តុលាការ​ថៃ​បន្ត​ស្ដាប់​​តំណាង​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ដោយសារ​ការ​ដុត​ផ្ទះ​ជាង​២០០​ខ្នង

ដោយ ជី វិតា
2019.06.13
ដីធ្លី ឧត្ដរមានជ័យ ៦១០ ក្រុម​តំណាង​សភា​សហគមន៍​អឺរ៉ុប​ជួប​ជាមួយ​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី នៅ​ភូមិ​អូរបាត់មាន់ សង្កាត់​កូនក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ មករា ឆ្នាំ​២០១៤។
Provided Photo

នៅ​ឯ​តុលាការ​ថៃ នាទី​ក្រុង​បាងកក ថ្ងៃ​ទី១៣ មិថុនា សកម្មជន​សិទ្ធិមនុស្ស​ថៃ ដែល​តំណាង​ឱ្យ​​ពលរដ្ឋ​​ខ្មែរ​​រង​គ្រោះ​​បញ្ហា​​ដីធ្លី​​នៅ​​ខេត្ត​​ឧត្តរមានជ័យ លើកឡើង​ថា ក្រុមហ៊ុន​មិត្រផុន (Mitr Phol Limited) ដែល​ជា​ក្រុមហ៊ុន​ស្ករអំពៅ​ថៃ​ដ៏​ធំ​មួយ​នៅ​ប្រទេស​​ថៃ មាន​ជាប់​ពាក់ព័ន្ធ​ទទួលខុស​ត្រូវជា​មួយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​នៅ​កម្ពុជា។

ចំណែក​ក្រុម​មេធាវី​ថៃ​ដែល​តំណាង​ឱ្យ​ពលរដ្ឋ​ខ្មែរ កំពុង​តស៊ូ​ផ្លូវច្បាប់​យ៉ាង​ស្វិតស្វាញ​ដើម្បី​យកឈ្នះ​ចិត្ត​ចៅក្រម ឱ្យ​ទទួល​យកពាក្យ​បណ្ដឹង​សមូហភាព ក្នុង​គោលដៅ​ធានា​ជ័យជំនះ​ពី​ក្រុមហ៊ុន។

នៅ​ក្នុង​សវនាការ​បឋម ដើម្បី​ពិនិត្យមើល​សាក្សី និង​ភស្តុតាង ថ្ងៃ​ទី​១៣ មិថុនា តុលាការ​ផ្នែក​រដ្ឋប្បវេណី​ថៃ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ អនុញ្ញាត​ឱ្យ​សាក្សី​តំណាង​ជនរងគ្រោះ​ដីធ្លី​កម្ពុជា ពី​ខេត្ត​ឧត្តរមានជ័យ ឡើង​ថ្លែង​ហេតុ និង​​របាយការណ៍​ភស្តុតាង​​របស់​​ខ្លួន​​ជូន​​ចៅក្រម​ ហើយ​បន្ទាប់មក​សាក្សី​ជនរងគ្រោះ​ ក៏​​ត្រូវ​​បាន​​មេធាវី​​របស់​​ក្រុមហ៊ុន​​មិត្រផុន ដែល​​ជា​​ចុង​ចោទ​​សួរ​ដេញដោល​​រក​​ចំណុច​ខ្សោយ​​យ៉ាង​​ពេញ​​ទំហឹង។

មន្ត្រី​សម្របសម្រួល​នៃ​អង្គការ "Project Sevena South-East Asia" អ្នកស្រី ព្រេមរ៉េឌី ដាវរឿង (Premradee Dauroung) ដែល​​ជា​​សាក្សី​​ផ្ដល់​កសិណ​​ក្នុង​សវនាការ ប្រាប់​អាស៊ីសេរី​ក្រោយ​សវនាការ​ថា អ្នកស្រី​តំណាង​ឱ្យ​ជនរងគ្រោះ​នៅ​ភូមិ​អូរ​បាត់​មាន់ ដែល​ផ្ទះសម្បែង​របស់​អ្នកស្រុក​នៅ​ក្នុង​ភូមិ​ទាំងអស់ គឺ​ជាង​២០០ (២១៤ ពីរ​រយ​ដប់​បួន​) ខ្នង ត្រូវ​បាន​ដុត​បំផ្លាញ​ចោល ដើម្បី​បង្ខំ​បើកផ្លូវ​ឱ្យ​ក្រុមហ៊ុន​អង្គរ​ស៊ូហ្គើរ (Angkor Sugar) ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​មិត្រផុន នៅ​ក្នុង​ប្រទេស​​ថៃ​។ អ្នកស្រី​ថា បញ្ហា​នេះ​ធ្ងន់ធ្ងរ​ណាស់ ទើប​អង្គការ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ចំនួន​៣ រួម​ជាមួយ​អង្គការ​របស់​អ្នកស្រី​នៅ​ក្នុង​ប្រទេស​ថៃ​ផង បាន​ដាក់​បណ្ដឹង​ទៅ​គណៈកម្មការ​សិទ្ធិមនុស្ស​ថៃ​។ អ្នកស្រី​បញ្ជាក់​ថា តាម​ការស្រាវជ្រាវ​របស់​អ្នកស្រី ក្រុមហ៊ុន​មិត្រផុន ពិត​ជា​ពាក់ព័ន្ធ​ក្នុង​ការ​ទទួលខុសត្រូវ​ ចំពោះ​រឿង​ដុត​ផ្ទះសម្បែង​អ្នកស្រុក​នៅ​ភូមិ​អូរ​បាត់​មាន់ ក្នុង​ខេត្ត​ឧត្តរមានជ័យ៖ «ចំនួន​អ្នកភូមិ​ ២១៤​គ្រួសារ ដែល​បាន​បាត់បង់​ដី និង​ផ្ទះសម្បែង​។ ការ​ដុត​ផ្ទះសម្បែង​នោះ​មិនមែន​តែម្ដង​ទេ ប៉ុន្តែ​មក​លើក​ចុងក្រោយ ​គឺ​គេ​ដុត​លុប​បំបាត់​ចោល​ភូមិ​ទាំងមូល​តែម្ដង​ ហើយ​សម្រាប់​អ្នកភូមិ គាត់​យល់​ច្បាស់​ណាស់​ថា ការ​ដុត​ផ្ទះសម្បែង​របស់​ពួកគាត់​ក្នុង​ភូមិ​ទាំងមូល​ចោល​នោះ គឺ​ដើម្បី​យក​ដី​ឱ្យ​ទៅ​ក្រុមហ៊ុន​ស្ករស អង្គរ​ស៊ូហ្គើរ»

នៅ​ពេល​សួរ​ថា តើ​ក្រុមហ៊ុន​ស្ករអំពៅ​ថៃ​មិត្រផុន នៅ​ក្នុង​ប្រទេស​ថៃ​ឯណោះ ពាក់ព័ន្ធ​ដូចម្ដេច​ដែរ​ទើប​មានការ​ប្ដឹងផ្ដល់​ក្រុម​ថៃ​ដ៏​ធំ​មួយ​នេះ​។ អ្នកស្រី ព្រេមរ៉េឌី ដាវរឿង ឆ្លើយ​ថា ពីព្រោះ​មាន​ឯកសារ​បង្ហាញ​ថា ក្រុមហ៊ុន​មិត្រផុន មាន​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​អង្គរ ស៊ូហ្គើរ នៅ​កម្ពុជា​៖ «ក្រុមហ៊ុន​មិត្រផុន មាន​ភាគហ៊ុន​ ១០០​ភាគ​រយ​ក្នុង​ក្រុមហ៊ុន​អង្គរ​ស៊ូហ្គើរ ។ នេះ​ជា​ព័ត៌មាន​ច្បាស់លាស់ ដែល​មាន​នៅ​លើ​ក្រដាស​ផ្សព្វផ្សាយ​គ្រប់ទិសទី​ ហើយ​ក្រុមហ៊ុន​មិត្រផុន មិនដែល​បដិសេធ​ថា មិន​បាន​ដឹង​អំពី​ក្រុមហ៊ុន​នេះ​ទេ​។ ដូច្នេះ ក្រុមហ៊ុន​ស្ករស អង្គរ​ស៊ូហ្គើរ ជា​តំណាង​របស់​ក្រុមហ៊ុន​ថៃ​មិត្រផុន នៅ​ក្នុង​ប្រទេស​កម្ពុជា​យ៉ាង​ច្បាស់។

អាស៊ីសេរី​បាន​សុំ​ការ​ឆ្លើយ​បកស្រាយ​ជុំវិញ​ការចោទប្រកាន់​នេះ ពី​មេធាវី​ក្រុមហ៊ុន​មិត្រ​ស្ករអំពៅ​ថៃ​មិត្រផុន ប៉ុន្តែ​ត្រូវ​បាន​បដិសេធ ដោយ​លោក​ឆ្លើយ​យ៉ាង​ខ្លី​ថា ក្រុមហ៊ុន​មិន​អនុញ្ញាត​ឱ្យ​ឆ្លើយ​នឹង​សំនួរ​អ្នក​កាសែត​ទេ។

ចំណែក​មេធាវី​តំណាង​ឱ្យ​ជនរងគ្រោះ អ្នកស្រី សរ រតនាម៉ានីផនក្លា (Sor Rattanamanee Polkla) ប្រាប់​អាស៊ីសេរី​នៅមុខ​បន្ទប់​តុលាការ​ថា ក្រុម​មេធាវី​របស់​លោក​អ្នកស្រី ខិតខំ​ធ្វើ​កិច្ចការ​ការពារ​រឿង​ក្តី​នេះ​ជូន​ជនរងគ្រោះ​កម្ពុជា​ខ្លាំង​ណាស់​។ ដោយ​បាន​យក​សាក្សី​ពី​កម្ពុជា​មក​បង្ហាញ​តុលាការ និង​ជំរុញ​ឱ្យ​ចៅក្រម​ទទួលយក​បណ្ដឹង​នេះ​ជា​សមូហភាព​ពីព្រោះ​មាន​ជនរងគ្រោះ​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី​ច្រើន​រយ​នាក់​ណាស់ ហើយ​បណ្ដឹង​សមូហភាព​ទើប​មាន​អនុភាព៖ «ដូច្នេះ​យើង​ត្រូវតែ​ខិតខំ​បញ្ជាក់​បង្ហាញ​ភស្តុតាង​ជូន​តុលាការ​ថា នេះ​គឺ​បណ្ដឹង​ជា​បណ្ដឹង​សមូហភាព​។ ហើយ​ខ្ញុំ​មាន​ក្តី​សង្ឃឹមថា តុលាការ​នឹង​ទទួល​រឿង​ក្តី​នេះ​ជា​បណ្ដឹង​សម​ហ​ភាព​។ ប្រសិនបើ​តុលាការ​ទទួលយក​បណ្ដឹង​នេះ យើង​នឹង​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​​ស្ករ​អំពៅ​ថៃ​មិត្រផុន សរុប​ចំនួន​ប្រហែល ​៥​លាន​បាត»

ជម្លោះដីធ្លី​រវាង​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​ឧត្តរមានជ័យ​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ Angkor Sugar ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ស្ករអំពៅ​ថៃ​ឈ្មោះ មិត្រផុន បាន​ផ្ទុះឡើង​នៅ​ឆ្នាំ​២០០៨។ ប្រជាពលរដ្ឋ​ចំនួន​ប្រាំ​ភូមិ​រង​ផល​​ប៉ះពាល់ រួមមាន ភូមិ​តាម៉ាន ភូមិ​ត្រពាំងវែង ភូមិ​ខ្ទុំ ភូមិ​អូរបាត់មាន់ ភូមិ​បុស្ស ឃុំ​ក្រៀល ក្នុង​ក្រុង​សំរោង។ ភូមិ​ដែល​ប៉ះពាល់​ធ្ងន់​ជាងគេ​បំផុត ​គឺ​ភូមិ​អូរបាត់មាន់ ដែល​មាន​ផ្ទះ​អ្នកស្រុក​ជាង​ ២០០​ខ្នង ត្រូវ​បាន​កម្លាំង​របស់​ក្រុមហ៊ុន​ដុត​បំផ្លាញ​ចោល​ទាំងស្រុង ដើម្បី​បង្ខំ​ឱ្យ​អ្នកភូមិ​ចាកចេញ យក​ដី​ដាំ​ដំ​ណា​អំពៅ។

តុលាការ​ថៃ​នៅ​ទីក្រុង​បាងកក​នឹង​បន្ត​នីតិវិធី​សវនាការ​បឋម​ពិនិត្យមើល​ករណី​ពលរដ្ឋ​កម្ពុជា​ប្ដឹង​ក្រុមហ៊ុន​ស្ករអំពៅ​ថៃ​មិត្រផុន​ទៀត​នៅ​ថ្ងៃ​សុក្រ ទី​១៤ មិថុនា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។