មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជូនសមាជិកប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្រុងប៉ោយប៉ែតម្នាក់ និងប្រជាពលរដ្ឋ៤នាក់ទៀតទៅតុលាការខេត្តនេះ រឿងពួកគេចុះចែកស្បៀងអាហារដល់ពលរដ្ឋក្រីក្រ។ មន្ត្រីសង្គមស៊ីវិលចាត់ទុកការចាប់ខ្លួនពលរដ្ឋ និងបុគ្គលិកអង្គការសង្គមស៊ីវិលបញ្ជូនទៅតុលាការនេះថា ជាអំពើខុសច្បាប់របស់អាជ្ញាធរ ដែលមកបន្ទច់បង្អាក់ហាមមិនឱ្យពលរដ្ឋធ្វើសកម្មភាពការងារមនុស្សធម៌។
សមាជិកប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ IDEA ប្រចាំនៅក្រុងប៉ោយប៉ែត លោក វន វ័ន្ត និងក្រុមការងារមនុស្សធម៌ ២នាក់ព្រមទាំងប្រជាពលរដ្ឋ ២នាក់ទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងពេលពួកគាត់ចុះចែកស្បៀងអាហារដល់ពលរដ្ឋ ២គ្រួសារនៅឃុំទួលពង្រស្រុកម៉ាឡៃ កាលពីថ្ងៃទី៣០ ឧសភា។ មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនពលរដ្ឋទាំង ៥នាក់ទៅសាកសួរនៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១ មិថុនា ក្រោយពេលឃុំខ្លួនពួកគេនៅទីបញ្ជាការប៉េអឹម ខេត្តអស់រយៈពេល ២យប់។ រហូតមកដល់ម៉ោង ៥រសៀលថ្ងៃដដែល អាជ្ញាធរមិនទាន់ដោះលែងពួកគាត់នៅឡើយទេ។
លោក វន វ័ន្ត ធ្លាប់ជាតំណាងសហគមន៍ដីធ្លីផ្លូវរថភ្លើងនៅសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត។ កន្លងមកលោកបានដឹកនាំប្រជាពលរដ្ឋតវ៉ាទាមទារឱ្យអាជ្ញាធរក្រុងប៉ោយប៉ែតដោះស្រាយទំនាស់ដីធ្លីរបស់ពួកគាត់ជាង ១០០លើករួចមកហើយ ប៉ុន្តែរហូតមកដល់ពេលនេះពុំមានដំណោះស្រាយនោះទេ។
ប្រពន្ធរបស់ជនជាប់ឃុំលោក វន វ័ន្ត គឺលោកស្រី ស៊ុំ សុធី ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី១ មិថុនាថា សមត្ថកិច្ចចាប់ប្ដីរបស់គាត់យកទៅឃុំខ្លួនដោយអយុត្តិធម៌ ព្រោះលោកស្រីថា ប្ដីគាត់មិនបានប្រព្រឹត្តខុសច្បាប់អ្វីឡើយ។ ស្ត្រីវ័យ ៣៦ឆ្នាំរូបនេះ បញ្ជាក់ថា ប្ដីរបស់គាត់គ្រាន់តែយកអង្ករ ប្រេងឆា ទឹកត្រី និងទឹកស៊ីអ៊ីវមួយចំនួន ដែលជាជំនួយរបស់សប្បុរសជនចុះចែកដល់ជូនប្រជាពលរដ្ឋក្រីក្រនៅទីជនបទដាច់ស្រយាលនៅឃុំទួលពង្រប៉ុណ្ណោះ៖ «ចោទហ្នឹងខ្ញុំឮហើយខ្ញុំហួសចិត្ត ខ្ញុំថា គាត់មិនមានពាក់ព័ន្ធទេហេតុអីបញ្ជូនខ្លួនគាត់ទៅ។ សុំឱ្យតុលាការទម្លាក់បទចោទប្រកាន់ប្ដីចោលទៅ ព្រោះអីគាត់ មិនបានពាក់ព័ន្ធនឹងរឿងនឹងទេ។ គាត់ទៅនេះទៅក្នុងនាមយកអំណោយចែកឱ្យប្រជាពលរដ្ឋនៅហ្នឹង ហូបតាមដែលគាត់សុំស្បៀងអាហារហូបចុកហ្នឹង ព្រោះអីពួកគាត់សុំស្បៀងអាហារ ហូបដោយសារពួកគាត់រកមិនបានបណ្ដាលមកពីការរាលដាលជំងឺកូវីដ » ។
អាស៊ីសេរីមិនអាចទាក់ទងមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក បោន ប៊ិន និង អ្នកនាំពាក្យសាលាដំបូងខេត្តលោក រឿន លីណា ដើម្បីសុំអត្ថាធិប្បាយជុំវិញការចាប់ខ្លួនពលរដ្ឋនេះបានទេ នៅថ្ងៃទី១ មិថុនា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ប៉ុន្តែ ប្រពន្ធជនជាប់ឃុំ លោកស្រី ស៊ុំ សុធី ប្រាប់ថា ការចាប់ខ្លួននេះ ដោយអាជ្ញាធរបានចោទប្រកាន់អ្នកទាំង ៥នាក់ថា នាំគ្នាទន្ទ្រានដីព្រៃដោយខុសច្បាប់ ប៉ុន្តែត្រូវបានលោកស្រីបដិសេធ។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការចាប់ខ្លួននេះជារឿងមិនត្រឹមត្រូវឡើយ ហើយបានរំលោភលើសិទ្ធសេរីភាពរបស់ពលរដ្ឋក្នុងពេលចុះផ្ដល់ជំនួយសប្បុរសធម៌ដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត។ លោកចាត់ទុកទង្វើរបស់សមត្ថកិច្ចនេះថា ជាការបន្ទច់បង្អាក់សកម្មភាពរបស់ពលរដ្ឋមិនឱ្យចូលរួមក្នុងការងារមនុស្សធម៌៖ «ហើយវាជាការរំលោភសិទ្ធិរបស់ពួកគាត់ដែរ ពីព្រោះច្បាប់បានចែងថា រាល់ការចាប់ខ្លួនចោទប្រកាន់ណាមួយវាទាល់តែអ្នកហ្នឹងបានប្រព្រឹត្តបទល្មើសច្បាប់ណាមួយ។ ក៏ប៉ុន្តែ ក្នុងករណីនេះយើងមើលឃើញហាក់បីដូចវាមិនសមសោះ ក្នុងការចាត់វិធានការទៅលើរូបគាត់នោះ » ។
ថ្មីៗ នេះ លោក វន វ័ន្ត ត្រូវបានប៉ូលិសអធិការនគរបាលក្រុងបង្ខំឱ្យគាត់ធ្វើកិច្ចសន្យាបញ្ឈប់ធ្វើសកម្មភាពមនុស្សធម៌ម្ដងរួចមកហើយ ពាក់ព័ន្ធនឹងរឿងលោកចុះស្រង់ឈ្មោះប្រជាពលរដ្ឋក្រីក្រ ដើម្បីផ្ញើទៅម្ចាស់ជំនួយផ្ដល់ស្បៀងអាហារ។
ទាក់ទងនឹងការរឹតត្បិតសកម្មភាពមនុស្សធម៌ជួយដល់ពលរដ្ឋដែលកំពុងខ្វះខាតស្បៀងអាហារនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) និងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញសេចក្តីថ្លែងការណ៍ រិះគន់របបលោក ហ៊ុន សែន ជាបន្តបន្ទាប់។ អង្គការទាំងនេះមើលឃើញថា របបលោក ហ៊ុន សែន ខកខានមិនបានបំពេញតាមកាតព្វកិច្ចរបស់ខ្លួនក្នុងការការពារសហគមន៍ក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលបិទខ្ទប់នោះឡើយ។ អង្គការទាំងពីរនេះបន្តថា អ្វីដែលគួរឱ្យសោកស្ដាយ និងខកចិត្តបំផុតនោះ គឺអាជ្ញាធរនៅកន្លែងខ្លះបានរារាំងមិនឱ្យមានការចែកស្បៀង ឬបង្កឧបសគ្គដល់ការចែកស្បៀងទាំងនោះ ទោះជាពលរដ្ឋត្រូវការជំនួយជាបន្ទាន់យ៉ាងណាក្តី។ ពួកគេទាមទារឱ្យអាជ្ញាធរអនុញ្ញាតឱ្យអង្គការជាតិ និងអន្តរជាតិ ព្រមទាំងក្រុមអ្នកផ្តល់ជំនួយ ទទួលបានសិទ្ធិពេញលេញជួយពលរដ្ឋ ដែលកំពុងស្រេកឃ្លានស្បៀងអាហារ សេវាថែទាំសុខភាព និងតម្រូវការចាំបាច់ផ្សេងៗ ទៀត ដើម្បីការរស់រានមានជីវិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។