តុលាការ​កោះហៅ​លោក ជា មុនី ឲ្យ​ចូល​បំភ្លឺ​ជា​លើក​ទី​២

ដោយ ហេង សកល
2018.01.23
ជា មុនី ៦២២ ២០១៦ លោក ជា មុនី ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​ពហុ​វិស័យ​នៅ​កម្ពុជា និង​ជា​អតីត​ប្រធាន​​សហជីព​សេរី​កម្មករ​ ថ្លែង​ក្នុង​ពិធី​គម្រប់​ខួប ​១២​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក ជា វិជ្ជា នៅ​ជិត​វត្ត​លង្កា កាល​ពី​​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។
RFA

អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​លោក ជា មុនី អតីត​ប្រធាន​សហជីព​សេរី​កម្មករ​ជា​លើក​ទី​ពីរ ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ​ជុំវិញ​បណ្ដឹង​របស់​សហជីព​ដែល​គាំទ្រ​រដ្ឋាភិបាល​ពី​បទ​ញុះញង់​នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ខាង​មុខ​នេះ។ ដីកា​កោះ​លើក​ទី​២​នេះ ធ្វើ​ឡើង​ភ្លាមៗ ក្រោយ​ពី​លោក​មិន​ចូល​ឆ្លើយ​បំភ្លឺ​តាម​ដីកា​កោះ​ហៅ​លើក​ទី​១ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា កន្លង​ទៅ​នេះ។

លោក ជា មុនី ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​ពហុ​វិស័យ​នៅ​កម្ពុជា ត្រូវ​បាន​សហជីព​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​កាន់​អំណាច​ចំនួន ១២០ បាន​ប្ដឹង​លោក​ពី​បទ​ញុះញង់​ដោយ​ចោទ​ថា លោក ជា មុនី បាន​អំពាវនាវ​ឱ្យ​សហគមន៍​អឺរ៉ុប ដាក់​ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​កាន់​តែ​លឿន​កាន់តែ​ល្អ។ ក្រុម​សហជីព​ទាំង​នោះ​បាន​ស្នើ​សុំ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​លោក ជា មុនី ទៅ​តាម​ច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​មួយ​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

​លោក ជា មុនី ធ្លាប់​បាន​បដិសេធ​ថា លោក​មិនបាន​ស្នើ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​នៅ​កម្ពុជា ទេ ហើយ​លោក​ក៏​មិន​ខ្លាច​ការ​ប្ដឹង​របស់​សហជីព​ទាំង​នោះ​ឡើយ  ប៉ុន្តែ​អ្វី​ដែល​លោក​បារម្ភ​នោះ គឺ​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ និង​ខ្លាច​មាន​ការ​លួច​សម្លាប់​លោក។

​អ្នកច្បាប់​ឡើង​ថា ទោះបី​មាន​ការ​អំពាវនាវ​ឱ្យ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក ឱ្យ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​កម្ពុជា​ ជា​ការ​ពិត​ក៏ដោយ ក៏​ពុំ​មិន​មែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ។ លោក​មេធាវី ហែម សុជាតិ បាន​ពន្យល់​ថា ក្រមព្រហ្មទណ្ឌ​គឺ​មិន​បាន​ចែង​ថា ការ​អំពាវនាវ​ឱ្យ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​កម្ពុជា ជា​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ។ ហេតុ​នេះ អំពើ​ដែល​កើត​ឡើង​ដែល​គ្មាន​ច្បាប់​ចែង​ផ្ដន្ទាទោស គឺ​គ្មាន​បទល្មើស​ព្រហ្មទណ្ឌ​នោះ​ទេ។

​ចំណែក​មន្ត្រី​ច្បាប់ និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក យឿង សុធារ៉ា យល់​ថា លោក ជា មុនី មិន​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​អ្វី​ឡើយ ហើយ​លោក ជា មុនី គ្មាន​ឥទ្ធិពល​អ្វី​ដើម្បី​ឱ្យ​សហគមន៍​អឺរ៉ុប ឬ​សហគមន៍​អន្តជាតិ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​កម្ពុជា នោះ​ឡើយ។ លោក​ថា ប្រសិនបើ​សហគមន៍​អឺរ៉ុប ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​កម្ពុជា មែន នោះ​ជា​សេចក្ដី​សម្រេច​ផ្ទៃក្នុង​របស់​គេ ហើយ​គ្មាន​អ្នក​ណា​អាច​ហាមឃាត់ ឬ​បញ្ចុះបញ្ចូល​គេ​បាន​ទេ ព្រោះ​សហគមន៍​អឺរ៉ុប មិនមែន​ធ្វើ​សេចក្ដី​សម្រេច​តាមតែ​បុគ្គល​ម្នាក់​លើក​ឡើង​នោះ​ទេ។

​អ្នក​ច្បាប់ អង្គការ​សង្គម​ស៊ីវិល និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Frontline Defenders) ស្នើ​ឱ្យ​តុលាការ​កម្ពុជា ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក ជា មុនី ដោយ​គ្មាន​លក្ខខណ្ឌ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។