សង្គម​ស៊ីវិល ស្វាគមន៍​​បំណង​ពន្លឿន​​ការ​កាត់​ទោស​ស្ត្រី​​កំពុង​ជាប់ឃុំ​​មាន​កូន​តូច តែ​​​ឲ្យ​អនុវត្ត​​​ស្មើ​​ភាព​គ្នា

ដោយ សេក បណ្ឌិត
2019.02.19
អ្នក​ទោស​ស្ត្រី ៦២០ ៨-មីនា-២០១០: ស្រ្ដី​អ្នក​ទោស​ចូល​រួម​អបអរ​សាទរ​ទិវា​នារី​អន្តរជាតិ​លើក​ទី​៩៩ ដែល​រៀបចំ​ដោយ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ សហការ​ជាមួយ​អាជ្ញាធរ​គ្រប់គ្រង​ពន្ធនាគារ​ព្រៃស ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​ពន្ធនាគារ​ព្រៃស ក្នុង​រាជធានី​ភ្នំពេញ។
Photo: RFA

សង្គម​ស៊ីវិល​​ឃ្លាំ​មើល​សិទ្ធិ​ស្ត្រី ស្វាគមន៍​បំណង​របស់​មេដឹកនាំ​របប​ភ្នំពេញ ដែល​ចង់​ឲ្យ​មាន​ការ​កាត់​ទោស​ឲ្យ​បាន​លឿន ​និង​ផ្ដល់​ឱកាស​ស្ត្រី​កំពុង​ជាប់​ឃុំ​ ទទួល​បាន​ការ​សម្រាល​ទោស​ឆាប់​រហ័ស​។ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ថា កំពុង​ស្រង់​ស្ថិតិ​ស្ត្រី​មាន​កូន​តូច និង​ស្ត្រី​មាន​ផ្ទៃពោះ កំពុង​​ជាប់​ឃុំ ដើម្បី​បន្ធូរ​បន្ថយ​ទោស​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។

នាយិកា​ប្រតិបត្តិ​អង្គការ​ សីលកា​ កញ្ញា សេង សុរាសី យល់​ថា ជា​រឿង​ល្អ ​ដែល​រដ្ឋាភិបាល​ផ្ដល់​ឱកាស​បែប​នេះ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​មាន​កូន​តូច​ក្នុង​បន្ទុក កំពុង​ជាប់​ឃុំ។ ប៉ុន្តែ​​ រឿង​សំខាន់ ​​សង្គម​ស៊ីវិល​ច្រើន​តែ សង្កេត​ឃើញ​ការ​អនុវត្ត​មិន​សូវ​មាន​ប្រសិទ្ធភាព​ដូច​ការ​អំពាវនាវ៖ «ការ​លើក​ឡើង​បែប​ហ្នឹង​ អត់​មាន​រឿង​អ្វី​មិន​ល្អ​ទេ។ ប៉ុន្តែ​យើង​ត្រូវ​មើល​លើ​ការ​អនុវត្ត​ជាក់ស្ដែង​វិញ ថា​តើ​ការ​អនុវត្ត​ហ្នឹង យ៉ាង​ម៉េច​ដែរ? ជួន​កាល​ទៀត​សោត អាច​ក្នុង​ពេល​អនុវត្ត​អាច​មាន​ការ​ដោះ​ដូរ។ ឧទាហរណ៍ ថា តាម​ពិត​គាត់​ត្រូវ​បាន​ចេញ​​ហើយ ឬ​មួយ​ក៏​អ្វី​អ៊ីចឹង។ មាន​អ្នក​ខ្លះ​ គាត់​ខូច​យក​ឱកាស​ហ្នឹង​ សម្រួល​ឲ្យ​អ្នក​ផ្សេង​យក​ឱកាស​​ទៅ»

លោក ហ៊ុន សែន មេដឹកនាំ​របប​ឯក​បក្ស​​ក្រុង​ភ្នំពេញ កាល​​ពី​ថ្ងៃ​ទី ​១៨ ​កុម្ភៈ នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​របស់ ក្រុម​​ប្រឹក្សា​​ជាតិ​​កម្ពុជា​​ដើម្បី​​ស្ត្រី​​ ​​​បាន​​ជំរុញ​​ឲ្យ​​ក្រសួង​​ចំនួន​​ពីរ ​គឺ​ក្រសួង​យុត្តិធម៌ ​និង​ក្រសួង​កិច្ចការ​នារី ​ពិនិត្យ​​មើល​​សំណុំ​​រឿង​​របស់​ជន​សង្ស័យ និង​ទណ្ឌិត​ជា​ស្ត្រី​ដែល​មាន​កូន​តូច​នៅ​ក្នុង​ពន្ធនាគារ ​និង​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ ​ត្រូវ​ពន្លឿន​នីតិវិធី​ធ្វើ​យ៉ាង​ណា ​ឲ្យ​មាន​ការ​កាត់​ទោស​ និង​បន្ធូរ​បន្ថយ​ទោស ​ឲ្យ​បាន​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ខាង​មុខ​។​ លោក​ ហ៊ុន សែន ​ថ្លែង​ថា បើ​ទោះ​ជា​ គ្មាន​ពិធីបុណ្យ​ធំ​ៗ ដែល​អាច​លើក​លែង​ទោស​ដល់​អ្នក​ទោស ក៏​ក្រសួង​សាមី មាន​សិទ្ធិ​ស្នើ​សុំ​ការ​លើក​លែង​ទោស​គ្រប់​ពេល​សម្រាប់​ស្ត្រី​មាន​កូន​តូច​ក្នុង​បន្ទុក និង​ស្ត្រី​កំពុង​មាន​ផ្ទៃ​ពោះ​ដែរ។

​​អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន និង លោក គឹម សន្ដិភាព​ បាន​ទេ នៅ​ថ្ងៃ​ទី​១៩ កុម្ភៈ។ ប៉ុន្តែ​ លោក គឹម​ សន្ដិភាព ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក ថា ​ក្រសួង​​​យុត្តិធម៌ បាន​ចាប់​​ផ្ដើម​​ស្រង់​​ស្ថិតិ​​ ​​ស្ត្រី​​ដែល​​មាន​កូន​តូច ​នៅ​ក្នុង​ពន្ធនាគារ​​ហើយ​។ ​​លោក គឹម សន្ដិភាព ថា ​នឹង​ពិនិត្យ ក្នុង​​ពន្ធនាគារ​​ទាំង​​អស់​​នៅ​ទូទាំង​ប្រទេស ​ឲ្យ​បាន​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ខណៈ​បច្ចុប្បន្ន​នេះ ​មាន​​ស្ត្រី​ប្រមាណ​ជា​២៥០០​នាក់ ​ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​ ហើយ​​​ស្ត្រី​ ដែល​មាន​កូន​នៅ​ក្នុង​បន្ទុក​ចំនួន​១៦៦​នាក់​ និង​​ស្ត្រី​​​​មាន​​ផ្ទៃ​ពោះ​ចំ​នួន​​៥១​​នាក់​​។​​

ជា​រៀង​រាល់​ឆ្នាំ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា អង្គការ​លីកាដូ តែង​ចេញ​របាយការណ៍ បង្ហាញ​​ពី​ផល​ប៉ះពាល់​នៃ​ការ​ឃុំ​ខ្លួន​ស្ត្រី​​មាន​ផ្ទៃ​ពោះ និង​កូន​របស់​អ្នក​ទាំង​នោះ ក្នុង​ពន្ធនាគារ។ អង្គការ​ លីកាដូ រក​ឃើញ​ថា ការ​ឃុំ​ខ្លួន​​ស្ត្រី​​មាន​ផ្ទៃពោះ និង​ម្ដាយ​ ដែល​មាន​កូន​តូចៗ​ នៅ​ជាមួយ​ បាន​ប៉ះពាល់​ដល់​សិទ្ធិ​ សតិ​អារម្មណ៍​កូន​តូច​ៗ​របស់​ពួកគេ។ កត្តា​នេះ ប្រព័ន្ធ​យុត្តិធម៌​នៅកម្ពុជា ផ្ដោត​ស្ទើរ​ទាំងស្រុង​លើ​ការ​ដាក់​ឃុំឃាំង​ជន​សង្ស័យ​ ដើម្បី​រង់ចាំ​សវនាការ​ មិន​ថា អ្នក​នោះ ជា​ស្ត្រី​ ដែល​មាន​កូន​តូច ក្នុង​បន្ទុក ឬ ស្ត្រី​កំពុង​មាន​ផ្ទៃ​ពោះ​ឡើយ។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា ដោយ​សារ​តែ​ស្ថានភាព​ពន្ធនាគារ​នៅ​កម្ពុជា សម្បូរ​រឿង​អាស្រូវ​ពុក​រលួយ ដូច្នេះ​ប្រសិន​បើ​រដ្ឋាភិបាល គ្មាន​ការ​ត្រួត​ពិនិត្យ​ច្បាស់​លាស់​ លើ​បទ​បញ្ជា​ ដែល​បាន​ដាក់​ចេញ​នេះ​ទេ នឹង​ធ្វើ​ឲ្យ​​ក្លាយ​ជា​ឱកាស​សម្រាប់​មន្ត្រី​ខិលខូច​រក​ស៊ី​ ហើយ​មាន​ការ​ស៊កសៀត អ្នក​ទោស​ផ្សេង ដោយ​ប្រើ​ឈ្មោះ​របស់​ស្ត្រី​មាន​កូន​តូច ក្នុង​បន្ទុក ឬ ស្ត្រី​មាន​ផ្ទៃ​ពោះ ជាដើម៖ «ក្រៅ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ស្ត្រី​អ្នក​ទោស​នោះ យើង​ចង់​ឃើញ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ស្ត្រី​ មាន​ច្រើន​ជាង​នេះ ខណៈ​យើង​ឃើញ​ស្ត្រី​មួយ​ចំនួន​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក​យ៉ាង​អយុត្តិធម៌ ដោយសារ​រឿង​ដីធ្លី ដោយសារ​ការ​តវ៉ា ដើម្បី​ផ្ទះ​សម្បែង​របស់​ខ្លួន​ជាដើម។ ការ​យក​ចិត្ត​ទុក​ដាក់​ ត្រឹម​តែ​ស្ត្រី​ក្នុង​ពន្ធនាគារ ខ្ញុំ​យល់​ថា​ មិន​ទាន់​គ្រប់​គ្រាន់​ទេ។ រដ្ឋាភិបាល​ត្រូវ​មាន​វិធាន​ការ​បន្ធូរ​ដៃ​ឲ្យ​ស្ត្រី​ ដែល​តស៊ូ​មតិ ​ដើម្បី​យុត្តិធម៌ ដើម្បី​សិទ្ធិ​លំនៅឋាន​របស់​ខ្លួន ហ្នឹង​ផង។ ឃើញ​ថា អាជ្ញាធរ​បង្ក្រាប​ផុយៗ ចាប់​ផុយៗ។ ពួកគាត់​ហ្នឹង ក៏​រង​ទុក្ខ​​មួយ​ក្នុង​កម្រិត ធ្ងន់ធ្ងរ​ច្រើន​ដែរ»

ការ​​បន្ធូរ​បន្ថយ​​ទោស ឬ​ លើក​លែង​ទោស ​ដល់​ទណ្ឌិត ​ជា​ផ្លូវ​ការ មាន​៣​ដង ក្នុង​មួយ​ឆ្នាំ គឺ​​នៅ​ក្នុង​​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ពិធី​បុណ្យ​វិសាខ​បូជា​ និង​ពិធី​បុណ្យ​អុំទូក។ ​ប៉ុន្តែ​កាល​ពី​ឆ្នាំ ​២០១៨​ ​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​ បាន​បន្ថែម​យន្តការ​លើក​លែង​ និង​បន្ធូរ​បន្ថយ​ទោស ​ដល់​ទណ្ឌិត​បន្ថែម​ទៀត ​គឺ​នៅ​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ​និង​ទិវា​ឈ្នះ​ឈ្នះ​ កាល​ពី​​ថ្ងៃ​ទី​២៩ ​ធ្នូ​​ ឆ្នាំ​២០១៨។

សេចក្ដីថ្លែងការណ៍​​របស់​អង្គការ​លីកាដូ ស្ដីពី ការ​ដោះ​លែង​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​​មាន​កូន​នៅ​ជាមួយ​​ក្នុង​ពន្ធនាគារ បាន​ផ្តល់​នូវ​ភាព​ធូរ​ស្រាល ប៉ុន្តែ​មិន​ទាន់​បាន​ដោះស្រាយ​បញ្ហា​​ចម្បង​នានា​ ចេញ​ផ្សាយ​ កាល​ពី​ឆ្នាំ​២០១៥ បង្ហាញ​ថា ប្រព័ន្ធ​យុត្តិធម៌ ​មាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការ​ធានា​ថា​ម្ដាយ​ ដែល​រស់នៅ​ជាមួយ​កូន និង​ស្ត្រី​មាន​ផ្ទៃពោះ មិន​ត្រូវ​បាន​ដាក់ឲ្យ​ជាប់​ពន្ធនាគារ​ដោយ​មិន​ចាំបាច់​នោះ​ទេ។ ​អង្គការ ​លីកាដូ យល់​ថា សេចក្ដី​សម្រេច​ដាក់​ឲ្យ​ជាប់​ឃុំ​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ គួរតែ​ជា​ជម្រើស​ចុង​ក្រោយ មិន​គួរ​​ជា​វិធានការណ៍​ទេ ហើយ​គួរតែ​គិតពិចារណា​ទៅលើ​ស្ថានភាព​ក្រុម​គ្រួសារ​គ្រប់​ពេលវេលា ហើយ​ទោស​ឃុំឃាំង​ នៅ​នគរបាល ក៏​គួរ​តែ​ត្រូវ​បាន​ដាក់​តែ​ក្នុង​ករណី​បទល្មើស​ធ្ងន់ធ្ងរ​តែប៉ុណ្ណោះ ដោយ​ត្រូវ​គិត​ពិចារណា​ទៅ​លើ​ផលប្រយោជន៍​ច្រើន​បំផុត​របស់​កុមារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។