បក្ស​ប្រឆាំង​ចាត់​ទុក​ការ​លើកលែងទោស​ទណ្ឌិត​ធ្វើឡើង​ដោយ​​អយុត្តិធម៌ និង​ពុករលួយ

ដោយ ជាតិ ចំណាន
2018.11.01
អេង ឆៃអ៊ាង ៦២២ លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​ជាប់​ឆ្នោត និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។
Photo: RFA

មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​គោលការណ៍ ការ​បន្ធូរបន្ថយ​ទោស និង​លើកលែងទោស​របស់​ក្រសួង​យុត្តិធម៌​ធ្វើឡើង​ដោយ​គ្មាន​តម្លាភាព។ ក្រសួង​យុត្តិធម៌​គ្រោង​ពិនិត្យ​លក្ខណៈ​សម្បត្តិ របស់​ទណ្ឌិត​ចំនួន ជាង​៥០០​នាក់ ដើម្បី​រៀបចំ​ការ​បន្ធូរបន្ថយ និង​លើកលែងទោស ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាងមុខ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវ​របប​លោក ហ៊ុន សែន រំលាយ​ចោល លោក អេង ឆៃអ៊ាង ថាកន្លង​មក​ក្រសួងយុត្តិធម៌​ដោះលែង និង​បន្ធូរ​បន្ថយ​ទោស​អ្នកទោស​អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ខណៈ​អ្នក​ទោស​នយោបាយ​នៅ​កំពុង​ជាប់ឃុំ​នៅ​មិនទាន់​ត្រូវ​បាន​ដោះលែង​នៅឡើយ៖ «មនុស្ស​មួយ​ចំនួន តុលាការ​កាត់ទោស​ទាំង​រំលោភ​បំពាន អ្នកណា​មាន​លុយ​ទៅ ក៏​រួចខ្លួន​ទៅ អ្នកណា​គ្មាន​លុយ​ទៅ​ទេ ត្រូវ​ទៅ​ជាប់គុក​ទៅ។ ហើយ​ឥឡូវនេះ​បើ​អ្នកណា​ចង់បាន​ការកាត់បន្ថយ​ទោស ចង់បាន​ការលើកលែង​ទោស​ត្រូវ​វេច​ខ្ចប់ លុយកាក់​នឹង​ទៅ​សូក​អ្នក​មាន​អំណាច»

ក្រសួង​យុត្តិធម៌ កាលពី​ថ្ងៃ​ទី​៣១ ខែ​តុលា បាន​បើក​កិច្ចប្រជុំ​មួយ ទាក់ទង​នឹង​ការពិនិត្យ​លើ​លក្ខណៈ​សម្បត្តិ​របស់​ទណ្ឌិត​ចំនួន ៥២៣​នាក់ មាន​ស្ត្រី​ចំនួន ៣៧​នាក់ ដើម្បី​ស្នើ​ឲ្យ​មានការ​បន្ធូរបន្ថយ និង​លើកលែងទោស ក្នុង​ពិធី​បុណ្យអុំទូក។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​៣១ ខែ​តុលា ថា ទណ្ឌិត​ដែល​នឹង​ត្រូវ​បន្ធូរបន្ថយ និង​លើកលែង​ទាំងនេះ ធ្វើឡើង​ដោយ​ផ្អែកលើ​គោលការណ៍​មនុស្សធម៌ និង​គោលការណ៍​ច្បាប់។ គោល​មនុស្សធម៌​គឺ ផ្ដោត​ទៅ​លើ​ក្រុម​ទណ្ឌិត ដែល​មាន​ជំងឺ ចាស់ជរា និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាដើម។ ចំណែក​គោលការណ៍​ច្បាប់ គឺ​ពាក់ព័ន្ធ​ការ​កែប្រែ​ខ្លួន​ក្នុង​ពន្ធនាគារ ដោយ​ផ្អែកលើ​ការវាយតម្លៃ​របស់​មន្ត្រី​ក្នុង​ពន្ធនាគារ និង​ចំនួន​ទោស​ដែល​បាន​អនុវត្ត​រួច ដោយ​អ្នកទោស​ដែល​បាន​អនុវត្ត​បាន ១​ភាគ​៣ នឹង​ត្រូវ​បាន​បន្ធូរបន្ថយ​ទោស ចំពោះ​ទណ្ឌិត​ដែល​បាន​អនុវត្ត​ទោស​បាន ២​ភាគ​៣ នឹង​ត្រូវ​បាន​លើកលែងទោស។ លោក​បញ្ជាក់​ថា លោក​មិនបាន​ដឹង​ថា​មាន ឬ​មិន​មាន​ក្រុម​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ។ លោក​ថា​ក្រសួង​យុត្តិធម៌​ពិនិត្យ​ទៅលើ លក្ខណៈ មនុស្សធម៌ និង​ច្បាប់​តែប៉ុណ្ណោះ៖ «ជាទូទៅ​យើង​មិន​ដឹង​ថា តើ​មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ឬ​មិន​មាន ពីព្រោះ​យើង​មិនបាន​ពិនិត្យ​ទៅលើ​លក្ខណៈ​នេះ​ឡើយ»

កាលពី​ចុងខែ​សីហា កន្លងទៅ ក្រុម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​១៤ នាក់ ត្រូវ​បាន​ព្រះមហាក្សត្រ​លើកលែងទោស ដោយ​ពេល​នោះ​របប​លោក ហ៊ុន សែន កំពុង​ស្វះ​ស្វែងរក​ភាព​ស្របច្បាប់ ក្រោយ​រង​ការ​ថ្កោលទោស​ជុំ​ទិស ពី​អន្តរជាតិ ជុំវិញ​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ។

លោក អេង ឆៃអ៊ាង ថា​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​ជាប់ឃុំ​ទាំងនោះ គឺ​រងគ្រោះ​ដោយសារ​តុលាការ កាត់ក្ដី​គ្មាន​ភាព​យុត្តិធម៌ ធ្វើឡើង​ដើម្បី​តែ​បម្រើ​នយោបាយ។ លោក​បន្ដ​ថា ក្រុម​សកម្មជន​ទាំងនោះ​ត្រូវ​បាន​របប​លោក ហ៊ុន សែន កាត់ទោស​ដោយសារតែ​ការ​បញ្ចេញមតិ ដោយ​នេះ​ជា​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ​ខ្មែរ៖ «តុលាការ​ស្រុក​ខ្មែរ​បច្ចុប្បន្ន​ហ្នឹង​! វា​ជា​តុលា​បម្រើ​នយោបាយ​បម្រើ​ឲ្យ​តែ​របប​លោក ហ៊ុន សែន តែប៉ុណ្ណោះ»

លោក​បន្ត​ថា ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ គ្មាន​ភាព​យុត្តិធម៌​ទេ​សម្រាប់​ពលរដ្ឋ​ខ្មែរ គឺ​មានតែ​អំពើ​អយុត្តិធម៌ និង​អំពើពុករលួយ​តែប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។