សង្គម​ស៊ីវិល​ថា​ការ​ដោះលែង​មន្ត្រី​តុលាការ​ដែល​បើក​បុក​មនុស្ស​ស្លាប់​ជា​ការអនុវត្ត​ស្តង់ដារ​២

ដោយ អាស៊ីសេរី
2017.11.07
តុលាការ​ខេត្ត​សៀមរាប ៦២០ តុលាការ​ខេត្ត​សៀមរាប។
Photo: RFA

មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​សៀមរាប ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ស្មើភាព​គ្នា ទាំង​អ្នកមាន និង​អ្នកក្រ។ ការ​ស្នើ​សុំ​នេះ បន្ទាប់​មន្ត្រី​អង្គការ​សង្គម​រូប​នេះ ទទួល​បាន​ដំណឹង​ថា សមត្ថកិច្ច​បាន​ដោះលែង​ព្រះរាជអាជ្ញា​រង នៃ​សាលាដំបូង​ខេត្ត​សៀមរាប គឺ​លោក សំរិទ្ធ សុខុន ដែល​បាន​បើក​រថយន្ត​បុក​ម៉ូតូ​មួយ​គ្រឿង បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រង​របួស​កាល​ពី​យប់​ថ្ងៃ​ទី​២ តុលា។

មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ច័ន្ទ ចំរើន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ វិច្ឆិកា ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក​មនុស្ស​ស្លាប់​កន្លង​មក គឺ​តុលាការ​តែង​ចាប់​ជនល្មើស មិន​ឲ្យ​រត់​រួច​មួយ​ករណី​ណា​ឡើយ។ ប៉ុន្តែ​មន្ត្រី​ស៊ើបអង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​សៀមរាប​រូប​នេះ បាន​ហៅ ករណី​សមត្ថកិច្ច​ដោះលែង​ព្រះរាជអាជ្ញា​រង នៃ​សាលាដំបូង​ខេត្ត​សៀមរាប​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ជា​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ​២ ដែល​អ្នក​មាន​អំណាច អ្នក​ប្រព្រឹត្ត​ខុស​តែ​មិន​ត្រូវ​បាន​ទទួល​ទោស៖ «ច្បាប់​វា​អត់​គិត​ពី​ឋានៈ​ទេ ដូច្នេះ​អ្នកណា​ក៏ដោយ​អោយ​តែ​ប្រព្រឹត្ត​ខុសច្បាប់ ត្រូវតែ​ទទួលទោស ហើយ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​គាត់​ជឿ​ជាក់។ ហើយ​កាលណា​ច្បាប់​មាន​ស្តង់ដារ​២ គឺ​ប្រជាពលរដ្ឋ​មានការ​ស្រងាកចិត្ត និង​មើល​ឃើញ ហើយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ច្បាប់​របស់​ប្រទេស​យើង​ខ្សោយ។ ដូច្នេះ​ខ្ញុំ​ស្នើសុំ​តែ​ប៉ុណ្ណឹង​ទេ គ្រាន់តែ​ថា​នីតិវិធី​របស់​តុលាការ ខ្ញុំ​មិន​លូកលាន់​ទេ ជា​សិទ្ធិ​របស់​តុលាការ»

ទាក់ទង​នឹង​បញ្ហា​នេះ​ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ក្រុង​សៀមរាប បាន​ប្រាប់​កាសែត​ភ្នំពេញប៉ុស្តិ៍ ចុះផ្សាយ​នៅ​ថ្ងៃ​ទី​៦ វិច្ឆិកា ថា រថយន្ត​របស់​ព្រះរាជអាជ្ញា​រង​ខេត្ត​សៀមរាប បន្ទាប់ពី​បុក​បាន​បើក​បាន​អូស​ម៉ូតូ ចម្ងាយ​ប្រហែល​មួយ​គីឡូម៉ែត្រ ខណៈ​កំពុង​ព្យាយាម​បើក​រត់គេច​ពី​កន្លែង​កើត​ហេតុ​នោះ។ កាសែត​ដដែល​ឲ្យ​ដឹង​ទៀត​ថា ក្រោយមក​ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​ក៏​នាំគ្នា​ស្ទាក់ ចាប់​រថយន្ត​របស់​លោក​ព្រះរាជអាជ្ញា​រង​រូប​នេះ ហើយ​វាយ​រហូត​មន្ត្រី​នគរបាល​ទៅដល់​ទើប​ឈប់។ មន្ត្រី​ប៉ូលិស​រូប​នេះ​អះអាង​ទៀត​ថា ព្រះរាជអាជ្ញារង​រូប​នេះ​ត្រូវ​បាន​ប៉ូលិស​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ដោយ​លោក​ព្រះរាជអាជ្ញា​រង​បាន​សារភាព ហើយ​ម្យ៉ាងទៀត​ដោយ​ខ្លាច​ប៉ះពាល់​ដល់​តំណែង​ការងារ​របស់​ខ្លួន។

ទោះជា​យ៉ាងណា មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​សៀមរាប ស្នើ​អោយ​មានការ​អនុវត្ត​ច្បាប់​ស្តង់ដារ​តែមួយ​ដោយ​ស្មើភាព​គ្នា ហើយ​លោក​នឹង​បន្ត​ឃ្លាំមើល​ករណី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។