សាលាឧទ្ធរណ៍​បន្ត​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ជុំទី២​របស់​មេធាវី​លោក កឹម សុខា

ដោយ អាស៊ីសេរី
2018.06.05
កឹម សុខា ៦២២ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ​ត្រូវ​បាន​នាំ​យក​មក​សាលាឧទ្ធរណ៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨។
Photo from Facebook

តុលាការ​ជាន់​ខ្ពស់​ក្នុង​របប​ក្រុងភ្នំពេញ បាន​បន្ត​បដិសេធ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ ជុំទី២ របស់​មេធាវី​ការពារ​ក្ដី លោក កឹម សុខា។ ក្រុម​ចៅ​ក្រម​នៃ​សភា​ស៊ើប​សួរ​សាលាឧទ្ធរណ៍ បាន​​សំអាង​​ហេតុ​ផល​ដដែល គឺ​មិន​អាច​ដោះ​លែង​លោក កឹម សុខា ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​បាន ដោយសារ​បទ​ល្មើស​ជា​ប្រភេទ​បទ​ល្មើស​ធ្ងន់ធ្ងរ នាំ​ឲ្យ​អន្តរាយ​ដល់​ជាតិ​ខ្លាំង។ មេធាវី មិន​​យល់​​ស្រប​​នឹង​​ការ​​លើក​​ឡើង​​របស់​​ចៅក្រម​​ទេ។

មេធាវី​ការពារ​ក្ដី លោ​ក កឹម សុខា គឺ​អ្នកស្រី​មេធាវី ម៉េង សុភារី ឲ្យ​សារព័ត៌មាន​ដឹង​នៅ​ក្រោយ​សវនាការ​សាលាឧទ្ធរណ៍​ថា ចៅក្រម​បាន​ប្រើប្រាស់​ហេតុផល​ជាច្រើន​ដែល​អ្នកស្រី​មិន​​យល់​​ស្រប ដើម្បី​បន្ត​ឃុំ​ខ្លួន លោក កឹម សុខា៖ «មូលហេតុ​ដែល​មិន​អនុញ្ញាត​ឲ្យ​គាត់​នៅ​ក្រៅ​ឃុំ គឺ​ដោយសារ​ថា​បទ​ត្រូវ​ចោទ​ទី១ តំណាង​អយ្យការ ដែល​ចោទ​ប្រកាន់​មក​គឺ​បទល្មើស​សន្ទិដ្ឋភាព​ជាមួយ​បរទេស ហើយ​បទ​ល្មើស​នេះ គឺ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ស៊ើបសួរ​ទី២ ដោយសារ​ការ​ស្នើសុំ អត់​មាន​ភស្តុតាង​គ្រប់គ្រាន់ ទី៣ ការ​បញ្ចប់​បទ​ល្មើស​កុំ​ឲ្យ​កើត​មាន​ឡើង​សា​ជា​ថ្មី ទី៤ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ​កុំ​ឲ្យ​មាន​ភាព​ច្របូកច្របល់។ ទី៥ ជៀសវាង​​ការ​ត្រូវរ៉ូវ​គ្នា​រវាង​ជន​ត្រូវ​ចោទ សាក្សី អ្នក​​សារព័ត៌មាន​។ ចំណែក​ឯ​​ទី៦ គឺ​​ដើម្បី​រក្សា​ជន​ត្រូវ​ចោទ​ចាត់​តាម​នីតិវិធី​របស់​តុលាការ»

ក្នុងសវនាការ​សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី៥ មិថុនា ចៅក្រម​មិន​បាន​អនុញ្ញាត​ឲ្យ​លោក កឹម សុខា ​មាន​វត្តមាន​ក្នុង​សវនាការ​ទេ។ អ្នកស្រី ម៉េង សុភារី ថា មេធាវី​មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​របស់​ចៅ​ក្រម​សាលាឧទ្ធរណ៍​ទេ ដោយ​យល់​ថា ចៅក្រម​បាន​រឹត​ត្បិត​លោក កឹម សុខា ខ្លាំង​ពេក និង​ហាក់​បាន​​ចាត់​ទុក​កូន​ក្ដី​អ្នកស្រី​ថា មាន​ទោស ទាំង​មិន​ទាន់​មាន​សាលក្រម​ស្ថាពរ​ណា​មួយ ក្នុង​ផ្លូវ​ច្បាប់​បញ្ជាក់​ថា លោក កឹម សុខា មាន​ទោស​ដូច​ការ​ចោទ​ប្រកាន់​របស់​របប​ក្រុង​ភ្នំពេញ។

លោក កឹម សុខា ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​អោយ​ចាប់​ខ្លួន ទាំង​កណ្ដាល​យប់​នៅ​ក្នុង​ផ្ទះ​របស់​លោក ដែល​រហូត​មក​ដល់​ពេល​នេះ​ជិត ១ឆ្នាំ​ហើយ។ គិត​ត្រឹម​ថ្ងៃ​ទី៥ មិថុនា គឺ​មាន​រយៈពេល២៧៦ថ្ងៃ។

មេធាវីការពារក្ដីឲ្យ លោក កឹម សុខា ធ្លាប់​ឲ្យ​ដឹង​ថា រាល់​សវនាការ​កន្លង​មក ចៅក្រម​ក្នុង​របប​ក្រុង​ភ្នំ​ពេញ មិន​មាន​ឃើញ​ភស្តុតាង​ចោទ​ប្រកាន់​អ្វី ក្រៅ​ពី​វីដេអូ​ឃ្លីប ដែល​អាជ្ញាធរ​លើក​សំអាង​ជា​ភស្តុតាង​មិន​មាន​ទម្ងន់​នោះ​ទេ។ ដូច្នេះ​មេធាវី​ទាមទារ​ឲ្យ​ដោះ​លែង​កូន​ក្ដី​ឲ្យ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ បើ​ទោះ​ជា​រក​មិន​ឃើញ​ភស្តុតាង​អ្វី​មក​បញ្ជាក់​មែន ក៏​ចៅក្រម​​ស៊ើប​សួរ​​នៃ​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក គី ឫទ្ធី ថ្មីៗ នេះ បាន​ចេញ​ដីកា​កោះហៅ​​មនុស្ស​​ចំនួន ១០នាក់ យ៉ាង​​តិច​​ឲ្យ​ចូល​​ខ្លួន​​ធ្វើ​ជា​​សាក្សី។

សាក្សី​ទាំង​នោះ មាន​ទាំង​មនុស្ស​របស់​គណបក្ស​កាន់​អំណាច អ្នកនយោបាយ សង្គម​ស៊ីវិល សកម្ម​ជន​គណបក្ស​ប្រឆាំង​ជា​ដើម។ អ្នក​ខ្លះ​បញ្ជាក់​ជំហរ​ថា នឹង​ចូលខ្លួន​បំភ្លឺ​តាម​ដីកា​កោះ​​ ខណៈ​អ្នក​ខ្លះ​ទៀត ប្រកាស​មិន​ចូល​ខ្លួន និង​បាន​ហៅ​ដី​កា​កោះ​នោះ ជា​ដីកា​ឡប់ឡែ ធ្វើ​ឡើង​តាម​បង្គាប់​របស់​អ្នក​នយោបាយ​មាន​អំណាច។

អ្នកស្រី​មេធាវី ម៉េង សុភារី បាន​ធានា​ថា លោក កឹម សុខា ជា​មនុស្ស​ដែល​មាន​ការ​សហការ​ល្អ ជា​មួយ​តុលាការ​របប​ក្រុងភ្នំពេញ។ ដូច្នេះ ប្រសិន​បើ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន លោក កឹម សុខា នឹង​អនុវត្ត​តាម​ទាំង​អស់​នូវ​នីតិវិធី ដែល​តុលាការ​កំណត់ ដើម្បី​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ ម្យ៉ាង​មេធាវី ថា ដើម្បី​ទុក​ឱកាស​ឲ្យ​លោក កឹម សុខា បាន​ព្យាបាល​ជំងឺ​ផ្ទាល់​ខ្លួន៖ «ទទូច​ហើយៗ ទទូច​ទៀត​ថា ត្រូវ​ធ្វើ​យ៉ាង​ណា​អោយ​តុលាការ​ដោះលែង​គាត់​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​គ្រាន់​តែ​ការ​នៅ​ក្រៅ​ឃុំ​វា​មាន​លក្ខណៈ​សេរី​ជាង​នៅ​ក្នុង​​មន្ទីរ​​ឃុំឃាំង។ បើ​ខ្លាច​គាត់​បំពាន​ដាក់​គាត់​តាម​ច្បាប់ ដែល​មាន​ចែង​អំពី​សិទ្ធិ​ទៅ ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ទៅ បើ​សិន​គាត់​បំពាន​លើ​ចំណុច​ណា តុលាការ​យក​គាត់​ទៅ​វិញ​ទៅ»

យ៉ាង​ណា​ក្ដី មេធាវី​ឲ្យ​ដឹង​ថា នឹង​ធ្វើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ជុំទី២ បន្ត​ទៀត ដាក់​ទៅ​តុលាការ​កំពូល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។