ភរិយា​ទន្ទឹង​រង់ចាំ​ជួប​ប្ដី​បន្ទាប់​ពី​ទទួល​ដំណឹង​ថៃ​អនុញ្ញាត​ឱ្យ​សាច់ញាតិ​សួរ​សុខ​ទុក្ខ​អ្នក​ទោស​ខ្មែរ​ក្នុង​ពន្ធនាគារ​​ ២ថ្ងៃនៅ​ចុង​ខែ​មេសា

ដោយ មាន ឫទ្ធិ
2019-04-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ បញ្ជូន​មក​ដល់​ដី​ខ្មែរ​នា​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៧។
ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ បញ្ជូន​មក​ដល់​ដី​ខ្មែរ​នា​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA

ភរិយា​អ្នក​ទោស​ខ្មែរ​ជាប់ពន្ធនាគារ​នៅ​ប្រទេស​ថៃ​មាន​អារម្មណ៍​រំភើប​នៅ​ពេល​ទទួល​ដំណឹង​ថា​ខាង​សមត្ថកិច្ច​អនុញ្ញាត​សាច់ញាតិ​ពលករ​ជាប់​ពន្ធនាគារ​នៅ​ថៃ​អាច​ចូល​សួរសុខទុក្ខ​បាន​ចំនួន​២ថ្ងៃ​នោះ។

ពលករខ្មែរ​រស់​នៅ​ខេត្ត​បាត់ដំបង ធ្វើ​ការនៅ​ប្រទេស​ថៃ អ្នក​ស្រី​ សុខ ស្រី​ហ៊ុន ថ្លែង​ប្រាប់​អាស៊ី​សេរី​​នៅ​ថ្ងៃ​ទី​៣ ​មេសា​ថា តាំង​ពី​តម្រួត​ថៃ​ចាប់​ស្វាមី​របស់​ខ្លួន ​កាល​ពី​ថ្ងៃ​ទី​៥​ ខែ​មេសា​ឆ្នាំ​២០១៧​ មក​ គឺ​មិន​ដែល​បាន​ចូល​ជួប​និយាយ​ផ្ទាល់​មាត់​ជា​មួយ​ប្ដី​ម្ដង​នៅ​ឡើយ​ទេ។ អ្នក​ស្រី​ថា​ ជា​ទូទៅ​ខាង​ថៃ​ឱ្យ​ជួប​ក្នុង​បន្ទប់​មាន​របាំង​បិទ​កញ្ចក់​និយាយ​គ្នា​តាម​ទូរស័ព្ទ​ជា​មួយ​ស្វាមី​មាន​រយៈ​ពេល​ ១០​នាទី​ក្នុង​មួយ​សប្ដាហ៍៖ «នៅ​ពេល​ខ្ញុំ​បាន​ជួប​ប្ដី​ខ្ញុំ​ផ្ទាល់​ខ្ញុំ​មាន​អារម្មណ៍​រំភើប​សប្បាយ​ចិត្ត ហើយ​សូម​ឱ្យ​បងប្អូន​ទាំង​អស់​គ្នា​សង្ឃឹម​ថា​ បាន​ជួប​សួរសុខទុក្ខ​ទាំង​អស់​គ្នា អ្នក​ខ្លះ​ជាប់​រាប់​ឆ្នាំ​ហើយ ​គ្មាន​សាច់ញាតិ​ទៅ​សួរសុខទុក្ខ​ក៏​មាន​ដែរ ប្ដី​ខ្ញុំ​ធ្លាប់​និយាយ។ ចំពោះ​ខ្ញុំ​ទើប​តែ​មួយ​រយៈ​នេះ​ទេ​ គឺ​ ៣ខែ​​ហើយ​ ដែល​ខ្ញុំ​មិន​បាន​ទៅ​សួរសុខទុក្ខ​ប្ដី​។ រាល់​ដង​កន្លះ​ខែ​ទៅ​ មួយ​ខែ ​ខ្ញុំ​ទៅ​មើល​ប្ដី​ម្ដង»

ក្ដី​រំភើប​របស់​ពលករ​ខ្មែរ​នេះ​បន្ទាប់​ពី​គេហទំព័រ​​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​ចុះ​ផ្សាយ​ កាល​ពី​ថ្ងៃទី​២៩​ មីនា​ថា ពន្ធ​នាគារ​ខ្លង​ព្រេ​ម​ (Klong pram) ​របស់​ថៃ ​បាន​អនុ​ញ្ញាត​ឲ្យ​សាច់​ញាតិ​​​ចូល​សួរ​សុខ​ទុក្ខ​អ្នក​​ជាប់​ឃុំ​ក្នុង​ពន្ធនា​គារ​នេះ​ដោយ​​ផ្ទាល់​ មិន​មាន​របាំង​រយៈ​ពេល​​ ៤​ម៉ោង​​​ចំនួន ​២ថ្ងៃ​ ចាប់​ពី​ម៉ោង ​៩​ព្រឹក​ដល់​ម៉ោង​ ១​រសៀល​ នៅ​ថ្ងៃ​ទី​២៩​ ដល់​ថ្ងៃ​ទី​​៣០​ ខែ​មេសា។

ការ​អនុញ្ញាត​នេះ​បន្ថែម​លើ​ការ​ជួប​សួរ​សុខ​ទុក្ខ​ធម្មតា ​ដែល​ធ្លាប់​មាន​ពី​មុន​មក​​ ដោយ​ចាប់​អនុវត្តន៍​ពី​ឆ្នាំ​២០១៩ ​​តទៅ​។​ អគ្គដ្ឋាន​ពន្ធនាគារ​បន្ត​ថា សាច់ញាតិ​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​ជា​មុន ដោយ​មាន​ឯកសារ​បញ្ជាក់​ច្បាស់​លាស់​ ហើយ​សាច់ញាតិ​អាច​ចូល​ទៅ​ជួប​សួរសុខទុក្ខ​អ្នក​ជាប់​ឃុំ​ម្ដង​បាន ១២នាក់។ សាច់ញាតិ​អាច​ទាក់ទង​សាកសួរ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​ទៅ​ខាង​ពន្ធនាគារ​ខ្លង​ព្រេម ​(Klong prem) នៅ​ទីក្រុង​បាងកក ​តាម​​លេខ​ទូរស័ព្ទ​ +៦៦ ២៥ ៩១ ៥៥ ១៦។​

អ្នក​នាំ​ពាក្យ​អគ្គនាយក​ដ្ឋាន​ពន្ធ​នា​គារ​ នៃ​ក្រសួង​មហា​ផ្ទៃ​​លោក នុត​ ​សាវ​នា​ ថ្លែងប្រាប់​កាសែត ភ្នំពេញ ប៉ុស្ត៍​​ (Phnom Penh Post) ថា​ ជន​ជាតិ​ខ្មែរ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ប្រទេស​ថៃ​មាន​មិន​តិច​ជាង​ ៤ ពាន់​នាក់​ទេ។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល