សង្គម​ស៊ីវិល​រំពឹង​សាលាឧទ្ធរណ៍​​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ថ្នាក់ដឹកនាំ​អង្គការ​សមធម៌

ដោយ ទីន ហ្សាការីយ៉ា
2017.12.22
សាលាឧទ្ធរណ៍ ៦២០ សាលាឧទ្ធរណ៍-មហា​អយ្យការ
RFA

សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​ធ្នូ បាន​ជំនុំជម្រះ​លើ​សំណុំរឿង​ថ្នាក់ដឹកនាំ​នៃ​អង្គការ​សមធម៌​កម្ពុជា បី​នាក់​ដែល​សាលាដំបូង​ផ្ដន្ទាទោស​ពី​បទ​បរិហារកេរ្តិ៍​តាម​បណ្ដឹង​របស់​អតីត​បុគ្គលិក​ម្នាក់​នៃ​អង្គការ​នេះ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រំពឹង​ថា សាលាឧទ្ធរណ៍​នឹង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​អ្នក​ទាំង​បី។

​សាលាឧទ្ធរណ៍​នឹង​ប្រកាស​សាលក្រម​នៃ​សំណុំរឿង​ចោទ​ប្រកាន់​ថ្នាក់ដឹកនាំ​នៃ​អង្គការ​សមធម៌​កម្ពុជា បី​នាក់ នៅ​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៨ ខាង​មុខ។

​តំណាង​អង្គការ​សមធម៌​កម្ពុជា លោក ប៊ុន មករា ប្រធាន​កម្មវិធី​ពង្រឹង​អំណាច​សហគមន៍ និង​ផ្សព្វផ្សាយ​ផ្នែក​ច្បាប់​មាន​ប្រសាសន៍​ថា សវនាការ​នៅ​ព្រឹក​នេះ គឺ​មាន​ដំណើរ​ការ​ដោយ​រលូន​ល្អ ព្រោះ​មានការ​វែកញែក​អង្គ​ច្បាប់​ដោយ​តំណាង​អយ្យការ​ថា ការ​ចោទ​ប្រកាន់​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​នៅ​ក្នុង​សាលក្រម​របស់​សាលាដំបូង​នោះ ពុំ​មាន​ធាតុ​ផ្សំ ​ឬ​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោក​រំពឹង​ថា យោង​តាម​អង្គហេតុ​ទាំង​នេះ សាលាឧទ្ធរណ៍​ចាត់​ទុក​សំណុំ​រឿង​នេះ​ជា​មោឃៈ៖ «»។

​កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្ដន្ទាទោស​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌ លោក អៀង វុទ្ធី  ប្រធាន​កម្មវិធី​ឃ្លាំមើល​ការ​អភិវឌ្ឍ លោក ផែន គឹមសុង និង​ប្រធាន​ការិយាល័យ​រដ្ឋបាល និង​ធនធាន​មនុស្ស លោក ឈាង ភា ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​តាម​បណ្ដឹង​របស់​អតីត​បុគ្គលិក​ម្នាក់​នៃ​អង្គការ​នេះ ឈ្មោះ ចាន់ វិចិត្រ។ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឱ្យ​បង់​ប្រាក់​ពិន័យ និង​សង​ថ្លៃ​ខូចខាត​ជា​ច្រើន​ទៅ​ដើម​បណ្ដឹង។

​សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​សមធម៌​កម្ពុជា (EC) អង្គការ​លីកាដូ (LICADHO)  និង មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លើក​ឡើង​ថា មូលហេតុ​ដែល​លោក ចាន់ វិចិត្រ ជា​បុគ្គលិក​នៅ​ក្នុង​កម្មវិធី​ឃ្លាំមើល​ការ​អភិវឌ្ឍ​នៃ​អង្គការ​សមធម៌​កម្ពុជា ប្ដឹង​ថ្នាក់ដឹកនាំ​ពី​បទ​បរិហារកេរ្តិ៍​នោះ ដោយសារ​ថ្នាក់ដឹកនាំ​ទាំង​បី​នាក់ បាន​ចេញ​លិខិត​បញ្ឈប់​លោក​ពី​ការងារ ហើយ​ព័ត៌មាន​ឯកជន​ពាក់ព័ន្ធ​នឹង​ការ​បញ្ឈប់​ពី​ការងារ​នេះ ត្រូវ​បាន​ទម្លាយ​ដោយ​ថ្នាក់ដឹកនាំ​ទាំង​នោះ។

​ទោះ​យ៉ាង​ណា ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​បញ្ជាក់​ថា លោក ចាន់ វិចិត្រ បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​លិខិត​នោះ​ដោយ​ខ្លួន​ឯង។

​ទន្ទឹម​នឹង​ការ​ប្ដឹងផ្ដល់​គ្នា​រវាង​បុគ្គលិក និង​ថ្នាក់ដឹកនាំ​នេះ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៧ ក្រសួង​មហាផ្ទៃ បាន​ប្រកាស​ផ្អាក​សកម្មភាព​អង្គការ​សមធម៌​ដែល​ធ្វើការ​តស៊ូ​មតិ​ក្នុង​ការ​ការពារ​សិទ្ធិ​លំនៅឋាន ដីធ្លី និង​ធនធាន​ធម្មជាតិ ដោយ​ថា អង្គការ​នេះ​ធ្វើ​សកម្មភាព​ផ្ទុយ​នឹង​លក្ខន្តិកៈ​របស់​ខ្លួន និង​ផ្ទុយ​ពី​ច្បាប់។ មក​ដល់​ពេល​នេះ អង្គការ​សមធម៌ កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់ ហើយ​ខាង​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ចំណាត់​ការ​របស់​ក្រសួង​មហាផ្ទៃ ថា បាន​បំពាន​ច្បាប់ និង​បង្ក្រាប​ទាំង​មូល​លើ​អង្គការ​សង្គម​ស៊ីវិល។

​ចំពោះ​ការ​ចោទ​ប្រកាន់​លើ​ថ្នាក់ដឹកនាំ​ទាំង​បី​នាក់​នោះ​វិញ នាយករង​នៃ​សម្ពន្ធភាព​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស​លីកាដូ ​អ្នកនាង ណាលី ពីឡូក ធ្លាប់​មាន​ប្រសាសន៍​ថា អំពើ​របស់​ជនជាប់ចោទ​ទាំង​បី​មិន​បាន​បង្ហាញ​អង្គហេតុ​ណា​មួយ​ដែល​ចូល​ជា​បទ​បរិហារកេរ្តិ៍​នោះ​ទេ។ សូម្បី​តែ​ព្រះរាជអាជ្ញា​ក៏​បាន​លើក​ឡើង​នៅ​ក្នុង​អង្គ​សវនាការ​ដែរ​ថា ករណី​នេះ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​ចោទ​ប្រកាន់​នោះ​ទេ។ យោង​តាម​អង្គហេតុ​ទាំង​នេះ អ្នកស្រី​សង្ឃឹម​ថា សំណុំ​រឿង​នេះ​នឹង​ចាត់​ទុក​ជា​មោឃៈ​ដោយ​យោង​តាម​គោលការណ៍​ច្បាប់។

​មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ បាន​កំណត់​និយមន័យ​នៃ​បទ​បរិហារកេរ្តិ៍​ថា ការ​អះអាង​បំផ្លើស ឬ​ការ​ទម្លាក់​កំហុស​ដោយ​អសុទ្ធចិត្ត​លើ​អំពើ​ណា​មួយ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស ឬ​កិត្តិសព្ទ​នៃ​បុគ្គល។ បទ​បរិហារកេរ្តិ៍​នេះ ត្រូវ​ពិន័យ​ពី​មួយ​សែន​រៀល​ដល់​ដប់​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។