អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដាក់​ចេញ​យុទ្ធនាការ​ត្រួត​ពិនិត្យ​មើល ​ការ​ផ្ដល់​សេវា​សាធារណៈ នៅ​ថ្នាក់​ក្រោម​ជាតិ នៅ​ឆ្នាំ២០២០

ដោយ អាស៊ីសេរី
2019.12.09
ACU អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៧ មេសា ឆ្នាំ​២០១៦
RFA

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដាក់​ចេញ​យុទ្ធនាការ​ត្រួត​ពិនិត្យ​មើល​ការ​ផ្ដល់​សេវា​សាធារណៈ​ល្អ នៅ​ថ្នាក់​ក្រោម​ជាតិ សម្រាប់​គោល​ដៅ​សំខាន់​ៗ មួយ​ចំនួន នៅ​ឆ្នាំ​២០២០ ដើម្បី​អបអរ​ទិវា​ជាតិ និង​អន្តរជាតិ ប្រឆាំង​អំពើ​ពុក​រលួយ​ឆ្នាំ​២០១៩ ​នេះ។ អ្នក​ឃ្លាំមើល​ថា បើ​មាន​តែ​គោលការណ៍ ហើយ​​គ្មាន​យន្តការ​អនុវត្ត នឹង​មិន​អាច​ធ្វើ​ឲ្យ អំពើ​ពុក​រលួយ ក្នុង​វិស័យ​​សេវា​សាធារណៈ ថ្នាក់​ក្រោម​ជាតិ មាន​ភាព​ប្រសើរ​ឡើយ។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក​ ឱម យ៉ិន​ទៀង លើ​ឡើង​​ក្នុង​​សារ​លិខិត​អបអរ​ទិវា​ជាតិ​និង​អន្តជាតិ ប្រឆាំង​អំពើ​ពុក​រលួយ ៩ ធ្នូ ​ឆ្នាំ​២០១៩ ថា ការ​លើក​កម្ពស់​គុណ​ភាព និង​ប្រសិទ្ធិ​ភាព នៃ​សេវា​សាធារណៈ ដើម្បី​បង្កើន​ទំនុក​ចិត្ត​ដល់​ពលរដ្ឋ​។ ប្រធាន​បទ​សម្រាប់​អបអរ​សាទរ​ទិវា​ជាតិ និង​អន្តរជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ឆ្នាំ​នេះ គឺ ​រួម​គ្នា​លើក​ស្ទួយ​ការ​ផ្ដល់​សេវា​សាធារណៈ​ល្អ។ ដើម្បី​ឲ្យ​ប្រធាន​បទ​នេះ មាន​ប្រសិទ្ធិ​​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​បាន​ដាក់​ចេញ​យុទ្ធនាការ​ត្រួត​ពិនិត្យ​ការងារ​ផ្ដល់​សេវា​សាធារណៈ ពេញ​១​ ឆ្នាំ ២០២០ នៅ​អង្គភាព​ផ្ដល់​សេវា​ថ្នាក់​ក្រោម​ជាតិ​តាម​គោលដៅ និង​លើក​វិធានការ​បន្ថែម​ទៀត។ យុទ្ធនាការ​​ត្រួត​ពិនិត្យ​លើ​ការ​ផ្ដល់​សេវា​សាធារណៈ​ល្អ ចាប់​ផ្ដើម​អនុវត្ត​​នៅ​តាម​​​សង្កាត់​ទាំង​៧ នៃ​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

អាស៊ី​សេរី បាន​ព្យាយាម​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ ប្រធាន​អង្គភាព លោក ឱម យ៉ិនទៀង និង​អនុ​ប្រធាន លោក ឆាយ សាវុធ ច្រើន​ដង នៅ​ថ្ងៃ​ទី​៩ ធ្នូ តែ​ពួក​លោក មិន​ទទួល​​ទូរស័ព្ទ។​​​

ប្រធាន​អង្គការ​គណៈកម្មាធិការ​ប្រឆាំង​អំពើ​ពុក​រលួយ អ្នក​ស្រី ម៉ម ស៊ីថា យល់​ឃើញ​ថា ការ​ដាក់​ចេញ​គោលការណ៍​ត្រួត​ពិនិត្យ​មើល ​ការ​ផ្ដល់​សេវា​នៅ​ថ្នាក់​ក្រោម​ជាតិ ជា​រឿង​ល្អ។ ប៉ុន្តែ​ បើ​គ្មាន​យន្ត​ការ​​ ក្នុង​ការ​អនុវត្ត​ទេ នោះ​គោលការណ៍​​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ឆ្នាំ​នេះ ក៏​មិន​ខុស​ពី​គោលការណ៍​ ដែល​ធ្លាប់​ដាក់​ចេញ ហើយ​មិន​ទទួល​បាន​ប្រសិទ្ធិ​ដែរ។ អ្នកស្រី ម៉ម ស៊ីថា សង្កេត​ឃើញ​ថា ការ​ប្រឆាំង​អំពើ​ពុក​រលួយ​គ្មាន​ភាព​ប្រសើរ​ឡើយ ពី​មួយ​ឆ្នាំ​ទៅ​មួយ​​ឆ្នាំ។ អ្នកស្រី សោកស្ដាយ​ ចំពោះ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​បាន​ប្រារព្ធ​ទិវា​ប្រឆាំង​អំពើ​ពុក​រលួយ​រាល់​ឆ្នាំ តែ​អំពើ​ពុក​រលួយ​នៅ​គ្រប់​វិស័យ គ្រប់​ថ្នាក់ គ្រប់​ច្រកល្ហក​ នៅ​តែ​មិន​បាន​ថយ​ចុះ ពិសេស​អំពើ​ពុក​រលួយ​លើ​ការ​អភិវឌ្ឍន៍ ការ​កិបកេង​ជាតិ​ អំពើ​ពុក​រលួយ​ឆ្លងដែន ពុក​រលួយ​ផ្នែក​នយោបាយ ផ្នែក​យុត្តិធម៌ និង​រដ្ឋបាល​សាធារណៈ​ជាដើម។

អ្នក​ឃ្លាំមើល​អំពើ​ពុក​រលួយ​​រូប​នេះ ពន្យល់​ថា អំពើ​ពុក​រលួយ​មិន​ចាំ​បាច់​តែ​ការ​ស៊ី​សំណូក​ទេ ការ​រក​ស៊ី​​ទុច្ចរិត និង​ការ​ប្រើប្រាស់​អំណាច​រំលោភ​ច្បាប់ គំរាម​កំហែង​ពលរដ្ឋ​ ដើម្បី​ទទួល​បាន​​ប្រយោជន៍ ក៏​ចាត់​ទុក​ជា​អំពើ​ពុក​រលួយ​ដែរ។ អ្នកស្រី ម៉ម ស៊ីថា សង្កេត​ឃើញ​ថា ពលរដ្ឋ​នៅ​​តែ​មាន​ភាព​ទន់​ខ្សោយ រង​ការ​ភ័យ​ខ្លាច​ពី​ឥទ្ធិពល​អំពើ​ពុក​រលួយ​ ហើយ​ការ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​បាន​យល់​ពី​បញ្ហា​ពុក​រលួយ ក៏​គ្មាន​ភាព​ទូលំ​ទូលាយ​ដែរ។ ចំណែក​សកម្មភាព​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​វិញ អ្នកស្រី សង្កេត​ឃើញ​ថា មាន​សកម្មភាព​សស្រាក់សស្រាំ តែ​គ្មាន​និយាម ​​គ្មាន​ស្តង់ដារ​ច្បាស់​លាស់ ​​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​ស្មើ​ភាព​គ្នា​ និង​មិន​ហ៊ាន​អនុវត្ត​ច្បាប់​លើ​អ្នក​មាន​អំណាច​ធំៗ៖ «ពាក់ព័ន្ធ​អា​ផល​ប្រយោជន៍​ទាំង​អស់​ហ្នឹង​ឯង គឺជា​ពុក​រលួយ​ហើយ កុំ​ចាំ​តែ​ស៊ី​ និង​សូក បាន​ហៅ​ពុក​រលួយ។ ទង្វើ​អសីលធម៌ រំលោភ​បំពាន​ច្បាប់ រំលោភ​សិទ្ធិ​មនុស្ស​ រំលោភ​ច្បាប់ រំលោភ​សីលធម៌​សង្គម នោះ​ហើយ ពុក​រលួយ»

ពលរដ្ឋ​ម្នាក់ ដែល​អះអាង​ថា ​​រង​គ្រោះ​បាត់​បង់​ដីធ្លី ដោយ​សារ​ អំពើ​ពុក​រលួយ ​​នៅ​តំបន់​បឹង​កក់​​​ គឺ​ លោក​ស្រី ផាន់ ឈុនរ៉េត និយាយ​ថា គ្រួសារ​លោកស្រី និង​ពលរដ្ឋ​តំបន់​បឹង​កក់​ ច្រើន​ទៀត បាន​រង​គ្រោះ​ដល់​សព្វ​ថ្ងៃ​ ដោយសារ​អំពើ​ពុក​រលួយ​ ​​ជា​ប្រព័ន្ធ ពី​គម្រោង​អភិវឌ្ឍន៍​បឹង​កក់។ លោកស្រី ​អះអាង​ថា ថ្វី​ត្បិត​តែ​តំបន់​បឹង​កក់ បាន​អភិវឌ្ឍន៍​ស្ទើរ​រួចរាល់​ទាំង​ស្រុង តែ​ស្នាម​ដិតដាម​ និង​ទុក្ខ​សោក​វេទនា នៃ​អំពើ ​ពុក​រលួយ​ឃុបឃិត​គ្នា បង្ខំ​ឲ្យ​ពលរដ្ឋ​ទទួល​យក​សំណង​មិន​សមរម្យ មិន​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​បឹង​កក់​ បំភ្លេច​អំពើ​ពុក​រលួយ​នេះ បាន​ទេ។ លោកស្រី ថា អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​បឹង​កក់​ នឹង​បន្ត​ការ​​តវ៉ា​ទាមទារ​បន្ត​ទៀត ដើម្បី​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​កាល​នោះ ហើយ​ទាមទារ​យក​សំណង​​សមរម្យ៖ «ខ្ញុំ​យល់​ថា អ៊ីចឹង ហើយ​ប្រជាពលរដ្ឋ​​រងគ្រោះ​វេទនា​ចង់​ងាប់​ហើយ គាត់​អត់​ខ្វល់​ហ្នឹង។ ពួក​ខ្ញុំ​ធ្លាប់​មាន​ផ្ទះ ហើយ​ឥឡូវ​មក​ស្នាក់​នៅ​ជាមួយ​កូន​ហ្នឹង អ៊ីចឹង​បាន​ន័យ​ថា ខ្ញុំ​ទុក្ខ​សោក​វេទនា ព្រោះ​អំពើ​ពុក​រលួយ​នេះ​ឯង»

អង្គការ​តម្លាភាព​ពិភពលោក (Transparency International) បាន​ដាក់​ចំណាត់ថ្នាក់​កម្ពុជា ​នៅ​បាត​តារាង​ សម្រាប់​ឆ្នាំ​២០១៨ គឺ​ជាប់​លេខ​ទី​១៦១ ក្នុងចំណោម​ប្រទេស​ចំនួន​១៨០​ នៅ​លើ​ពិភពលោក ដែល​មាន​អំពើពុករលួយ​អាក្រក់​ខ្លាំង​។ អង្គការ​អន្តរជាតិ​មួយ​នេះ រក​ឃើញ​ អំពើពុករលួយ​នៅ​កម្ពុជា​ បណ្ដាល​ មក​ពី​ប្រព័ន្ធ​ច្បាប់​ មាន​ភាព​ទន់ខ្សោយ ខ្វះ​តម្លាភាព​ព័ត៌មាន​អំពី​ការ​ចំណូល​ចំណាយ​ថវិកាជាតិ ខ្វះ​តម្លាភាព​នៃ​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ មានការ​រឹត​ត្បិត​សេរីភាព​សារព័ត៌មាន និង​ការ​ធ្វើទុក្ខបុកម្នេញ​ ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាដើម។

យោង​តាម​អង្គការ​អន្តរជាតិ​មួយ​នេះ ចំណាត់​ថ្នាក់​​​អំពើ​ពុក​រលួយ​ សម្រាប់​ឆ្នាំ​២០១៨ គឺ​កម្ពុជា​ មាន​ពិន្ទុ​អន់​ជាង​បណ្ដា​ប្រទេស​ទាំងឡាយ​ ក្នុង​តំបន់​អាស៊ាន​សម្រាប់​រយៈ​ពេល​បី​ឆ្នាំ​ជាប់ៗ​ គ្នា​​មក​ហើយ គឺ​​មាន​អំពើ​ពុក​រលួយ​ខ្លាំង ​ជាង​ប្រទេស​​មីយ៉ាន់ម៉ា ​ភូមា ​ប្រទេស​ឡាវ និង វៀតណាម​ ទៅទៀត។ ប៉ុន្តែ​​របប​ក្រុង​ភ្នំពេញ ​បាន​ស្ដី​បន្ទោស​ថា ​របាយការណ៍​​ស្ដីពី​កម្ពុជា​មិន​​ល្អ គឺ​បង្កើត​ឡើង​ដើម្បី​បម្រើ​ផល​ប្រយោជន៍​នយោបាយ​គណបក្ស​ប្រឆាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។