អ្នកស្រី ទេព វន្នី និង​អ្នក​បឹកកក់​ ៥​នាក់ ​ត្រូវ​​ផ្ដន្ទាទោស​​ករណី​​មួយ​​ទៀត​ ៦​ខែ​ តែ​​ត្រូវ​​ព្យួរ​ទោស

សុ ជីវី
2018.08.24
ង៉ែត ឃុន ១៤៤០ សកម្មជន​តវ៉ា​ដីធ្លី​នៅ​តំបន់​បឹងកក់ លោកស្រី ង៉ែត ឃុន ចូល​រួម​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​ដោះលែង​អ្នកស្រី ទេព វន្នី នៅ​ស្ថានទូត​អូស្ត្រាលី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧។
RFA

អ្នកស្រី ទេព វន្នី និង​អ្នក​សហគមន៍​បឹង​កក់​ប្រាំ​នាក់​ផ្សេង​ទៀត ​ត្រូវ​បាន​សាលាដំបូង​ក្រុង​ភ្នំពេញ​​សម្រេច​​ឲ្យ​​ជាប់​ពន្ធនាគារ​រយៈ​ ៦​ខែ លើ​​សំណុំរឿង​​ចាស់​​មួយ​​កាល​​ពី​​ឆ្នាំ​២០១២ ពី​​បទ​​គំរាម​​សម្លាប់​​អតីត​​តំណាង​​សហគមន៍​​បឹង​កក់​​ម្នាក់។ ការ​សម្រេច​របស់​​តុលាការ​​បែប​នេះ​​ធ្វើ​ឡើង​ក្នុង​សវនាការ​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​សីហា ប៉ុន្តែ​តុលាការ​អនុញ្ញាត​ឲ្យ​អ្នកស្រី ទេព វន្នី និង​អ្នក​សហគមន៍​បឹងកក់ ៥នាក់​ផ្សេងទៀត ឲ្យ​នៅ​ក្រៅ​ឃុំ​ដោយ​ត្រូវ​ព្យួរទោស។

បួន​ថ្ងៃក្រោយ​ចេញពី​ពន្ធនាគារ​សកម្មជន​បឹងកក់ អ្នកស្រី ទេព វន្នី ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ​សម្រេច​ឲ្យ​មានទោស​ ៦​ខែ​បន្ត​ទៀត គិត​ចាប់ពី​ថ្ងៃ​ទី​២៤ ខែ​សីហា​តទៅ ប៉ុន្តែ​ក៏​ត្រូវ​ព្យួរទោស ពោល​គឺ​ពុំ​ត្រូវ​ជាប់ឃុំ។ អ្នកស្រី ទេព វន្នី និង​ពលរដ្ឋ​សហគមន៍​បឹងកក់​ប្រាំ​នាក់​ផ្សេងទៀត ហៅ​ការ​សម្រេច​របស់​តុលាការ​ថា មិន​ផ្ដល់​យុត្តិធម៌​ដល់​ពួកគេ ដូច្នេះ​ពួកគេ​នឹង​ប្តឹង​ទៅ​សាលាឧទ្ធរណ៍​ឲ្យ​ទម្លាក់​ចោល​ការចោទប្រកាន់​នេះ។

អ្នកស្រី ទេព វន្នី ថ្លែង​ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ក្រោយ​ការចោទប្រកាន់​ថា សំណុំ​រឿង​នេះ​ភាគី​ដើម​បណ្តឹង​គឺ​អតីត​តំណាង​សកម្មជន​បឹងកក់ លោកស្រី លី មុំ បាន​ដក​ពាក្យ​បណ្តឹង​រួចហើយ មិន​គួរណា​តុលាការ​នៅ​បន្ត​សំណុំ​រឿង​នេះ​ទៀត​ទេ។ អ្នកស្រី​យល់ថា ការ​បន្ត​សំណុំ​រឿង​នេះ​គឺ​ប្រហែលជា​ក្រុម​អ្នកស្រី ត្រូវ​ជាប់​បណ្ដឹង​អាជ្ញា​ដែល​បន្តឹង​ដោយ​ព្រះរាជអាជ្ញា។ «»

ប្រជា​សហគមន៍​បឹងកក់​ម្នាក់ទៀត​ដែល​ត្រូវ​តុលាការ​យក​សំណុំរឿង​ចាស់​មក​ដាក់ទោស​ដែរ​នោះ គឺ​លោកស្រី ង៉ែត ឃុន ហៅ​យាយ​ម៉ាមី ដែល​មាន​វ័យ​ជរា​ណាស់​ទៅ​ហើយ​បាន​បដិសេធ​ថា លោកស្រី​និង​ប្រជា​សហគមន៍​បឹងកក់​ផ្សេងទៀត​មិន​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះ​ទេ។ លោកស្រី​អំពាវនាវ​ទៅ​លោក ហ៊ុន សែន អន្តរាគមន៍​លើកលែងទោស​ដល់​លោកស្រី និង​ប្រជា​សហគមន៍​បឹងកក់​ផ្សេងទៀត ដើម្បី​ជា​ការ​ផ្ដល់​យុត្តិធម៌​ដល់​ពលរដ្ឋ​បឹងកក់​ស្លូតត្រង់។ «»

អ្នកស្រី ទេព វន្នី និង អ្នក​បឹងកក់​ដែល​ត្រូវ​ជាប់ទោស​ជាថ្មី​ម្តង​ទៀត​នេះ​ប្រាប់​ថា ការ​សម្រេច​របស់​តុលាការ​បែបនេះ​គឺ​ធ្វើ​ឡើង​មួយថ្ងៃ​ក្រោយពី​លោក ហ៊ុន សែន ព្រមាន​ថា​អ្នក​ដែល​ទើប​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​គឺ​អាច​នឹង​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​ជាថ្មី​ទៀត​បើ​នៅតែ​ហ៊ាន​និយាយ​រិះគន់​របប​របស់​លោក​នោះ។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​សិទ្ធិមនុស្ស លី កាដូ លោក អំ សំអាត ដែល​តាមដាន​ដំណើរ​រឿង​នេះ និយាយ​ថា តុលាការ​ធ្លាប់​កាត់​ក្តី​រឿង​នេះ​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០១៧ ប៉ុន្តែ បាន​លើក​ពេល។ លោក អំ សំអាត សង្កេត​ឃើញ​ថា បើ​ផ្អែក​ទៅ​លើ​ភស្តុតាង​គឺ​មិន​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ការចោទប្រកាន់​នៅ​ក្នុង​រឿង​នេះ​ឡើយ។ «»

សកម្មជន​ដីធ្លី​សហគមន៍​បឹងកក់​អ្នកស្រី ទេព វន្នី ដែល​ធ្លាប់​បាន​ជាប់ពន្ធនាគារ ជាច្រើន​លើក​មក​ហើយ​នោះ​ទើបតែ​ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ប្រទាន​ការ​លើកលែងទោស​ជាថ្មី​ម្តង​ទៀត​កាលពី​យប់​ថ្ងៃ​ទី​២០ ខែ​សីហា។ អ្នកស្រី ទេព វន្នី និង​ស្ត្រី​អ្នក​បឹងកក់ ៣​នាក់​ទៀត មាន​បី​នាក់​ផ្សេងទៀត​ត្រូវ​ព្រះមហាក្សត្រ​លើកលែងទោស​ទៅតាម​ការ​ស្នើ​របស់​លោក ហ៊ុន សែន ដែល​អ្នក​ទាំង​៤ ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស ពី​បទ​ប្រមាថ​អ្នករាជការ​សាធារណៈ និង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ដែល​មាន​ស្ថាន​ទម្ងន់​ទោស។

ចំពោះ​អ្នកស្រី ទេព វន្នី ព្រះរាជក្រឹត្យ​ប្រទាន​ការ​លើកលែង​ទោស ក៏​គ្រប​ដណ្តប់​ទៅលើ​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ដែល​ព្រះរាជអាជ្ញា​បាន​ចោទ​ថា បាន​ប្រព្រឹត្ត​ទៅលើ​កង​សន្តិសុខ​នៅ​ក្បែរ​ផ្ទះ​លោក ហ៊ុន សែន នា​ក្រុងភ្នំពេញ​ដែរ។

មន្ត្រី​ជាន់ខ្ពស់​អង្គការ​សិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ព្រួយបារម្ភ​ថា ទោះបី​តុលាការ​មិន​ឃុំខ្លួន​សកម្មជន​បឹងកក់​ទាំងនោះ​ក្តី ប៉ុន្តែ​ការ​សម្រេច​របស់​តុលាការ​ដែល​ផ្ដន្ទាទោស​ឲ្យ​អ្នកស្រី ទេព វន្នី និង​ពលរដ្ឋ​បឹងកក់ ៥​រូប​ផ្សេងទៀត​អោយ​ជាប់ ទោស​៦​ខែ​បន្ថែម​នេះ គឺជា​ការ​ដាក់​បន្ទុក​ថ្មី​មួយទៀត​លើ​សកម្មជន​ដីធ្លី​តំបន់​បឹងកក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។