លោក អាឡិច ស្នើសុំ​តុលាការ​ខេត្ត​កោះកុង​ឲ្យ​ពន្លឿន​រឿង​ក្ដី​របស់​លោក

ដោយ មួង ណារ៉េត
2019-03-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez - Davidson) ហៅ​កាត់​លោក អាឡិច ក្នុង​វីដេអូ​ដែល​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​ដែល​អង្គការ​លោក​ទើប​នឹង​រក​ឃើញ​ ​ពាក់ព័ន្ធ​នឹង​ការនាំចូល​មាស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល​មាន​តម្លៃ​រហូតដល់​ទៅ​ ១ ម៉ឺន ៥ ពាន់​លាន​ដុល្លារ​អាមេរិក ពី​សិង្ហបុរី​ ​ក្នុង​ចន្លោះ​ពី​ឆ្នាំ២០១២ ​ដល់​ឆ្នាំ២០១៨។
ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez - Davidson) ហៅ​កាត់​លោក អាឡិច ក្នុង​វីដេអូ​ដែល​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​ដែល​អង្គការ​លោក​ទើប​នឹង​រក​ឃើញ​ ​ពាក់ព័ន្ធ​នឹង​ការនាំចូល​មាស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល​មាន​តម្លៃ​រហូតដល់​ទៅ​ ១ ម៉ឺន ៥ ពាន់​លាន​ដុល្លារ​អាមេរិក ពី​សិង្ហបុរី​ ​ក្នុង​ចន្លោះ​ពី​ឆ្នាំ២០១២ ​ដល់​ឆ្នាំ២០១៨។
Photo Screenshot

សកម្មជន​បរិស្ថាន​ជន​ជាតិ​អេស្ប៉ាញ លោក អាឡិច យល់​ថា តុលាការ​ខេត្ត​កោះកុង​គ្មាន​ឆន្ទៈ​ចាត់​ការ​រឿង​ក្ដី​របស់​លោក​នោះ​ឡើយ ព្រោះ​តុលាការ​ខក​ខាន​មិន​បាន​ជូន​ដំណឹង​ដល់​រូប​លោក និង​មេធាវី​អំពី​ដំណើរការ​រឿង​ក្តី​នេះ។ អ្នកការពារ​សិទ្ធិ​មនុស្ស​​ជំរុញ​ឱ្យ​តុលាការ​ពន្លឿន​សំណុំ​រឿង​នេះ និង​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​នីតិវិធី។

អ្នកការពារ​បរិស្ថាន លោក លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវីតសឹន (Alejandro Gonzalez - Davidson) ថ្លែង​ថា លោក​មិន​បាន​ដឹង​អំពី​ការ​កំណត់​ថ្ងៃ​ជំនុំជម្រះ​រឿង​ក្តី​របស់​លោក​នោះ​ទេ ព្រោះ​តុលាការ​ខេត្ត​កោះកុង​មិនបាន​ជូន​ដំណឹង​ដល់​រូប​លោក និង​មេធាវី​នោះ​ឡើយ។ លោក​ថា ទាល់តែ​មេធាវី​របស់លោក​ទៅ​សាកសួរ​ព័ត៌មាន​ទើប​ដឹង​ថា តុលាការ​កំណត់​យក​ថ្ងៃទី២១ មីនា ជា​ថ្ងៃ​បើក​សវនាការ​ជំនុំ​ជម្រះ ក៏ប៉ុន្តែ​ដោយ​សារ​តំណាង​អយ្យការ​ស្នើសុំ​ពន្យារពេល សវនាការ​នេះ​ក៏​ត្រូវ​លើក​ទៅ​ធ្វើ​នៅ​ថ្ងៃក្រោយ​វិញ៖ «ខ្ញុំ​ជឿ​ថា តុលាការ​ខេត្ត​កោះកុង​មិន​មាន​ឆន្ទៈ​ទាល់​តែ​សោះ ដើម្បី​ជំនុំ​ជម្រះ ពី​ព្រោះ​ប្រសិន​បើ​ជំនុំជម្រះ គេ​នឹង​ខ្មាស ដោយសារ​ជំនុំជម្រះ ឬ​បើក​សវនាការ​បែប​ក្លែងក្លាយ បែប​បាយឡុកបាយឡ បែប​កំប្លុកកំប្លែង​ហ្នឹង ហើយ​រឿង​មួយ​ទៀត ខ្ញុំ​នៅ​ក្នុង​បញ្ជី​ខ្មៅ។ គេ​មិន​ចង់​ឱ្យ​ខ្ញុំ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ដោយសារ​ខ្លាច​ខ្ញុំ​តស៊ូ​មតិ​រឿង​ពុក​រលួយ រឿង​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ»

ចៅក្រម​ជំនុំ​ជម្រះ​តុលាការ​ខេត្ត​កោះកុង លោក កែវ សុខា បាន​កំណត់​យកថ្ងៃទី២១ មីនា ឆ្នាំ២០១៩ ជា​ថ្ងៃ​បើក​សវនាការ​ជំនុំ​ជម្រះ​រឿង​ក្តី​ព្រហ្មទណ្ឌ ដែល​លោក​ អាឡិច គឺ​ជា​ជន​ជាប់​ចោទ។ ការ​កំណត់​ថ្ងៃ​ជំនុំ​ជម្រះ​នេះ ធ្វើឡើង​តាំងពី​ថ្ងៃទី១២ ធ្នូ ឆ្នាំ២០១៨ មក​ម្ល៉េះ ក៏​ប៉ុន្តែ​ភាគី​លោក អាឡិច និង​មេធាវី ​មិន​បាន​ដឹង​រឿង​នេះ​ឡើយ ដោយ​តុលាការ​មិន​បាន​ផ្ដល់​ដំណឹង​នេះ​ដល់​​ពួក​គេ។

ទោះ​ជា​យ៉ាង​ណា សវនាការ​នេះ ​ត្រូវ​បាន​លើក​ពេល​ តាម​ការ​ស្នើសុំ​របស់​តំណាង​អយ្យការ​អម​តុលាការ​ខេត្ត​កោះកុង លោក អ៊ីវ ត្រាយ។ ព្រះរាជអាជ្ញា​រង​រូប​នេះ បាន​ស្នើសុំ​ឱ្យ​ចៅក្រម​ កំណត់​ពេល​ជំនុំ​ជម្រះ​ជា​ថ្មី​វិញ ដោយ​សារ​តាម​នីតិវិធី​ តុលាការ​ត្រូវ​​កំណត់​រយៈពេល ៣ខែ ដើម្បី​បង្គាប់​ឱ្យ​លោក​ អាឡិច ចូលខ្លួន​នៅ​ចំពោះ​មុខ​តុលាការ មិន​មែន​ត្រឹម​រយៈពេល​ជាង១ ខែ​បែប​នេះ​ឡើយ។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​​ចៅក្រម​ជំនុំ​ជម្រះ​តុលាការ​ខេត្ត​កោះកុង លោក កែវ សុខា បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី២៣ មីនា។

អ្នក​នាំ​ពាក្យ​តុលាការ​ខេត្ត​កោះកុង លោក អ៊ុន សុវណ្ណធានី ថ្លែង​ថា សំណុំ​រឿង​នេះ​កំពុង​ស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ ក៏​ប៉ុន្តែ​លោក​មិនទាន់​ទទួល​បាន​ដំណឹង​​អំពី​កាល​បរិច្ឆេទ​ថ្មី​នៃ​ការ​ជំនុំជម្រះ​នៅ​ឡើយ​ទេ៖ «ខ្ញុំ​អត់​ទាន់​ទទួល​បាន​ដំណឹង​ទេ។ ប៉ុន្តែ​អត់​អី​ទេ ចាំ​ខ្ញុំ​ជួយ​ឆែក ជួយ​រក​ព័ត៌មាន​ជូន។ ខ្ញុំ​នឹង​បញ្ជាក់​ជូន​ពេល​ក្រោយ»

លោក​ អាឡិច ​រង​ការ​ចោទ​ប្រកាន់​ថា បាន​រួម​គំនិត​ជាមួយ​សកម្មជន​បរិ​ស្ថាន ៣នាក់​ផ្សេង​ទៀត រួម​មាន​លោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និង​លោក ស៊ីម សំណាង ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​មួយ ក្រោយ​​ពេល​ពួក​គេ និង​អ្នកភូមិ​ជា​ច្រើន​ទៀត ចុះ​ទប់​ស្កាត់​សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ឯកជន នៅ​ខេត្ត​កោះកុង កាល​ពី​ឆ្នាំ២០១៥ កន្លង​ទៅ។ តុលាការ​ខេត្ត​កោះកុង​បាន​​​កាត់​ទោស​យុវជន​ទាំង ៣រូប ​ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ ពី​បទ “គំរាមកំហែង​ថា​ នឹង​ធ្វើ​ឱ្យ​ខូច​ខាត​ដែល​ភ្ជាប់​នឹង​បញ្ជា​អ្វី​មួយ”។

ពី​ដំបូង​ឡើយ លោក អាឡិច និង​យុវជន​ទាំង ៣នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​សំណុំរឿង​តែ​មួយ ប៉ុន្តែ​ក្រោយ​មក​តុលាការ​បាន​បំបែក​សំណុំរឿង​នេះ​ជា​ពីរ ដោយ​សំណុំរឿង​ទី​ពីរ​មាន​តែ​លោក អាឡិច ម្នាក់​ប៉ុណ្ណោះ។ សំណុំ​រឿង​នេះ បាន​បិទ​ការ​ស៊ើបសួរ និង​បាន​ទៅ​ដល់​ដៃ​ចៅក្រម​ជំនុំជម្រះ អស់​រយៈ​ពេល​ជាង ៣ឆ្នាំ​ ទើប​ឃើញ​មាន​ការ​កំណត់​ថ្ងៃ​ជំនុំជម្រះ ក្រោយ​ពេល​លោក អាឡិច បាន​​ដាក់​លិខិត​ទៅ​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម និង​ក្រសួង​យុត្តិធម៌ កាល​ពី​ខែ​កក្កដា ឆ្នាំ២០១៨ កន្លង​ទៅ​ ដើម្បី​សុំ​​ឱ្យ​ស្ថាប័ន​ទាំង​ពីរ​ជួយ​ពិនិត្យ​មើល​ភាព​អសកម្ម​ក្នុង​សំណុំ​រឿង​នេះ។

អ្នក​នាំ​ពាក្យ​សមាគម​ អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ថ្លែង​ថា តុលាការ​គួរ​តែ​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​​នីតិវិធី​ដែល​មាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ មិន​មែន​ធ្វើ​ដើម្បី​តែ​បង្គ្រប់​កិច្ច​នោះ​ទេ។ លោក​ថា តុលាការ​គួរ​តែ​ជួយ​សម្រួល​ឱ្យ​លោក​ អាឡិច បាន​ចូល​មក​កម្ពុជា​វិញ ដើម្បី​តតាំង​ក្តី​រឿង​នេះ​តាម​ផ្លូវ​ច្បាប់ ស្រប​តាម​ឆន្ទៈ​របស់​គាត់៖ «ការ​ដែល​ធ្វើ​ការ​ឱ្យ​តែ​បាន​អ៊ីចឹង វា​មិន​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​ពិត​នៃ​ការ​អនុវត្ត​ច្បាប់​របស់​តុលាការ​នោះ​ទេ។ អ៊ីចឹង រឿង​ត្រូវ​ធ្វើ​នោះ គឺ​ការ​សម្របសម្រួល​យ៉ាង​ណា​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​បើក​ផ្លូវ​ឱ្យ​លោក អាឡិច ត្រឡប់​មក​វិញ ហើយ​ផ្ដល់​ឱកាស​ឱ្យ​គាត់​បាន​ចូល​ក្នុង​សវនាការ ស្រប​តាម​ឆន្ទៈ​របស់​គាត់ ដែល​ជា​ជន​ជាប់​ចោទ​ហ្នឹង ដើម្បី​ឱ្យ​គាត់​បាន​ដោះ​បន្ទុក​នូវ​អ្វី​ដែល​ចោទ​ប្រកាន់​ទាំង​អស់​ហ្នឹង»

សកម្មជន​បរិស្ថាន លោក អាឡិច ថ្លែង​ថា លោក​មិន​ខ្លាច​នឹង​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា ដើម្បី​តតាំង​ក្តី​រឿង​នេះ​នោះ​ទេ ព្រោះ​លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ លោក​ស្នើ​​ឱ្យ​តុលាការ​ផ្តល់​ភាព​ស្អាត​ស្អំ និង​យុត្តិធម៌​ដល់​រូប​លោក​វិញ តាម​រយៈ​ការ​លើក​លែង​បទ​ចោទ​ប្រកាន់​បែប​ប្រឌិត​នេះ។ ក្រៅពី​នេះ លោក​ក៏​ស្នើ​ឱ្យ​ថ្នាក់​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លុប​ឈ្មោះ​លោក​ចេញ​ពី​បញ្ជី​ខ្មៅ​ផង​ដែរ ដើម្បី​ឱ្យ​លោក​អាច​វិល​ត្រឡប់​ទៅ​ធ្វើ​សកម្មភាព​ការពារ​​បរិស្ថាន និង​ធនធាន​ធម្មជាតិ​នៅ​​កម្ពុជា​បាន​ដូច​ពី​មុន​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល