នគរបាល​និង​អាជ្ញាធរ​ខណ្ឌ​ខ្លះ​នៅ​ភ្នំពេញ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ថ្មី

ដោយ ខែ សុណង
2016.01.01
ច្បាប់​ចរាចរណ៍ ៨៥៥ នគរបាល​ចរាចរណ៍ ព្រះសង្ឃ និង​អាជ្ញាធរ​ហែ​ក្បួន​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦។
RFA/Khe Sonorng

អាជ្ញាធរ​ខណ្ឌ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ បាន​នាំ​គ្នា​ធ្វើ​យុទ្ធនាការ​ហែ​ក្បួន​ផ្សព្វផ្សាយ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី ដោយ​អប់រំ​ឲ្យ​ពលរដ្ឋ​មាន​ការ​យល់​ដឹង​ពី​ច្បាប់​នេះ នឹង​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​ស្រលាញ់​អាយុ​ជីវិត​ខ្លួន​ឯង និង​អ្នក​ដទៃ តាម​រយៈ​ការ​អនុវត្ត​ច្បាប់។ យុទ្ធនាការ​នេះ ធ្វើ​ឡើង​នៅ​ចំ​ថ្ងៃ​ដែល​រដ្ឋាភិបាល​ប្រកាស​យក​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦ ជា​ថ្ងៃ​រឹត​បន្តឹង​ការ​ផាក​ពិន័យ និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី។

មន្ត្រី​ខណ្ឌ​សែនសុខ យុវជន​កាយរឹទ្ធិ កាកបាទ​ក្រហម និង​ប្រជាពលរដ្ឋ បាន​ដើរ​ក្បួន​នៅ​លើ​តាម​ផ្លូវ​ហាណូយ ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី។

នាយក​រដ្ឋបាល​ខណ្ឌ​សែនសុខ លោក ឡាយ ឧត្ដម មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១ ខែ​មករា ថា នេះ​ជា​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ដោយ​ជំរុញ​ឲ្យ​គ្រប់គ្នា​ត្រូវ​តែ​គោរព​ច្បាប់​ចរាចរណ៍ និង​ស្រលាញ់​អាយុ​ជីវិត​ខ្លួន​ឯង​និង​អ្នក​ដទៃ។

លោក​ថា យុទ្ធនាការ​បែប​នេះ​នឹង​បន្ត​ធ្វើ​ទៀត៖ «កន្លង​មក​ក៏​យើង​ផ្សព្វផ្សាយ​ដែរ ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០១៦ នេះ​ជា​លើក​ទី​១​ហើយ ជា​ទ្រង់ទ្រាយ​ធំ។ យើង​ក៏​ចែក​ជា​សៀវភៅ​ឲ្យ​គាត់​យក​ទៅ​មើល​ដែរ យើង​ផ្សព្វផ្សាយ​តាម​មេក្រូ​ផង ចែក​ជា​សៀវភៅ​តូចៗ ឲ្យ​គាត់​យក​ទៅ​អង្គុយ​អាន ឲ្យ​គាត់​យក​ទៅ​ពន្យល់​គ្នា​គាត់​បន្ត​ទៀត ហើយ​គាត់​លក់ដូរ​អ៊ីចឹង គាត់​យក​មក​ពិភាក្សា​គ្នា​ទៅ​វា​ងាយ​យល់​ជាង។ សៀវភៅ​នេះ​យើង​សង្ខេប»

ក្រៅ​អំពី​ការ​ហែ​ក្បួន​ស្រែក​ផ្សព្វផ្សាយ​បាន​ឧបករណ៍​បំពង​សំឡេង ពួកគេ​បាន​លើក​បដា​ពាក្យ​ស្លោក​ដែល​សរសេរ​ថា "គោរព​ច្បាប់​ចរាចរណ៍​គឺ​គោរព​អាយុ​ជីវិត​ខ្លួន​ឯង​និង​អ្នក​ដទៃ" "ពិសា​គ្រឿង​ស្រវឹង​ប្រឈម​នឹង​ការ​ផាក​ពិន័យ"។ ទន្ទឹម​នឹង​គ្នា​នេះ ពួកគេ​បាន​ចែក​សៀវភៅ​តូច​ស្ដើង​ដែល​សរសេរ​សង្ខេប​ពី​ទោស​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក​ និង​អនុក្រឹត្យ​ស្ដីពី​ការ​ពិន័យ​អន្តរការណ៍។

ពលរដ្ឋ​ជា​អ្នក​ប្រកបរបរ​នៅ​តាម​ដង​ផ្លូវ​ហាណូយ ក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ដែល​បាន​ឃើញ​ការ​ផ្សព្វផ្សាយ​នេះ បាន​គាំទ្រ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​បន្ថែម៖ «គាត់​ធ្វើ​អ៊ីចឹង​ទៅ​វា​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន ឲ្យ​មាន​ការ​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍​ច្រើន។ អ្នក​ខ្លះ​ឃើញ​ភ្លើង​ស្ដុប​គេ​អត់​ឈប់​ទេ។ បើ​សិន​ជា​គេ​រឹត​បន្តឹង ​គេ​អត់​ហ៊ាន​ទេ។ ខ្ញុំ​គិត​ថា ច្បាប់​នេះ​ល្អ។ ការពារ​អាយុ​ជីវិត​របស់​យើង។ ចូល​រួម​អនុវត្ត​ទាំង​អស់​គ្នា​ទៅ​វា​ក៏​ល្អ​ដែរ»

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា ស្ទើរ​តែ​គ្រប់​ខណ្ឌ​ទាំង​១២ ក្នុង​រាជធានី បាន​ស្នើ​សុំ​ការ​ហែ​ក្បួន​ផ្សព្វផ្សាយ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី។

គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា អគ្គស្នងការ​រង​នគរបាល​ជាតិ លោក​ឧត្ដមសេនីយ៍ឯក ហ៊ឹម យ៉ាន បាន​ដឹក​នាំ​កង​កម្លាំង​នគរបាល​ចរាចរណ៍​មួយ​ក្រុម ចុះ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នៅ​ផ្លូវ​ជាតិ​លេខ​១ ស្ថិត​ក្នុង​សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។ លោក​ថា ការ​ផ្សព្វផ្សាយ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នេះ សមត្ថកិច្ច​នឹង​បន្ត​ធ្វើ​ទាំង​យប់ ទាំង​ថ្ងៃ ដើម្បី​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ។

លោក​បញ្ជាក់​ថា ករណី​ល្មើស​ភាគ​ច្រើន គឺ​ម៉ូតូ​ដែល​អ្នក​រួម​ដំណើរ​មិន​បាន​ពាក់មួក​សុវត្ថិភាព តាម​អនុក្រឹត្យ​លេខ​៨៥ គឺ​ត្រូវ​ពិន័យ​ចំនួន ១៥.០០០​រៀល​ក្នុង​ម្នាក់ ហើយ​ការ​ផាក​ពិន័យ​នេះ មិន​ត្រូវ​បង់​ប្រាក់​នៅ​នឹង​កន្លែង​ផ្ទាល់​នោះ​ទេ គឺ​សមត្ថកិច្ច​គ្រាន់​តែ​ចេញ​ប័ណ្ណ​ផាក​ពិន័យ ហើយ​ត្រូវ​បង់​នៅ​ទីកន្លែង​មួយ​ដែល​សមត្ថកិច្ច​បាន​កំណត់។ រី​ឯ​ការ​មិន​បង់​ប្រាក់​ផាក​ពិន័យ​លើស​ពី ៣០​ថ្ងៃ នឹង​ត្រូវ​គុណ​ប្រាក់​ផាក​ពិន័យ​នឹង​ពីរ បើ​លើស​ពី ៦០​ថ្ងៃ ត្រូវ​គុណ​នឹង​បី ហើយ​ក្នុង​ករណី​លើស​ពី ៩០​ថ្ងៃ សមត្ថកិច្ច​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ឲ្យ​ចាត់ការ​បន្ត​តាម​នីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។