សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​កែ​មាត្រា​ច្បាប់​ពុករលួយ​ដើម្បី​ឱ្យ​មន្ត្រី​ប្រកាស​ទ្រព្យសម្បត្តិ​ជា​សាធារណៈ

ដោយ ហ៊ុំ ចំរើន
2024.02.01
សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​កែ​មាត្រា​ច្បាប់​ពុករលួយ​ដើម្បី​ឱ្យ​មន្ត្រី​ប្រកាស​ទ្រព្យសម្បត្តិ​ជា​សាធារណៈ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​លោក កើត រិទ្ធ (ឆ្វេង) និង​ប្រធានអង្គភាពប្រឆាំំងអំពើពុករលួយ លោក ឱម យ៉ិនទៀង។
រូប៖ ហ្វេសប៊ុកក្រសួង​ព័ត៌មាន

អង្គភាព​ប្រឆាំង​អំពើពុករលួយ​គ្រោង​នឹង​បញ្ចប់​ការ​ទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​នៅ​ថ្ងៃទី​៣១ ខែ​មករា ក្រោយ​ពី​ទទួល​បាន​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​រាជការ​ជិត ២​ម៉ឺន​នាក់។ ទោះជា​យ៉ាងណា សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កែ​មាត្រា​ច្បាប់​ប្រឆាំង​ពុករលួយ​មួយ​ចំនួន​ដើម្បី​ឱ្យ​ការ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​រាជការ​បង្ហាញ​ជា​សាធារណៈ។

អង្គភាព​ប្រឆាំង​អំពើពុករលួយ ថ្ងៃទី​៣០ ខែ​មករា លើកឡើង​នៅ​លើ​ទំព័រ​ហ្វេ​ស​បុក (Facebook) ថា​មន្ត្រីរាជការ​ដែល​ជាប់​កាតព្វកិច្ច បាន​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ចំនួន​ជិត ២​ម៉ឺន (១៨.១០៧) នាក់ ដែល​ស្មើនឹង ៩៩​ភាគរយ នៃ​ចំនួន​ប្រកាស​សរុប។

ការ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​រាជការ គឺ​ស្របតាម​មាត្រា​១៧ នៃ​ច្បាប់​ប្រឆាំង​អំពើពុករលួយ ដែល​ចែងថា មន្ត្រីរាជការ​ស៊ីវិល តាម​ក្រសួង​ស្ថាប័នរដ្ឋ ចាប់ពី​ប្រធាន​នាយកដ្ឋាន យោធា នគរបាល ចាប់ពី​ស័ក្តិ​៥ មន្ត្រី​តុលាការ និង​អ្នក​ដែល​ត្រូវ​បាន​តែងតាំង​ពី​ការ​បោះឆ្នោត រួមមាន​៖ សមាជិក​ព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល និង​ក្រុមប្រឹក្សា​ខេត្ត ក្រុង​ស្រុក​ខណ្ឌ ក្រុម​ប្រឹក្សាឃុំ​សង្កាត់ ត្រូវ​ជាប់​កាតព្វកិច្ច ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​រៀងរាល់​ពីរ​ឆ្នាំ​ម្ដង នៅ​ក្នុង​ខែ​មករា ហើយ​មិន​ឱ្យ​ហួស​ថ្ងៃទី​៣១ ខែ​មករា ឡើយ។ តាម​ច្បាប់​ប្រឆាំង​អំពើពុករលួយ ការ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​នេះ ធ្វើ​ឡើង​ដោយ​សម្ងាត់ បិទ​ក្នុង​ស្រោម​សំបុត្រ។ ចំណែក​លុយ​ក្នុង​ធនាគារ​មិន​តម្រូវ​ឱ្យ​ប្រកាស​ទេ។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី លើកឡើង​ថា ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ដែល​ធ្វើ​ឡើង​ដោយ​សម្ងាត់​បិទ​ក្នុង​ស្រោមសំបុត្រ​មិន​អាច​បំបាត់​អំពើពុករលួយ​បាន​នោះ​ទេ ព្រោះ​ថា ភាគី​ដែល​ដឹង​មាន​តែ​សាមីខ្លួន និង​មន្ត្រី​ប្រឆាំង​អំពើពុករលួយ​ប៉ុណ្ណោះ។ លោក ប៉ិច ពិសី បន្ត​ថា រដ្ឋាភិបាល​គួរតែ​ធ្វើ​វិសោធនកម្ម ឬ​កែប្រែ​មាត្រា​ច្បាប់​ប្រឆាំង​អំពើពុករលួយ ដើម្បី​ឱ្យ​បុគ្គល​ដែល​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ​ទាំងនោះ​ធ្វើ​ឡើង​ជា​សាធារណៈ ហើយ​ពលរដ្ឋ និង​អ្នក​សារព័ត៌មាន​អាច​ដឹង​ពី​ភាព​មិន​ប្រក្រតី​នៃ​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​រាជការ​ទាំង​នោះ។

លោក ប៉ិច ពិសី៖ «ប្រសិនជា​អ្នក​ដែល​ប្រកាស​ហ្នឹង​គាត់​ដឹងខ្លួន​ថា​គាត់​ពលរដ្ឋ​ផ្សេងៗ មើល​គាត់​គេ​ដឹង​ព័ត៌មាន​ពី​គាត់​លំអិត​អ៊ីចឹង គេ​ដឹង​ព័ត៌មាន​ពី​គាត់​អ៊ីចឹង គាត់​ក៏​មានការ​ខ្លាចរអា​ក្នុង​ការ​កេងប្រវ័ញ្ច​អី​ណាមួយ​នៅក្នុង​ការ​ប្រើប្រាស់​បណ្ដាញ​ខុស​ដើម្បី​ផលប្រយោជន៍​ខ្លួនឯង​ដែរ អ្នក​ដែល​ប្រកាស​គាត់​រៀង​ញញើត​ដែរ​មិនសូវ​ហ៊ាន​ធ្វើ ព្រោះ​ព័ត៌មាន​គាត់​ត្រូវ​បាន​ដឹង​ជា​សាធារណៈ ទោះបីជា​យើង​គិតថា​មាន​ផល​វិបាក​មួយ​ចំនួន ធម្មតា​អ្នកខ្លះ​គេ​បារម្ភ​ពី​សុវត្ថិភាព​ទ្រព្យសម្បត្តិ​នៅ​ពេល​ដែល​ប្រកាស​ទៅ​គេ​ដឹង​ទ្រព្យ​អី ប៉ុន្តែ​យើង​ប្រើ​យន្តការ​ផ្សេង​ដើម្បី​ការពារ​បាន»

អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) នៅ​ថ្ងៃទី​៣០ ខែមករា ចេញផ្សាយ​របាយការណ៍​រក​ឃើញ​ថា ស្ថានភាព​អំពើពុករលួយ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣ ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឱ្យ​បារម្ភ និង​អាក្រក់​ជាង​ឆ្នាំមុន ដោយ​ទទួល​បាន​ពិន្ទុ ២២ ដែល​ធ្វើឱ្យ​កម្ពុជា​ធ្លាក់​មក​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​១៥៨ ក្នុង​ចំណោម​ប្រទេស និង​ដែនដី​ចំនួន ១៨០។

ចំណែក​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គឹមអេង មាន​ប្រសាសន៍​ថា ការ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​រាជការ​ធ្វើ​ឡើង​ក្នុង​គោលដៅ​លុបបំបាត់​អំពើពុករលួយ។ ទោះជា​យ៉ាងណា លោក យង់ គិមអេង ថា យន្តការ​នេះ​នឹង​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ប្រសិនបើ​ការ​ប្រកាស​ទ្រព្យសម្បត្តិ​ទាំងនោះ​មិន​អាច​បង្ហាញ​ជា​សាធារណៈ។

លោក យង់ គិមអេង៖ «ការ​ប្រកាស​ទ្រព្យសម្បត្តិ​ជា​សាធារណៈ​នេះ វា​នឹង​ជួយ​ដើម្បី​ឱ្យ​សាធារណជន​ធ្វើ​ការ​តាមដាន គឺ​អាច​ប្រៀបធៀប​មើល​ចំណូល​បច្ចុប្បន្ន​របស់​គាត់ និង​អនាគត តើ​វា​ខុសគ្នា​ខ្លាំង​ទេ ហើយ​ប្រាក់ខែ​របស់​គាត់ ហើយ​មុខ​ជំនួញ​របស់​គាត់​ខ្លះៗ ហ្នឹង តើ​ប្រាក់ខែ​របស់​គាត់​បាន​ទៅដល់​ហ្នឹង​ទេ អ៊ីចឹង​គេ​ងាយស្រួល​ក្នុង​ការ​មើល​អ៊ីចឹង»

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ឆ្លើយតប​ជុំវិញ​រឿង​នេះ​ពី​អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី​លោក មាស សោភ័ណ្ឌ និង​អ្នកនាំពាក្យ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ បាន​ទេ​នៅ​ថ្ងៃ​ទី៣១ ខែ​មករា។

បើ​ទោះ​ជា​ប្រទេស​កម្ពុជា​មាន​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើពុករលួយ និង​មាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​ជា​ស្ថាប័ន​ទទួល​បន្ទុក​កម្ចាត់​អំពើពុករលួយ​ក្ដី ប៉ុន្តែ​កន្លង​មក គេ​សង្កេត​ឃើញ​ថា ស្ថាប័ន​មួយ​នេះ​បង្ក្រាប​អំពើពុករលួយ​បាន តែ​ទៅ​លើ​មន្ត្រី​តូចតាច​នៅ​ថ្នាក់​ក្រោម ចំណែក​មន្ត្រី​គ្រាក់ៗ មាន​អំណាច និង​ទ្រព្យ​មហាសាល​ដែល​គេ​សង្ស័យ​ថា បាន​មក​ដោយសារ​ការប្រព្រឹត្ត​អំពើពុករលួយ​នោះ អង្គភាព​មួយ​នេះ​មិន​ហ៊ាន​ចាត់វិធានការ​ច្បាប់​នោះ​ឡើយ។

របាយការណ៍​អង្គការ​តម្លាភាព បង្ហាញ​ថា អំពើពុករលួយ​បន្ត​កើត​មាន​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​ដោយសារ​តែ​រដ្ឋាភិបាល​ខ្វះ​ឆន្ទៈ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ និង​កង្វះ​ប្រសិទ្ធភាព​ក្នុង​ការ​ផ្ដន្ទាទោស​មន្ត្រី​ប្រព្រឹត្ត​អំពើពុករលួយ ការ​ប្រើប្រាស់​ធនធាន​ដោយ​មិន​ត្រឹមត្រូវ និង​យន្តការ​គណនេយ្យ​ភាព​នៅ​ទន់ខ្សោយ​ជាដើម។ ក្រៅ​ពី​នេះ កម្ពុជា​នៅ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ទទួល​សំណូក និង​ការប្រព្រឹត្ត​ពុករលួយ​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​ប្រចាំថ្ងៃ ប្រព័ន្ធ​តុលាការ​ដែល​មិន​ដំណើរការ និង​កំណើន​ឥទ្ធិពល​នៃ​ផលប្រយោជន៍​របស់​ក្រុម​មនុស្ស​មួយ​ភាគ​តូច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។