ព្រះរាជអាជ្ញា ចោទ​ជន​សង្ស័យ​សម្លាប់​កាត់​ក្បាល​ស្ត្រី​វ័យ​ចំណាស់ និង​កុមារី នៅ​ខេត្ត​កំពង់ចាម ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន

ដោយ មាន ឫទ្ធិ
2019-04-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បុរស​ឈ្មោះ ស៊ឹម ខេង នៅ​ភូមិ​ត្រពាំង​បឹង ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ពេល​សមត្ថកិច្ច​ចាប់​បាន កាល​ពី​ថ្ងៃ​ទី៦ ខែ​មេសា ឆ្នាំ២០១៩ ដែល​ជា​ជន​សង្ស័យ​ក្នុង​រឿង​សម្លាប់​កាត់​ក្បាល​ស្ត្រី​ទាំង​ពីរ​នាក់ នៅ​ឃុំ​ជា​មួយ​គ្នា។
បុរស​ឈ្មោះ ស៊ឹម ខេង នៅ​ភូមិ​ត្រពាំង​បឹង ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ពេល​សមត្ថកិច្ច​ចាប់​បាន កាល​ពី​ថ្ងៃ​ទី៦ ខែ​មេសា ឆ្នាំ២០១៩ ដែល​ជា​ជន​សង្ស័យ​ក្នុង​រឿង​សម្លាប់​កាត់​ក្បាល​ស្ត្រី​ទាំង​ពីរ​នាក់ នៅ​ឃុំ​ជា​មួយ​គ្នា។
រូប៖ ហ្វេសប៊ុក អគ្គស្នងការនគរបាល​ជាតិ

តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​កំពង់ចាម សម្រេច​ចោទ​ប្រកាន់​ជន​សង្ស័យ ដែល​សម្លាប់​កាត់​ក្បាល​ស្ត្រី​វ័យ​ចំណាស់ និង​កុមារី ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន។

អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត លោក​ព្រះរាជអាជ្ញា ហួត វុទ្ធី ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក (Khmer Time) ថា ព្រះរាជអាជ្ញា​សម្រេច​ចោទ​ប្រកាន់​ជន​សង្ស័យ​ឈ្មោះ ស៊ឹម ខេង អាយុ ៥៥ឆ្នាំ កាល​ពី​ថ្ងៃ​ទី៧ មេសា ក្រោយ​ពេល​សមត្ថកិច្ច​បញ្ជូន​ជន​សង្ស័យ​មក​អយ្យការ។ បន្ទាប់​ពី​សម្រេច​ចោទ​ប្រកាន់​នេះ ព្រះរាជ​អាជ្ញា​បាន​បញ្ជា​ឲ្យ​នាំ​ខ្លួន​ជន​សង្ស័យ​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​បណ្ដោះ​អាសន្ន​រង់​ចាំ​សវនាការ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ព្រះរាជអាជ្ញា​ លោក ហួត វុទ្ធី បាន​ទេ នៅ​ថ្ងៃ​ទី៨ មេសា ដោយសារ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ។

កាល​ពី​ថ្ងៃ​ទី៦ មេសា​ សមត្ថកិច្ច​ខេត្ត​កំពង់ចាម ចាប់​បាន​ជន​ម្នាក់ ដែល​គេ​សង្ស័យ​ថា បាន​សម្លាប់​ស្ត្រី​វ័យ​អាយុ ៦៥ឆ្នាំ និង​ក្មេង​ស្រី​អាយុ ៦ឆ្នាំ​ម្នាក់ ដោយ​កាត់​ក្បាល​ចេញ​ពី​ដង​ខ្លួន ហើយ​យក​សាកសព​ទាំង​ពីរ​នាក់ ជីដូន និង​ចៅ ទៅ​ផ្លុង​ចោល ក្នុង​ព្រៃ​ខាង​ក្រោយ​ផ្ទះ​របស់​ជន​រងគ្រោះ។ ចំណែក​ក្បាល​សាកសព រក​មិន​ទាន់​ឃើញ​នៅ​ឡើយ​ទេ។ ជន​សង្ស័យ​ឈ្មោះ ស៊ឹម ខេង ភេទ​ប្រុស​ អាយុ ៥៥ឆ្នាំ រស់​នៅ​​ភូមិ​ត្រពាំង​បឹង ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម។ ជន​សង្ស័យ​សារភាព​ ប្រាប់​សមត្ថកិច្ច​ថា ការ​សម្លាប់​ស្ត្រី​ទាំង​ពីរ​នាក់​នោះ គឺ​ដោយសារ​រឿង​គំនុំ។

ក្រម​ព្រហ្មទណ្ឌ មាត្រា ២០០ ចែង​ថា បទ​ឃាតកម្ម​គិត​ទុក​ជា​មុន ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល