មន្ត្រីតុលាការ និងមន្ត្រីពន្ធនាគារ ឆ្លើយដាក់គ្នា រឿងមិនបានដឹកពិរុទ្ធជន ជួប សម្លាប់ មកកាន់តុលាការ
2018.04.04
មន្ត្រីតុលាការ និងមន្ត្រីពន្ធនាគារ ឆ្លើយដាក់គ្នា រឿងមិនបានដឹកពិរុទ្ធជន អឿត អាង ហៅ ជួប សម្លាប់ មកកាន់សាលាឧទ្ធរណ៍ ដើម្បីចូលរួមក្នុងសវនាការលើបណ្ដឹងសាទុក្ខរបស់លោក ជួប សម្លាប់ ប្រឆាំងនឹងសាលក្រមរបស់តុលាការដំបូង ដែលផ្ដន្ទាទោសលោក ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ សារព័ត៌មានភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី០៣ ខែមេសា បានដកស្រង់សម្ដី ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក ចាយ ច័ន្ទតារាវណ្ណ ដែលអះអាងថា ខាងព្រះរាជអាជ្ញា បានជូនដំណឹងទៅមន្ត្រីពន្ធនាគារ រួចរាល់ហើយ ដោយអនុរក្សពន្ធនាគារ ថែមទាំងបានចុះហត្ថលេខាទទួលដីកាបង្គាប់ឲ្យនាំខ្លួន ជួប សម្លាប់ តាំងពីថ្ងៃទី១៥ ខែមីនាមកម្ល៉េះ។ ប៉ុន្តែ ប្រភពដដែលបន្តថាមន្ត្រីពន្ធនាគារព្រៃសថា ខាងពន្ធនាគារមិនបានទទួលដីកាបង្គាប់ហ្នឹងនោះទេ។
ដោយសារតែគ្មានវត្តមាន ជួប សម្លាប់ ទើបប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចពន្យារសវនាការនោះ ទៅថ្ងៃក្រោយ ដោយគ្មានកាលកំណត់។
កាលពីថ្ងៃទី៣០ ខែមីនាកន្លងទៅនេះ នៅឯតុលាការកំពូលឯណោះ អ្នករាយការណ៍ព័ត៌មានអាស៊ីសេរីពីរនាក់ គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន ក៏ត្រូវមន្ត្រីពន្ធនាគារ ច្រឡំដឹកមកកាន់តុលាការ រួចដឹកត្រឡប់ទៅវិញភ្លាមដែរ។ មន្ត្រីតុលាការឆ្លើយដោះសាថា នោះជាកំហុសបច្ចេកទេស។
លោក អឿត អាង ហៅជួបសម្លាប់ បានប្ដឹងសារទុក្ខ ជំទាស់ទៅនឹងសាលក្រមរបស់សាលាដំបូង ដោយយល់ថា ការកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត គឺជាទោសដ៏ធ្ងន់ធ្ងរ មិនអាចឲ្យលោកមានឱកាសកែប្រែខ្លួន។
ចំណែកឯលោកស្រី ប៊ូ រចនា ដែលជាភរិយារបស់លោកបណ្ឌិត កែម ឡី ក៏គ្មានវត្តមាននៅក្នុងថ្ងៃសវនាការ នៅថ្ងៃទី០៣ ខែមេសា អ្នកស្រីលើកឡើងថា លោកស្រីដឹងច្បាស់ហើយថា តុលាការនៅទីក្រុងភ្នំពេញ គ្មានសមត្ថភាពចាប់ឃាតកពិត និងរកយុត្តិធម៌ឲ្យលោកស្រីបានឡើយ។ ព្រោះតែភាពអត់ជំនឿលើប្រព័ន្ធយុត្តិធម៌ នៅកម្ពុជានេះ ទោះបីតុលាការចេញដីកាកោះហៅលោកស្រីក្នុងនាមជាដើមបណ្ដឹងរដ្ឋប្បវេណីយ៉ាងណាក្ដី លោកស្រី ប៊ូ រចនា អះអាងថា កុំថាឡើយ ចង់ទៅដាក់ពាក្យបណ្ដឹង សូម្បីតែគិតថា ទៅប្ដឹងក៏មិនដែលគិតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។