ពលរដ្ឋ​រង​ការ​ប្ដឹង​ដោយ​អ្នកស្រី ស៊ុយ សុផាន ទាមទារ​ជជែក​តទល់​គ្នា​​ក្នុង​តុលាការ

ដោយ សេក បណ្ឌិត
2018-12-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាលាដំបូង​រាជធានី​ភ្នំពេញ។ រូប​ថត​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៦។
សាលាដំបូង​រាជធានី​ភ្នំពេញ។ រូប​ថត​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៦។
RFA

ពលរដ្ឋ​ដែល​រង​ការ​ប្ដឹង​ថា បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ភូមិគ្រឹះ​របស់​ម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់​បុរីកីឡា គឺ​អ្នកស្រី ស៊ុយ សុផាន ទាមទារ​ចង់បាន​ការ​តទល់​គ្នា​ផ្ទាល់ នៅ​ក្នុង​តុលាការ។ ការ​ស្នើសុំ​នេះ ធ្វើឡើង​ក្រោយពេល តំណាង​អយ្យការ បន្ត​ចេញ​ដីកា​កោះហៅ​តំណាង​សកម្មជន​ដីធ្លី អតីត​អ្នក​បឹងកក់ និង​សហគមន៍​បុរី​កីឡា​៣​នាក់ ទៅ​សួរនាំ​តាម​បណ្ដឹង​របស់​អ្នកស្រី ស៊ុយ សុផាន នៅ​រសៀល ថ្ងៃ​ទី​១៤ ធ្នូ។

សង្គម​ស៊ីវិល យល់ថា តុលាការ​មិន​គួរ​ចេញ​ដីកា​កោះហៅ​សកម្មជន​ដីធ្លី ដោយសារតែ​ការ​ធ្វើ​សកម្មភាព​ទាមទារ​ដីធ្លី​ទេ ព្រោះ​ជា​រូបភាព​គំរាមកំហែង​លើ​ជនរងគ្រោះ​ដីធ្លី។

តំណាង​ពលរដ្ឋ​៣​នាក់ ដែល​តំណាង​អយ្យការ​អម​សាលា​រាជធានី​ភ្នំពេញ កោះហៅ ឲ្យ​ចូលខ្លួន​តាម​បណ្ដឹង​ម្ចាស់​ក្រុមហ៊ុន​ផាន អ៊ីមិច គឺ អ្នកស្រី ភោគ សុភីន តំណាង​ពលរដ្ឋ​សហគមន៍​បុរីកីឡា និង អតីត​អ្នក​បឹងកក់​២ នាក់ អ្នកស្រី ស៊ា ណារ៉េត និង កញ្ញា អ៊ឹម ស្រីទូច។

ពលរដ្ឋ​ម្នាក់ ក្នុងចំណោម​អ្នក​ដែល​ត្រូវ​បាន​កោះហៅ គឺ អ្នកស្រី ភោគ សុភីន ប្រាប់​ថា នេះ​ជា​លើកទី២ ហើយ ដែល​តំណាង​អយ្យការ​កោះហៅ​អ្នក​ទាំង​៣ តាម​បណ្ដឹង​របស់​ម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់​បុរីកីឡា អ្នកស្រី ស៊ុយ សុផាន។

អ្នកមាន​ជម្លោះដីធ្លី​រូប​នេះ​បដិសេធ​ថា មិនបាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ម្ចាស់​ក្រុមហ៊ុន​ផានអ៊ីមិច ដូច​ពាក្យ​បណ្ដឹង​ទេ និង​បាន​អះ​បាន​ថា គឺ​ក្រុមហ៊ុន​ផានអ៊ីមិច និង​សមត្ថកិច្ច​ចម្រុះ​ទៅវិញ​ទេ ដែល​បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​កម្ទេច​ផ្ទះ​របស់​អ្នក​សហគមន៍​បុរីកីឡា៖ «ខ្ញុំ​មិនបាន​ទៅ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​គាត់​នោះ​ទេ។ គាត់​ទេ មានតែ​ប្រលែង​ឆ្កែ​មក​ឲ្យ​ខាំ​ពួក​ខ្ញុំ គំរាមកំហែង​ពួក​ខ្ញុំ សូម្បីតែ​ដី​ផ្ទះ​ពួក​ខ្ញុំ​ជាប់​ភូមិ គាត់​លក់​ឲ្យ​ចិន​បាន​រាប់​លាន​ដុល្លារ ដី​ពួក​ខ្ញុំ​មិន​ទាន់​មាន​សំណង​អី​ត្រឹមត្រូវ​ផង បែរជា​គាត់​មក​ចោទ​ពួក​ខ្ញុំ​អី​ណា​ឈ្លានពាន​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​របស់​គាត់​ទៅវិញ មែនទែន​ទៅ​ទេវតា មាន​ភ្នែក​កុំ​តែ ទេវតា លោក​មើល​ឃើញ​នោះ​ទេ»

តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សឺ វណ្ណនី បាន​ចេញ​ដីកាកោះ ហៅ​សកម្មជន​តវ៉ា​ដីធ្លី​ទាំង​៣ ឲ្យ​ចូលខ្លួន នៅ​ម៉ោង​២ រសៀល ថ្ងៃ​ទី​១៤ ធ្នូ ដើម្បី​បំភ្លឺ​ដំណើររឿង តាម​បណ្ដឹង​របស់​ម្ចាស់​ក្រុមហ៊ុន​ផានអ៊ីមិច ប្ដឹង​ពី​បទ​គំរាមកំហែង​ដោយមាន​បញ្ជា​ឲ្យ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ។

ស្ត្រី​សកម្មជន​ដីធ្លី ទាំង ៣​រូប ធ្លាប់​បាន​ចូលខ្លួន តាម​ដីកាកោះ​នេះ​ម្ដង​រួចហើយ កាលពី​ថ្ងៃ​ទី១ វិច្ឆិកា។ ប៉ុន្តែ បានសម្រេច​លើក​ពេល​សវនាការ ដោយសារ​មាន​សំណើ​ពី​មេធាវី​ការពារ​ចុងចោទ។ តាំងពី​ចូលខ្លួន​លើក​ទី​១ គឺ ថ្ងៃ​ទី​១ វិច្ឆិកា រហូតដល់​ពាក់កណ្ដាល​ខែ​ធ្នូ​នេះ ក្រុម​សកម្មជន​ដីធ្លី​ទាំងនោះ​អះអាង​ថា មិន​ទាន់​បាន​ទៅ​តវ៉ា​ម្ដងទៀត នៅមុខ​ភូមិគ្រឹះ​អ្នកស្រី ស៊ុយ សុផាន នៅ​ខណ្ឌ​ទួលគោក ទេ ដោយសារ​ជាប់រវល់​ទៅ​សុំ​កិច្ច​អន្តរាគមន៍​នៅ​តាម​ស្ថាប័នរដ្ឋ និង​មុខ​ភូមិគ្រឹះ មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន នៅ​ក្បែរ​វិមានឯករាជ្យ។ ប៉ុន្តែ​ការ​ដាក់​ញ្ញត្តិ នៅ​កាលនោះ មិនបាន​សម្រេច​ឡើយ ដោយសារ​សមត្ថកិច្ច​ចម្រុះ​ចាប់ខ្លួន​តំណាង​អ្នក​តវ៉ា​ដាក់​ឡាន យក​ទៅ​សាលា​ខណ្ឌ​ដូនពេញ ហើយ​ពួកគេ​បាន​បង្វែរ​ទិសដៅ ទៅ​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង តំណាង​ពលរដ្ឋ​នៅ​សាលា​ខណ្ឌ​ដូនពេញ​វិញ។

ស្ត្រី​ជាប់​ប្ដឹង​ម្នាក់ទៀត គឺ​កញ្ញា អ៊ឹម ស្រីទូច ជា​ពលរដ្ឋ​អតីត​សហគមន៍​បឹងកក់ ដែល​ចូលរួម​ការ​តវ៉ា​ជាមួយ​ក្រុម​ស្ត្រី​បុរីកីឡា ចាត់​ទុក​ដីកា​កោះ ក្រុម​អ្នកមាន​ជម្លោះដីធ្លី ជា​ការ​បន្លាច​ពួកគេ​កុំ​ឲ្យ​ជួយ​គ្នា​ក្នុង​ការ​តវ៉ា​ទាមទារ​ដីធ្លី​មកវិញ។ សកម្មជន​ដីធ្លី​រូប​នេះ​ទាមទារ​ឲ្យ​តំណាង​អយ្យការ កោះហៅ ដើម​បណ្ដឹង​គឺ អ្នកស្រី ស៊ុយ សុផាន មក​តទល់​គ្នា ក្នុង​តុលាការ ដើម្បី​បញ្ជាក់​ថា ក្រុម​អ្នក​តវ៉ា​ដីធ្លី បាន គំរាមកំហែង ម្ចាស់​ក្រុមហ៊ុន​ផាន​អ៊ីមិច ដោយ​របៀប​ណា ទទួល​បញ្ជា​ពី​នរណា​ឲ្យ​បំពេញ​លក្ខខណ្ឌ​អ្វី និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ អ្វី របស់ អ្នកស្រី ស៊ុយ សុផាន?«ពួក​យើង​មានបំណង​ឲ្យ​តុលាការ​ជួយ​កោះហៅ យាយ​ផាន់ និង​ចូលរួម​ដែរ​ព្រោះ​គាត់​ជាដើម​បណ្ដឹង ពួក​យើង សូម​ឲ្យ​គាត់​ចូល​ទៅ​តទល់​គ្នា​ណា បើសិនជា​គាត់​គិតតែ​ប្ដឹង​ពួក​យើង​អ៊ីចឹង! តើ​មាន​ដំណោះស្រាយ​អី​? ពួក​យើង​នឹង​ចូលខ្លួន​ទៅ ពួក​យើង​គ្មាន​អ្វី​ត្រូវ​ខ្លាច​នោះ​ទេ ព្រោះ​អី​គាត់​ទេ​ជា​អ្នក​ឈូស​ឆាយ​ផ្ទះសម្បែង​ដីធ្លី​របស់​ពួក​យើង​តើ ពួក​យើង​តែងតែ​ទៅផ្ទះ​គាត់​ដើម្បី​ទាមទារ​សំណង​ពី​គាត់ ប៉ុន្តែ​ផ្ទុយទៅវិញ​គាត់​បែរ​មក​ប្ដឹង​យើង​ថា យើង​ជា​អ្នក​គំរាមកំហែង​គាត់​ទៅ អ៊ីចឹង​គាត់​ត្រូវ​ចូលខ្លួន​មក​តុលាការ​ដែរ​មក​ដើម្បី​តទល់​គ្នា​ជាមួយ ប្រជាពលរដ្ឋ»

នៅមុន​តំណាង​អយ្យការ​ចេញ​ដីកាកោះ ក្រុម​អ្នក​តវ៉ា​ដីធ្លី ធ្លាប់​ត្រូវ​បាន​ប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ លោក សុខ ខេមរិន្ទ ចេញ​លិខិត​កោះហៅ​ឲ្យ​ចូលខ្លួន នៅ​ក្រសួងមហាផ្ទៃ​ម្ដង​រួចហើយ នៅ​ថ្ងៃ​ទី២០ ខែ​មីនា ទាក់ទង​នឹង​សកម្មភាព នាំគ្នា​ទៅ​តវ៉ា​នៅមុខ​ភូមិគ្រឹះ​អ្នកស្រី ស៊ុយ សុផាន។ សកម្មជន​ដីធ្លី​អះអាង​ថា កាលនោះ​មន្ត្រី​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ម្នាក់ មិន​ព្រម​ប្រាប់​ឈ្មោះ​ទេ តែ​បាន​ព្រមាន​ចាប់​ឃុំខ្លួន​អ្នកស្រី បើ​នៅ​បន្ត​ការ​តវ៉ា​ស្វែងរក​ដំណោះស្រាយ​នៅមុខ​ភូមិគ្រឹះ​អ្នកស្រី ស៊ុយ សុផាន បន្ដ​ទៀត។

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ ពី​ខាង​ភាគី​អគ្គ​នាយិកា​ក្រុមហ៊ុន​ផានអ៊ីមិច អ្នកស្រី ស៊ុយ សុផាន និង​ព្រះរាជអាជ្ញា​រង លោក សឺ វណ្ណនី បានទេ នៅ​ថ្ងៃ​ទី១៣ ធ្នូ។ ចំណែក អ្នកនាំពាក្យ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា មិន​លើក​ទូរស័ព្ទ។ ប៉ុន្តែ​កន្លងមក អ្នកស្រី ស៊ុយ សុផាន ធ្លាប់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា បញ្ហា​វិវាទ​ដីធ្លី នៅ​បុរីកីឡា លែង​ជាប់​ពាក់ព័ន្ធ​ជាមួយ អ្នកស្រី ទៀតហើយ ដោយសារ អ្នកស្រី​បាន​ប្រគល់​រឿង ទៅ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​យូរហើយ។ អ្នក​តវ៉ា​អះអាង​ថា មិន​សុខចិត្ត​ទេ ដោយសារ​ក្រុមហ៊ុន​ផានអ៊ីមិច ជាដើម​ហេតុ​ធ្វើ​ឲ្យ ពួកគេ វិនាស​គ្រួសារ បាត់បង់​ផ្ទះសម្បែង ដូច្នេះ​ត្រូវ​ទទួលខុសត្រូវ លើ​ករណី​នេះ។

អ្នក​ពង្រឹង​សហគមន៍​នៃ​អង្គការ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក គុយ ស៊ីនីម សង្កេត​ឃើញ​ថា រាល់​ដំណើរការ តវ៉ា​របស់​ពលរដ្ឋ​បុរី​កីឡា នៅមុខ​ភូមិគ្រឹះ អ្នកស្រី ស៊ុយ សុផាន កន្លង​មក មិន​ឃើញ​មាន​ទម្រង់ ជា​ការ​គំរាមកំហែង ឬ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ទេ។ សង្គម​ស៊ីវិល​រូប​នេះ គាំទ្រ​ការ​ទាមទារ​របស់​ពលរដ្ឋ មាន​ជម្លោះដីធ្លី គឺ គួរតែ​កោះហៅ​ដើមបណ្ដឹង​អ្នកស្រី ស៊ុយ សុផាន ចូល​តទល់​គ្នា​ដោយ​ផ្ទាល់ ដើម្បី​តម្លាភាព កុំ​ឲ្យ​រង​ការរិះគន់​ថា ម្ចាស់​ក្រុមហ៊ុន​ផាន អ៊ីមិច ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​គំរាមកំហែង ពលរដ្ឋ​មាន​ជម្លោះដីធ្លី៖ «ចំណុច​ទាំងនោះ​ត្រូវ​ភាគី​ទាំងសងខាង​ចូលខ្លួន​មក ដោះស្រាយ ជាពិសេស​ភាគី​ខាង​បណ្ដឹង​ត្រូវតែ​ចូល​ខ្លួន​មក​តុលាការ ដើម្បី​ដោះស្រាយ​បញ្ហា ទទួល​បាន​តម្លាភាព»

ស្ត្រី​រង​បណ្ដឹង​ទាំង​៣​នាក់ នៅ​សហគមន៍​មាន​ជម្លោះដីធ្លី អះអាង​ថា នឹង​ចូលខ្លួន​ទៅ​ដីកា របស់​តំណាង​អយ្យការ ប៉ុន្តែ ពួកគេ​ក៏​នឹង​នៅតែ​បន្ត​ការ​ស្រែក​តវ៉ា ទាមទារ​បន្ត​ទៀត នៅមុខ​ភូមិគ្រឹះ​អ្នកស្រី ស៊ុយ សុផាន និង​តាម​ស្ថាប័នរដ្ឋ ជាពិសេស សាលា​រាជធានី​ភ្នំពេញ លុះ​ត្រា​ទទួល​បាន​ដំណោះស្រាយ​ទើប​ព្រម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល