សង្គម​ស៊ីវិល​នៅ​ខេត្ត​បាត់ដំបង ​រិះគន់​ក្រសួង​យុត្តិធម៌​​ថា លើក​លែង​សម្រាល​ទោស​អ្នក​ជាប់​ឃុំ​មិន​​មាន​តម្លាភាព

ដោយ វ៉ែន សុមេធ
2019-01-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ហន សុផាន្នី ១៥៥
ហន សុផាន្នី ១៥៥
Photo: RFA

សាច់ញាតិ​បណ្ដាញ​ព្រះសង្ឃ​ឯករាជ​ជាប់​ពន្ធនាគារ​ខេត្ត​បាត់ដំបង​រិះគន់ ក្រសួង​យុត្តិធម៌​​ក្នុង​រឿង​សម្រាល​ទោស និង​លើកលែង​ទោស​ដល់​ទណ្ឌិត​ក្នុង​ពន្ធនាការ​ខេត្ត​បាត់ដំបង​ជាង ២០០​នាក់​ កាល​ពី​ថ្ងៃ​ទី​២៣​ មករា​ថា ជា​រៀង​អយុត្តិធម៌​ដល់​អ្នក​ទោស ​ដែល​ធ្វើ​អំពើ​ល្អ​ ជួយ​ការងារ​សង្គម។ ការ​រិះគន់​នេះ​ ដោយសារ​តែ​ក្រសួង​មិន​បាន​ដោះលែង​ព្រះអង្គ​ ហន សុផាន្នី ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ បន្ទាប់​ជាប់​ឃុំ​ដោយសារ​ការ​បង្ហោះ កាំភ្លើង​ជ័រ​រិះគន់​ក្នុង​ហ្វេសប៊ុក (Face book) ជិត ២ឆ្នាំ​ហើយ​។

ម្ដាយ​បណ្ដាញ​ព្រះសង្ឃ​ឯករាជ ព្រះ​អង្គ ហន សុផាន្នី អ្នក​ស្រី ឈាន ម៉ាប់ ថ្លែង​ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី​២៤ មករា​ថា អ្នក​ស្រី​សម្ដែង​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ ដែល​ក្រសួង​យុត្តិធម៌​ និង​សមត្ថកិច្ច​ពាក់​ពាន់​វាយ​តម្លៃ​លើក​លែងទោស​ដល់​ទណ្ឌិត​ខុស​ ព្រោះ​​មិន​បាន​ដោះលែង​ព្រះ​អង្គ​ ហន សុផាន្នី​ ឲ្យ​មាន​សេរីភាព។ អ្នក​ស្រី​បន្ថែម​ទៀត​ថា ព្រះ​អង្គ ហន សុផាន្នី គួរតែ​ដោះ​លែង​ឲ្យ​មាន​សេរីភាព ព្រោះ​ព្រះអង្គ​មិន​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​នោះ​ទេ ហើយ​ម្យ៉ាង​ទៀត​ព្រះអង្គ​ជា​មនុស្ស​ស្លូតត្រង់​តែង​ជួយ​ការងារ​សង្គម​ជា​ប្រចាំ គឺ​មិន​មែន​ជា​ឧក្រិដ្ឋជន ឬ​មនុស្ស​កាច​សាហាវ​នៅ​ក្នុង​សង្គម​នោះ​ទេ៖ «រឿង​នេះ​វា​មិន​យុត្តិធម៌​ទេ​ យក​មនុស្ស​ទៅ​ឃុំ​ទុក​ដោយ​គ្មាន​រឿង​ចាប់​កំហុស​មិន​ដោះ​មិន​លែង​ ចំណែក​អ្នក​ផ្សេង​គេ​ដោះលែង​បាន។ ខ្ញុំ​តូច​ចិត្ត​ណាស់​ ដោយសារ​តែ​យើង​មិន​អាច​តវ៉ា​អី​​និយាយ​ជា​មួយ​គេ​បាន​ ហើយ​ចេះ​តែ​បាត់​ស្ងាត់​ទៅ ចង់​និយាយ​ថា​គ្មាន​អ្នក​ណា​តវ៉ា​គេ​ផ្អាប់​រឿង​ទុក​ចោល​មិន​ដោះលែង​កូន​ខ្ញុំ»

អាស៊ី​សេរី​មិន​អាច​ទាក់​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ លោក ជិន ម៉ាលីន ដើម្បី​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៤​មករា​ ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

ចំណែក​ប្រធាន​ពន្ធនាការ​ខេត្ត​បាត់ដំបង​វិញ​ គឺ​លោក សំអុល ធារិទ្ធ​ មិន​មាន​ប្រតិកម្ម​ជុំ​វិញ​ការ​ចោទ​ប្រកាន់​នេះ​ទេ ប៉ុន្តែ​លោក​បាន​ប្រដៅ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ថា​ មិន​ចេះ​ធ្វើ​ការ​ងារ​ទៅ​វិញ៖ «ទេ​អា​នឹង​ត្រូវ​ដឹង​ព្រោះ​ប្រទេស​យើង​មាន​ច្បាប់ ហើយ​ចេះ​តែ​សួរ​ផ្ដេសផ្ដាស​មិច ចេះ​តែ​សួរ​តាម​ទូរស័ព្ទ​សួរ​អី​មិច​ បង​ឯង​មើល​ច្បាប់​ស្រុក​ខ្មែរ​មើល? កន្លែង​ណា​អ្នក​នាំ​ពាក្យ​កន្លែង​ណា​អ្នក​ផ្ដល់​ព័ត៌មាន​ទៅ​មើល​ផង​មើល»

ទោះ​ជា​យ៉ាង​ណា​ក្ដី អភិបាល​ខេត្ត​បាត់ដំបង​លោក ងួន រតន មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ថា ការ​សម្រាលទោស និង​លើកលែង​ទោស​ដល់​អ្នក​ទោស​នេះ ធ្វើ​ឡើង​ដោយ​មាន​គណៈកម្មការ​វាយ​តម្លៃ​ត្រឹមត្រូវ៖‍ «បាទ​វា​មាន​ព្រះរាជអាជ្ញា​ជា​មួយ​គ្រប់គ្រង​ពន្ធនាគារ ​ដែល​គាត់​អ្នក​ធ្វើ​ការ​គ្រប់គ្រង​កែ​សម្រួល​បង្ហាញ​ ការ​ដែល​គាត់​ជាប់​គុក​ម៉ាន​ជាប់​ទោស​យ៉ាង​មិច​ គាត់​បាន​ហាត់​ពត់​ខ្លួន​រៀន​សូត្រ​យ៉ាង​មិច​អី​គេ​មាន​នីតិវិធី​គេ​វាយ​តម្លៃ»

កាល​ពី​ថ្ងៃ​ទី​២៣​មករា ​ក្រសួង​យុត្តិធម៌​បាន​​សម្រាលទោស និង​លើកលែង​ទោស​ដល់​អ្នក​ទោស​ចំនួន​២២៧​នាក់​ ក្នុង​នោះ​មិន​មានព្រះអង្គ ហន សុផាន្នី នោះ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៧​ សាលាដំបូង​ខេត្ត​បាត់ដំបង​ ជម្រះ​ក្ដី​ដោយ​ផ្ដន្ទាទោស​ព្រះ​តេជ​ព្រះ​គុណ ហន សុផាន្នី ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ក្រោម​បទ​ចោទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ។

សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ខេត្ត​បាត់ដំបង ព្រះនាម ហន សុផាន្នី គង់​នៅ​វត្ត​ដំរី​ស ក្រុង​បាត់ដំបង ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ព្រះ​កាយ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៧​ ហើយ​​មន្ត្រី​តុលាការ​ខេត្ត​​​នេះ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ពី​បទ​ដឹក​ជញ្ជូន និង​កាន់កាប់​អាវុធ​ដោយ​ខុស​ច្បាប់ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ។ ប៉ុន្តែ​កន្លង​មក ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​​ថេរ​ដីកា​​ថា តុលាការ​ចាប់​ព្រះសង្ឃ​ដោយ​ពុំ​បាន​ស៊ើបអង្កេត​ច្បាស់លាស់ ពីព្រោះ​កាំភ្លើង​ដែល​ព្រះអង្គ ហន សុផាន្នី បង្ហោះ​នៅ​លើ​បណ្ដាញ​ហ្វេសប៊ុក (FaceBook) កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧ នោះ ជា​កាំភ្លើង​ជ័រ​សម្រាប់​ក្មេង​លេង ពុំ​មែន​ជា​អាវុធ ​ដែល​​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ឡើយ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បាត់ដំបង​លោក យិន ម៉េង​លី​ លើក​ឡើង​ថា សំណុំ​រឿង​នេះ​មិន​មែន​ជា​សំណុំ​រឿង​មាន​លក្ខណៈ​ជា​ទោស​ព្រហ្មទណ្ឌ​នោះ​ទេ​ តែ​ពាក់ព័ន្ធ​រឿង​នយោបាយ ដូច្នេះ​ក្រសួង​យុត្តិធម៌​គួរ​លើកលែង​ទោស​ឲ្យ​ព្រះអង្គ​មាន​សេរីភាព ដើម្បី​បាន​ទៅ​ជួប​ជុំ​គ្នា​គ្រួសារ។ លោក​បន្ថែម​ទៀត​ថា​ ការ​លើកលែង​នេះ​ ដោយសារ​ក្រសួង​ធ្វើ​ឡើង​ចំពោះ​អ្នក​ទោស​ដែល​អនុវត្ត​ទោស​ពន្ធនាគារ ២ភាគ​បី​នៃ​ទោស​ ដោយ​មិន​គិត​ថា ​ជន​នោះ​មាន​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ ឬ​ជា​បទ​ល្មើស​​ផ្សេងៗ ទៀត​ឡើង​​ ដូច្នេះ​ហើយ​បាន​ជា​ព្រះ​អង្គ ហន សុផាន្នី មិន​មាន​ការ​លើក​លែង​ទោស​នោះ៖«ហើយ​ណា​មួយ​ខ្ញុំ​យល់​ថា​ព្រះអង្គ​ដែល​ជា​សមាជិក​សង្ឃ​ឯករាជ​ជា​មុខ​សញ្ញា​មួយ​ព្រោះ​គេ​ធ្វើ​ការ​កត់សំគាល់​ថា​ច្រើន​តែ​ធ្វើ​ការ​តវ៉ា​ប្រឆាំង​និង​រដ្ឋអំណាច​ ដូច្នេះ​ដែល​មិន​មាន​ការ​លើកលែង​ទោស​ យើង​ក៏​មាន​ការ​សោកស្ដាយ​ដែរ​ក្រសួង​ពិចារណា​មិន​បាន​ដិតដល់​ ដូច្នេះ​អ្នក​ដែល​ធ្វើ​ការ​ស្នើ​ឈ្មោះ​ឡើង​គប្បី​ពិចារណា​ទៅ​លើ​បទល្មើស​វិញ»

ទោះ​ជា​យ៉ាង​ណា ​អភិបាល​ខេត្ត​បាត់ដំបង​លោក ងួន រតន អះអាង​​ថា ការ​សម្រាល​ទោស និង​លើកលែង​ទោស នេះ​ធ្វើឡើង​ចំពោះ​អ្នកទោស​ស្រាលៗ​ដែល​ជិត​រួច​ទោស​ទៅ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល