ភរិយា​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ខេត្ត​ប៉ៃលិន​ទទូច​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ចំពោះ​ស្វាមី

តាំង សារ៉ាដា
2018-09-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមាជិក​ក្រុមប្រឹក្សាឃុំ​ស្ទឹងកាច់ ខេត្ត​ប៉ៃលិន  នៃ​គណបក្ស​សង្គ្រោះជាតិ លោក ឈុន សិទ្ធី។
សមាជិក​ក្រុមប្រឹក្សាឃុំ​ស្ទឹងកាច់ ខេត្ត​ប៉ៃលិន នៃ​គណបក្ស​សង្គ្រោះជាតិ លោក ឈុន សិទ្ធី។
Photo provided

ភរិយា​អតីត​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ពី​គណបក្សប្រឆាំង​នៅ​ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន ទទូច​ឲ្យ​សាលាឧទ្ធរណ៍​ទម្លាក់​ចោល​ការ​ចោទប្រកាន់ និង​សុំ​ឲ្យ​ដោះលែង​ប្ដី​របស់​អ្នកស្រី​ឲ្យ​មាន​សេរីភាព​ឡើងវិញ។ ការ​ស្នើ​សុំ​នេះ ដោយសារ​សាលាឧទ្ធរណ៍​គ្រោង​ប្រកាស​សាលក្រម​នៅ​ដើមខែ​តុលា​ខាងមុខ។

ភរិយា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្ទឹងកាច់ ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​របប​លោក ហ៊ុន សែន​រំលាយ​ចោល​លើកឡើង​ថា តុលាការ​បាន​ឃុំខ្លួន​ស្វាមី​របស់​អ្នកស្រី​ទាំង​អយុត្តិធម៌​ជាច្រើន​ខែ​មក​ហើយ ដូច្នេះ​តុលាការ​ល្មម​ដោះលែង​រួប​គាត់​ឲ្យ​មាន​សេរី​វិញ។

ប្រពន្ធ​ជន​ត្រូវ​ចោទ​អ្នកស្រី លន់ សៅបុត្រ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ កញ្ញា ថា ប្តី​របស់​អ្នកស្រី​គ្រាន់តែ​សម្ដែង​មតិ​រិះគន់​ដើម្បី​ស្ថាបនា​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ មិន​គួរ​តុលាការ​ឃុំខ្លួន​ប្តី​របស់​អ្នកស្រី​នោះ​ឡើយ។ អ្នកស្រី​អះអាង​ថា កន្លងមក​ស្វាមី​របស់​អ្នកស្រី​ជា​មនុស្ស​ស្អាតស្អំ ហើយ​បំពេញ​ការងារ​ដើម្បី​ប្រយោជន៍​ពលរដ្ឋ​ជាធំ៖ «ការ​ចោទ​ប្រកាន់​នេះ ជា​ការ​ចោទ​ដោយ​អយុត្តិធម៌​សម្រាប់​ខ្ញុំ​ជា​ប្រពន្ធ ហើយ​ការ​និយាយ​របស់​គាត់​នេះ កុំថាឡើយ​ជាប់គុក​មួយ​ឆ្នាំ​សូម្បីតែ​មួយថ្ងៃ​ក៏​មិន​គួរ​គាត់​ជាប់គុក​ដែរ ព្រោះ​គាត់​និយាយ​ដើម្បី​ជា​ប្រយោជន៍​រួម​ប្រយោជន៍​របស់​សង្គម ហើយក៏​មិនបាន​និយាយ​ប៉ះពាល់​បុគ្គល​ណា​នោះ​ទេ»

អ្នកស្រី​បន្ថែម​ទៀត​ថា ចាប់​តាំង​ពី​ស្វាមី​របស់​អ្នកស្រី​ជាប់ពន្ធនាគារ ​មក បាន​ធ្វើ​ឲ្យ​ជីវភាព​ក្នុង​គ្រួសារ​ជួប​ការ​លំបាក ព្រោះ​បាត់បង់​បង្គោល គ្រួសារ​ដ៏​សំខាន់​មួយ​រូប ហើយ​អ្នកស្រី​ត្រូវ​ធ្វើ​ការ​រក​ប្រាក់​ចិញ្ចឹម​កូន​២នាក់ តែ​ម្នាក់ឯង។

អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃ​ទី​២២ កញ្ញា។

ប៉ុន្តែ អ្នកស្រី លន់ សៅបុត្រ អះអាង​ថា មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ឈុន សិទ្ធី បាន​ប្រាប់​អ្នកស្រី​ថា សាលាឧទ្ធរណ៍​នឹង​ប្រកាស​សាលក្រម​លើ​សំណុំ​រឿង​នេះ នៅ​ថ្ងៃ​ទី​៥ ខែ​តុលា ខាងមុខ។ អ្នកស្រី​បន្ថែម​ថា ការ​ប្រកាស​សាលក្រម​នេះ ដោយសារ​មេធាវី បាន​ប្ដឹង​សាទុក្ខ​លើ​សំណុំ​រឿង​នេះ ហើយ​សាលាឧទ្ធរណ៍​ក៏បាន​បើកសវនាការ​កាលពី​ថ្ងៃ​ទី​១៤​ខែ​កញ្ញា កន្លងទៅ។

លោក ឈុន សិទ្ធី ត្រូវ​បាន​សាលាដំបូង​ខេត្ត​ប៉ៃលិន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស និង​បទ​ប្រមាថ​ដែល​ប្រព្រឹត្ត​នៅ​ស្រុក​សាលា​ក្រៅ។

មូលហេតុ​នៃ​បណ្ដឹង​នេះ​កើតឡើង​ដោយ លោក ឈុន សិទ្ធី បាន​ថត​វីដេអូ​ឃ្លីប​របស់​ស្មៀន និង​មន្ត្រី​កិច្ចសន្យា​ឃុំ​ស្ទឹងកាច់​ម្នាក់ ឈ្លោះប្រកែក​គ្នា ហើយ​បាន​បង្ហោះ​វីដេអូ​នោះ លើ​ហ្វេសប៊ុក (Facebook) ហើយ​ធ្វើ​ឲ្យ​ស្មៀន និង​មន្ត្រី​ជាប់កិច្ចសន្យា​ឃុំ​ស្ទឹងកាច់ ប្ដឹង​លោក ឈុន សិទ្ធី ទៅ​តុលាការ។

ប៉ុន្តែ​តុលាការ​មិនបាន​ចាត់ការ​នោះ​ទេ រហូតដល់​ពេល​លោក ហ៊ុន សែន ប្រកាស​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​គណបក្សប្រឆាំង​ទាំងអស់ ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន ទើប​លោក ឈុន សិទ្ធី បាន​បង្ហោះ​វីឌីអូ​ឆ្លើយឆ្លង​បែប​ចំអក ទៅ​លោក ហ៊ុន សែន វិញ​ថា កុំថាឡើយ​ប្រាក់ខែ​ត្រឹម ៧៥​ម៉ឺន​រៀល បើទោះបីជា ៧៥​ម៉ឺន​ដុល្លារ​អាមេរិក ក៏​លោក​មិន​លក់​ឧត្ដមគតិ​របស់​ខ្លួន​ដែរ​។ មួយថ្ងៃ​ក្រោយ​ពី​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បង្ហោះ​វីដេអូ​ឃ្លីប គឺ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្ដង។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េលី អះអាង​ថា សំណុំរឿង​របស់​ក្រុមប្រឹក្សាឃុំ​ជាប់ឆ្នោត​រូប​នេះ ជា​សំណុំរឿង​ដែល​មាន​ចរិត​នយោបាយ ដូច្នេះ​សាលាឧទ្ធរណ៍ ក៏​គួរតែ​ទម្លាក់​ចោទ​ការ​ប្រកាន់​នេះ​ដើម្បី​ឲ្យ​លោក ឈុន សិទ្ធី បាន​ទៅ​ជួប​ក្រុម​គ្រួសារ​របស់​គាត់​ឡើងវិញ៖ «សាលាឧទ្ធរណ៍​អាច​មាន​លទ្ធភាព​ជួយ​គាត់​បាន​អាច​ធ្វើ​ការ​កាត់ទោស​គាត់​ដាក់​ពន្ធនាគារ​តែមួយ​ឆ្នាំ ក្រៅពីនោះ​ព្យួរ​ហើយ​អាច​លើកលែង​សំណង​ទៅ នេះ​បើ​សាលាឧទ្ធរណ៍​មាន​ឆន្ទៈ​ចង់​បញ្ចប់​សំណុំ​រឿង​នេះ ហើយ​ប្រសិនបើ​មិន​តុលាការ​មិនបាន​លើកលែង​សំណង​ទេ លោក ឈុន សិទ្ធី អាច​ប្រឈម​ជាប់ពន្ធនាគារ​ទៀត​រយៈពេល​២​ឆ្នាំ»

លោក ឈុន សិទ្ធី ត្រូវ​បាន​ចៅក្រម​នៃ​សាលាដំបូង​ខេត្ត​ប៉ៃលិន ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​មួយ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ទៅ​ឲ្យ​ដើមបណ្ដឹង​ចំនួន ២​នាក់ គឺ​ស្មៀន និង​មន្ត្រី​កិច្ចសន្យា​ឃុំ​ស្ទឹង​កាច់​ម្នាក់ ៤​លាន​រៀល សរុប​ទាំងអស់​ចំនួន ៨​លាន​រៀល។

ភរិយា​ជន​ត្រូវ​ចោទ​រូប​នេះ បាន​ប្ដឹង​សាទុក្ខ​លើ​សំណុំ​រឿង​នេះ ដោយ​ឲ្យ​សាលាឧទ្ធរណ៍​ទម្លាក់​ការចោទប្រកាន់​សំណង​ជា​ប្រាក់​ទាំងនេះ​ចេញ ព្រោះ​នៅ​ខែ​តុលា ខាង​មុខ​នឹង​គម្រប់​មួយ​ឆ្នាំ និង​ដល់​ថ្ងៃ​កំណត់​ដែល​ត្រូវ​ដោះលែង តែ​នៅ​មាន​សំណង​ជំងឺ​ចិត្ត​ជិត​២​ពាន់​ដុល្លារ​ទៀត ហើយ​អ្នកស្រី​គ្មាន​ប្រាក់​សង​តុលាការ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល