គណបក្ស​ទាំង​ពីរ​នឹង​ជួប​គ្នា​ពិគ្រោះ​យោបល់​សេចក្តី​ព្រាង​ច្បាប់​សហជីព​នៅ​ថ្ងៃ​ទី​៣១​ធ្នូ

ដោយ ម៉ម មុនីរតន៍
2015-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុទ្ធនាការ​តវ៉ា​ប្រឆាំង​ច្បាប់​អង្គការ សមាគម និង​ច្បាប់​សហជីព​នៅ​ខាង​មុខ​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​២០១៥។
យុទ្ធនាការ​តវ៉ា​ប្រឆាំង​ច្បាប់​អង្គការ សមាគម និង​ច្បាប់​សហជីព​នៅ​ខាង​មុខ​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​២០១៥។
Photo: RFA

គណៈកម្មការ​ចំពោះ​កិច្ច​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​គណបក្ស​នយោបាយ​ទាំង​ពីរ នឹង​ជួប​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សហជីព នា​វិមាន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ធ្នូ។ ជំនួប​ដែល​ធ្វើ​ឡើង​ដោយ​តំណាង​គណបក្ស​នយោបាយ​ទាំង​ពីរ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នេះ ត្រូវ​បាន​សហជីព​រំពឹង​ថា ប្រសិន​បើ​គណៈកម្មការ​ចំពោះ​កិច្ច​មិន​កេង​ចំណេញ​ផ្នែក​នយោបាយ​ជា​ធំ​តែ​រៀងៗ​ខ្លួន​ទេ ប្រហែល​ជា​បញ្ហា​ប្រឈម​នានា​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​នេះ អាច​សម្រេច​ទៅ​បាន​ដោយ​ឆាប់​រហ័ស និង​ពុំ​មាន​ឧបសគ្គ។

មន្ត្រី​ជាន់​ខ្ពស់​ពី​ខាង​រដ្ឋាភិបាល និយាយ​ថា ការ​ជជែក​ដេញដោល​ច្បាប់​សហជីព ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ គឺ​របៀប​ជាក់លាក់​មិន​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ឲ្យ​ដឹង​ជា​មុន​នៅ​ឡើយ​ទេ រហូត​មក​ដល់​ពេល​នេះ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា លោក សុខ ឥសាន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ធ្នូ ថា គណៈកម្មការ​ចំពោះ​កិច្ច​ទាំង​ពីរ​គណបក្ស​នយោបាយ នឹង​បើក​កិច្ច​ពិគ្រោះ​យោបល់​លើ​បញ្ហា​ប្រឈម​នានា ក្រោយ​ពី​ស្រង់​ក្ដី​កង្វល់​ពី​ក្រុម​សហជីព។ លោក​បន្ត​ថា ថ្វី​បើ​ជំនួប​ដែល​គ្រោង​នឹង​រៀបចំ​ឡើង​ដូច​ការ​គ្រោង​ទុក ចំពោះ​របៀបវារៈ​ពិត​ប្រាកដ​ដែល​នឹង​ត្រូវ​ពិភាក្សា រហូត​មក​ដល់​ពេល​នេះ​មិន​ត្រូវ​បាន​គេ​បញ្ចេញ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា «អូរ! មិន​ទាន់​ដឹង​ទេ អាស្រ័យ​លើ​ឯកឧត្ដម​ប្រធាន និង​អនុប្រធាន​គាត់​លើក​បញ្ហា ព្រោះ​ខ្ញុំ​គ្រាន់​តែ​ដឹង​គេ​អញ្ជើញ​ប្រជុំ ប៉ុន្តែ​មិន​ដឹង​របៀបវារៈ​យ៉ាង​ម៉េច​ទេ»

មុន​កិច្ច​ប្រជុំ​ចាប់​ផ្ដើម​រវាង​គណៈកម្មការ​ចំពោះ​កិច្ច​របស់​តំណាង​គណបក្ស​នយោបាយ​ទាំង​ពីរ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ធ្នូ គឺ​ក្រុម​សហជីព​ដែល​មាន​និន្នាការ​ពីរ​ខុស​គ្នា បាន​ជួប​ពិគ្រោះ​យោបល់​ដាច់​ដោយឡែក​ពី​គ្នា​រួច​មក​ហើយ​ជាមួយ​តំណាង​គណបក្ស​ជំទាស់ និង​គណបក្ស​ប្រជាជន​កម្ពុជា។

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ត្រូវ​បាន​រដ្ឋាភិបាល​តាក់​តែង​តាំង​ពី​ឆ្នាំ​២០០៨ ដែល​មាន ១៧​ជំពូក និង ១០០​មាត្រា។ សព្វថ្ងៃ ច្បាប់​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​រដ្ឋសភា​នៅ​ឡើយ។

បច្ចុប្បន្ន កម្ពុជា មាន​កម្មករ​បម្រើ​ការ​ក្នុង​វិស័យ​ឧស្សាហកម្ម​ផលិត​ស្បែក​ជើង និង​សម្លៀកបំពាក់​ប្រមាណ ៧​សែន​នាក់ និង​មាន​សហជីព​មូលដ្ឋាន​ប្រមាណ​៣.២១៤ សហព័ន្ធ​សហជីព​ចំនួន​៨៤ និង​សហភាព​សហព័ន្ធ​សហជីព​ចំនួន​១៣ ព្រម​ទាំង​មាន​សមាគម​និយោជក​ចំនួន​៥។

ជុំវិញ​សេចក្ដី​ព្រាង​ច្បាប់​នេះ ត្រូវ​រង​ការ​រិះគន់​ពី​អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​លើ​វិស័យ​វាយនភណ្ឌ​កាត់​ដេរ​សម្លៀកបំពាក់ ថា​មាន​លក្ខណៈ​គាប​សង្កត់​ដល់​សិទ្ធិ​សេរីភាព​របស់​កម្មករ និង​សហជីព។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខៅឌូ (CCAWDU) លោក អាត់ ធន់ យល់​ឃើញ​ថា ប្រសិន​បើ​អ្នក​នយោបាយ​បន្ត​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​នេះ ដោយ​មិន​ទាញ​យក​ផល​ប្រយោជន៍​ខាង​នយោបាយ​ទេ ប្រហែល​ជា​កិច្ច​ពិភាក្សា​លើ​សេចក្ដី​ស្នើ​ច្បាប់​នេះ អាច​នឹង​នាំ​មក​នូវ​ផល​វិជ្ជមាន​ច្រើន​សម្រាប់​សហជីព។ ផ្ទុយ​ទៅ​វិញ បើ​ជំនួប​របស់​គណៈកម្មការ​ចំពោះ​កិច្ច​នេះ​គិត​រក​ការ​ចំណេញ​ផ្នែក​នយោបាយ​រៀងៗ​ខ្លួន នោះ​អត្ថប្រយោជន៍​នៃ​ច្បាប់​សហជីព​នេះ នឹង​មិន​ចំណេញ​អ្វី​ឡើយ​សម្រាប់​សហជីព។ លោក​បន្ត​ថា «យើង​សង្ឃឹម​ថា​វា​ចេញ​ជា​ពីរ​រូបភាព។ រឿង​ទី​មួយ​គេ​មិន​កែ​សោះ។ រឿង​ទីពីរ​គេ​កែ​មួយ​ចំនួន​ធំ ជា​ចំនួន​មួយ​ចំ​ទៅ​នឹង​គន្លឹះ ឬ​មិន​ចំ​ទៅ​នឹង​អ្វី​ដែល​យើង​ចង់​បាន»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​រឿង​នេះ​ពី​មន្ត្រី​មួយ​ចំនួន​របស់​គណបក្ស​ជំទាស់​បាន​ភ្លាមៗ​ទេ នៅ​ថ្ងៃ​ទី​៣០ ធ្នូ។

បើ​ទោះ​ជា​បែប​ណា លោក សុខ ឥសាន បញ្ជាក់​ថា ជំនួប​ដែល​ធ្វើ​ឡើង​រវាង​គណៈកម្មការ​ចំពោះ​កិច្ច​ទាំង​ពីរ ប្រសិន​ក្តី​កង្វល់​ដែល​បាន​ស្រង់​ពី​ខាង​សហជីព ហើយ​ជជែក​ទៅ​មាន​មន្ទិល​សង្ស័យ​បន្ថែម គឺ​ត្រូវ​ជួប​ជា​ថ្មី​ឡើង​វិញ​ជាមួយ​សហជីព ឬ​បើ​នៅ​តែ​មិន​ទាន់​ច្បាស់​ទេ នឹង​ជួប​ក្រសួង​ការងារ បន្ថែម​ទៀត។

ពាក់ព័ន្ធ​កិច្ច​ពិគ្រោះ​យោបល់​ដែល​ដំណើរ​ការ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ខាង​សហជីព​បាន​ដាក់​សំណើ​ដើម្បី​ចូលរួម​ជជែក​ពិភាក្សា​ដែរ ក៏ប៉ុន្តែ​ត្រូវ​បាន​ជំទាស់​ពី​គណៈកម្មការ​ចំពោះ​កិច្ច។ ការ​បដិសេធ​វត្តមាន​ពី​ខាង​សហជីព​ចូលរួម​នេះ ក្រោម​ហេតុផល​ដើម្បី​រក្សា​ការ​សម្ងាត់​នៅ​ក្នុង​កិច្ច​ពិគ្រោះ​យោបល់។ ម្យ៉ាង​វិញ​ទៀត នេះ​អាច​ចាត់​ទុក​ថា ជា​ការ​ជួប​ផ្ទៃ​ក្នុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

Sok Eysan are you coming back from vacation in Vietnam? People want to know what was going on 40,000 hectars in Rattanakkiri or Mondulkiri that Vietnam control by soldiers?

Dec 30, 2015 10:10 PM

អ្នក​អាន​អនាមិក

សហជីពដែលជួយកម្មករជួយរដ្ឋាភិបាលជួយជាតិ ជារឿងត្រឹមត្រូវ តែសហជីពបង្កើតឡើងដើម្បីតែក្រពះខ្លួននិងក្រុមខ្លួន សម្រាប់ជួយក្រុមប្រឆាំង បម្រើនយោបាយបរទេស បង្កចលាចលនិងអសន្តិសុខសង្គម រំខានការអភិវឌ្ឍន៏ ត្រូវតែរិតបន្តឹងកំណត់តាមផ្លូវច្បាប់ជាដាច់ខាត។

Dec 30, 2015 07:49 PM

គេហទំព័រ​ទាំងមូល