ក្រុម​មេធាវី​ជួយ​ស្ត្រី​ក្រីក្រ​របស់​លោក ហ៊ុន សែន ទទួល​លុយ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ចិន ១លាន​​ដុល្លារ

ដោយ មាន ឫទ្ធិ
2019-03-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​មេធាវី គី តិច ចេញ​ពី​រថយន្ត​ដើរ​ចូល​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចូល​បំភ្លឺ​ចំពោះ​ពាក្យ​បណ្ដឹង​ប្ដឹង​លោក សម រង្ស៊ និង​អ្នកស្រី ថាក់ ឡានី នៅ​ថ្ងៃ​ទី៥ ខែ​សីហា ឆ្នាំ​២០១៦។
លោក​មេធាវី គី តិច ចេញ​ពី​រថយន្ត​ដើរ​ចូល​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចូល​បំភ្លឺ​ចំពោះ​ពាក្យ​បណ្ដឹង​ប្ដឹង​លោក សម រង្ស៊ និង​អ្នកស្រី ថាក់ ឡានី នៅ​ថ្ងៃ​ទី៥ ខែ​សីហា ឆ្នាំ​២០១៦។
RFA

ក្រុម​មេធាវី​ជួយ​ស្ត្រី​ក្រីក្រ​របស់​លោក​ហ៊ុន​ សែន ទទួល​ជំនួយ ១លាន​ដុល្លារ​ពី​ក្រុមហ៊ុន​ឯកជន​ចិន​ នៅ​ថ្ងៃ​ទី១៨ ខែ​មីនា។ មន្ត្រី​សិទ្ធិមនុស្ស និង​អ្នកច្បាប់​មួយ​ចំនួន​បារម្ភ​ថា​ ការ​ទទួល​ជំនួយ​បែបនេះ​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ឯករាជ​ភាព ឬ​មាន​ទំនាស់​ផល​ប្រយោជន៍​ ប្រសិន​បើ​ក្នុង​ករណី​សំណុំរឿង​នោះ​កើតឡើង​រវាង​ពលរដ្ឋ​ និង​អ្នកមាន​ឥទ្ធិពល​ ឬ​ជាមួយ​ក្រុមហ៊ុន​ចិន​។

ពិធី​ទទួល​ផ្ដល់ ​និង​ទទួល​ជំនួយ​លុយ ១លាន​ដុល្លារ​ដល់​ក្រុម​មេធាវី​ជួយ​ស្ត្រី​ក្រីក្រ​នេះ គឺ​ធ្វើ​ឡើង​ នៅ​ពេល​ប្រធាន​ក្រុមហ៊ុន​ហាប៊័រ រៀល​ អ៊ី​ស្ទេ​ត (HarbourReal​ Estate) លោក ឈិន ឈីវសុង (Chen Qiuxong) បាន​ចូល​សម្ដែង​ការ​គួរ​សម​ និង​ពិភាក្សា​ការងារ​មួយ​ចំនួន​ជាមួយ​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ លោក​ ហ៊ុន​ សែន​នៅ​ព្រឹក​ថ្ងៃ​ទី១៨​ ខែ​មីនា។

លោក​ហ៊ុន​ សែន​ ថ្លែង​ក្នុង​ជំនួប​នោះ​ថា​ ថវិកា ១លាន​ដុល្លារ ​ដែល​លោក​ទទួល​នេះ​នឹង​ប្រគល់​ជូន​ ប្រធាន​ក្រុម​មេធាវី​របស់​លោក​ គឺ​លោក​ គី​ តិច​ ដើម្បី​ប្រើប្រាស់​សម្រាប់​ដំណើរ​ការ​មេធាវី​ជួយ​ដល់​ ស្ត្រី​ក្រីក្រ​ និង​ស្ត្រី​នៅ​ក្នុង​ពន្ធនាគារ​ ដែល​ពុំ​ទាន់​បាន​កាត់​ក្ដី​នៅ​ឡើយ។ ក្រោយ​ទទួល​ជំនួយ​នេះ​ លោក​ ហ៊ុន​សែន​ ក៏​លើក​ទឹក​ចិត្ត​ឱ្យ​លោក ឈិន​ ឈីវសុង បន្ត​ការ​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត​ដែរ។

លោក​ ហ៊ុន​ សែន បាន​បង្កើត​ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​មួយ​ក្រុម​មាន​គ្នា​ចំនួន ៦៧រូប​ដឹកនាំ​ដោយ​លោក​ មេធាវី​ គី​ តិច​ កាល​ពី​ថ្ងៃ​ទី២៧​ ខែ​កុម្ភៈ​ ឆ្នាំ២០១៩ សម្រាប់​ការពារ​ក្ដី​ឱ្យ​ស្ត្រី​ក្រីក្រ​នៅ​កម្ពុជា​រាប់​ទាំង​កម្មការិនី​រោងចក្រ​ផង​ដែរ។

អ្នកនាំពាក្យ​សមាគម អាដហុក លោក​ ស៊ឹង​ សែន​ករុណា ថ្លែង​ថា​ការ​ទទួល​បាន​ជំនួយ​នេះ​ គឺ​ជា​រឿង​ល្អ​ ប្រសិន​បើ​ក្រុម​មេធាវី​ទាំង​នោះ​នៅ​តែ​បំពេញ​ការងារ​ត្រឹមត្រូវ​តាម​តួនាទី​ និង​វិជ្ជាជីវៈ ​និង​គោល​ បំណង​ជួយ​ស្ត្រី​ក្រីក្រ។ ប៉ុន្តែ​លោក​បារម្ភ​ដែរ​ថា ​ក្រុម​មេធាវី​នេះ​ នឹង​មាន​ឥទ្ធិពល​លើ​តុលាការ ​និង​ បំពេញ​តួនាទី​មិន​បាន​ត្រឹមត្រូវ​ ប្រសិនបើ​ក្នុង​ករណី​សំណុំរឿង​នោះ​កើត​ឡើង​ រវាង​ពលរដ្ឋ​ក្រីក្រ​ជាមួយ​អ្នក​មាន​ឥទ្ធិពល​ខ្លាំង​ ឬ​ជាមួយ​ក្រុមហ៊ុន​ចិន។ ដូច្នេះ​ ពលរដ្ឋ​នៅតែ​មិន​ទទួល​បាន​យុត្តិធម៌​ដដែល៖ «ទោះ​យ៉ាងណាក៏ដោយ​យើង​មើល​ឃើញ​ថា​ ធម្មតា​កាលណា​មនុស្ស​ប្រើ​ឥទ្ធិពល​តួនាទី​ ឬ​ក៏​អំណាច​ទឹកលុយ ​ឬ​ក៏​អំណាច​តួនាទី​ក៏ដោយ​ ចៀស​មិន​ផុត​ទេ​ គឺ​អ្នក​នោះ​មាន​ឥទ្ធិពល​ទៅ​លើ​ក្រុម​ណា​មួយ​ ដែល​ទទួល​នូវ​មូលនិធិ​នេះ។ ដូច្នេះ​ក្នុង​ករណី​នេះ​ បើ​សិន​ជា​ក្រុម​មេធាវី​គាត់​ទទួល​បាន​នូវ​ជំនួយ​នេះ​ ហើយ​បើ​រឿង​ណា​មួយ​មាន​ការ​ប៉ះ​ទង្គិច​រវាង​ក្រុមហ៊ុន​ ដែល​ផ្ដល់​នេះ​ជាមួយ​ក្រុម​ស្ត្រី​ឬ​ក្រុម​ប្រជាពលរដ្ឋ​ក្រីក្រ​ណា​មួយ​ យើង​ឃើញ​ថា​ ចៀស​មិន​ផុត​ទេពី​ឥទ្ធិពល​ការ​ការពារ​របស់​ក្រុម​មេធាវី​នោះ​តែងតែ​អាច​រង​សម្ពាធ​ខ្លះ​ពី​ក្រុមហ៊ុន​ដែល​ផ្ដល់​ថវិកា»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ប្រធាន​ក្រុម​មេធាវី​របស់​លោក​ហ៊ុន​ សែន​ គឺ​លោក​ គី​ តិច​ ជា​ច្រើន​លើក ​ប៉ុន្តែ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​របប​ក្រុង​ភ្នំ​ពេញ​ហ្វ្រេស​ញ៉ូវ​ (Fresh News) បាន​ផ្សាយ​ថា មក​ដល់​ពេល​នេះ​ ក្រុម​មេធាវី​របស់​លោក​ ហ៊ុន​ សែន​ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រមាណ​ជាង​ ១លាន ៥០ម៉ឺន​ដុល្លារ​ហើយ​ សម្រាប់​ដំណើរការ​ងារ​របស់​ខ្លួន ​បន្ទាប់​ពី​លោក ​ហ៊ុន​ សែន​ បាន​កៀរគរ​មិត្តភ័ក្ដិ​ក្នុង​ជួរ​អ្នក​មាន​អំណាច​ឱ្យ​ចូលរួម​បរិច្ចាគ​ និង​ទទួល​ជំនួយ​ឧបត្ថម្ភ​ក្រុមហ៊ុន​ចិន​នេះ។

មេធាវី​ក្រុម​អ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ក្នុង​គម្រោង​ហិង្សា​ផ្លូវ​ភេទ​នៃ​សាលាក្ដី​ខ្មែរក្រហម ​អ្នកស្រី​ ស៊ិន​ សុវ៉ន មាន​ប្រសាសន៍​ថា​ ការ​ទទួល​ជំនួយ​ពី​ក្រុមហ៊ុន​ឯកជន​ ដើម្បី​ជួយ​ស្ត្រី​ក្រីក្រ​នេះ​ នឹង​មិន​មាន​ ឥទ្ធិពល​លើ​ក្រុម​មេធាវី​ទេ​ ប្រសិន​បើ​ម្ចាស់​ជំនួយ​មិន​មាន​វិវាទ ​ឬ​ផល​ប្រយោជន៍​នៅ​ក្នុង​រឿង​ទំនាស់។ ប៉ុន្តែ​ប្រសិនបើ​ក្រុមហ៊ុន​ម្ចាស់​ជំនួយ​ជាប់​ពាក់ព័ន្ធ​ គឺ​អាច​ធ្វើ​ឱ្យ​មាន​ទំនាស់​ផល​ប្រយោជន៍។ អ្នក​ស្រី​មេធាវី​បញ្ជាក់​ថា ​ទោះ​បី​ក្រុម​មេធាវី​នោះ​ទទួល​ជំនួយ​ពី​ក្រុមហ៊ុន​ឯកជន​ក្ដី​ ក៏​មេធាវី​ត្រូវ​តែ​ប្រកាន់​វិជ្ជាជីវៈ​ឯករាជ្យ​ និង​ការពារ​ក្តី​តាម​ផ្លូវ​ច្បាប់​ ដោយ​មិន​លម្អៀង​ទៅ​ក្រុមហ៊ុន​ដែល​ផ្ដល់​ឱ្យ​លុយ​នោះ​ឡើយ៖ «តាម​គោលការណ៍​ច្បាប់​ ​;បើ​មេធាវី​ការពារ​ក្តី​ឱ្យ​ជនរងគ្រោះ​ហើយ​ហើយ​ជនរងគ្រោះ​មាន​វិវាទ​ជាមួយ​ជន​ចាប់​ចោទ​ដែល​ជា​ក្រុមហ៊ុន​ចិន​គឺ​មាន​ទំនាស់​ផលប្រយោជន៍​ហើយ​។ប៉ុន្តែ​បើ​ថា​គាត់​មិនមែន​ជា​មេធាវី​ក្នុង​ក្រុម​នេះ​ទេ​ហើយ​អត់​ពាក់ព័ន្ធ​ជាមួយ​ជនរងគ្រោះ​ទេ​ជា​រឿង​ក្តី​ផ្សេង​ ដូច្នេះ​គាត់​ទទួល​ថវិកា​គឺ​អត់​ខុស​ទេ​»

កន្លងមក​អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​មើល​ឃើញ​ថា​ គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ភាគ​ច្រើន​តែងតែ​បង្ក​ផល​ប៉ះពាល់​ធំធេង​សម្រាប់​សង្គម​ពលរដ្ឋ​ និង​ប្រទេស​កម្ពុជា​ទាំង​មូល។ ផល​ប៉ះពាល់​ទាំង​នោះ ​ដូចជា ​ការ​បំផ្លាញ​បរិស្ថាន​ធនធាន​ធម្មជាតិ​ ដូចជា ​ព្រៃ​ឈើ​ និង​មាន​រ៉ែ​ការ​រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ​ការ​រំលោភ​សិទ្ធិមនុស្ស​ ការ​រំលោភ​ច្បាប់​ ដែល​ធ្វើ​ឱ្យ​ជីវភាព​ពលរដ្ឋ​ធ្លាក់​ចុះ ​រួម​ទាំង​បញ្ហា​ធំៗ​ ជាច្រើន​ទៀត។ជាក់ស្ដែង​ ដូចជា ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ផលិត​ស្ករ​ស ​ហេង​ហ្វូ (Hengfu Sugar Industry Co., Ltd.) របស់​ចិន​នៅ​ខេត្ត​ព្រះវិហារ​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ពលរដ្ឋ​ចំនួន ១០ឃុំ​ ដែល​មាន​ពលរដ្ឋ​រស់នៅ​លើស​ពី ២ម៉ឺន​ ៣ពាន់​នាក់។ ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​យូញៀន ឌិវែឡុបមិន (Union Development Group)នៅ​ខេត្ត​កោះកុង ​បាន​បង្កើត​ទំនាស់​ដីធ្លី​ជាមួយ​ពលរដ្ឋ​រាប់​រយ​គ្រួសារ​ជាង​មួយ​ទសវត្សរ៍​ហើយ​គិត​មក​ដល់​ពេល​នេះ។ បន្ថែម​ពី​នេះ​ ជនជាតិ​ចិន និង​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​ក៏​រង​ការ​ចោទ​ថា​ ប្រើប្រាស់​ទឹក​លុយ ​ដើម្បី​សូកប៉ាន់​មន្ត្រី​របស់​ក្រុង​ភ្នំពេញ​ជួយ​ការពារ​មុខ​របរ​មិន​ត្រឹម​ត្រូវ​របស់​ពួក​គេ​ផង​ដែរ។ ចំណែក​របប​ក្រុងភ្នំពេញ​វិញ​តែងតែ​អះអាង​ថា ការ​វិនិយោគ​ចិន​បាន​ជួយ​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា។

ទោះបីជា​យ៉ាង​ណា​ក៏​ដោយ​ចុះ​លោក​ ស៊ឹង​ សែន​ករុណា​ នៅ​តែ​យល់​ថា ​ការ​ផ្ដល់​មេធាវី​ការពារ​ក្ដី​ឱ្យ​ស្ត្រី​ក្រីក្រ​ដោយ​ឥត​បង់ថ្លៃ​នេះ​ មិន​អាច​ស្វែងរក​យុត្តិធម៌​ជូន​ស្ត្រី​ក្រីក្រ​រងគ្រោះ​ពេញលេញ​បាន​ទេ​ខណៈ​ដែល​ស្ថាប័ន​តុលាការ​នៅ​តែ​ត្រូវ​គេ​មើល​ឃើញ​ថា​ មិន​ឯករាជ្យ​ ស្ថិត​ក្រោម​សម្ពាធ​នយោបាយ​និង​ពុករលួយ។ លោក​ចង់​ឃើញ​រដ្ឋាភិបាល​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ទាំង​មូល​វិញ​ទើប​អាច​ផ្ដល់​យុត្តិធម៌​ពិតប្រាកដ ​និង​ជា​ទីពឹង​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល