អ.ស.ប​ខកចិត្ត​នឹង​តុលាការ​កម្ពុជា​ក្នុង​ការ​ជំនុំ​ជម្រះ​ក្ដី​សមាជិក និង​សកម្មជន​បក្ស​ប្រឆាំង

ដោយ មួង ណារ៉េត
2018-05-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក មាជ សុវណ្ណារ៉ា (ពាក់​មួក) ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ផ្សព្វផ្សាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក អាន បឋម (អាវ​ក្រហម) យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​ភ្នំពេញ ដើរ​ចុះ​ពី​លើ​អគារ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៥។
លោក មាជ សុវណ្ណារ៉ា (ពាក់​មួក) ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ផ្សព្វផ្សាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក អាន បឋម (អាវ​ក្រហម) យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​ភ្នំពេញ ដើរ​ចុះ​ពី​លើ​អគារ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៥។
Photo: RFA

អង្គការសហប្រជាជាតិ ខកចិត្ត​នឹង​ប្រព័ន្ធ​តុលាការ​របប​លោក ហ៊ុន សែន ក្នុង​ការ​ជំនុំ​ជម្រះ​ក្តី​សមាជិក និង​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ទាំង ១១​រូប ដែល​ត្រូវ​បាន​សាលាឧទ្ធរណ៍ រក្សា​ការ​ផ្ដន្ទាទោស តទៅទៀត ដោយសារ​បញ្ហា​នៃ​ភាព​មិន​យុត្តិធម៌​ក្នុង​ការ​ជំនុំ​ជម្រះ​ក្តី និង​បញ្ហា​ជ្រៀតជ្រែក​របស់​របប​លោក ហ៊ុន សែន ក្នុង​ពេល​ជំនុំជម្រះ​ក្តី​នោះ។

អ្នកនាំពាក្យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស អ្នកស្រី រ៉ាវីណា ស្សាមដាសានី (Ravina Shamdasani) បាន​ថ្លែង​ក្នុង​កំណត់​សង្ខេប​ស្ដីពី​កម្ពុជា នៅ​ថ្ងៃ​ទី១១ ខែ ឧសភា​នេះ ថា តាម​ការ​ឃ្លាំមើល​សវនាការ​ជំនុំ​ជម្រះ​ក្តី​កន្លង​មក ទាំង​នៅ​សាលាដំបូង និង សាលាឧទ្ធរណ៍ ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា សង្កេតឃើញ​នូវ​ភាព​ខ្វះ​ចន្លោះ ទាក់ទង​នឹង​ការ​ជំនុំជម្រះ ដែល​មិន​អាច​ផ្ដល់​​ភាព​យុត្តិធម៌ និង​បាន​ជះឥទ្ធិពល​មិនល្អ ដល់​សេចក្ដី​សម្រេច​ផ្ដន្ទាទោស​អ្នក​ទាំង ១១នោះ។

អ្នកស្រី រ៉ាវីណា ស្សាមដាសានី សង្កត់ធ្ងន់​លើ នីតិវិធី​តុលាការ ដែល​ជនជាប់ចោទ​មិន​អាច​សួរ​តទល់​ទៅ​នឹង​ដើម​បណ្តឹង ហើយ​អ្នក​ទាំង​១១ នោះ តុលាការ​មិន​បាន​ផ្ដល់​ពេលវេលា​គ្រប់គ្រាន់ និង​ឱកាស​ដើម្បី​ការពារ​ខ្លួន ក្នុង​សវនាការ​នោះ​ឡើយ។ អ្នកស្រី​បន្ថែម​ថា ក្នុង​ពេល​សវនាការ គ្មាន​ភស្តុតាង​ណាមួយ ដែល​បង្ហាញ​ថា អ្នក​ទាំង ១១ នោះ ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ហិង្សា ដូច​ការចោទប្រកាន់​នោះ​ឡើយ ហើយ​ថា ពួកគាត់ ជាប់ឃុំ​ជាង ១០០០​ថ្ងៃ​មក​នេះ គឺ​ដោយសារតែ​ទស្សនៈ​នយោបាយ និង ការអនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ប៉ុណ្ណោះ។

អ្នកស្រី​បញ្ជាក់​ជា​ចុងក្រោយ​ថា អង្គការសហប្រជាជាតិ បាន​លើក​អំពី​កង្វល់​របស់​ខ្លួន​រួចហើយ ថា​របប​លោក ហ៊ុន សែន ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​បំបិទ​សំឡេង​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង ដែល​ហ៊ាន​រិះគន់​របប​នេះ។ សហគមន៍​អន្តរជាតិ​ដទៃ​ទៀត ក៏បាន​លើក​ពី​កង្វល់​ទាំងអស់​នេះ​ដែរ។

របប​លោក ហ៊ុន សែន បាន​ចាប់ខ្លួន​សកម្មជន និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ១១​នាក់​នេះ ដាក់​ពន្ធនាគារ​ដោយ​ចោទ​ប្រកាន់​ថា ពួកគេ​ចូលរួម​ដឹកនាំ​ចលនា​កុប្បកម្ម និង​ករណី​ហិង្សា​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី ខែ​កក្កដា ឆ្នាំ​២០១៤។

ការ​បន្ត​ផ្ដន្ទាទោស​សមាជិក និង​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ទាំង ១១​រូប​នេះ រង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ។ អង្គការ​លីកាដូ រក​ឃើញ​ថា ភស្តុតាង​ជា​វីដេអូ ដែល​ត្រូវ​បាន​ដាក់​ជូន​តុលាការ បាន​បង្ហាញ​ថា​ជនជាប់ចោទ​មួយ​ចំនួន មាន​ភាព​សកម្ម​នៅ​ក្នុង​ការ​ព្យាយាម​រារាំង​មិន​ឱ្យ​មាន​អំពើ​ហិង្សា​កើតឡើង ហើយ​បាន​ជួយ​ការពារ​សមាជិក​សន្តិសុខ​ខណ្ឌ​ដែល​រង​របួស​ថែម​ទៀត​ផង។

ចំណែក នាយក​ប្រតិបត្តិ ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម (Brad Adams) ចាត់​ទុក​ការចោទប្រកាន់​របស់​តុលាការ​របប​លោក ហ៊ុន សែន មក​លើ​អ្នក​ទាំង ១១​នាក់​នោះ គឺជា​ការ​ប្រឌិត​បទ​ចោទ ដើម្បី​ដាក់​បន្ទុក​បក្ស​ប្រឆាំង​តែប៉ុណ្ណោះ។ លោក​ហៅ​ការ​យក​ប្រព័ន្ធ​តុលាការ ដើម្បី​បង្ក្រាប​បក្ស​ប្រឆាំង​បែបនេះ ថា ជា​ការ​ផ្ញើ​សារ​មួយ ឱ្យ​ឮ​ដល់​សហគមន៍​អន្តរជាតិ ថា​ការ​តវ៉ា​ដោយ​អហិង្សា​ជា​សាធារណៈ​ណាមួយ ក្រោម​របប​លោក ហ៊ុន សែន គឺ​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់។ លោក ប្រ៊ែដ អាដាម បាន​ស្នើ​ឱ្យ​របប​លោក ហ៊ុន សែន បញ្ឈប់​ប្រើប្រាស់​តុលាការ មក​ធ្វើជា​ឧបករណ៍ ក្នុង​ការ​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង តទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល