សកម្មជនតំបន់បឹងកក់ អ្នកស្រី បូវ សោភា ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពវិញហើយនៅម៉ោង ៨ និង ៤០នាទីយប់ថ្ងៃទី២២ សីហា។ ចំណែកអ្នកស្រី ទេព វន្នី ដែលត្រូវបានតុលាការកាត់ទោសជាប់ពន្ធនាគារចំនួន ៦ថ្ងៃដូចអ្នកស្រី បូវ សោភា ដែរនោះ មិនទាន់ត្រូវបានតុលាការដោះលែងនៅឡើយ។
អ្នកស្រី បូវ សោភា ថ្លែងប្រាប់អាស៊ីសេរី តាមទូរស័ព្ទបន្ទាប់ពីចេញពីពន្ធនាគារថា ការចាប់ខ្លួន ឃុំខ្លួន និងកាត់ទោសអ្នកស្រី និងអ្នកស្រី ទេព វន្នី ជារឿងអយុត្តិធម៌ ដោយអ្នកស្រីអះអាងថា ពួកគាត់មិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់ឡើយ៖ « ខ្ញុំយល់ឃើញថា វាជារឿងអយុត្តិធម៌បំផុតសម្រាប់ពួកខ្ញុំជាជនរងគ្រោះ។ ពួកខ្ញុំបានអំពាវនាវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយដោះស្រាយបញ្ហាដីធ្លី ជួយរកយុត្តិធម៌។ ខ្ញុំគិតថា អ្វីដែលពួកគេដាក់ទោសថ្ងៃនេះ គឺជាការបំបិទសំឡេងប្រជាពលរដ្ឋតែប៉ុណ្ណោះ។ តែកាន់តែធ្វើដាក់ប្រជាពលរដ្ឋបែបនេះ ប្រជាពលរដ្ឋកាន់តែមានកំហឹងថែមទៀត។ សូមឲ្យដោះលែងអ្នកស្រី ទេព វន្នី ជាបន្ទាន់មក។ ពួកខ្ញុំមិនអាចទទួលយកបានទេ »។
សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ សីហា សម្រេចផ្ដន្ទាទោសអ្នកស្រី បូវ សោភា និងអ្នកស្រី ទេព វន្នី ឲ្យជាប់ពន្ធនាគារចំនួន ៦ថ្ងៃ និងពិន័យជាប្រាក់ម្នាក់ ៨ម៉ឺនរៀល ដោយចោទប្រកាន់ពីបទប្រមាថតាមមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ។
តុលាការបានប្ដូរបទចោទអ្នកទាំងពីរពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ក្រោយពីមេធាវី និងកូនក្តីបង្ហាញអំណះអំណាងថា ទង្វើរបស់អ្នកទាំងពីរដែលប្រើប្រាស់សម្ភារៈធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដូចជារូបទីងមោងឥតក្បាល កាលពីថ្ងៃទី១៥ សីហា គឺមិនបានបំពាននឹងច្បាប់នោះទេ ហើយនេះជាសេរីភាពនៃការប្រតិបត្តិសាសនា។
អ្នកស្រី បូវ សោភា និងអ្នកស្រី ទេព វន្នី ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនកាលពីល្ងាចថ្ងៃច័ន្ទ ទី១៥ សីហា នៅពេលដឹកនាំការធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនៅក្នុងសហគមន៍បឹងកក់។ គិតមកដល់ថ្ងៃជំនុំជម្រះនេះ អ្នកទាំងពីរត្រូវគេឃុំខ្លួនអស់រយៈពេល ៨ថ្ងៃហើយ។

យុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» ធ្វើឡើងនៅក្នុងសហគមន៍បឹងកក់ ដើម្បីបន្តទាមទារឲ្យដោះលែងសកម្មជនសិទ្ធិមនុស្ស អ្នកទោសមនសិការ ទាមទារឲ្យស្វែងរកយុត្តិធម៌ជូនបណ្ឌិត កែម ឡី និងទាមទារឲ្យអាជ្ញាធរដោះស្រាយជម្លោះដីធ្លីក្នុងសហគមន៍ពួកគាត់ឲ្យចប់សព្វគ្រប់។
អ្នកស្រី បូវ សោភា ដែលទើបចេញពីពន្ធនាការអះអាងថា អ្នកស្រីនឹងបន្តរៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះទៀត បើទោះជាត្រូវរងនូវការចាប់ខ្លួនជាថ្មីទៀតក្ដី។
ទោះបីជាតុលាការបានប្ដូរបទចោទ និងកាត់ទោសអ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ជាប់ពន្ធនាគារត្រឹម ៦ថ្ងៃក្តី ក៏អ្នកសហគមន៍បឹងកក់នៅតែចាត់ទុកការកាត់ក្តីនេះ ថាមិនយុត្តិធម៌។
ពលរដ្ឋបឹងកក់ម្នាក់ គឺកញ្ញា សុង ស្រីលាភ អះអាងថា អ្នកទាំងពីរមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់របស់តុលាការឡើយ៖ « គឺជារឿង ( ដាក់ពន្ធនាគារ ៦ថ្ងៃ និងពិន័យ ៨ម៉ឺនរៀល ) មិនយុត្តិធម៌សម្រាប់ពួកខ្ញុំដែរ។ សួរថា ពួកខ្ញុំទៅប្រមាថអ្នកណា ? ទីងមោងក៏ដោយ ដុតធូបក៏ដោយ សួរថាពួកខ្ញុំបានដាក់ចំពោះបុគ្គលណា ? ស្ថាប័នណា ? យើងអត់មានទេ។ យើងដាក់លើបុគ្គលណា ស្ថាប័នតុលាការណាដែលប្រព្រឹត្តពុករលួយ ធ្វើបាបប្រជាពលរដ្ឋ។ បើគាត់ថាពួកយើងប្រមាថ បានន័យថាមន្ត្រីតុលាការ និងរាជរដ្ឋាភិបាល កំពុងតែឃុបឃិតគ្នាការពារមន្ត្រីពុករលួយ និងមន្ត្រីអាក្រក់ដែលធ្វើបាបប្រជាពលរដ្ឋហើយ »។
លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ដែលបានចូលរួមស្ដាប់សវនាការ បញ្ជាក់ថា ការកាត់សេចក្ដីរបស់តុលាការដែលប្ដូរបទចោទ ក្រោយមិនមានភស្តុតាងគ្រប់គ្រាន់ គឺតុលាការព្យាយាមរកលេសមកចោទអ្នកទាំងពីរ ដ្បិតអាជ្ញាធរបានឃុំខ្លួនអ្នកទាំងពីរជាច្រើនថ្ងៃហើយ។ លោកសង្កត់ធ្ងន់ថា នេះជាការរំលោភលើសិទ្ធិរបស់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរ៖ « យើងគិតថាវាជាការប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។ យើងសង្កេតឃើញថា អ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ជាតំណាងសហគមន៍តែងតែសកម្មក្នុងការតវ៉ា និងទាមទារពេលកន្លងទៅ។ នេះហើយដែលនាំឲ្យមានការចាប់ខ្លួន និងកាត់ទោសអ្នកទាំងពីរនៅថ្ងៃនេះ »។
អង្គការលីកាដូ សង្កេតឃើញថា បន្ទាប់ពីការធ្វើបទបង្ហាញការពារកូនក្ដីជំទាស់នឹងការចោទប្រកាន់ដំបូងទៅលើបទញុះញង់ តុលាការមិនបានផ្ដល់ឱកាសមេធាវីការពារ ដើម្បីការពារជំទាស់នឹងបទចោទថ្មី ដែលចៅក្រមទើបត្រូវបានផ្លាស់ប្ដូរនេះទេ។ លីកាដូ ហៅទង្វើនេះថាជាការរំលោភសិទ្ធិជនជាប់ចោទ ដែលចៅក្រមត្រូវតែផ្ដល់ពេលវេលាគ្រប់គ្រាន់ និងភស្តុតាងទៅដល់មេធាវីដើម្បីរៀបចំការការពារកូនក្ដី។
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ឲ្យដឹងតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម (telegram) ថា អ្នកស្រី ទេព វន្នី នឹងត្រូវបង្ហាញខ្លួននៅសវនាការក្នុងសំណុំរឿងដាច់ដោយឡែកមួយទៀតនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ដែលជាប់ចោទពីបទប្រមាថរាជការសាធារណៈ និងប្រឆាំងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស។
កាលពីថ្ងៃទី១៩ សីហា ចៅក្រមស៊ើបសួរ លោក នូ វាសនា បានសាកសួរអ្នកស្រី ទេព វន្នី ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។ តុលាការមិនបានជូនដំណឹងពីការបញ្ជូនខ្លួនអ្នកស្រី ទេព វន្នី ឲ្យមេធាវីបានដឹងពីការសាកសួរនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។