នគរបាល​ខេត្ត​ស្វាយរៀង​ជាង ៣០នាក់​ថ្មី​ទៀត​ ចោទ​ស្នងការ​ខេត្ត​នេះ​ថា ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដុះ​ស្លែ និង​ស្នើសុំ​ឱ្យ​ដកចេញ

2019-04-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឧត្ដមសេនីយ៍​ទោ កឹង ឃន ស្នងការ​ខេត្ត​ស្វាយរៀង
ឧត្ដមសេនីយ៍​ទោ កឹង ឃន ស្នងការ​ខេត្ត​ស្វាយរៀង
រូប៖ ហ្វេសប៊ុក Koengkorn Khlrn

នគរបាល​ខេត្ត​ស្វាយរៀង​ជិត ៤០នាក់​ទៀត​ បាន​ចុះ​ហត្ថលេខា​រួមគ្នា​បង្ហាញ​ពី​ភាព​អយុត្តិធម៌​ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​ស្នងការ​ខេត្ត​ស្វាយរៀង​លោក កឹង ឃន។ ពួក​គេ​អះអាង​ថា ​ស្នងការ​រូប​នេះ​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដុះ​ស្លែ​ជា​យូរ​មក​ហើយ និង​បាន​ប្រើ​អំណាច​គំរាម​កំហែង​ជេរ​ប្រមាថ​មន្ត្រី​ថ្នាក់​ក្រោម​របស់​ខ្លួន។

នគរបាល​នៃ​ស្នងការ​ខេត្ត​ស្វាយរៀង ៥៧នាក់​ ប្រកាស​ជំហរ​ជាថ្មី​ទៀត ​ទាមទារ​ឱ្យ​ក្រសួង​មហាផ្ទៃ​និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស៊ើបអង្កេត​ អំពើ​ពុក​រលួយ​របស់​ស្នងការ​ខេត្ត​ស្វាយរៀង លោក កឹង ឃន ដោយ​យុត្តិធម៌​ និង​តម្លាភាព។ ការ​អះអាង​នេះ នៅ​គ្រា​ដែល​ស្ថាប័ន​ទាំង​នេះ​បាន​បើក​ការ​ស៊ើប​អង្កេត​ស្នងការ​រូប​នេះ ក្រោយ​ពេល​ទទួល​ពាក្យ​បណ្ដឹង​ពី​មន្ត្រី​នគរបាល​ជាង ២០នាក់​កាល​ពី​ដើម​ខែ​មីនា​កន្លង​ទៅ។

លិខិត​ដែល​ចុះ​ហត្ថលេខា​របស់​មន្ត្រី​នគរបាល ៣៦នាក់​ជា​ថ្មី​ទៀត ដែល​អាស៊ី​សេរី​ទទួល​បាន​ បញ្ជាក់​ថា សូម​ឱ្យ​ក្រសួង​មហាផ្ទៃ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ ស្រាវជ្រាវ​ពី​សាវតារ​ស្នងការ​ខេត្ត​ស្វាយរៀង​ លោក កឹង ឃន ឱ្យ​ច្បាស់។ ក្រុម​មន្ត្រី​នគរបាល​ទាំង​នេះ​ចោទ​ថា ​ស្នងការ​រូប​នេះ​ មាន​លុយ​រាប់​សិប​លាន​ដុល្លារ​ និង​ទ្រព្យ​សម្បត្តិ​មហាសាល​មិន​ប្រក្រតី​ ដោយសារ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដល់​ឆ្អឹង​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ លើស​ពី​នេះ ពួកគេ​បន្ត​អះអាង​ថា ​កាល​ពី​អំឡុង​ឆ្នាំ១៩៩៣ ស្នងការ​រូប​នេះ​ ជា​ក្រុម​ចោរ​លួច​រថយន្ត​របស់​អង្គការ​ យូអិន (UN) ឬ​ហៅ​ថា អ៊ុនតាក់ យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​រាប់​សិប​គ្រឿង។ ទន្ទឹម​នឹង​នេះ លោក កឹង ឃន ក៏​ធ្លាប់​បាញ់​ប្រពន្ធ​ខ្លួន​ឯង​ឱ្យ​របួស​ធ្ងន់​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម និង​ធ្លាប់​យក​កាំភ្លើង​បាញ់​កូន​ចៅ​ខ្លួន​ឯង​ឱ្យ​របួស​ធ្ងន់​ដែរ។

នគរបាល​ខេត្ត​ស្វាយរៀង​ម្នាក់​ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ និង​សំឡេង ទទូច​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក ស ខេង ផ្លាស់​ប្ដូរ​ស្នងការ​រូប​នេះ និង​ដាក់​ជំនួស​មក​វិញ​ នគរបាល​ណា​ស្អាតស្អំ​ និង​មាន​សមត្ថភាព​ពេញលេញ បម្រើ​ជាតិ​ស្មោះត្រង់ និង​ស្រឡាញ់​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន។ ពួក​គេ​បារម្ភ​ថា ស្នងការ​ខេត្ត​ស្វាយរៀង​លោក កឹង ឃន អាច​នឹង​ជះ​លុយ​រាប់​ម៉ឺន​ដុល្លារ​ពឹង​មន្ត្រី​ថ្នាក់​ជាតិ​មួយ​ចំនួន​ឱ្យ​ជួយ​អន្តរាគមន៍ កាង​អំណាច​ឱ្យ​ខ្លួន និង​លុបលាង​អំពើ​ពុក​រលួយ​របស់​ខ្លួន ខណៈ​ដែល​ស្នងការ​រូប​នេះ​បាន​បាត់​មុខ​ពី​ខេត្ត​ទៅ​រាជធានី​ភ្នំពេញ​អស់​មួយ​រយៈ។

មក​ទល់​ពេល​នេះ​នគរបាល​ខេត្ត​ស្វាយរៀង ៥៧នាក់​ហើយ ដែល​ចុះ​ហត្ថលេខា​ចោទ​ស្នងការ​ខេត្ត​ស្វាយរៀង​លោក​ កឹង​ ឃន​ ថា​ ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ច្រើន​ បក្ស​ពួក​និយម​ និង​ដំឡើង​ឋានន្តរសក្ដិ​មិន​ប្រក្រតី​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​នគរបាល​ថ្នាក់​ក្រោម​ជា​ច្រើន​ឈឺ​ចាប់​ពី​ភាព​អយុត្តិធម៌។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ស្នងការ​ខេត្ត​ស្វាយរៀង​ លោក​ កឹង​ ឃន​ តែ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី៥​ មេសា។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​លោក​ ខៀវ​ សុភ័គ​ និង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​លោក​ ឱម​ យិន​ទៀង​ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែលៗ។

អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​លោក​ ផៃ​ ស៊ីផាន​ ប្រាប់​អាស៊ី​សេរី​កាល​ពី​ចុង​ខែ​មីនា​ថា ​រដ្ឋាភិបាល​ពុំ​មាន​ភារកិច្ច​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​ទេ​ គឺ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មាន​តួនាទី​ស្រាវជ្រាវ​ និង​អនុវត្ត​ច្បាប់​រឿង​នេះ។ លោក​ថា ប្រសិន​បើ​នរណា​ម្នាក់​ផ្ដល់​តម្រុយ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​អង្គភាព​នេះ​ នឹង​ចាត់​វិធានការ៖ «នរណា​មួយ​ផ្ដល់​តម្រុយ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​គេ​នឹង​ចាត់​វិធានការ​ ជួន​កាល​គេ​កំពុង​តែ​ស្រាវជ្រាវ​បន្ទាប់​ពី​ឮ​ព័ត៌មាន​រក​តម្រុយ។ ទម្លាប់​កាល​ណា​គេ​ឮ​តម្រុយ​គេ​តែង​ចុះ​ពិនិត្យ»

លិខិត​ចំហរ៣ទំព័រ​ ដែល​នគរបាល​ខេត្ត​ស្វាយរៀង ៣៦នាក់​ចុះ​ហត្ថលេខា​រួម​ជា​ថ្មី​ទៀត​នេះ​ក្នុង​ទិសដៅ​ ស្នើ​ឱ្យ​ក្រសួង​មហាផ្ទៃ​បោស​សំអាត​មន្ត្រី​ខិលខូច​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​ជំនួស​មក​វិញ​ មន្ត្រី​មាន​សមត្ថភាព​ស្មោះត្រង់​ សីលធម៌​ និង​គោរព​ច្បាប់​ជា​ដើម។ ខ្លឹមសារ​លិខិត​បន្ថែម​ថា​ ​;ស្នងការ​ខេត្ត​ស្វាយរៀង​ លោក ​កឹង​ ឃន​ បាន​សណ្ដោង​បក្ស​ពួក​ជា​ប្រព័ន្ធ​គាប​សង្កត់​មន្ត្រី​ក្រោម​ឱវាទ​ ធ្វើ​ទុក្ខ​បុក​ម្នេញ​មន្ត្រី​ស្មោះ​ត្រង់​គ្រប់​រូប​ភាព។ លើស​ពី​នេះ​ស្នងការ​រូប​នេះ​តែង​លាប​ពណ៌​មន្ត្រី​ល្អៗ ថា​ ជា​ក្រុម​ប្រឆាំង​ខ្លួន។

ប្រធាន​អង្ក​ការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​លោក​ សន​ ជ័យ​ ចាត់​ទុក​ពាក្យ​បណ្តឹង​អនាមិក​របស់​នគរបាល​ទាំងនោះ​ជា​តម្រុយ​ថ្មី​មួយទៀត​ទាមទារ​ឱ្យ​ក្រសួងមហាផ្ទៃ​និង​ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស៊ើបអង្កេត​ដោយ​យុត្តិធម៌​និង​សុ​ក្រិត​ អនុលោម​តាម​គោលនយោបាយ​រដ្ឋាភិបាល​ដែល​ធ្លាប់​ប្រកាស​ ប្រឆាំង​អំពើពុករលួយ​។លោក​ថា​ ប្រសិនបើ​រក​ឃើញថា​ លោក​កឹង​ ឃន​ ប្រព្រឹត្ត​អំពើពុករលួយ​មែន​យន្តការ​ច្បាប់​និង​វិន័យ​រដ្ឋបាល​ត្រូវតែ​អនុវត្ត​ឱ្យ​បាន​ពេញលេញ​ដើម្បី​រក​យុត្តិធម៌​ ដល់​ជនរងគ្រោះ​និង​ សង្គមជាតិ៖ «នៅពេល​ដែល​មាន​ពាក្យ​បណ្តឹង​ទោះបីជា​ទម្រង់​អនាមិក​ក្តី​មិនមែន​អនាមិក​ឬក៏​ពាក្យ​បណ្តឹង​ដែល​មាន​ម្ចាស់​បណ្តឹង​ច្បាស់លាស់​ក៏ដោយ​ឱ្យ​តែ​ជា​តម្រុយ​ហើយ​មានហេតុ​ផល​សមរម្យ​ អាច​នឹង​កើតមាន​។ខ្ញុំ​គិតថា​ ការស៊ើបអង្កេត​អាច​នឹង​កើតមាន​អាច​នឹង​ឈាន​ដល់​ការ​វែកញែក​ជូន​ដល់​ក្រុមរង​គ្រោះ​ដោយសារ​អំពើពុករលួយ​ ឬរំលោភ​អំណាច​»

នគរបាល​ខេត្តស្វាយរៀង​មួយចំនួន​បង្ហើប​ថា​ ស្នងការ​រូប​នេះ​ ​;លើក​បន្តុក​កូនបង្កើត​របស់​ខ្លួន​ឈ្មោះ​ ឃន​ ដារ៉ា​សម្បត្តិ​ជា​ស្នងការ​រង​ ទទួលបន្ទុក​ការងារ​ព្រំដែន​និង​ សាច់ញាតិ​របស់​ខ្លួន​មួយចំនួន​ទៀត​គ្រប់គ្រង​ច្រកព្រំដែន​កម្ពុជា​-វៀតណាម​ឬហៅ​ថា​ កន្លែងខ្លាញ់​ដើម្បី​ប្រមូល​លុយ​ពី​ជនជាតិ​វៀតណាម​ដឹកទំនិញ​ចូល​កម្ពុជា​។លោក​ កឹង​ ឃនត្រូវ​បាន​ក្រសួងមហាផ្ទៃ​តែងតាំង​ជា​ស្នងការ​ខេត្តស្វាយរៀង​តាំងពី​ឆ្នាំ​ ២០១២៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល