ពលរដ្ឋ​រងគ្រោះ​ដោយ​ការ​បាញ់​ប្រហារ​ពីរ​ករណី​នៅ​ខេត្ត​ត្បូងឃ្មុំ​ទន្ទឹង​រង់ចាំ​យុត្តិធម៌

ដោយ សូត សុខប្រាថ្នា
2017.05.29
អែល អ៊ីសា យ៉ារ៉ូ ម៉ី ត្បូងឃ្មុំ ៨៥៥ លោក អែល អ៊ីសា និង​ប្រពន្ធ​ឈ្មោះ យ៉ារ៉ូ ម៉ី ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ RFA/Saut Sokprathna
RFA/Saut Sokprathna

ជន​រងគ្រោះ​ដោយសារ​ករណី​បាញ់​ប្រហារ​ពី​សំណាក់​សាច់ញាតិ​អ្នក​មាន​អំណាច​នៅ​ឃុំ​សេដា ស្រុក​តំបែរ ព្រម​ទាំង​ក្រុម​គ្រួសារ​អ្នក​ស្លាប់ និង​របួស​ក្នុង​សំណុំ​រឿង​មួយ​ទៀត​នៅ​ឃុំ​ចាន់មូល ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ អស់​សង្ឃឹម ពីព្រោះ​ពន្លឺ​យុត្តិធម៌​សម្រាប់​ពួក​គេ​គឺ​គ្មាន​ទេ​មក​ទល់​ពេល​នេះ។

មន្ត្រី​នគរបាល​ខេត្ត​ត្បូងឃ្មុំ បញ្ជាក់​ថា សំណុំ​រឿង​មួយ​សមត្ថកិច្ច​ទទួល​បាន​ដីកា​តាម​ចាប់​ខ្លួន​ជន​សង្ស័យ ប៉ុន្តែ​សំណុំ​រឿង​មួយ​ទៀត​នៅ​មិន​ទាន់​ទទួល​បាន​ដំណឹង​ពី​តុលាការ​នៅ​ឡើយ​ទេ។

អស់​រយៈពេល​ជិត ៣​ឆ្នាំ​មក​ហើយ សំណុំ​រឿង​បាញ់​ប្រហារ​ទៅ​លើ​ពលរដ្ឋ​ក្រីក្រ​នៅ​ស្រុក​តំបែរ និង​ស្រុក​មេមត់ ស្ថាប័ន​ពាក់ព័ន្ធ​មិន​ទាន់​រក​យុត្តិធម៌​ជូន​គ្រួសារ​ជន​រងគ្រោះ​បាន​ទេ។

គ្រួសារ​ជន​រងគ្រោះ​ត្រូវ​រស់នៅ​ក្នុង​ស្ថានភាព​លំបាក គ្មាន​ទីពឹង និង​ត្រូវ​រត់​គេច​ខ្លួន​ចេញ​ពី​ស្រុក​កំណើត​ទៅ​រស់នៅ​ស្រុក​គេ ដោយសារ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ត្បិត​ជនល្មើស​នៅ​មាន​សេរីភាព​នៅ​ឡើយ។ យុត្តិធម៌​សម្រាប់​ពួក​គេ ហាក់​នៅ​ឆ្ងាយ​ស្ទើរ​តែ​គ្មាន​សង្ឃឹម​ថា​នឹង​ទទួល​បាន ត្បិត​ជន​សង្ស័យ​ទាំងនោះ​ជា​សមត្ថកិច្ច និង​ករណី​មួយ​ទៀត​គឺ​ជា​សែស្រឡាយ​អ្នក​មាន​អំណាច ជាដើម។

ជន​រងគ្រោះ​ម្នាក់​នៅ​ឃុំ​សេដា ស្រុក​តំបែរ លោក អែល អ៊ីសា ថ្លែង​ពី​ប្រទេស​ម៉ាឡេស៊ី ថា សុខភាព​របស់​គាត់​មិន​បាន​រឹងមាំ​ដូច​ដើម​ឡើយ ក្រោយ​ពេល​រង​ការ​បាញ់​ប្រហារ​ពី​សំណាក់​អតីត​ទាហាន​ម្នាក់​ឈ្មោះ ឃុត សោភ័ណ្ឌ ដែល​លោក​អះអាង​ថា​ជា​ក្មួយ​របស់​លោក គន់ គីម ជា​អគ្គបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៤។ លោក​បន្ត​ថា គ្រួសារ​គាត់​ត្រូវ​គេច​ចេញ​ពី​ស្រុក​កំណើត​ទៅ​រស់នៅ​ស្រុក​គេ ធ្វើ​ជា​កម្មករ​ចៀរ​ជ័រ​កៅស៊ូ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ត្បិត​ជនល្មើស​មិន​ត្រូវ​បាន​ចាប់​ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ទេ។ ក្រោយ​កើត​ហេតុ គ្រួសារ​លោក​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមត្ថកិច្ច និង​តុលាការ ប៉ុន្តែ​តុលាការ​បាន​កោះ​ហៅ​ម្តង ឬ ២​ដង​ប៉ុណ្ណោះ ក៏​បាត់​ដំណឹង​សូន្យ៖ «អត់​មាន​បាន​ដំណឹង​អី​ទេ​បង! ទទេ​ស្អាត​ម៉ង។ ខាង​សមត្ថកិច្ច​ក៏​អត់​ឲ្យ​ព័ត៌មាន ខាង​តុលាការ​ហៅ​ទៅ​គ្រាន់​តែ​សួរ​ដូច​លេងៗ»

លោក អែល អ៊ីសា ត្រូវ​បាន​លោក ឃុត សោភ័ណ្ឌ បាញ់​ធ្លុះ​ជើង​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៤ ខណៈ​លោក និង​ប្រពន្ធ​ទៅ​ទារ​ប្រាក់​ពី​បុរស​រូប​នេះ​ចំនួន ២​លាន​រៀល​ថ្លៃ​ឈ្នួល​ចាក់​ដី។ ក្រោយ​កើត​ហេតុ​ពេល​នោះ ជនល្មើស​បាន​បើក​រថយន្ត​បម្រុង​បុក​ជន​រងគ្រោះ​បន្ត​ទៀត ហើយ​ក៏​បើក​រត់​គេច​ខ្លួន​ដោយ​នាំ​កាំភ្លើង​ចំនួន ២​ដើម​ទៅ​ជាមួយ​ផង។

ជន​រងគ្រោះ​ដដែល​បន្ត​ថា ការងារ​ជា​កម្មករ​ចៀរ​ជ័រ​កៅស៊ូ​នៅ​ប្រទេស​ម៉ាឡេស៊ី គឺ​ប្រពន្ធ​របស់​លោក​ជា​អ្នក​រ៉ាប់រង ដោយសារ​ជំងឺ​របស់​គាត់​ចេះ​តែ​ធ្វើ​ទុក្ខ ដូចជា​ស្ពឹក​ដៃ​ស្ពឹក​ជើង ញាក់ញ័រ ជាដើម។ ស្ថានភាព​ជំងឺ​មិន​ទាន់​បាន​ប្រសើរ ចំណែក​ជនល្មើស លោក​ទទួល​ព័ត៌មាន​ថា​តែង​ចេញ​ចូល​ផ្ទះ​ប្រពន្ធ​ចុង​នៅ​ឃុំ​សេដា ដដែល៖ «ឲ្យ​រាជ​រដ្ឋាភិបាល​រក​យុត្តិធម៌ ព្រោះ​ខ្ញុំ​ទន្ទឹង​រង់ចាំ។ សព្វថ្ងៃ​ហ្នឹង​ខ្ញុំ​បាត់បង់​ជំនឿ​ទៅ​លើ​រាជ​រដ្ឋាភិបាល​រាល់​ថ្ងៃ​ហ្នឹង»

ក្រុម​គ្រួសារ​សព លោក ឆាយ អឿន ស្លាប់​ដោយ​ការ​បាញ់​បង្ក្រាប​កន្លែង​ជល់​មាន់​នៅ​ខេត្ត​ត្បូងឃ្មុំ កាន់​បដា​ដើម្បី​ស្នើសុំ​ឲ្យ​រាជ​រដ្ឋាភិបាល និង​តុលាការ ជួយ​ស្វែងរក​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ Photo ADHOC
ក្រុម​គ្រួសារ​សព លោក ឆាយ អឿន ស្លាប់​ដោយ​ការ​បាញ់​បង្ក្រាប​កន្លែង​ជល់​មាន់​នៅ​ខេត្ត​ត្បូងឃ្មុំ កាន់​បដា​ដើម្បី​ស្នើសុំ​ឲ្យ​រាជ​រដ្ឋាភិបាល និង​តុលាការ ជួយ​ស្វែងរក​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ Photo ADHOC
Photo ADHOC

រីឯ​ករណី​បាញ់​បង្ក្រាប​កន្លែង​ជល់​មាន់​នៅ​ឃុំ​ចាន់មូល ស្រុក​មេមត់ បណ្ដាល​ឲ្យ​ពលរដ្ឋ​ម្នាក់​ឈ្មោះ ឆាយ អឿន ស្លាប់ ក្រុម​គ្រួសារ​ជន​រងគ្រោះ​ក៏​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ដែរ។ ឪពុក​បង្កើត​ជន​រងគ្រោះ គឺ​លោក គ ឆាយ រៀបរាប់​ថា រយៈពេល​ជិត ៣​ឆ្នាំ​មក​ហើយ​ដែល​ពួក​គាត់​ទន្ទឹង​រង់ចាំ​យុត្តិធម៌។ លោក​យល់​ថា យុត្តិធម៌​ដែល​ពួក​គាត់​រង់ចាំ គឺ​នៅ​សែន​ឆ្ងាយ​មិន​អាច​រំពឹង​បាន​ទេ៖ «កាលណា​តែ​មិន​បាន​រក​យុត្តិធម៌​ជូន​កូន​ខ្ញុំ​ហ្នឹង តុលាការ​នៅ​ទីនេះ​ក៏​អស់​ជំនឿ​លើ​តុលាការ​ដែរ ព្រោះ​សំណុំ​រឿង​សម្លាប់​មនុស្ស​អត់​មាន​ដោះស្រាយ​រក​ភាព​យុត្តិធម៌​ឲ្យ​ប្រជាពលរដ្ឋ​ផង​ហ្នឹង»

លោក ឆាយ អឿន អាយុ ២៥​ឆ្នាំ​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ខណៈ​លោក​កំពុង​ឈរ​មើល​គេ​ជល់​មាន់ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប​កន្លែង​ជល់​មាន់​នៅ​ក្នុង​ឃុំ​ចាន់មូល បាញ់​ត្រូវ​ជាច្រើន​គ្រាប់។ ក្រោយ​កើត​ហេតុ សមត្ថកិច្ច​បញ្ជាក់​ថា ជា​ឧប្បត្តិហេតុ​ភ្លាត់​គ្រាប់​ត្រូវ​យុវជន​រូប​នោះ​ស្លាប់​ប៉ុណ្ណោះ។ គ្រួសារ​ជន​រងគ្រោះ​ធ្លាប់​អះអាង​ថា​មិន​មែន​ជា​ករណី​ភ្លាត់​គ្រាប់​ទេ តែ​ជា​ចេតនា​របស់​មន្ត្រី​នគរបាល​តែ​ម្តង ពីព្រោះ​លោក ឆាយ អឿន ត្រូវ​គ្រាប់​កាំភ្លើង​ចំនួន ៣​កន្លែង​ផ្សេង​គ្នា។

ការ​ស្លាប់​របស់​លោក ឆាយ អឿន បន្សល់​ទុក​នូវ​ប្រពន្ធ និង​កូន​ស្រី​កំព្រា​ម្នាក់ ហើយ​ត្រូវ​នាំ​គ្នា​ទៅ​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​វិញ។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៤ ក្រុម​គ្រួសារ​លោក ឆាយ អឿន បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលា​ដំបូង​ខេត្ត​កំពង់ចាម ដោយ​ប្ដឹង​ឈ្មោះ ជី លីមហេង ជា​អធិការ​រង​ស្រុក​មេមត់ ដែល​ជា​អ្នក​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​កន្លែង​ជល់​មាន់​កាលណោះ និង​បក្ខពួក ៧​នាក់​ទៀត​ពី​បទ​មនុស្ស​ឃាត​ដោយ​ចេតនា។ ចាប់​តាំង​ពី​ដាក់​ពាក្យ​ប្ដឹង​រួច​មក គ្រួសារ​សព​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ចំនួន ២​ដង​ប៉ុណ្ណោះ ក៏​បាត់​ដំណឹង​សូន្យ។

កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កំពង់ចាម លោក រៀល សុភិន ធ្លាប់​អះអាង​ថា សំណុំ​រឿង​នេះ លោក​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​រួច​រាល់​ហើយ។

ទោះ​បី​យ៉ាង​ណា​ក៏ដោយ ស្នងការ​រង និង​ជា​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ត្បូងឃ្មុំ លោក ចក់ សុខកៅ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៩ ឧសភា ថា សំណុំ​រឿង​ទាំងនេះ សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​តុលាការ​អស់​ហើយ។ លោក​បញ្ជាក់​ថា រឿង​ក្តី​បាញ់​ប្រហារ​លើ​ពលរដ្ឋ​ម្នាក់​នៅ​ស្រុក​តំបែរ បណ្ដាល​ឲ្យ​ធ្លុះ​ជើង​ទាំង​ពីរ​នោះ តុលាការ​បាន​បញ្ជូន​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ ឃុត សោភ័ណ្ឌ កាល​ពី​ឆ្នាំ​២០១៦ ប៉ុន្តែ​ខាង​លោក​មិន​ទាន់​មាន​តម្រុយ​ថា​ជន​សង្ស័យ​នៅ​ទីណា​នោះ​ទេ៖ «រាល់​ថ្ងៃ​នេះ សមត្ថកិច្ច​របស់​ខ្ញុំ​បាទ! ចំណាត់ការ​របស់​ខ្ញុំ​កំពុង​ដុត​ដៃ​ដុត​ជើង​រក​មុខ​សញ្ញា​ហ្នឹង។ បើក​យុទ្ធនាការ​អនុវត្ត​ដីកា​ដែល​នៅ​សេសសល់​ហ្នឹង។ ចាត់ចែង​ក្រុម​អនុវត្ត​ដីកា​ហ្នុង​តាម​បណ្ដា​ស្រុក​ក្រុង​ទាំង ៧​ហ្នឹង»

ស្នងការ​រង​ខេត្ត​ដដែល​មិន​បាន​ដឹង​ទេ​ថា ជន​សង្ស័យ​ឈ្មោះ ឃុត សោភ័ណ្ឌ ជាប់​សែស្រឡាយ លោក គន់ គីម ឬ​យ៉ាង​ណា ប៉ុន្តែ​អតីត​អធិការ​ស្រុក​តំបែរ លោក ហុង គីមហឿន ធ្លាប់​អះអាង​ថា ជន​សង្ស័យ​រូប​នេះ​មិន​បាន​ជាប់​សាច់​ឈាម​លោក គន់ គីម ទេ។

លោក ចក់ សុខកៅ ឲ្យ​ដឹង​ទៀត​ថា ចំពោះ​សំណុំ​រឿង​បង្ក្រាប​កន្លែង​ជល់​មាន់​នៅ​ឃុំ​ចាន់មូល បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ សមត្ថកិច្ច​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប​ណា​មួយ​ពី​តុលាការ​ឡើយ។

យ៉ាង​នេះ​ក្តី សង្គម​ស៊ីវិល​មើល​ឃើញ​ថា ចំណាត់ការ​របស់​តុលាការ និង​សមត្ថកិច្ច ធ្វើ​ឲ្យ​ពលរដ្ឋ​រងគ្រោះ​កាន់​តែ​បាត់បង់​ជំនឿ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​របស់​រដ្ឋ។ ស្ទើរ​តែ​រាល់​សំណុំ​រឿង​របស់​ពលរដ្ឋ​ក្រីក្រ​ជាមួយ​សមត្ថកិច្ច ឬ​សាច់ញាតិ​អ្នក​មាន​អំណាច តុលាការ​ហាក់​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ឡើយ ប៉ុន្តែ​បើ​សំណុំ​រឿង​ទាំងនោះ​កើត​ឡើង​ទៅ​លើ​មន្ត្រី​សង្គម​ស៊ីវិល មន្ត្រី​គណបក្ស​ប្រឆាំង ពលរដ្ឋ​ទន់ខ្សោយ តុលាការ​នៅ​កម្ពុជា ចាត់ការ​រហ័ស​ដូច​ផ្លេកបន្ទោរ។

កាល​ពី​ពេល​ថ្មីៗ​នេះ ក្រសួង​យុត្តិធម៌ បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ ១០០​ថ្ងៃ ដើម្បី​វាយ​តម្លៃ​ប្រសិទ្ធភាព និង​គុណភាព​ការងារ​របស់​តុលាការ​នៅ​ទូទាំង​ប្រទេស។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត យល់​ថា ភាព​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​រងគ្រោះ​ទាំងនោះ គឺ​មិន​ងាយ​ធ្លាក់​ដល់​ដៃ​ពួក​គេ​ទេ ខុស​ពី​សំណុំ​រឿង​អ្នក​មាន​ប្រាក់ មាន​អំណាច ឬ​ក្រុមហ៊ុន​ប្ដឹង​ពលរដ្ឋ គឺ​សមត្ថកិច្ច និង​តុលាការ​ចាត់ការ​ភ្លាមៗ បើ​ទោះ​បី​ជា​រឿង​ខ្លះ​គ្មាន​ភស្តុតាង​ជាក់ស្តែង​ក៏ដោយ។ ចំណែក​យុទ្ធនាការ​កំណែ​ទម្រង់​ស្ថាប័ន​តុលាការ​ពី​សំណាក់​ក្រសួង​យុត្តិធម៌ វិញ លោក​អស់​សំណើច ពីព្រោះ​មិន​ដឹង​ថា​វា​មាន​ប្រសិទ្ធភាព​កម្រិត​ណា៖ «ដោយសារ​តែ​យើង​ឃើញ​ថា​យុទ្ធនាការ ១០០​ថ្ងៃ វាយ​តម្លៃ​តុលាការ​ហ្នឹង យើង​សួរ​ថា​តើ​នរណា? ទី​មួយ​ថា​តើ​តុលាការ​ខ្លួន​ឯង​ហ្នឹង តើ​គាត់​ហ៊ាន​និយាយ​ពី​ចំណុច​អវិជ្ជមាន​បាន​ប៉ុន្មាន? ហើយ​ហ៊ាន​យក​ចំណុច​អវិជ្ជមាន​ទៅ​វាយ​អត់»

មន្ត្រី​សង្គម​ស៊ីវិល​ដដែល​យល់​ថា ភាព​អយុត្តិធម៌​ទាំងនេះ​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​រស់នៅ​ក្នុង​សង្គម​ទាំងមូល។ លោក​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ ពលរដ្ឋ​ជា​ម្ចាស់​អំណាច ដូច្នេះ​ពួក​គេ​អាច​កែប្រែ​ប្រព័ន្ធ​យុត្តិធម៌​ឲ្យ​ប្រសើរ​ឡើង​វិញ​បាន គឺ​តាម​រយៈ​ការ​បោះឆ្នោត​ជ្រើសរើស​មេ​ដឹកនាំ​ល្អ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។