អាឡិច​ដាក់ពាក្យ​បណ្ដឹង​ផ្លូវការ​ទៅ​អាជ្ញាធរ​សិង្ហបុរី​ករណី​មាស ១៥​ពាន់​លាន​ដុល្លារ

ដោយ មាន ឫទ្ធិ
2018-10-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez - Davidson) ហៅ​កាត់​លោក អាឡិច ក្នុង​វីដេអូ​ដែល​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​ដែល​អង្គការ​លោក​ទើប​នឹង​រក​ឃើញ​ ​ពាក់ព័ន្ធ​នឹង​ការនាំចូល​មាស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល​មាន​តម្លៃ​រហូតដល់​ទៅ​ ១ ម៉ឺន ៥ ពាន់​លាន​ដុល្លារ​អាមេរិក ពី​សិង្ហបុរី​ ​ក្នុង​ចន្លោះ​ពី​ឆ្នាំ២០១២ ​ដល់​ឆ្នាំ២០១៨។
ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez - Davidson) ហៅ​កាត់​លោក អាឡិច ក្នុង​វីដេអូ​ដែល​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​ដែល​អង្គការ​លោក​ទើប​នឹង​រក​ឃើញ​ ​ពាក់ព័ន្ធ​នឹង​ការនាំចូល​មាស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល​មាន​តម្លៃ​រហូតដល់​ទៅ​ ១ ម៉ឺន ៥ ពាន់​លាន​ដុល្លារ​អាមេរិក ពី​សិង្ហបុរី​ ​ក្នុង​ចន្លោះ​ពី​ឆ្នាំ២០១២ ​ដល់​ឆ្នាំ២០១៨។
Photo Screenshot

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិកហានឌ្រូ ហ្កាន់សាឡេស ដេវិតសិន ( Alejandro Gonzalez Davidson) ហៅ​កាត់​ថា អាឡិច កាលពី​ថ្ងៃទី១៧ តុលា បាន​ប្ដឹង ជា​ផ្លូវការ​ហើយ ទៅកាន់​អាជ្ញាធរ​រូបិយវត្ថុ​នៃ​ប្រទេស​សិង្ហ​បុរី ជុំវិញ​ភាព​មិន​ប្រក្រតី​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​នៃ​ការ​នាំ​មាស​ចេញពី​សិង្ហ​បុរី ទៅ​កម្ពុជា ដែល​មាន​តម្លៃ​ដល់​ទៅ ១ ម៉ឺន ៥ពាន់​លាន​ដុល្លារ​អាមេរិក។ លោក អាឡិច ស្នើ​ឲ្យ​អាជ្ញាធរ​ហិរញ្ញវត្ថុ​សិង្ហបុរី បើក​ការស៊ើបអង្កេត​ហ្មត់ចត់​មួយ​ចំពោះ​ភាព​មិន​ប្រក្រតី​នេះ ព្រោះ​ករណី​នេះ​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ក្នុង​តំបន់ ដោយ​ប្រើ​ប្រទេស​កម្ពុជា​ជា​ឈ្នាន់។

លោក អាឡិច សរសេរ​ក្នុង​ពាក្យ​បណ្ដឹង​ដោយ​ស្នើ​ឲ្យ​អាជ្ញាធរ​ហិរញ្ញវត្ថុ​សិង្ហបុរី បើក​ការស៊ើបអង្កេត​ដោយ​ហ្មត់ចត់​មួយ លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​នាំ​ចូល​មាស​នេះ ដោយ​សង្ស័យ​ថា ករណី​នេះ ជា​ការ​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​ដ៏​គួរ​ឲ្យ​សង្ស័យ​បំផុត។ ពាក្យ​បណ្ដឹង​នេះ ធ្វើឡើង​ក្រោយពី​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​រូប​នេះ បាន​ទុក​ពេលវេលា​ឲ្យ​របប​ក្រុងភ្នំពេញ ចេញមុខ​ពន្យល់ និង​ផ្ដល់​ភស្តុតាង ស្រាយ​បំភ្លឺ​ចំពោះ​ករណី​ភាព​មិន​ប្រក្រតី​នៃ​ការ​នាំ​ចូល​មាស​សុទ្ធ​នេះ ក្នុង​រយៈពេល ២​សប្តាហ៍ ក្រោយពី​លោក​បាន​បញ្ចេញ​វីដេអូ​ឃ្លី​ប​ខ្លី​មួយ​នៅ​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃ​ទី១ តុលា បង្ហាញ​ភស្តុតាង​ពី​ការ​រកឃើញ​នេះ ក៏ប៉ុន្តែ​ពុំ​ទទួល​បាន​ការ​ឆ្លើយ​តប​សមស្រប​ណាមួយ​ពី​របប​ក្រុងភ្នំពេញ ជាពិសេស​ពី​ស្ថាប័ន​ពាក់ព័ន្ធ រួមមាន​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ។

លោក អាឡិច បាន​គូស​បញ្ជាក់​ក្នុង​ពាក្យ​បណ្តឹង​របស់​លោក​ថា ការណ៍​ដែល​របប​ក្រុងភ្នំពេញ មិន​បាន​កត់ត្រា​នូវ​តួលេខ​ពិតប្រាកដ​នៃ​ការ​នាំ​ចូល​មាស​នេះ បើ​ទោះ​ជា កម្ពុជា ជាប់​កាតព្វកិច្ច​ត្រូវ​ធ្វើ​ដូច្នេះ​ក៏ដោយ ជាមួយ​នឹង​កិត្តិសព្ទ​អាក្រក់​របស់​ប្រទេស​នេះ ដែល​ជា​ឋានសួគ៌​នៃ​អំពើ​លាង​លុយ​កខ្វក់ អំពើពុករលួយ និង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​ដទៃ​ទៀត នឹង​បង្កើន​ឱកាស​ឲ្យ​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ អាច​កើតមានឡើង ដោយសារតែ​ជំនួញ​ពាណិជ្ជកម្ម​រវាង សិង្ហ​បុរី និង​កម្ពុជា​នេះ។ លោក អាឡិច សង្ឃឹមថា លោក​មាន​ភស្តុតាង​ដាក់​បន្ទុក​ដែល​មាន​ទម្ងន់​គ្រប់គ្រាន់ ដើម្បី​អាច​ជំរុញ​ឲ្យ​អាជ្ញាធរ​សិង្ហ​បុរី ចាត់ការ និង​បើក​ការស៊ើបអង្កេត​លើ​សំណុំរឿង​មួយ​នេះ៖ «តាម​ខ្ញុំ​គិត ប្រាកដជា​អ៊ីចឹង ព្រោះ​យើង​ឃើញ​ថា កិត្តិនាម ឬ​កិត្តិយស​របស់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ជា​ប្រទេស​ដែល​មាន​អំពើពុករលួយ​ច្រើន​ជាងគេ នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ផង ហើយ​ជា​ប្រទេស​ដែល​ក្រសួងការបរទេស​អាមេរិក ចាត់ទុកថា ជា​ឋានសួគ៌​នៃ​ការ​លាង​លុយ​កខ្វក់ រួមគ្នា​ជាមួយ​នឹង​បាត់​មាស​ផង បាត់​ខ្សាច់​ផង។ សម្រាប់​ខ្ញុំ​គឺ​វា​លើស​ពី​គ្រប់គ្រាន់​ហើយ តែ​ខ្ញុំ​មិនទាន់​អាច​វិនិច្ឆ័យ​ថា​តើ​ប្រទេស​សិង្ហ​បុរី ជាពិសេស​រដ្ឋាភិបាល​របស់​សិង្ហបុរី គេ​នឹង​ចាត់ការ ឬ​មិន​ចាត់ការ នោះ​ខ្ញុំ​មិនទាន់​ហ៊ាន​និយាយ​ទេ»

លោក អា​ឡិច សង្ឃឹមថា ការ​ប្ដឹងផ្ដល់​របស់​លោក​នេះ គឺជា​ការ​ផ្ញើ​សារ​ដាស់តឿន​មួយ ដល់​របប​លោក ហ៊ុន សែន ដែល​លោក​ថា បាន​រកស៊ី​ខុសច្បាប់​តាម​អំពើ​ចិត្ត​អស់​រយៈពេល ២៥​ឆ្នាំ​ទៅ​ហើយ​នេះ ឲ្យ​យល់ថា ឥឡូវនេះ របប​នេះ​មិន​អាច​ធ្វើ​អ្វី​ស្រេច​តែ​នឹង​អំពើ​ចិត្ត​ដូច​កាលពី​ពេលមុន​នោះ​ទេ។ បន្ថែម​ពីលើ​នេះ លោក​ក៏​មិន​ចង់​ឲ្យ​ប្រទេស​សិង្ហ​បុរី ចាត់​ទុក​ប្រទេស​កម្ពុជា​ជា​អ្វីមួយ​ដែល​លោក​ហៅថា សំរាម នោះ​ដែរ៖ «ឆ្នាំ ២០១៨ មាន​អ្នកចូលរួម​ស៊ើបអង្កេត​ច្រើន មាន​អ្នក​ហ៊ាន​និយាយ​ច្រើន ។ អ៊ីចឹង​គាត់​ល្មម​នឹង​កែ​ទម្លាប់ ហើយ​ទី​ពីរ​ចង់ ផ្ញើ​សារ​ជូន​ឲ្យ​ប្រទេស​សិង្ហ​បុរី កុំ​ឲ្យ​គេ​ចាត់​ទុក​ប្រទេស​កម្ពុជា ជា​សំរាម។ ប្រទេស​កម្ពុជា ជាពិសេស​ប្រជាពលរដ្ឋ​ខ្មែរ មាន​មោទនភាព ហើយ​គេ​មាន​សិទ្ធិ​ទទួល​នូវ​យុត្តិធម៌»

លោក អាឡិច ស្នើ​ឲ្យ​ប្រទេស​សិង្ហបុរី បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​ការ​រកស៊ី​ខុសច្បាប់​នានា​ជាមួយ​ប្រទេស​កម្ពុជា ជាពិសេស​ប្រទេស​នេះ ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការ​ធ្វើ​អាជីវកម្ម ឬ​ជួញដូរ​ពាណិជ្ជកម្ម ដែល​មាន​តម្លៃ​ដល់​ទៅ​រាប់ពាន់​លាន​ដុល្លារ ដូចជា​ករណី​ទិញ​លក់​មាស​សុទ្ធ​នេះ ជាដើម។

អាស៊ីសេរី មិនទាន់​អាច​សុំ​ប្រតិកម្ម​ពី​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នៃ​របប​លោក ហ៊ុន សែន ជុំវិញ​ការ​ដាក់​ពាក្យ​បណ្តឹង​នេះ​បាន​នៅឡើយ​ទេ ដោយសារតែ​លោក​មិន​លើក​ទូរស័ព្ទ​កាលពី​យប់​ថ្ងៃទី១៧ តុលា។ ក៏ប៉ុន្តែ លោក​ធ្លាប់​ប្រាប់​អាស៊ីសេរី​កាល​ពី​ពេល​កន្លង​ទៅ​ថា របប​របស់​លោក​នឹង​មិន​មាន​ចំណាត់​ការ​ជាក់ស្ដែង​ណាមួយ​លើ​ករណី​នេះ​ទេ ព្រោះ​លោក​ថា ការ​រក​ឃើញ​របស់​អង្គការ​មាតា​ធម្មជាតិ​នេះ គ្រាន់តែ​ជា​ការ​ចោទប្រកាន់​មួយ​ទៅលើ​ការដឹកនាំ​របស់​របប​ក្រុងភ្នំពេញ​តែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ លោក អាឡិច ក៏បាន​ឲ្យ​ដឹង​ដែរ​ថា លោក​នឹង​ដាក់​ពាក្យ​បណ្ដឹង​បន្ថែម ទៅ​កាន់​ក្រសួង​កិច្ចការ​ពាណិជ្ជកម្ម និង​ការិយាល័យ​ស៊ើបអង្កេត​អំពើពុករលួយ នៃ​នគរបាល​ជាតិ​សិង្ហបុរី ព្រមទាំង​ទៅ​ស្ថានទូត​សិង្ហបុរី​ប្រចាំ​កម្ពុជា​ផង។

តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​បែប​ស៊ើបអង្កេត និង​ប្រៀបធៀប​មួយ ដោយ​ស្ថាបនិក​របស់​អង្គការ​មាតា​ធម្មជាតិ លោក អាឡិច ថា កម្ពុជា​បាន​នាំចូល​មាស​សុទ្ធ​ពី​សិង្ហបុរី ក្នុង​បរិមាណ ៣៧០​តោន ឬ​ជាង ៣ សែន ៧ ម៉ឺន​គីឡូក្រាម ស្មើនឹង​ទឹកប្រាក់ ១ ម៉ឺន ៥ ពាន់​លាន​ដុល្លារ​អាមេរិក ចាប់ពី​ឆ្នាំ ២០១២ ដល់​ឆ្នាំ ២០១៧ ក៏ប៉ុន្តែ​មិនបាន​កត់ត្រា​ចំនួន​តួលេខ​នាំចូល​មាស​នេះ​ពិតប្រាកដ​នោះ​ឡើយ។ ភាព​មិន​ប្រក្រតី​នេះ នាំ​ឲ្យ​មានការ​សង្ស័យ​ថា របប​ក្រុងភ្នំពេញ អាច​នឹង​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​ជា​ប្រព័ន្ធ​ដ៏​មហាសាល​មួយ​នៅ​កម្ពុជា ដែល​ក្នុង​នោះ រួមមាន​ដូចជា ករណី​គេច​ពន្ធ ក្លែងបន្លំ​ឯកសារ អំពើ​លាង​លុយ​កខ្វក់ និង​បញ្ហា​ពុករលួយ​ផ្សេងៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល