កម្ពុជា​និង​បែលហ្សិក​ចរចា​ប្តូរ​អ្នកទោស​គ្នា​ទៅវិញទៅមក

ដោយ ម៉ៅ សុធានី
2024.01.19
កម្ពុជា​និង​បែលហ្សិក​ចរចា​ប្តូរ​អ្នកទោស​គ្នា​ទៅវិញទៅមក អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន។
រូប៖ ហ្វេសប៊ុកលោក ជិន ម៉ាលីន

ក្រសួងយុត្តិធម៌​កម្ពុជា​នឹង​បញ្ជូន​អ្នកទោស​ជួញដូរ​គ្រឿងញៀន​ជនជាតិ​បែលហ្សិក លោក ថែងហ្គីយ អេឌី ថលឡឺរ៍ (Tanguy Eddie J. Taller) ឲ្យ​ទៅ​ជាប់ពន្ធនាគារ​នៅ​ប្រទេស​ខ្លួន​វិញ​នៅ​ចុង​ឆ្នាំ​២០២៤​ខាងមុខ។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់​កាសែត​ក្នុងស្រុក​ថា គម្រោង​បញ្ជូន​ទណ្ឌិត​រូប​នេះ ធ្វើឡើង​តាម​ការ​ស្នើ​សុំ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ប្រទេស​បែលហ្សិក (Belgium) លោក ប៉ូល វ៉ាន់ ថីកឆែល (Paul Van Tigchelt)

លោក ជិន ម៉ាលីន បញ្ជាក់​ថា ដើម្បី​អាច​បញ្ជូន​ទណ្ឌិត​រូប​នេះ​បាន រដ្ឋាភិបាល​កម្ពុជា និង​ប៊េលហ្សិក ត្រូវ​ចរចា​គ្នា​រៀបចំ​សន្ធិសញ្ញា​ស្ដីពី​ការ​បញ្ជូន​ទណ្ឌិត​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​បន្ត​ថា ក្រុម​ជំនាញ​ច្បាប់​នៃ​ប្រទេស​ទាំងពីរ​កំពុង​ជជែក​ពិភាក្សា​គ្នា​ដើម្បី​រៀបចំ​សន្ធិសញ្ញា​នេះ ដើម្បី​អាច​បញ្ជូន​ទណ្ឌិត​រូប​នេះ ត្រឡប់​ទៅ​ជាប់​ពន្ធនាគារ​នៅ​បែលហ្សិក​វិញ។ បច្ចុប្បន្ន​កម្ពុជា គ្មាន​អ្នក​ទោស​ខ្មែរ នៅ​ប្រទេស​បែលហ្សិក​ទេ។

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៨ ខែ​ធ្នូ ឆ្នាំ​២០១៨ បាន​កាត់ទោស​ទណ្ឌិត ថែងហ្គីយ អេឌី ថលឡឺរ៍ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ​ជួញដូរ​អាភៀន​ចំនួន ១​គីឡូក្រាម​ចូល​ក្នុង​ប្រទេស​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។