តុលាការ​សម្រេច​ឃុំខ្លួន​សកម្មជន​បក្ស​ប្រឆាំង លោក គង់ ម៉ាស់ នៅ​ពន្ធនាគារ​ព្រៃស

ដោយ យន់ សាមៀន
2019-01-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អាជ្ញាធរ​ឃាត់​ខ្លួន​លោក គង់ ម៉ាស់ (អាវ​ដៃ​ខ្លី​ពណ៌​លឿង) នៅ​ហាង​កាហ្វេ អាលមិន (Almond) នៅ​ជិត​ស្ថានទូត​រុស្ស៊ី​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែ​មករា។
អាជ្ញាធរ​ឃាត់​ខ្លួន​លោក គង់ ម៉ាស់ (អាវ​ដៃ​ខ្លី​ពណ៌​លឿង) នៅ​ហាង​កាហ្វេ អាលមិន (Almond) នៅ​ជិត​ស្ថានទូត​រុស្ស៊ី​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែ​មករា។
Provided photo

មន្ត្រី​អង្គការ​សិទ្ធិមនុស្ស ចាត់​ទុក​ការ​ការចោទប្រកាន់ និង​ចាប់​ឃុំខ្លួន​មន្ត្រី​គណបក្សប្រឆាំង លោក គង់ ម៉ាស់ ថា ជា​ការ​រំលោភច្បាប់ ហើយ​កាន់តែ​បង្ហាញ​​ឱ្យ​មជ្ឈដ្ឋាន​ទូទៅ​មើល​ឃើញ​ថា កម្ពុជា​គ្មាន​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នោះ​ទេ។ ប្រតិកម្ម​របស់​មន្ត្រី​សិទ្ធិមនុស្ស​នេះ ដោយសារតែ​តុលាការ បាន​សម្រេច​ឃុំខ្លួន លោក គង់ ម៉ាស់ នៅ​ពន្ធនាការ​ព្រៃស ក្រោយ​ពី​លោក បាន​សរសេរ​សារ​សម្ដែង​មតិ​រិះគន់​របប​លោក ហ៊ុន សែន និង​សរសេរ​សារ​ចុងក្រោយ​ថា សហគមន៍​អឺរ៉ុប​នឹង​យកពន្ធ​លើ​អង្ករ​ខ្មែរ​នៅ​តាម​បណ្ដាញ​សង្គម។

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ម៉ុង មុន្នីសោភា បានសម្រេច​ឃុំខ្លួន​សកម្ម ជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​ស្វាយរៀង លោក គង់ ម៉ាស់ នៅ​ពន្ធនាគារ​ម​១ ឬ​ពន្ធនាគារ​ព្រៃស​ហើយ នៅ រសៀល​ថ្ងៃ​សៅរ៍​ទី​១៩ ខែ​មករា។ ការសម្រេច​ឃុំខ្លួន​នេះ ដើម្បី​បន្ត​ដំណើរការ​ស៊ើបសួរ ក្រោយពី​ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធាន​ភ្នំពេញ លោក អ៊ុំ សុភ័ក្រ បាន​សម្រេច​ចោទប្រកាន់​លោក គង់ ម៉ាស់ ចំនួន​ពីរ​បទល្មើស​គឺ បទ​ញុះញង់​​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​បទ​មជ្ឈិម​ជាអាទិ៍ និង​បទ​ប្រមាថ ដែល​មាន​ចែង​ក្នុង​មាត្រា​៤៩៥ និង​មាត្រា ៥០២​នៃ​ក្រមព្រហ្មទណ្ឌ។

មេធាវី​ការពារ​ក្តី​​ឱ្យ​លោក គង់ ម៉ាស់ គឺ​លោក សំ សុគង់ ​ឱ្យ​អាស៊ីសេរី​ដឹង​ថា ការចោទប្រកាន់​កូន​ក្តី​លោក​បែបនេះ គឺជា​រឿង​អយុត្តិធម៌​បំផុត ព្រោះ​កូន​ក្តី​របស់​លោក គ្រាន់តែ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ដែល​មាន​ចែង​ក្នុង​ច្បាប់​ប៉ុណ្ណោះ។ លោក​បន្ត​ថា តុលាការ​ផ្អែកលើ​សារ​របស់ លោក គង់ ម៉ាស់ ដែល​បាន​សរសេរ​នៅ​តាម​បណ្ដាញ​សង្គម ដូចជា​យុទ្ធនាការ​ម្រាមដៃ​ស្អាត កាល​ពី​មុន​បោះឆ្នោត រូបភាព​ជួបជុំ​សកម្មជន​តាម​មូលដ្ឋាន និង​សារ​រិះគន់​បែប​ស្ថាបនា អំពី​ភាព​អសកម្ម​មួយ​ចំនួន​របស់​របប​លោក ហ៊ុន សែន រួមមាន​បញ្ហា​ព្រំដែន និង​ករណី​ចុងក្រោយ​តម្លៃ​កសិផល​ចុះថោក នៅ​មុន​ពេល​សហភាព​អឺរ៉ុប​យក​ពន្ធ​អង្ករ​កម្ពុជា​ជាដើម ដើម្បី​ដាក់​បន្ទុក​កូន​ក្តី​លោក៖ «វា​ជា​ការ​ចោទប្រកាន់​មួយ​ធ្ងន់ធ្ងរ។ លោក គង់ ម៉ាស់ បាន​លើកឡើង​នៅមុខ​អយ្យការ និង​ចៅក្រម​ថា អ្វី​ដែល​លោក​បង្ហោះ​ជា​សារ និង​រូបភាព​នោះ គឺជា​សិទ្ធិ​ក្នុងនាម​ជា​ពលរដ្ឋ ដែល​មាន​សិទ្ធិ​បញ្ចេញ​មតិ។ មួយទៀត​ការរិះគន់​របស់​លោក​នោះ គឺជា​ការរិះគន់​បែប​ស្ថាបនា​ទៅលើ​រដ្ឋាភិបាល ដូច្នេះ​រដ្ឋាភិបាល គួរតែ​អត់ឱន​និង​អធ្យាស្រ័យ ព្រោះ​ប្រទេស​ដែល​មាន​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស គឺ​មិន​ខ្លាច​ការរិះគន់​ពី​ប្រជាពលរដ្ឋ​នោះ​ទេ»

នៅ​មុន​ពេល​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃស លោក គង់ ម៉ាស់ បាន​សរសេរ​លិខិត​មួយ​ច្បាប់​បញ្ជាក់​អំពី គោលជំហរ​របស់​លោក​ថា កិច្ចការ​ដែល​លោក​ធ្វើ​កន្លង​មក គឺ​ដើម្បី​ប្រទេសជាតិ ហើយ​លោក​នៅ តែ​មាន​ជំហរ​រឹងមាំ​ដដែល លុះត្រាតែ​រដ្ឋាភិបាល​មួយ​នេះ កែប្រែ​ឥរិយាបថ​របស់​ខ្លួន។ ក្នុង​លិខិត​នោះ លោក គង់ ម៉ាស់ ក៏​ស្នើសុំ​​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ជួយ​ផ្ដល់​កម្លាំង​ចិត្ត និង​សេដ្ឋកិច្ច​ដល់​គ្រួសារ​របស់ លោក​ផង ព្រោះ​ពេល​នេះ​លោក​មិន​អាច​ធ្វើ​អ្វី​បាន​ទៀត​នោះ​ទេ​។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ ខេត្ត​ស្វាយរៀង លោក ម៉ៅ វិបុល ដែល​កំពុង​ភៀសខ្លួន​នៅ ក្រៅ​ប្រទេស លើកឡើង​ថា ការ​ចោទប្រកាន់​របស់​តុលាការ​លើ​លោក គង់ ម៉ាស់ គឺ​ធ្ងន់ធ្ងរ និង​មិន ត្រឹមត្រូវ​តាមច្បាប់​នោះ​ទេ។ លោក​ចាត់​ទុក​ករណី​នេះ ថា ជា​រឿង​នយោបាយ​សុទ្ធសាធ៖ «សូម​អន្តរជាតិ ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​ផង ជាពិសេស​លោក គង់ ម៉ាស់ ដែល​ត្រូវ​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌។ សូម​អំពាវនាវ​ប្រជា​ពលរដ្ឋ​ខ្មែរ​ផង​ដែរ ត្រូវ​ចូលរួម​តាមដាន​ការ​អនុវត្ត​ច្បាប់ ដើម្បី​​ឱ្យ​រដ្ឋាភិបាល​ខុសច្បាប់​នេះ បម្រើ​ប្រជាពលរដ្ឋ​​ឱ្យ​បាន​ពិតប្រាកដ កុំ​​ឱ្យ​រើសអើង​តទៅទៀត។

ចំណែក អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា លោក គង់ ម៉ាស់ គឺជា​សកម្មជន​នយោបាយ ដូច្នេះ​ការ​បញ្ចេញមតិ​រឿង​នយោបាយ និង​សង្គម គឺជា​រឿង​ស្របច្បាប់។ លោក​បន្ត​ថា ការ​ចាត់​វិធានការ​ច្បាប់​ប្រឆាំង​ការ​បញ្ចេញមតិ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នេះ គឺជា​ការអនុវត្ត វិធានការ​រំលោភ​ទៅលើ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ដែល​ធានា​អំពី​សិទ្ធិ​សេរីភាព​ពលរដ្ឋ​គ្រប់​រូប៖ «បច្ចុប្បន្ន​នេះ គេ​មានការ​បារម្ភ​មែនទែន​អំពី​ការ​បញ្ចេញ​មតិ​ផ្នែក​នយោបាយ​នេះ ហើយ​បើសិនជា​ចាត់វិធានការ​ហើយ​ឃុំខ្លួន​បែបនេះ នឹង​ត្រូវ​គេ​ឃ្លាំមើល និង​ចាត់​ថា មិន​មាន​ប្រជាធិបតេយ្យ​ទៀត​ទេ»

លោក ស៊ឹង សែនករុណា អះអាង​ថា ជន​គ្រប់រូប​ត្រូវ​មាន​សិទ្ធិ​សំដែង​កង្វល់ និង​ទស្សនៈ​របស់​ខ្លួន​ដោយ​សេរី​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​រំខាន​ពី​រដ្ឋាភិបាល​នោះ​ទេ។

ទោះ​យ៉ាង​ណា​ក្តី លោក​មេធាវី សំ សុគង់ អះអាង​ថា លោក នឹង​ជជែក​ជាមួយ​កូន​ក្តី​របស់​លោក នៅ​សប្ដាហ៍​ក្រោយ​នេះ ដើម្បី​ដាក់ពាក្យ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ទោះបី​ជា​មាន​លក្ខខណ្ឌ បែប​ណា​ក្ដី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល