អង្គការតម្លាភាពរៀបចំសេចក្ដីស្នើគោលនយោបាយប្រឆាំងអំពើពុករលួយសម្រាប់បក្សនយោបាយ

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល មានប្រសាសន៍ថា សេចក្ដីស្នើគោលនយោបាយនេះ នឹងត្រូវរៀបចំរួចរាល់ ហើយផ្ញើទៅឲ្យគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅក្នុងខែមេសា ខាងមុខ។ លោកថា គោលនយោបាយនេះ នឹងជួយឲ្យគណបក្សនយោបាយបញ្ជាក់ជំហររបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
លោក ព្រាប កុល បញ្ជាក់ថា នេះជាទស្សនវិស័យទៅថ្ងៃអនាគត ក្នុងការចូលរួមប្រឆាំងអំពើពុករលួយ៖ «យើងចង់ឃើញគាត់យកវាទៅរៀបចំក្នុងគោលនយោបាយក្នុងទស្សនវិស័យសម្រាប់ដឹកនាំប្រទេស។ មានចំណុចខ្លះ ក៏គាត់អាចអនុវត្តបានដោយខ្លួនគាត់។ គោលនយោបាយនេះ យើងស្នើសម្រាប់ទៅអនាគត។ យើងមិនបានសរសេរក្នុងន័យរិះគន់គោលនយោបាយរដ្ឋាភិបាល ឬក៏ប្រៀបធៀបនឹងវិធានការបច្ចុប្បន្នទេ គឺជាទស្សនវិស័យដើម្បីទប់ស្កាត់ប្រឆាំងអំពើពុករលួយ។ យើងត្រូវការចំណុចទាំងអស់ហ្នឹង»។
សេចក្ដីស្នើគោលនយោបាយដែលរៀបចំដោយអង្គការតម្លាភាពកម្ពុជា មានចំនួន ៧ទំព័រ ដែលបែងចែកជាបីចំណុចធំៗ គឺគោលនយោបាយសម្រាប់កម្រិតបទដ្ឋានច្បាប់ កម្រិតស្ថាប័ន ដែលអនុវត្តច្បាប់ និងកម្រិតសហគមន៍ដែលសំដៅដល់ការចូលរួមរបស់សហគមន៍ ក្នុងនោះក៏បានលើកឡើងលម្អិតពីកម្រិតនីមួយៗ ដែលគណបក្សនយោបាយអាចយកទៅពិចារណាដាក់បញ្ចូលក្នុងគោលនយោបាយផ្ទាល់ខ្លួន។
ក្នុងការតាក់តែងគោលនយោបាយនេះ អង្គការតម្លាភាពកម្ពុជា បានរៀបចំនូវកិច្ចប្រជុំពិគ្រោះយោបល់ចំនួនបីលើករួចមកហើយ ក្នុងចំណោមសមាជិកអង្គការសង្គមស៊ីវិល វិស័យឯកជន សហគមន៍អន្តរជាតិ និងម្ចាស់ជំនួយ រួមទាំងគណបក្សនយោបាយដែរ៕