អ្នក​សហគមន៍​មាន​បញ្ហា​ដីធ្លី​​នឹង​ជួបជុំ​ទាមទារ​ដោះ​លែង អ្នកស្រី ទេព វន្នី ដែល​ជាប់​ឃុំ​ទាំង​អយុត្តិធម៌​ ២​ឆ្នាំ​ហើយ


2018.08.10
តវ៉ា​ដោះលែង អ្នកស្រី ទេព វន្នី ២០១៦ ៨៥៥ សកម្មជន​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ​កាន់​បដា​តវ៉ា នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នកស្រី ទេព វន្នី នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Rann Samnang
RFA/Rann Samnang

អ្នក​សហគមន៍​ដែល​មាន​បញ្ហា​ដីធ្លី​គ្រោង​នឹងជួប​ប្រជុំ​គ្នា​នៅ​ផ្ទះ​អ្នកស្រី ទេព វន្នី ក្នុង​តំបន់​បឹងកក់ ​ដើម្បី​ប្រារព្ធ​ខួប​ ២​ឆ្នាំ​នៃ​ការ​ជាប់​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌​របស់​អ្នកស្រី​ នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា​ខាង​មុខ។

ក្រុម​គ្រួសារ​អ្នកស្រី ទេព វន្នី និង​មិត្តភក្តិ​ទាំង​ក្នុង និងក្រៅ​សហគមន៍​បឹង​កក់ ដែល​ធ្លាប់​ចូលរួម​សកម្មភាព​នានា​ការពារសិទ្ធិ​ដី​ធ្លី​ជាមួយ​អ្នកស្រី​សរុប​ជាង​ ១០០​នាក់​នឹង​ចូល​រួម​ការ​ជួប​ប្រជុំ ដើម្បី​​សម្ដែង​ក្ដី​នឹក​រលឹក និង​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នកស្រី។

ពីរដ្ឋធានី វ៉ាស៊ីនតុន អ្នកស្រី សុជីវី រាយការណ៍​សមាន​ចិត្ត​នឹក​រលឹក​អ្នកស្រី ទេព វន្នី​ របស់​ពលរដ្ឋ​ក្នុង​សហគមន៍​ដូច​តទៅ៖ «»

ក្នុង​វ័យ​ជាង​៦០​ប្លាយ អ្នក​ស្រី សៀ សុផល ដែល​ពុំ​មាន​ធ្មេញ​ក្នុង​មាត់​ផង​នោះ​​បាន​ស្រែក​ច្រៀង​ពី​ទឹក​ចិត្ត​របស់​អ្នកស្រី​ដែល​មាន​ចំពោះ​អ្នកស្រី ទេព វន្នី ដែលកំពុង​ជាប់​ឃុំ។ អ្នក​សហគមន៍​បឹងកក់​បាន​អង្គុយ​ចោម​លោកស្រី សៀ សុផល ដើម្បី​លើក​ទឹកចិត្ត៖ «»

ចម្រៀង​គោក​គ្មាន​ភ្លេង​របស់​អ្នកស្រី សៀ សុផល មិន​មែន​ជា​រឿង​ចៃដន្យ​តាម​តែ​ចិត្ត​នឹក​ឃើញ​ទេ គឺ​ជា​ផ្នែក​មួយ​នៃ​សកម្ម​ភាព​តស៊ូ​មតិ ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ស្រី ទេព វន្នី នៅ​មុន​ខួប​ ២​ឆ្នាំ​នៃ​ការ​ជាប់​ពន្ធនាគារ​ចូល​មក​ដល់។

ទេព វន្នី មាន​វ័យ​ ៣៨​ឆ្នាំ​ជា​ម្ដាយ ដែល​មាន​កូន​ប្រុសស្រី​ ២​នាក់ ត្រូវ​តុលាការ​នៃ​របប លោក ហ៊ុន សែន ចាប់​ដាក់​ពន្ធនាគារ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ២០១៦។ កាលពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧ តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស អ្នកស្រី ទេព វន្នី ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ​កន្លះ និង​ពិន័យ​ប្រាក់​បង់​ចូល​រដ្ឋ​ចំនួន ​៥​លាន​រៀល ព្រមទាំង​សង​ជំងឺ​ចិត្ត​សន្តិសុខ​ពីរ​នាក់​ជាដើម​បណ្ដឹង​ចំនួន​ ៩​លាន​រៀល​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ​លើ​សន្តិសុខ​សណ្ដាប់​ធ្នាប់​សាលា​ខណ្ឌ​ដូនពេញ ដែល​អាជ្ញាធរ​ចោទ​ថា បាន​ប្រព្រឹត្ត​នៅ​ក្បែរ​ផ្ទះ​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៣។ តុលាការ​គ្រប់​ជាន់​ថ្នាក់​បាន​រក្សា​សេចក្ដី​សម្រេច​នោះ​ដោយ​ពុំ​មាន​កែប្រែ​អ្វី​ឡើយ​រហូត​ដល់​សាលក្រម​ចូល​ជា​ស្ថាពរ។ ទាំង​ពលរដ្ឋ​នៅ​សហគមន៍​បឹង​កក់ ទាំង​ក្រុម​គ្រួសារ​របស់​អ្នកស្រី ទេព វន្នី បាន​ដាក់​ញត្តិ​ជា​ច្រើន​លើក​ច្រើន​សា​ទៅ​ស្ថាប័ន​នានា​ ទាំង​ជាតិ និង​អន្តរជាតិ បំណង​ស្វែង​រក​អន្តរាគមន៍​ដោះ​លែង ឬ​លើក​លែង ​បន្ធូរ​បន្ថយ​ទោស​ដល់​អ្នកស្រី។ ប៉ុន្តែ​ពួក​គេ​ពុំ​ទទួល​បាន​លទ្ធផល​ជា​ដុំ​កំភួន​អ្វី​ពី​ដំណើរ​ស្វែង​រក​អន្តរាគមន៍​នោះ​នៅ​ឡើយ។

ចំពោះ​អ្នកស្រី ទេព វន្នី ជីវិត​ក្នុង​ពន្ធនាគារ​ត្រូវ​បាន​ក្រុម​គ្រួសារ​អះអាង​ថា​ មាន​ការលំបាក​មួយ​ចំនួន ហើយ​បញ្ហា​ចម្បង ​គឺ​បញ្ហា​ផ្លូវ​ចិត្ត និង​ការ​ព្រួយ​បារម្ភ​ពី​កូនៗ​ នៅ​ខាង​ក្រៅ​ពុំ​មាន​ម្ដាយ​ថែទាំ។

បងស្រី​របស់​អ្នកស្រី ទេព វន្នី គឺ​លោកស្រី ហួត ច័ន្ទសុវណ្ណ រៀបរាប់​ថា ក្រោយ​ពី​អ្នកស្រី ទេព វន្នី ត្រូវ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ជិត​ពីរ​ឆ្នាំ​មក​នេះ អ្នកស្រី ទេព វន្នី និង​កូនៗ ​ទាំង​ពីរ​នាក់​របស់​គាត់​ជួប​ទុក្ខ​លំបាក​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត។ លោក​ស្រី​ថា ​មក​ដល់​ពេល​នេះ​គឺ​គួរ​តែ​មាន​ការ​ដោះ​លែង​ប្អូន​ស្រី​ហើយ​ ដ្បិត​នាង​ជាប់​ឃុំ​ទាំង​ពុំ​មាន​ទោស​កំហុស។

លោកស្រី​បន្ត​ថា ពេល​នេះ​អ្នកស្រី ទេព វន្នី កាន់​តែ​កណ្តោចកណ្ដែង​ នៅ​ពេល​ដែល​ពន្ធនាគារ​ហាម​ប្រាម​មិត្ត​ភក្តិ​មិន​ឲ្យ​ចូល​សួរ​សុខ​ទុក្ខ៖ «ទើប​តែ​បី​បួន​ខែ​នេះ គឺ​មួយ​រយៈ​នេះ មាន​បម្រាម​ហ្នឹង។ កាល​មុន​មិត្តភក្តិ សហគមន៍​អី​អាច​ចូល​បាន តែ​ឥឡូវ​បាន​តែ​ក្រុម​គ្រួរសារ​​ បងប្អូន​បង្កើត ហើយ​មាន​ទាំង​បណ្ណ​គ្រួសារ មាន​ទាំង​អត្តសញ្ញាណបណ្ណ​ទៀត។ អារម្មណ៍​គ្នា (ទេព វន្នី) កាន់​តែ​ពុះ​កញ្រ្ជោល អារម្មរណ៍​ដូច​ពិបាក ហើយ​ចេះ​តែ​សួរ​ដំណឹង​ថា​ យ៉ាង​ម៉េច​ហើយ មាន​ឮ​ដំណឹង​អី​អត់?​ប្រសិន​បើ​យើង​និយា​ថា ​មាន​គេ​ជួយ​គិត​គូរ​អី​ គឺ​គ្នា​សប្បាយចិត្ត»

មិន​ខុសគ្នា​ពី​ក្រុម​គ្រួសារ​អ្នកស្រី ទេព វន្នី ទេ​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​បឹង​កក់ និង​អង្គការ​សង្គម​ស៊ីវិល​សង្ឃឹម​ថា អ្នកស្រី អាចនឹង​ត្រូវ​ដោះលែង​អោយ​មាន​សេរីភាព​នៅ​ក្រោយ​ការ​បោះ​ឆ្នោត ដែល​ទើប​តែ​កន្លង​ទៅ​ថ្មីៗ​ នេះ។

អ្នក​សហគមន៍​បឹង​កក់ លោក ចាន់ ពុទ្ធិស័ក្ត បញ្ជាក់​ថា ​នឹង​មាន​ការ​ជួប​ជុំ​គ្នា​មួយ​នៅ​ក្នុង​សហគមន៍​បឹងកក់​នៅ​ថ្ងៃ​ទី​១៥​ ខែសីហា ជា​ថ្ងៃ​ខួប ២ឆ្នាំ​ដែល​អ្នកស្រី ទេព វន្នី ទទួល​រង​នូវ​ភាព​អយុត្តិធម៌ ដើម្បី​រំលឹក​ពី​វីរភាព​របស់​អ្នកស្រី​ក្នុង​ការប្រឹងប្រែង​ការពារ​សិទ្ធិ​ដីធ្លី។ លោក​រំពឹង​ថា អ្នកស្រី ទេព វន្នី នឹង​អាច​ត្រូវ​បាន​ដោះ​លែង​ នៅ​ពេល​ដែល​ស្ថានភាព​នយោបាយ​មាន​ស្ថេរភាព​ឡើងវិញ៖ «សូម​អំពាវនាវ​ទៅ​ដល់​រដ្ឋាភិបាល​ឲ្យ​ដោះ​លែង​អ្នកស្រី​​ ទេព វន្នី មក​វិញ​មក ​ដើម្បី​ឲ្យ​គាត់​មាន​សេរីភាព មក​ជួប​ជុំ​គ្រួសារ​កូន​ចៅ​របស់​គាត់​ ព្រោះ​ថា ​អ្នកស្រី ​ទេព វន្នី គ្រាន់​តែ​ជា​ស្រ្តី​​ទន់​ខ្សោយ។ រាល់​ការ​ទាមទារ​របស់​គាត់​ គឺ​ដើម្បី​ទាមទារ​សេរីភាព ទាមទារ​យុត្តិធម៌ សិទ្ធិ​ដី​ធ្លី​របស់​គាត់ ​ដែល​ការ​អភិវឌ្ឍន៍​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គាត់ ធ្វើ​ឲ្យ​គាត់​មាន​ការ​តស៊ូ។ មួយ​វិញ​ទៀត ដើម្បី​បញ្ជាក់​ថា ប្រទេស​ដែល​កាន់​លិទ្ធិ​ប្រជាធិបតេយ្យ​​ប្រទេស ​ដែល​មាន​យុត្តិធម៌​គោរព​ច្បាប់ ទេព វន្នី​ គួរ​តែ​មិន​មាន​កំហុស ​គួរ​តែ​មាន​សេរីភាព»

ចំណែក​មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស ​អាដហុក ​(ADHOC) លោក សឹង សែនករុណា ថ្លែង​ថា សំណុំ​រឿង​របស់​អ្នកស្រី ទេព វន្នី គឺ​ជា​មុខ​មាត់​របស់​រដ្ឋាភិបាល​ ដ្បិត​ទាំង​អង្គការ​ជាតិ និង​អន្តរជាតិ​បន្ត​តាម​ឃ្លាំមើល​ជានិច្ច៖ «យើង​ដឹង​ហើយ​ថា មិន​មែន​តែ​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ។ រឿង​របស់​អ្នក​ស្រី វន្នី នេះ​ត្រូវ​បាន​​អង្គការជាតិ​អន្តរជាតិ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ ហើយ​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្ត​បន្ទាប់​​ឲ្យ​រដ្ឋាភិបាល​គិត​គូរ​ពីភាព​មិន​ត្រឹម​ត្រូវ​ ដែល​បាន​ចាត់​វិធានការ​ទៅ​លើ​អ្នកស្រី។ អ៊ីចឹង​ហើយ​បាន​មាន​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នកស្រី ព្រោះ​ការ​ចាត់​វិធានការ​បែប​នេះ​ វា​ហាក់​ដូច​ជា​មិន​មែន​ជា​វិធានការ​ផ្លូវច្បាប់ ដើម្បី​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​អ្វី​ទេ វា​ជា​ការ​ចាត់​វិធានការ​ទៅ​លើ​អ្នក​ណា​ម្នាក់​ ដែល​ស្ថាប័ន ឬ​ក៏​រដ្ឋាភិបាល​មិន​ពេញ​ចិត្ត​នឹង​បុគ្គល​នោះ គឺ​ចាត់​វិធានការ​ទៅ​លើ​ពួក​គេ​តែ​ម្ដង»

អ្នកស្រី ទេព វន្នី ជា​ជ័យលាភី​ពាន​រង្វាន់​ស្រ្តី​មេ​ដឹក​នាំ​ពិភព​លោក​ នៃ​អង្គការ វ៉ាយថល វ៉យស៍ (Vital Voices)​ កាល​ពី​ឆ្នាំ​២០១៣ ដោយសារ​ភាព​អង់អាច​ចូល​រួម​ការពារ​ការ​បំពាន​សិទ្ធិស្រ្តី ជា​ពិសេស​ គឺ​សិទ្ធិ​ដី​ធ្លី។

ចំពោះ​ស្រ្តី​នៅ​ក្នុង​សហគមន៍​បឹងកក់ ដែល​ធ្លាប់​ចូលរួម​ការ​តវ៉ា​ការពា​ដីធ្លី​ជាមួយ​អ្នកស្រី ទេព វន្នី នៅ​តែ​ទន្ទឹង​រង់ចាំ​យុត្តិធម៌​សម្រាប់​អ្នកស្រី និង​អះអាង​ថា ​​ពួក​គេ​មិន​អាច​បំភ្លេច ឬ​ទុក​អ្នក​ស្រី​ឲ្យ​ឋិត​នៅ​ឯកា​ឡើយ៖ «»

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។