សាលាឧទ្ធរណ៍​នឹង​បើកសវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​អតីត​បុគ្គលិក​អាស៊ីសេរី

​ដោយ ហេង សកល
2017.12.21
យាង សុជាមេត្តា អ៊ួន ឈិន ៦២២ អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក យាង សុជាមេត្តា (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្ដាំ)។
Photo: RFA

សាលាឧទ្ធរណ៍​នឹង​បើកសវនាការ​ជំនុំជម្រះ លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​របស់​អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ីសេរី​ពីរ​រូប នៅ​ថ្ងៃ​អង្គារ ទី​២៦ នៅ​ដើម​សប្ដាហ៍​ក្រោយនេះ។

លោក​មេធាវី កែវ វ៉ាន្នី ការពារ​ក្ដី​ឱ្យ​លោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ បាន​ឱ្យ​អាស៊ីសេរី ដឹង​ថា លោក​និង​កូន​ក្តី​លោក បាន​ទទួល​ដីកា​កោះ​នេះ​រួចហើយ។ លោក​បញ្ជាក់​ថា កូន​ក្តី​ទាំងពីរ​របស់​លោក​នឹង​មាន​វត្ត​មាននៅ​ថ្ងៃ​សវនាការ​នា​ខាង​មុខ​នេះ។

ជាមួយគ្នា​នេះ​ដែរ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​បាន​កោះហៅ​កូន​ក្តី​ទាំងពីរ​របស់​លោក​មក​សាកសួរ​បន្ថែម នៅ​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​ក្រោយ​នេះ​ដែរ។

លោក​មេធាវី​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ប្រគល់​ម៉ូតូ​ចំនួន​បី​គ្រឿង ឱ្យ​កូន​ក្ដី​របស់​លោក កាលពី​ថ្ងៃ​អង្គារ ទី​១៩ កន្លង​ទៅ​នេះ ប៉ុន្តែ​លោក​មិន​ទាន់​បាន​ទទួល​ម៉ូតូ​ទាំង​នោះ​ទេ រហូត​មក​ដល់​ថ្ងៃនេះ ដោយសារ​តែ​ខាង​សមត្ថកិច្ច បាន​ប្រាប់​លោក​ថា ឱ្យ​រង់ចាំ​មាន​ការ​យល់ព្រម​ពី​ស្នងការ​នគរបាល​ក្រុងភ្នំពេញ​ជាមុន ទើប​អាច​ទទួល​យក​បាន។

ចំពោះ​វត្ថុ​ផ្សេងទៀត រួមមាន កុំព្យូទ័រ ទូរស័ព្ទ កាមេរ៉ា និង​សម្ភារៈ​មួយ​ចំនួន​ទៀត ចៅក្រម​មិនបាន​សម្រេច​ប្រគល់​ឱ្យ​ទេ ដោយ​លើក​មូល​ហេតុ​ថា សម្ភារៈ​ទាំងនោះ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត ប៉ុន្តែ​លោក​មេធាវី​បញ្ជាក់​ថា លោក​មិន​យល់ស្រប​ចំពោះ​មូលហេតុ​នេះ​ទេ ហើយ​លោក​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ឱ្យ​ប្រគល់​សម្ភារៈ​ទាំងអស់​នោះ​ម្ដង​ទៀត​នៅ​ពេល​ខាង​មុខ​នេះ។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២១​នេះ លោក​មេធាវី​ក៏បាន​ទៅ​ជួប​កូន​ក្តី​ទាំងពីរ​របស់​លោក​នៅ​ពន្ធនាគារ ដើម្បី​ជម្រាប​ជូន​ព័ត៌មាន​ទាំងនេះ ព្រមទាំង​សួរសុខទុក្ខ​កូន​ក្តី​លោក​ផង​ដែរ។ លោក​ឱ្យ​ដឹង​បន្ត​ថា សុខភាព​លោក អ៊ួន ឈិន នៅ​តែ​មាន​បញ្ហា​ឈឺ​ភ្នែក និង​ផ្ដាសាយ ចំណែក​លោក យាង សុធារិន្ទ ក៏​មាន​បញ្ហា​ជំងឺ​ផ្ដាសាយ​បន្តិចបន្តួច​ដែរ។

អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ីសេរី ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពី​បទ​លួច​ផលិត ព័ត៌មាន​បញ្ជូន​មក​រដ្ឋធានី​វ៉ាស៊ីនតោន តាម​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ។ អ្នក​ទាំងពីរ​អាច​ប្រឈមមុខ​ជាប់ពន្ធនាគារ​ពី ៧ ទៅ ១៥​ឆ្នាំ។ អ្នក​ច្បាប់​ជាតិ និង​អង្គការ​អន្តរជាតិ​អះអាង​ថា ការ​ចោទ​ប្រកាន់​លើ​អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ីសេរី ជា​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន និង​អយុត្តិធម៌។ មក​ទល់​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​ធ្នូ​នេះ ចូល​ថ្ងៃ​ទី​៣៨​ហើយ ដែល​តុលាការ​បាន​ឃាត់ និង​ឃុំខ្លួន​អ្នក​ទាំងពីរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។