ស្ត្រី​ម្នាក់​រង​របួស​ខណៈ​សមត្ថកិច្ច​រារាំង​អ្នក​មាន​ជម្លោះ​ដីធ្លី​ដាក់​ញត្តិ​​ជូន​សាលាក្រុង​ភ្នំពេញ

ដោយ អ៊ុំ រង្សី
2016.05.31
ស្ត្រី​សហគមន៍​បុរី​កីឡា ​ដែល​រង​របួស​ ៨៥៥ ស្ត្រី​សហគមន៍​បុរី​កីឡា​ដែល​រង​របួស​ស្រាល នៅ​ពេល​កង​កម្លាំង​សន្តិសុខ​ខណ្ឌ​៧មករា និង​កង​នគរបាល​រាជធានី​ភ្នំពេញ រារាំង​នៅ​ខាង​មុខ​សហគមន៍​បុរីកីឡា នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Phann Yasy
RFA/Phann Yasy

ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ មក​ពី​សហគមន៍​បុរីកីឡា និង​ភ្នំ​បាត ជាង ១០​នាក់ បរាជ័យ​ក្នុង​ការ​យក​ញត្តិ​ជូន​សាលា​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា។ បរាជ័យ​របស់​ក្រុម​ពលរដ្ឋ​នេះ ដោយសារ​តែ​កង​កម្លាំង​សន្តិសុខ​ខណ្ឌ​៧មករា និង​កង​នគរបាល​រាជធានី​ភ្នំពេញ រារាំង​ពួក​គាត់​នៅ​ខាង​មុខ​សហគមន៍​បុរីកីឡា។

កង​កម្លាំង​សន្តិសុខ​ខណ្ឌ​៧មករា និង​កង​នគរបាល​រាជធានី​ភ្នំពេញ ប្រមាណ​ជាង ៣០​នាក់ បាន​រារាំង​ក្រុម​ពលរដ្ឋ​នៅ​ខាង​មុខ​សហគមន៍​បុរីកីឡា ដោយ​មាន​ការ​រុញ​ច្រាន​គ្នា​ដណ្ដើម​យក​ឧបករណ៍ មាន​ទង់ជាតិ បដា ក្បាល​មេក្រូ​ទៅ​វិញ​ទៅ​មក បាន​បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​មក​ពី​សហគមន៍​បុរីកីឡា​រង​របួស​ស្រាល។

«សំឡេង​រុញ​ច្រាន​រវាង​អាជ្ញាធរ និង​ពលរដ្ឋ»

តំណាង​សហគមន៍​បុរីកីឡា លោកស្រី ឆាយ គឹមហ៊ន សោកស្ដាយ​ដែល​ក្រុម​អាជ្ញាធរ​រារាំង​ពួក​គាត់ មិន​ឲ្យ​ដាក់​ញត្តិ​ជូន​សាលា​ក្រុង​ភ្នំពេញ ព្រោះ​គោល​បំណង​របស់​ពលរដ្ឋ​នៅ​ក្នុង​ញត្តិ​នោះ គឺ​ចង់​ស្នើ​ឲ្យ​រដ្ឋាភិបាល ពិសេស​សាលា​ក្រុង ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​ជូន​ពលរដ្ឋ ១៧​គ្រួសារ​ក្នុង​ចំណោម ១៥៧​គ្រួសារ​ក្នុង​សហគមន៍​បុរីកីឡា​ដែល​នៅ​សេសសល់​ប៉ុណ្ណោះ៖ «យើង​អត់​មាន​ធ្វើ​ទាមទារ​ពាក់​អាវ​ខ្មៅ​ក្នុង​រឿង​នយោបាយ​អី​ទេ តែ​ផ្ទុយ​ទៅ​វិញ អាជ្ញាធរ​បុរីកីឡា បែរ​ជា​ថា​ពលរដ្ឋ​តវ៉ា​នេះ​ជា​រឿង​នយោបាយ​ទៅ​វិញ។ ពួក​ខ្ញុំ​សោកស្ដាយ»

ទន្ទឹម​គ្នា​នេះ អតីត​អ្នក​បុរីកីឡា​ដែល​ត្រូវ​អាជ្ញាធរ​បណ្ដេញ​ចេញ​ឲ្យ​ទៅ​រស់នៅ​តំបន់​ភ្នំ​បាត លោកស្រី គឹម សារ៉ាន់ ឲ្យ​ដឹង​ថា មូលហេតុ​ពលរដ្ឋ​ធ្វើ​សន្និសីទ​កាសែត និង​ចង់​ដាក់​ញត្តិ​ទៅ​សាលា​ក្រុង​នៅ​ពេល​នេះ គឺ​ចង់​ឲ្យ​សាលា​ក្រុង និង​ក្រុមហ៊ុន ផាន​អ៊ីម៉ិច (PhanImex) ដែល​បាន​ធ្វើ​ការ​អភិវឌ្ឍ​សហគមន៍​បុរីកីឡា ជួយ​ផ្លាស់ប្ដូរ​ការ​រស់នៅ​របស់​ពលរដ្ឋ​ពី​តំបន់​ភ្នំ​បាត មក​ភូមិ​អណ្ដូង រាជធានី​ភ្នំពេញ​វិញ និង​ផ្តល់​សំណង​សមរម្យ​ជូន​ពលរដ្ឋ​ទាំង ១៤០​គ្រួសារ៖ «ទី​មួយ រស់​ភ្នំ​បាត ជា​ប្រាក់​ដុល្លារ ១០.០០០​ដុល្លារ។ ទី​២ សុំ​សំណង ៥.០០០​ដុល្លារ និង​ផ្ទះ​នៅ​ភូមិ​អណ្ដូង ឲ្យ​ដូច​អ្នក​បុរីកីឡា ដែល​ពួក​គាត់​ទើប​តែ​ដោះស្រាយ​ឲ្យ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​ក្រុមហ៊ុន ផាន​អ៊ីម៉ិច អ្នកស្រី ស៊ុយ សុផាន និង​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា។

ចំណែក​ឯ​អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត បញ្ជាក់​ថា នេះ​ជា​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន ដែល​រដ្ឋាភិបាល​ត្រូវ​តែ​ដើរ​តួ​ជា​អ្នក​សម្របសម្រួល​ក្នុង​ការ​ដោះស្រាយ​ឲ្យ​ពលរដ្ឋ ព្រោះ​ទី​ជម្រក គឺ​ជា​បញ្ហា​ចម្បង។ លោក​ជំរុញ​ឲ្យ​គ្រប់​ភាគី ត្រូវ​តែ​មាន​ឆន្ទៈ​ពិភាក្សា​រក​ដំណោះស្រាយ ជា​ជាង​ការ​រារាំង​ដោយ​ប្រើ​ហិង្សា៖ «គួរ​តែ​ជួប​គ្នា​ទៅ ជជែក​គ្នា​រក​ដំណោះស្រាយ​ណា​មួយ​ទៅ ដែល​ឈាន​ទៅ​រក​ការ​ដោះស្រាយ​ល្អ​ប្រសើរ ព្រោះ​រាល់​ជម្លោះ​ណា​មួយ មាន​តែ​ការ​ពិភាក្សា​គ្នា​ទេ ទើប​អាច​ដោះស្រាយ​បាន»

ទោះ​បី​ជា​យ៉ាង​ណា​ក្ដី ក្រុម​អ្នក​ប៉ុនប៉ង​ដាក់​ញត្តិ ក្រោយ​មាន​ការ​រារាំង​ពី​កង​កម្លាំង​សន្តិសុខ ពួក​គេ​បន្ត​ស្រែក​តវ៉ា នាំ​គ្នា​កប់​ស្បោង​សំរាម ព្រម​ទាំង​សរសេរ​លើ​ជញ្ជាំង​អគារ​បុរីកីឡា ដើម្បី​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​អភិវឌ្ឍ​សហគមន៍​បុរីឡា។

ពលរដ្ឋ​សហគមន៍​បុរីកីឡា និង​ភ្នំ​បាត នៅ​តែ​ប្រកាន់​ជំហរ​បន្ត​តវ៉ា​ទាមទារ​រហូត​ទទួល​បាន​ដំណោះស្រាយ​សមរម្យ​ពី​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។