ចាម​ប្រមាណ​៥០​នាក់​អម​តំណាង​​មក​បំភ្លឺ​រឿង​ដី​វិហារ​ឥស្លាម​នៅ​តុលាការ​ខេត្ត​កំពង់ឆ្នាំង

ដោយ ជិន ជេដ្ឋា
2017.06.29
ជម្លោះ​ដី ចាម កំពង់ត្រឡាច ៨៥៥ ជនជាតិ​ចាម​មក​ពី​ភូមិ​ខ្នាយកកោះ ឃុំ​សែប ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង អង្គុយ​នៅ​ក្រៅ​របង​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង ខណៈ​តំណាង​ពួកគេ​ពីរ​នាក់​ត្រូវ​ចៅក្រម​កោះហៅ​សាកសួរ​ជុំវិញ​បញ្ហា​ដី​វិហារ​ឥស្លាម នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Chin Chetha
RFA/Chin Chetha

អ្នក​ភូមិ​ខ្នាយកកោះ នៃ​ឃុំ​សែប ខេត្ត​កំពង់ឆ្នាំង ប្រមាណ ៥០​នាក់ បាន​អម​ដំណើរ​តំណាង​របស់​ខ្លួន​ដែល​ជា​ជនជាតិ​ចាម ២​នាក់ ចូល​តុលាការ​ដើម្បី​ដាក់​ភស្តុតាង និង​បំភ្លឺ​បន្ថែម​ជុំវិញ​បណ្ដឹង​ដណ្ដើម​ទីកន្លែង​ថ្វាយ​បង្ខំ​សាសនា​​នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា។ តំណាង​ជនជាតិ​ចាម​ម្នាក់​ឲ្យ​ដឹង​ថា ជម្លោះ​កើត​ចេញ​ពី​ជនជាតិ​ចាម​ពីរ​ក្រុម​ផ្សេង​គ្នា តែ​ប្រតិបត្តិការ​ថ្វាយ​បង្គំ​ខុស​គ្នា​នៅ​ក្នុង​វិហារ​តែមួយ។

ចៅក្រម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង បាន​កោះហៅ​ភាគី​ចុង​ចម្លើយ គឺ​លោក លី កុប និង​លោក ក្រឹម សារ ដែល​ជា​អតីត​គណៈកម្មការ​គ្រប់គ្រង​វិហារ​ក្នុង​ភូមិ​ខ្នាយកកោះ ជា​លើក​​ទី​៤ ដើម្បី​សាកសួរ​តាម​បណ្ដឹង​របស់​សមាគម​ឥស្លាម​មួយ​មាន​ប្រភព​ពី​ចក្រភព​អង់គ្លេស។ ភាគី​ចុង​ចម្លើយ​ថា សមាគម​ទើប​ជួយ​កសាង​វិហារ​បាន​តិចតួច បែរ​ជា​មិន​ឲ្យ​សាសនិក​ឥស្លាម​ចាស់ៗ​ចូល​ក្នុង​វិហារ​ថ្វាយ​បង្គំ​ជាមួយ​គ្នា។

លោក លី កុប ដែល​មិន​ទាន់​ចង់​បញ្ចេញ​ព័ត៌មាន​នេះ​បន្ទាប់​ពី​ក្រឡា​បញ្ជី​ចៅក្រម​សាកសួរ និង​ឲ្យ​ដាក់​ភស្តុតាង​បង្ហើប​យ៉ាង​ខ្លី​ថា អាជ្ញាធរ និង​ថ្នាក់​ដឹកនាំ​សាសនា​កំពុង​ដោះស្រាយ​បញ្ហា​នេះ​ហើយ។

ចំណែក​អ្នក​អម​ដំណើរ​លោក លី កុប ម្នាក់ គឺ​លោក លាស់ ហ៊ីម បញ្ជាក់​ថា សាសនិក​ឥស្លាម​ចំនួន ៥១០​គ្រួសារ បាន​ត្រួសត្រាយ​ព្រៃ និង​កសាង​វិហារ​នេះ​តាំង​ពី​មុន​ឆ្នាំ​២០០០ ហើយ​នាំ​គ្នា​ចូល​ថ្វាយ​បង្គំ​ពុំ​ដែល​មាន​បញ្ហា​អ្វី​ឡើយ។ ប៉ុន្តែ​រយៈ​ពេល​ពីរ ឬ​បី​ឆ្នាំ​ដែល​សមាគម​ចូល​ជួយ​កសាង​វិហារ បាន​ធ្វើ​ឲ្យ​ការ​ថ្វាយបង្គំ​មិន​ចុះ​សម្រុង​គ្នា​ដោយ​អ្នក​មក​ពី​សមាគម​ថ្វាយបង្គំ​តាម​របៀប​ផ្សេង​ពី​ពួកគាត់«មក​នេះ​ដើម្បី​បង្ហាញ​ថា​ពលរដ្ឋ​មិន​សុខ​ចិត្ដ​មិន​ប្រគល់​ដី​ឲ្យ​ខាង​អាម៉ាឌីយ៉ា ព្រោះ​ញើស​ឈាម​ប្រជាពលរដ្ឋ​ខំ​គាស់​រាន​ជំនាន់​ហ្នឹង។ គេ​អត់​ឲ្យ​ម៉ង ហើយ​រឿង​អី​ដែល​គាត់ (សមាគម) មក​សាងសង់​ធ្វើ​ជា​ផ្ទះ​សម្បែង​ហ្នឹង គេ​ថា​ដី​ហ្នឹង​គេ​កាន់​កាប់​របស់​គេ»

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​ភាគី​សមាគម​ខ្មែរ​ឥស្លាម​ដែល​តំណាង​ដោយ​លោក សុះ លី និង​លោក ម៉ាន ម៉ាត់ ព្រម​ទាំង​ចៅក្រម​សាកសួរ​ក្នុង​សំណុំ​រឿង​នេះ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ​នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា។ ប៉ុន្តែ​ក្រុម​ជនជាតិ​ចាម ឲ្យ​ដឹង​ថា ភាគី​សមាគម ប្ដឹង​ទាមទារ​ដី និង​វិហារ ទៅ​គ្រប់គ្រង ខណៈ​សាសនិក​ឥស្លាម ៥០​គ្រួសារ មិន​អាច​ចូល​ថ្វាយបង្គំ​ក្នុង​វិហារ ជិត ៤​ខែ​ហើយ​នោះ។

ក្រុម​ជនជាតិ​ចាម អះអាង​ថា តំណាង​របស់​ពួកគេ​ពីរ​នាក់​ត្រូវ​ដើម​បណ្ដឹង​ចោទ​ថា បាន​បង្ក​ការ​អុកឡុក និង​រំខាន​ដល់​ការ​ថ្វាយបង្គំ​តាម​បែប​សាសនា​ឥស្លាម។ ត្រង់​ចំណុច​នេះ​ពួកគេ​បដិសេធ​ថា មិន​បាន​បង្ក​ការ​អុកឡុក​អ្វី​ឡើយ ដោយ​គ្រាន់​តែ​ចង់​បាន​ទីតាំង​លើ​វិហារ ដែល​ខ្លួន​ធ្លាប់​ថ្វាយ​បង្គំ​តាំង​ពី​ដូន​តា បាន​មក​ថ្វាយ​បង្គំ​តាម​របៀប​ដើម​ដែល​ខ្លួន​ធ្លាប់​ធ្វើ ហើយ​មិន​ចង់​ឲ្យ​អ្នក​ណា​មក​រំខាន​ឡើយ«គេ​ចង់​យក​ដី​ពលរដ្ឋ (ដី​វិហារ) ទាំងអស់។ លោក ជិន ជេដ្ឋា (សួរ)៖ គេ​យក​ទៅ​ធ្វើ​អី? (ឆ្លើយ) គេ​ចង់​យក​ទៅ​កាន់​កាប់​វិហារ​គេ។ លោក ជិន ជេដ្ឋា (សួរ)៖ ចុះ​ហេតុ​អី​បាន​ជា​គេ​មិន​អាច​ចូល​ជាមួយ​គេ​បាន? (ឆ្លើយ) ពួក​ហ្នឹង​នៅ​ក្រៅ​ប្រព័ន្ធ​រយ៉ាជី ហើយ​យើង​ចូល​ក្នុង​រយ៉ាជី (ស្រាយ​បួស)។ សំណូមពរ​ឲ្យ​តុលាការ​មុន​នឹង​វិនិច្ឆ័យ សូម​ពិនិត្យ​មើល​រឿង​ឡើង​វិញ ហើយ​និង​ជួយ​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ចូល​ទៅ​ក្នុង​វិហារ»

លិខិត​ចុះ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​១៩៩៩ របស់​អាជ្ញាធរ​ឃុំ​សែប ស្រុក​កំពង់ត្រឡាច ដែល​អាស៊ីសេរី ទើប​ទទួល​បាន​បង្ហាញ​ថា ដី​វិហារ​នៅ​ភូមិ​ខ្នាយកកោះ ឃុំ​សែប ស្រុក​កំពង់ត្រឡាច ដែល​មាន​ទំហំ​ទទឹង ៩០​ម៉ែត្រ និង​បណ្ដោយ ១៥០​ម៉ែត្រ គឺ​ជា​ដី​កម្មសិទ្ធិ​របស់​វិហារ​ឥស្លាម​ក្នុង​ភូមិ​ខ្នាយកកោះ ប្រាកដ​មែន ហើយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិ​បុគ្គល​ណា​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។