អាជ្ញាធរខេត្តកណ្តាល ចាប់ខ្លួនសកម្មជនបក្សប្រឆាំងម្នាក់ទៀត ដាក់ពន្ធនាគារ កាលពីថ្ងៃទី១ មេសា ដោយមិនបង្ហាញដីកាពីតុលាការ ។ មន្ត្រីសង្គមស៊ីវិលថា ប្រសិនបើការចាប់ខ្លួនដោយមិនបង្ហាញដីកា និងមិនបង្ហាញនូវព័ត៌មានជាក់លាក់ គឺជាការបំពានច្បាប់។
សកម្មជនគណបក្សសង្គ្រោះជាតិ ដែលអាជ្ញាធរចាប់ខ្លួននោះ គឺ លោក ម៉ី សោភ័ណ ដែលជាយុវជនបក្សប្រឆាំងនៅឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។ ក្រោយពេលចាប់ខ្លួន តុលាការខេត្តកណ្តាលបានចោទប្រកាន់សកម្មជនរូបនេះពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
ប្រពន្ធលោក ម៉ី សោភ័ណ គឺលោកស្រី អ៊ីន ហ៊ួត ប្រាប់អាស៊ីសេរីថា ប៉ូលិសស្រុកស្អាង បានចាប់ប្តីរបស់លោកស្រី កាលពីថ្ងៃទី១ មេសា ដោយពុំបង្ហាញដីកាឡើយ រួចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ ប៉ូលិសប្រាប់លោកស្រីថា ការចាប់ខ្លួននេះដោយសារប្តីលោកស្រីបង្ហោះសាររឿងនយោបាយ ជេរប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល និងរឿងវ៉ាក់សាំង នៅលើគណនីហ្វេសបុក។ ស្ត្រីវ័យ៣២ឆ្នាំរូបនេះចាត់ទុក ការចាប់និងឃុំខ្លួនប្តីលោកស្រីនេះថា ជារឿងអយុត្តិធម៌ និងស្នើអាជ្ញាធរដោះលែងប្តីមកវិញ៖ «ខ្ញុំសំណូមពរឱ្យរដ្ឋាភិបាល និងអ្នកធំៗជួយដោះស្រាយបញ្ហាប្តីខ្ញុំផង ព្រោះអីគាត់អត់មានខុសទេ សុំជួយដោះលែងប្តីខ្ញុំវិញផង រកយុត្តិធម៌ឱ្យក្រុមគ្រួសារខ្ញុំផង និងសុំឱ្យគាត់ឆាប់ចេញមកជួបជុំគ្រួសារតែប៉ុណ្ណឹងទេ»។
មួយរយៈពេលចុងក្រោយនេះ លោក ម៉ី សោភ័ណ បានបង្ហោះសារជាបន្តបន្ទាប់នៅលើហ្វេសប៊ុក ដោយរិះគន់ទៅលើភាពអយុត្តិធម៌ក្នុងសង្គម បញ្ហាជំងឺកូវីដ-១៩ ការបាញ់បង្ក្រាបរបស់អាជ្ញាធរលើកម្មករនៅផ្លូវវេងស្រេង ការបំបិទសិទ្ធិសេរីភាពពលរដ្ឋ និងមរណភាពរបស់អ្នកស្រី ស៊ុយ សុផាន ដែលមានទំនាស់ដីធ្លីច្រើនជាមួយពលរដ្ឋ។
អាស៊ីសេរីមិនអាចទាក់ទង ស្នងការប៉ូលិសខេត្តកណ្តាល លោក ឈឿន សុចិត្ត ដើម្បីសាកសួរព័ត៌មានអំពីការចាប់ខ្លួននេះបានទេ នៅថ្ងៃទី០៣ មេសា។ ប៉ុន្តែ អ្នកនាំពាក្យតុលាការខេត្តកណ្តាល លោក សូ សារិន បញ្ជាក់ប្រាប់ថាអាស៊ីសេរីយ៉ាងខ្លីថា តំណាងអយ្យការបានចោទប្រកាន់លោក ម៉ី សុភ័ណ្ឌ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល៖ « ខ្ញុំអាចបញ្ជាក់ជូនបានត្រឹមថាមានការឃុំខ្លួនឈ្មោះ ម៉ី សុភ័ណ ពិតប្រាកដ»។
កន្លងមកអាជ្ញាធររបបលោក ហ៊ុន សែន បានបើកយុទ្ធនាការចាប់ខ្លួន សកម្មជននយោបាយ សកម្មជនសង្គម និងយុវជន ដោយលាក់បាំងព័ត៌មាន មិនបង្ហាញដីកា និងជូនដំណឹងទៅក្រុមគ្រួសារពួកគេ ឱ្យបានដឹងនោះឡើយ។
ជុំវិញរឿងនេះ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ប្រសិនបើបទល្មើសនេះមិនជាក់ស្តែង ហើយសមត្ថកិច្ចមិនបានបង្ហាញដីកាចាប់ខ្លួន ឬមិនប្រាប់ពីមូលហេតុនៃការចាប់ខ្លួន គឺជាការអនុវត្តខុសនីតិវិធី ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់គាត់។ លោកថាប្រសិនបើប្រជាពលរដ្ឋរិះគន់ក្នុងន័យស្ថាបនា ហើយត្រូវបានអាជ្ញាធរចាប់ខ្លួន គឺបង្ហាញថា ប្រទេសនោះមិនគោរពច្បាប់។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា នៅក្នុងកាលៈទេសៈដែលប្រជាពលរដ្ឋមិនទាន់យល់ និងមិនទទួលបានព័ត៌មានច្បាស់លាស់ អាជ្ញាធរត្រូវផ្តល់ព័ត៌មានឱ្យបានគ្រប់គ្រាន់ទៅភាគីពាក់ព័ន្ធ ដើម្បីកុំឱ្យពួកគាត់បញ្ចេញមតិខុសទៀត ប្រសើរជាងការចាប់ ឬបង្ក្រាបទៅលើការបញ្ចេញមតិទាំងនោះ៖ «ខ្ញុំគិតថានៅក្នុងកាលៈទេសៈនេះ ដែលប្រជាពលរដ្ឋមិនទាន់យល់គ្រប់គ្រាន់ពីព័ត៌មានចាំបាច់ហ្នឹង អ្វីជារឿងសំខាន់គឺការផ្តល់ព័ត៌មានឱ្យបានគ្រប់គ្រាន់ពីអាជ្ញាធរ ដែលពាក់ព័ន្ធគឺសំខាន់ ប្រសិនជាយើងពន្យល់ឱ្យគ្រប់គ្រាន់សម្រាប់ពួកគាត់ទៅ ខ្ញុំគិតថាការបញ្ចេញមតិរបស់គាត់អាចត្រឹមត្រូវហើយ យើងអាចចេញជាព័ត៌មានពន្យល់ឱ្យពលរដ្ឋបានយល់វិញ ដើម្បីកុំឱ្យគាត់បញ្ចេញមតិខុសតទៅទៀត»។
ចាប់តាំងពីឆ្នាំ២០២០ មកដល់ខែមេសា មានសកម្មជននយោបាយ សកម្មជនបរិស្ថាន សកម្មជនសង្គម ព្រះសង្ឃខ្មែរថាវរៈ និងយុវជនជិត១រយនាក់ហើយ ដែលត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់ ដោយសារការអនុវត្តសិទ្ធិសេរីភាពនៅក្នុងសង្គម និងតាមបណ្ដាញអ៊ីនធឺណិត។ តុលាការ បានចោទប្រកាន់ពួកគេពីបទ រួមគំនិតក្បត់ ញុះញង់ និងប្រមាថថ្នាក់ដឹកនាំ ជាដើម។
អ្នកតាមដានស្ថានការណ៍យល់ថា ការចាប់ខ្លួនពលរដ្ឋ ពិសេសសកម្មជននយោបាយបក្សប្រឆាំង ជាបន្តបន្ទាប់នេះ ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដើម្បីកម្ទេចសម្លេងប្រឆាំង ដែលនៅសេសសល់ចុងក្រោយរបស់គណបក្សសង្គ្រោះជាតិឱ្យអស់ពីកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។