ព្រះមហាក្សត្រ​ព្រះរាជទាន​ការ​លើក​លែង​ទោស​ដល់​ លោក អ៊ុំ សំអាន អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង

ដោយ មួង ណារ៉េត
2018-08-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក អ៊ុំ សំអាន (ពាក់​កម្រង​ផ្កា) ដែល​ទើប​នឹង​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ ២០១៨។ Provided photo
លោក អ៊ុំ សំអាន (ពាក់​កម្រង​ផ្កា) ដែល​ទើប​នឹង​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ ២០១៨។ Provided photo
Provided photo

ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ព្រះរាជទាន​ការ​លើក​លែង​ទោស​ ដល់​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក អ៊ុំ សំអាន នៅ​ថ្ងៃ​សៅរ៍​ចុងសប្តាហ៍​នេះ តាម​សំណើ​របស់​លោក​ ហ៊ុន សែន។ តុលាការ​ក្រុង​ភ្នំពេញ​ក៏​បាន​ចេញ​ដីការ​បង្គាប់​ឱ្យ​ដោះលែងអតីត​តំណាង​រាស្ត្រ​រូប​នេះ​នៅ​ថ្ងៃដដែល​នេះ​ផងដែរ។

អតីត​តំណាង​រាស្ត្រ​មណ្ឌល​​​សៀម​រាប​ នៃ​គណបក្ស​សង្រ្គោះជាតិ​ លោក​ អ៊ុំ​ សំអាន ត្រូវ​បាន​ដោះ​លែង​ ឱ្យ​មាន​សេរីភាព​វិញ​ហើយ នៅ​រសៀល​ថ្ងៃទី ២៥ សីហា​ ក្រោយ​ជាប់​ពន្ធនាគារ​ជាង ២ឆ្នាំ​ បន្ទាប់​​ពី​ទទួល​បាន​ការ​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ និង​មាន​ដីកា​បង្គាប់​ឱ្យ​ដោះ​លែង​ពី​ព្រះរាជអាជ្ញា​រង​អម​តុលាការ​ក្រុង​ភ្នំពេញ លោក​ រៀល​ សុភិន។

លោក អ៊ុំ សំអាន ថ្លែង​ប្រាប់​អាស៊ីសេរី ក្រោយ​ចេញ​ពី​ពន្ធនាគារ​ថា ថ្វីដ្បិត​តែ​សំណុំ​រឿង​របស់​លោក​មាន​ភាព​អយុត្តិធម៌​ ប៉ុន្តែ​លោក​ត្រេក​អរ​ចំពោះ​ការ​ដោះ​លែង​នេះ ហើយ​សង្ឃឹម​ថា អ្នក​ទោស​នយោបាយ​បក្ស​ប្រឆាំង​ផ្សេង​ទៀត​ រួម​ទាំង​លោក​ កឹម សុខា ផង ​នឹង​ត្រូវ​បាន​ដោះ​លែង​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​​ ដូច​រូប​លោក​ដែរ​។ លោក​អះអាង​ថា ក្រោយ​ចេញពីពន្ធនាគារ​នេះ លោក​មិន​ទាន់​មាន​គម្រោង​គិត​រឿង​ធ្វើ​នយោបាយ​អ្វីឡើយ​ ពោល​គឺ​ត្រឹម​រស់​នៅ​ជាមួយ​ក្រុម​គ្រួសារ​ក្នុង​នាម​ជា​ពលរដ្ឋ​សាមញ្ញ​ម្នាក់​ប៉ុណ្ណោះ«ពេល​ណា​គណបក្ស​សង្គ្រោះជាតិ​មាន​វត្ត​មាន​ឡើង​វិញ ខ្ញុំ​នឹង​ចូល​រួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។ បើ​អត់ទាន់​មាន​មក​វិញ​ទេ យើង​រស់​នៅក្នុង​នាម​ជា​ប្រជា​ពលរដ្ឋ​សាមញ្ញ​ជួប​ជាមួយ​ក្រុម​គ្រួសារ​ប៉ុណ្ណឹង​ឯង​។ ​រឿង​នយោបាយ​ នៅពេល​គណបក្ស​សង្គ្រោះជាតិ​ត្រឡប់​មក​វិញ ដាច់​ខាត​​ខ្ញុំ​ត្រូវ​តែ​ចូល​រួម​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​ ព្រោះ​ខ្ញុំ​ជា​អ្នក​គាំទ្រ​សង្គ្រោះជាតិ​ដ៏​ឆ្អិន​ឆ្អៅ។ ខ្ញុំ​សង្ឃឹម​ថា ពេល​អនាគតមាន​ការ​ផ្សះផ្សារ​​ជាតិ​ និង​មាន​ការ​វិល​ត្រឡប់​នៃ​គណបក្ស​សង្គ្រោះជាតិ​ឡើង​វិញ»

លោក​ អ៊ុំ​ សំអាន ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​សៀម​រាប​ចាប់​ខ្លួនទាំង​កណ្តាល​អាធ្រាត​ កាលពី​ខែ​មេសា ឆ្នាំ ២០១៦ កន្លង​ទៅ​ បន្ទាប់​ពីលោក​បាន​វិល​ត្រឡប់ ​ពី​សហរដ្ឋ​អាមេរិក ​មក​ដល់​ខេត្ត​សៀម​រាប​វិញ​។ ​តុលាការ​របប​លោក​ ហ៊ុន សែន​ បាន​កាត់​ទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ២ ឆ្នាំ ៦ ខែ និង​ពិន័យ​ជា​ប្រាក់​ ៤ លាន​រៀល​ ក្រោម​បទ​ចោទ​ “ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋជា​អាទិ៍​” និង​បទ “ញុះញង់​ឱ្យ​មាន​ការ​រើស​អើង​” តាម​មាត្រា ៤៩៥​ និង​ ៤៩៦ នៃក្រម​ព្រហ្មទណ្ឌ​ ក្រោយ​ពេល​លោក​បាន​សរសេរ និង​និយាយ​រិះគន់​របបក្រុង​ភ្នំពេញ​ពី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀត​ណាម​។

ការ​ចាប់​ខ្លួន ការ​ឃុំ​ខ្លួន​​ និង​ការ​កាត់​ទោស​​លោក​ អ៊ុំ​ សំអាន ​នេះ ត្រូវ​បាន​អ្នកច្បាប់​ចាត់​ទុក​ថា ជាការ​អនុវត្ត​ដោយ​បំពាន និង​ជា​រឿង​ខុស​ច្បាប់ ដ្បិត​លោក​ អ៊ុំ សំអាន មាន​អភ័យ​ឯកសិទ្ធិសភា​ ហើយ​អភ័យ​ឯក​សិទ្ធិ​​នេះ​នៅតែ​មាន​សុពល​ភាព ​​រហូត​មក​ទល់​នឹង​ពេល​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ​។ ទោះ​ជាយ៉ាង​ណា របប​លោក​ ហ៊ុន សែន​ មិនបាន​ខ្វល់​ពីអភ័យ​ឯកសិទ្ធិ​សភា​នេះឡើយ​ ហើយ​បាន​បន្ត​ចំណាត់​ការ​ផ្លូវ​ច្បាប់​​លើលោក​ អ៊ុំ សំអាន​ ដដែល​ ដោយ​ពួក​គេ​ចោទ​​ថា លោក​បាន​​​ប្រព្រឹត្ត​បទល្មើស​ជាក់​ស្តែង​ ដោយបាន​​ផ្សព្វផ្សាយ​ឯកសារ​ផែន​ទី​ព្រំដែន​កម្ពុជា​វៀតណាម​ក្លែង​ក្លាយ

អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី ថ្លែង​ថា នេះ​ជា​​ការ​វិវឌ្ឍន៍​​វិជ្ជមាន​ និង​ជា​រឿង​ល្អ​សម្រាប់​អ្នក​ទោស​នយោបាយ​បក្ស​ប្រឆាំង​ ដែល​កំពុង​​ជាប់​ឃុំ។ លោក​ជឿជាក់​ថា ​​អ្នក​ទោស​នយោបាយ​ទាំង​អស់​ នឹង​ត្រូវ​បាន​ដោះ​លែង​ រួម​ទាំង​លោក​ កឹម សុខា ផង​ដែរ។ លោ​ក​ថា របប​លោក​ ហ៊ុន សែន ​ដោះ​លែង​អ្នក​ទោស​នយោបាយ​នេះ គឺ​ដើម្បី​ទាម​ទារ​ភាព​ស្រប​ច្បាប់​ សម្រាប់​រដ្ឋាភិបាល​ថ្មី​ ដែល​នឹង​កើត​ឡើង​នៅ​ពេល​ឆាប់ៗ ខាង​មុខ«ប្រសិន​បើ​រដ្ឋាភិបាល​មាន​សុឆន្ទៈ​ដើម្បី​ទាញ​នូវ​ស្ថានការណ៍​ឱ្យ​វិល​មក​ប្រក្រតី​វិញ ហើយ​យើង​ចូលរួម​គ្នា​ដើម្បី​រៀប​ចំស្រុក​ទេស​នេះ​ឱ្យ​បាន​ត្រឹម​ត្រូវ​ឡើងវិញ រួម​ទាំងមាន​ការ​ធ្វើ​ច្បាប់​ការពារ​សុវត្ថិភាព​អ្នក​ដឹក​នាំ​ផង ខ្ញុំ​គិត​ថា អាច​រក​ផ្លូវ​ចេញ​ឃើញ។ ក៏​ប៉ុន្តែ​បើ​ឆន្ទៈ​បែប​នេះ​មិន​មាន​ទេ គ្រាន់​តែ​ធ្វើ​ឱ្យ​ល្អមើល​ នោះ​មិន​បាន​ប៉ុន្មាន​ទេ យើង​នឹង​ត្រូវ​ជួប​វិបត្ត​នយោបាយ​ម្តង​ទៀត»

លោក​ អ៊ុំ​ សំអាន ជា​អ្នក​ទោស​នយោបាយ​ដំបូង​គេ ​ដែល​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ បន្ទាប់​ពី​អ្នក​ទោស​មនសិការ​ចំនួន ៤​រូប​ ត្រូវ​បាន​ដោះលែង​នៅ​ប៉ុន្មាន​ថ្ងៃមុន​នេះ រួម​មាន​អ្នក​វិភាគ​នយោបាយ លោក គឹម សុខ សកម្មជន​ការពារ​សិទ្ធិ​ដី​ធ្លី​អ្នកស្រី ទេព វន្នី ព្រម​ទាំង​​អតីត​បុគ្គលិក​អាស៊ីសេរីពីរ​រូប គឺ​លោក​ អ៊ួន ឈិន​​ និង​លោក​ យាង សុធារិន។ ការ​ដោះលែង​អ្នក​ទាំងនេះ​ ធ្វើឡើង​ក្រោយ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ក្រសោប​យក​អាសនៈសភា​ទាំង​ស្រុង​ មក​កាន់​កាប់​តែ​ម្នាក់​ឯង​ពី​ការ​បោះឆ្នោត​បែប​បង្គ្រប់​កិច្ច​ កាល​ពី​ចុង​ខែ​កក្កដា​កន្លង​ទៅ។

លោក​ ហ៊ុន សែន​ ក៏​បានប្រកាស​​​​ថា លោក​គ្រោង​ស្នើសុំឱ្យ​មាន​ការ​លើក​លែង​ទោស​ទ្រង់​ទ្រាយ​​​ធំ ដល់​ទណ្ឌិត នៅ​​ពេល​ខាង​មុខ​នេះ​ ដែល​ក្នុង​នោះ​ក៏​អាច​មាន​អ្នក​ទោស​នយោបាយ​គណបក្ស​សង្គ្រោះជាតិ​ចំនួន​ ១២នាក់​ផង​ដែរ។ លោក​ថ្លែង​ថា ការ​ស្នើ​ដោះលែង​នេះ​ ជា​ការ​សណ្តោស​ប្រណី​ ដែល​ចេញ​ពី​ចិត្ត​ធម៌​របស់​លោក​ ហើយ​​​បាន​ព្រមាន​ថា អ្នក​ទោស​គណបក្ស​ប្រឆាំង​ទាំង ១២នាក់​នោះ នឹង​មិនត្រូវ​បាន​ដោះ​លែង​ឡើយ​ ប្រសិន​​បើ​មានការ​ធ្វើ​អត្ថាធិប្បាយ​ថា ការ​ដោះ​លែង​នេះ​ផ្តើម​ចេញ​ពី​សម្ពាធ​​​អន្តរជាតិ​នោះ​​។ អ្នក​វិភាគ​ចាត់​ទុក​ការ​ប្រកាស​នេះ ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ថា កម្ពុជា​ជា​ប្រទេស​នីតិ​មាត់​ មិន​មែន​ជា​នីតិរដ្ឋ​ឡើយ​ ហើយ​សំណុំ​រឿង​ទាំង​ឡាយ​លើ​​​សកម្មជន និង​ថ្នាក់​ដឹក​នាំ​​គណបក្ស​សង្រ្គោះជាតិ​នោះ គឺ​ជាយុទ្ធសាស្ត្របន្តក្រាញអំណាច និង​កម្ចាត់សំឡេងប្រឆាំង​របស់​លោក​ ហ៊ុន សែន ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

the king of Cambodia is a slave of Hun Sen. It is very cheap to be a king like this.
A homeless has more value than this king.

Aug 28, 2018 02:45 AM

ask tmil Hussein...u or king to be arrested or jail someone else is from u or king?????

That's stupid,bullies,coward,dictator,traitor,tyrannies in every daily life in Cambodia,and most Cambodian didn't knew what's the hell goin'on?,who's the hell pm or who's the hell of king?"dictator like=king=fascist communism".When some politicians or opposition party members had been arrested or tossed into jail,the power party have ever never claimed to the king's order to be arrest them...but when the party of power"HS's ccp"released any opposition members or politicians,or environmentalists,journalists it said;is the king's ordered or amnesty to release those persons...or is not from comrade tmil Hun Sen with its alliances order"keep track all tmil Hun Sen's criminal recorded".All Cambodian pple with all politician or ngos have ever never heard about rookie king Sihamony addressing in tv or any via media or says something who would be arrest or release anyone at all...all those words just came from one-man-lead and one-man-rule all the time"shame on dictator himself".

Aug 25, 2018 10:34 AM

គេហទំព័រ​ទាំងមូល