ផលវិបាក​នៃ​ច្បាប់​ដាក់​ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ

ដោយ មួង ណារ៉េត
2020.02.27
នរោត្ដម សីហមុនី ៦២២ ព្រះមហាក្សត្រ ​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី។
Photo: RFA

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា យក​ករណី​នៃ​ផលវិបាក ដែល​កើត​ចេញ​ពី​ច្បាប់​ដាក់ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ មក​ចងក្រង​ជា​ខិត្តប័ណ្ណ​ព័ត៌មាន ដើម្បី​ផ្សព្វផ្សាយ​អំពី​ការ​រឹតត្បិត​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា។

នៅ​ក្នុង​ខិត្តប័ណ្ណ​ព័ត៌មាន ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បង្ហាញ​ថា រយៈពេល​ពីរ​ឆ្នាំ​បន្ទាប់ពី​វិសោធនកម្ម លើ​ក្រមព្រហ្មទណ្ឌ​កម្ពុជា មាត្រា ៤៣៧(​ស្ទួន​) ស្តី​ពី​បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​នោះ មាន​ករណី​ចំនួន ៦ ត្រូវ​បាន​ចោទប្រកាន់​តាម​មាត្រា​នេះ​។ ក្នុងចំណោម​នោះ មាន​ករណី​ចំនួន ៣ ត្រូវ​បាន​កាត់ទោស ដែល​ក្នុង​នោះ​មាន​ករណី​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​បាន​កាត់ទោស​កាលពី ខែ ឧសភា ឆ្នាំ​២០១៩ ដោយសារ​លោក​ហៅ​ព្រះមហាក្សត្រ​ថា ជា​ចំណាប់ខ្មាំង និង​អាយ៉ង​របស់​លោក ហ៊ុន សែន​។ ចំណែក​លោក អៀង ជលសា នៅ​ភ្នំពេញ ត្រូវ​បាន​កាត់ទោស នៅ​ខែ​មិថុនា ឆ្នាំ ២០១៩ ដែរ ដោយសារ​ការ​បង្ហោះ​សារ រិះគន់​ព្រះមហាក្សត្រ​តាម​ហ្វេសប៊ុក។ រីឯ​លោក បាន សម្ភីរ មុខរបរ​ជាងកាត់សក់ នៅ​ខេត្ត​សៀមរាប ត្រូវ​បាន​កាត់ទោស ដោយសារ​ចែក​រំលែក​រូបភាព និង​អត្ថបទ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ក្នុង​ចេតនា​ប្រមាថ​ព្រះមហាក្សត្រ។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ដកស្រង់​ខ្លឹមសារ​នៃ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​មិន​រឹតត្បិត​លើ​សេរីភាព ខាង​ការ​បញ្ចេញមតិ ដូច​អ្វី​ដែល​មាន​ចែង​ក្នុង​មាត្រា ៤៣៧(​ស្ទួន​) នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​នេះ​ទេ​។ កម្ពុជា​ជាប់​កាតព្វកិច្ច អនុវត្ត​តាម​ច្បាស់​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ ដោយសារ​ប្រទេស​កម្ពុជា បាន​ចុះហត្ថលេខា ព្រម​អនុវត្ត​តាម។

សូម្បីតែ​រដ្ឋធម្មនុញ្ញ​កម្ពុជា​មាត្រា ៤២ ក៏​ចែង​ការពារ​សេរីភាព​នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។