តំណាងរាស្ត្រ​អាមេរិក​គាំទ្រ​ដំណើរ​ការ​ប្ដឹង​លោក ហ៊ុន សែន នៅ​តុលាការ​អាមេរិក

ដោយ តាំង សារ៉ាដា
2016.09.28
អាឡាន់ ឡូវ៉ិនថល ២០១៣ ៨៥៥ តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ថ្លែង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​កាល​ពី​ឆ្នាំ​២០១៣។ Photo courtesy of lowenthal.house.gov
Photo courtesy of lowenthal.house.gov

តំណាងរាស្ត្រ​នៃ​សហរដ្ឋអាមេរិក ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក អាឡាន់ ឡូវ៉ិនថល  (Alan Lowenthal) បាន​សន្យា​ថា សហរដ្ឋអាមេរិក​នឹង​ជំរុញ​ឲ្យ​មាន​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​ជាតិ និង​អន្តរជាតិ​ឲ្យ​ច្រើន​សម្រាប់​ដំណើរការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។

ក្នុង​ជំនួប​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ជាមួយ​តំណាងរាស្ត្រ​ខ្មែរ​ពី​ខាង​គណបក្ស​ប្រឆាំង គឺ​លោក ញ៉យ ចំរើន កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៨ ខែ​កញ្ញា តំណាងរាស្ត្រ​សហរដ្ឋអាមេរិក រូប​នេះ ក៏​បញ្ជាក់​ថា លោក​នឹង​ពិនិត្យ​ឡើង​វិញ​នូវ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ហើយ​ប្ដេជ្ញា​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​នូវ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​បរទេស​ដែល​រំលោភ​សិទ្ធិ​មនុស្ស។

វត្តមាន​របស់​លោក ញ៉យ ចំរើន នៅ​សហរដ្ឋអាមេរិក លើក​នេះ​គឺ​ដើម្បី​ប្ដឹង​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ពី​បទ​ប៉ុនប៉ង​មនុស្សឃាត។ លោក​បញ្ជាក់​ថា លោក​ប្ដឹង​មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា ក្នុង​នាម​លោក​ជា​ពលរដ្ឋ​អាមេរិកាំង ហើយ​ដែល​គ្មាន​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា នោះ​ឡើយ។

​ក្រោយ​ជំនួប​ជាមួយ​លោក អេដ រ៉យ (Ed Royce) តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ពី​ខាង​គណបក្ស​សាធារណរដ្ឋ​និយម​ដ៏​មាន​ឥទ្ធិពល​កាល​ពី​​ថ្ងៃ​ពុធ នេះ​ដែរ លោក ញ៉យ ចំរើន ឲ្យ​ដឹង​ថា តំណាងរាស្ត្រ​អាមេរិក រូប​នេះ​នឹង​ទូរស័ព្ទ​ផ្ទាល់​ទៅ​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា ដើម្បី​ឲ្យ​ផ្ញើ​សារ​ទៅ​លោក ហ៊ុន សែន ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​​គណបក្ស​សង្គ្រោះ​ជាតិ។

​លោក​បន្ត​ថា លោក អេដ រ៉យ ក៏​នឹង​ទូរស័ព្ទ​ទៅ​ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ដើម្បី​ឲ្យ​ចេញ​សេចក្ដី​ថ្លែងការណ៍​ព្រមាន​រដ្ឋាភិបាល​លោក ហ៊ុន សែន ជុំវិញ​ការ​បន្ត​រំលោភ​សិទ្ធិ​មនុស្ស និង​រំលោភ​គោលការណ៍​ប្រជាធិបតេយ្យ។ លើស​ពី​នេះ​ទៅ​ទៀត លោក អេដ រ៉យ អះអាង​ថា ក្រុម​របស់​លោក​នឹង​ត្រៀម​ជួយ​ខាង​ផ្នែក​មេធាវី​ដើម្បី​ប្ដឹង​លោក ហ៊ុន សែន នៅ​តុលាការ​សហរដ្ឋ​អាមេរិក នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។