាកែវ ឈ្មោះ ឃិន វ៉េង និង​ឈ្មោះ ប៉ៃ លិន ប្ដឹង​នេះ គឺ​មាន​ឈ្មោះ វី ម៉ាយ ត្រូវ​តុលាការ​កោះ​ហៅ​សាកសួរ​ថ្ងៃ​ទី​២៦ មីនា។ លោក សុន រុំ ត្រូវ​តុលាការ​កោះ​ថ្ងៃ​ទី​៣ មេសា និង​លោក វី ចាន់ ត្រូវ​តុលាការ​កោះ​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៤។ អ្នក​ទាំង​នោះ​បាន​ចូល​ទៅ​វាស់វែង​ដី​ចំណុច​ព្រៃ​អភិរក្ស​នៅ​ចំណុច​ឡូ​លេខ​១ ហៅ​បឹង​ព្រៃ​ល្ពៅ ដើម្បី​ធ្វើ​ស្រែ​ប្រាំង កាល​ពី​ឆ្នាំ​២០១២ នៅ​លើ​ដី​ដែល​ឧកញ៉ា ម៉ៅ ញ៉ន បាន​កាប់​រាន និង​បោះ​បង្គោល​ស្រាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។